Paris Peace Accords 23 Oct. 1991

Wednesday, August 27, 2014

បញ្ហា​ទំ​នាស់ ​ដីធ្លី​ នៅ​តែអង្រួន ​ទី​ក្រុង​ភ្នំពេញ

បញ្ហា​ទំ​នាស់ ​ដីធ្លី​ នៅ​តែ អង្រួនទី​ក្រុង​ ភ្នំពេញ​

RFI | ២៧ សីហា ២០១៤

ប្រជាពលរដ្ឋតវ៉ាជម្លោះដីធ្លីក្បែរផ្ទះ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​កាល​ពីថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០១​៤។
ប្រជាពលរដ្ឋតវ៉ាជម្លោះដីធ្លីក្បែរផ្ទះ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​កាល​ពីថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០១​៤។  RFI/ Siv Channa 

នៅ​ថ្ងៃ​ពុធ​ ទី​២៧​ សីហា​នេះ ​ខណៈ​ ដែល​សភា​ កម្ពុជា​ កំពុង​តែ​ ដំណើរ​ការ​ ជ្រើសរើស​ ក្បាល​ម៉ាស៊ីន​ ជា​បន្តទៀត​នោះ​ មាន​ការ​ ប្រមូល​ផ្តុំ​ តវ៉ា​ ពីរ​ ផ្សេង​គ្នា​ ស្តីពី​ បញ្ហា​ដីធ្លី​ បាន​កើត​ឡើង​។ ​  នោះ ​គឺ​ បាតុកម្ម​ តវ៉ា​ របស់ អតីត​អ្នក​ភូមិ​ បឹង​កក់ ​និង​ ប្រជា​ពលរដ្ឋ​ ភូមិ ឡពាង​។​  មួយ​ក្រុម​ តវ៉ា​ នៅ​មុខសភា, ​មួយ​ក្រុម​ទៀត​ នៅ​ខាង​មុខ​ផ្ទះ​ លោក​នាយក​រដ្ឋមន្ត្រី​។


អ្នក​ភូមិ ឡពាង​ និង​អ្នក ​មាន​ទំនាស់​ ដីធ្លី​ នៅ​ឃុំ ​តាជេស, ​ខេត្ត​ កំពង់ឆ្នាំង, រួមទាំង ​អតីត ​អ្នក​ភូមិ បឹងកក់​ បាន​ធ្វើបាតុកម្ម​ តវ៉ា​ ចំនួន ​ពីរ ​កន្លែង​ផ្សេង​គ្នា​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ អតីត​អ្នក​ភូមិ​បឹង​កក់​ដែល​រង​ការ​បណ្តេញ​ចេញ ប្រមាណ​១០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​សិង្ហបូរី​និង​ស្រែក​តវ៉ា​ក្បែរ​វិមាន​រដ្ឋសភា​។ រដ្ឋសភា​ដែល​កំពុង​តែ​បន្ត​របៀបវារៈ​ប្រជុំ​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​ខ្លួន​។ ​ប៉ុន្តែ​ការ​ប៉ុន​ប៉ង​ទៅ​កាន់​មុខ​រដ្ឋសភា​ពី​អតីត​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​បឹង​កក់​ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​នោះ​ត្រូវ​បាន​រារាំង​ពី​កង​កម្លាំង​រដ្ឋាភិបាល​ដែល​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​រដ្ឋសភា​។ ​ក្នុង​លិខិត​ផ្ញើ​ទូត​សិង្ហបូរី ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ទាំងអស់​ បាន​ស្នើ​ឱ្យ​ប្រទេស​សិង្ហបូរី​ និង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ដែល​បាន​ទិញ​ដី​តំបន់​បឹងកក់​ ត្រូវ​តែ​បញ្ឈប់សកម្ម​ភាព​របស់​ខ្លួន​។

ដោយ​ឡែក​ប្រជា​ពលរដ្ឋ​ចំនួន៨២​គ្រួសារ​ មក​ពី​ភូមិ​ឡពាង​ និង​ភូមិ​ចំនួន៤​ផ្សេង​ទៀត​ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ បាន​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ក្នុងជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជា​មួយ​ក្រុមហ៊ុន​ KDC​ របស់​លោក​ស្រី​ជា​ខេង ​ភិរិយា​លោក​ ស៊ុយ​ សែម​។ ​ក្នុង​លិខិត​ស្វែងរក​កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់​ទៅ​កាន់​ស្ថាប័ន​រដ្ឋ​ផ្សេង ​អ្នក​ភូមិឡពាង​ដែល​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើជើង​មក​ទី​ក្រុង​ភ្នំពេញ​នោះ ​បាន​សុំ​ឱ្យ​ដោះ​លែង​តំណាង​សកម្មជន​ដីធ្លី​ចំនួន​៥រូប​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឱ្យបាន​ និង​បញ្ចប់​ការ​ចោទ​ប្រកាន់​នានា​មក​លើ​ប្រជា​ពលរដ្ឋ​។

សូម​បញ្ជាក់​ថា ​ឆ្លើយ​តប​ចំពោះ​បញ្ហា​ដីធ្លី​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ កាល​ពី​ពេល​ថ្មីៗ​ បានបើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ជា​បន្ទាន់​ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដែល​បាន​កើត​ឡើង​ទាំង​ទីក្រុង​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។ ​ចំពោះ​ទីក្រុង​ភ្នំពេញ​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ លោក​ឡុង​ឌី​ម៉ង់ ​បាន​លើក​ឡើង​ថា​ បញ្ហា​បូរី​កីឡា​គឺ​កំពុង​ដោះ​ស្រាយ​បញ្ចប់​តាម​រយៈវេទិការ​សាធារណៈ​កាល​ពី​ពេលថ្មីៗ​។ ចំណែក​តំបន់​បឹងកក់​ គឺ​នៅ​សល់​តែ​ក្រុម​គ្រួសារ​បន្តិច​បន្តួច​ដែល​ឯកសារ​មិន​ទាន់​ស្រប​គ្នា​តែប៉ុណ្ណោះ​។

យ៉ាង​ណា​ក៏​ដោយ​ ការ​តវ៉ា​ពី​អតីត​អ្នកភូមិបឹងកក់ ​និង​ប្រជា​ពលរដ្ឋ​អ្នកភូមិឡពាង​បាន​រំសាយ​ហើយ​នៅព្រឹក​ថ្ងៃពុធ​នេះ​៕

No comments:

Post a Comment