Paris Peace Accords 23 Oct. 1991

Thursday, August 28, 2014

ជប៉ុន ​នឹង​ជួយ​ កែ​ទម្រង់ ​ការ​បោះ​ឆ្នោត ​បន្ទាប់ ​ពី​កម្ពុជា បង្កើត គ.ជ.ប. ថ្មី | Japan will provide electoral assistance after Cambodia establishes new NEC

ជប៉ុន ​នឹង​ជួយ​ កែ​ទម្រង់ ​ការ​បោះ​ឆ្នោត ​បន្ទាប់ ​ពី​កម្ពុជា បង្កើត គ.ជ.ប. ថ្មី

RFA | ២៧ សីហា ២០១៤

សម រង្ស៊ី ជប៉ុន ៦២០
អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន លោក អាស្សូម៉ា កូស៊ីអ៊ីស៊ី (Azuma Koshiishi) ជួប​ពិភាក្សា​ជាមួយ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នា​មន្ទីរ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ​២០១៤។  RFA/Tin Zakariya

គណបក្ស​ ប្រជាជន ​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ នឹង​កំណត់ ​អំពី ​ផែនការ ​ច្បាស់​លាស់​ ដល់​រដ្ឋាភិបាល ជប៉ុន ក្នុង​ការ​ស្នើសុំ ​ឲ្យ​ជួយ ​ធ្វើ​កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត ​នៅ​កម្ពុជា សម្រាប់​ នីតិកាល ​ទី​៦ ប្រកប​ ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​នោះ នៅ​ក្រោយ​ ពី​សភា ​អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ ការ​ប្រព្រឹត្ត​ទៅ ​នៃ គ.ជ.ប. និង​ការ​ធ្វើ ​វិសោធនកម្ម ​ច្បាប់​បោះ​ឆ្នោត ​រួច​រាល់។

ការ​កំណត់​នេះ នៅ​បន្ទាប់​ គណៈប្រតិភូ ​ជប៉ុន ដែល​ដឹក​នាំ ​ដោយ​អនុប្រធាន ​ព្រឹទ្ធសភា បាន​មក​ជួប ​មេ​ដឹក​នាំ ​គណបក្ស​ ទាំង​ពីរ ដើម្បី​ ពិភាក្សា​គ្នា​ អំពី​ បញ្ហា​នេះ កាល​ពី​សប្ដាហ៍​មុន។

ជប៉ុន នឹង​ជួយ ​រៀបចំ ​ធ្វើ​កំណែ​ទម្រង់ ​ការ​បោះ​ឆ្នោត នៅ​ក្រោយ​ពេល ​គណបក្ស ​ទាំង​ពីរ​ បង្កើត​ស្ថាប័ន ​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) ថ្មី ​រួច​រាល់ និង​ច្បាប់​បោះ​ឆ្នោត ត្រូវ​ បាន​ សភា ​ធ្វើ​វិសោធនកម្ម ​នៅ​ពេល ​ខាង​មុខ។


មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស ​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ គណៈកម្មការ​ កិច្ចការ​បរទេស, សហប្រតិបត្តិការ ​អន្តរជាតិ, ឃោសនាការ, និង​ព័ត៌មាន​ នៃ​រដ្ឋសភា លោក ឈាង វុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ ទី​២៧ សីហា ថា, ជប៉ុន នឹង​មក​ជួយ​ រៀបចំ ​ធ្វើ​កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត ​នៅ​កម្ពុជា។  នេះ តាម​សំណើ ​របស់ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើ​ ទៅ​លោក​នាយក​រដ្ឋមន្ត្រី ​ជប៉ុន កាល​ពី​ឆ្នាំ​ ២០១៣។

លោក ​លើក​ឡើង​ថា ជប៉ុន នឹង​ជួយ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​នេះ ដោយ​ផ្អែក​លើ​ទី​១ ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា។ ទី​២ ត្រូវ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ឲ្យ​ចេះ​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ ប្រព័ន្ធ​អេឡិចត្រូនិក និង​ទី​៣ ស្នើសុំ​ជំនួយ​ថវិកា ដើម្បី​រៀបចំ​កិច្ចការ​នេះ។

ចំពោះ​សមាសភាព គ.ជ.ប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​នោះ លោក ឈាង វុន បញ្ជាក់​ថា លោក​ក៏​មិន​ដឹង​ដែរ។

ការ​លើក​ឡើង​របស់ លោក ឈាង វុន នេះ នៅ​បន្ទាប់​ពី​គណៈប្រតិភូ​ជប៉ុន ដឹក​នាំ​ដោយ​អនុប្រធាន​ព្រឹទ្ធសភា លោក អាហ្ស៊ូម៉ា កួស៊ិអ៊ីស៊ិ (Azuma Koshiishi) បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជួប​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា កន្លង​ទៅ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ខិត​ខំ​ពន្លឿន​សេចក្ដី​ព្រាង​ច្បាប់​បឋម នៃ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ឈាន​ដល់​បញ្ជូន​ឲ្យ​សភា​អនុម័ត។ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា នៅ​ក្រោយ​ពេល​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ និង​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ថ្មី ដែល​មក​ពី​ខាង​គណបក្ស​ទាំង​ពីរ​ម្ខាង ៤​នាក់ និង​មក​ពី​សង្គម​ស៊ីវិល​មួយ​រូប​នោះ គណបក្ស​ទាំង​ពីរ​នឹង​ជជែក​ថា តើ​ចំណុច​អ្វី​ខ្លះ​ដែល​គណបក្ស​ទាំង​ពីរ​ចង់​ឲ្យ​ជប៉ុន ជួយ​រៀបចំ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នោះ។

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​សាទរ​ចំពោះ​ការ​ចូល​ខ្លួន​របស់​ភាគី​ជប៉ុន ក្នុង​ការ​សន្យា​ជួយ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ។ លោក​បញ្ជាក់​ថា កត្តា​ចម្បង​តែ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ក្រៅ​ពី​រៀបចំ​ក្បាល​ម៉ាស៊ីន គ.ជុំ.ប ថ្មី​នោះ គឺ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដំណើរ​ការ​បោះ​ឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​មាន​តម្លាភាព​សម្រាប់​គ្រប់​គណបក្ស​នយោបាយ យន្តការ​ដោះស្រាយ​បណ្ដឹង​បោះ​ឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព និង​បញ្ហា​ជាច្រើន​ទៀត។

ការ​ជាប់​គាំង​នយោបាយ បាន​អូស​បន្លាយ​ពេល​ជិត ១​ឆ្នាំ ដែល​គណបក្ស​ប្រឆាំង​ចោទ​ថា ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ថា​មិន​ត្រឹមត្រូវ​នោះ ជា​មេរៀន​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ ស្វែងរក​ជំនួយ​ពី​ប្រទេស​ជប៉ុន ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​លទ្ធផល​ទទួល​យក​បាន​គ្រប់​ភាគី​គណបក្ស​នយោបាយ នៅ​ក្រោយ​ការ​បោះ​ឆ្នោត។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខណៈ​ស្ថានភាព​នយោបាយ​ជាប់​គាំង​នោះ អ្នក​ជំនាញ​បច្ចេកទេស​បោះ​ឆ្នោត​ជប៉ុន ក៏​ធ្លាប់​បាន​មក​ជួប​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ដែរ ដើម្បី​ពិភាក្សា​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នោះ។ យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​គណបក្ស​ទាំង​ពីរ​នឹង​សុំ​ឲ្យ​ជប៉ុន ជួយ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ក្នុង​កម្រិត​ណា​នៅ​ឡើយ នៅ​ក្រោយ​ពេល​គណបក្ស​ទាំង​ពីរ​បាន​រៀបចំ​ក្បាល​ម៉ាស៊ីន គ.ជ.ប. ថ្មី ​រួច​រាល់​នោះ?


No comments:

Post a Comment