សហគមន៍ ខ្មែរក្រោម និងយុវជន ព្រមផ្អាកគម្រោង ធ្វើបាតុកម្ម ឲ្យវៀតណាម សុំទោស
RFA | ១៩ សីហា ២០១៤
សហគមន៍ ខ្មែរកម្ពុជាក្រោម និងបណ្ដាញ សម្ព័ន្ធយុវជនខ្មែរ ដើម្បី ប្រជាធិបតេយ្យ នៅរសៀលថ្ងៃ ទី១៩ ខែសីហា យល់ព្រម ផ្អាកគម្រោងធ្វើបាតុកម្ម ទាមទារ ឲ្យវៀតណាម សុំទោស និងទទួលស្គាល់ ប្រវត្តិសាស្ត្រពិត នៃទឹកដី ខ្មែរកម្ពុជាក្រោម តាមសំណើ របស់ រដ្ឋមន្ត្រី ក្រសួង ការបរទេស ដែលណែនាំ ឲ្យពួកគេ រង់ចាំ ឯកអគ្គរដ្ឋទូត ថ្មី របស់ ប្រទេស វៀតណាម ដែលនឹងមក ប្រចាំការ នៅកម្ពុជា។
យ៉ាងនេះក្ដី ក្រុមនេះ បានដាក់ លក្ខខណ្ឌ ជាមុនថា នឹងបន្ត បាតុកម្ម ប្រសិនបើ ក្រសួង ការបរទេស ពុំអាចរក ដំណោះស្រាយ ដូចការសន្យា។
ប្រធាន សហគមន៍ខ្មែរកម្ពុជាក្រោម កំណត់យកដំណាច់ខែសីហា ជាថ្ងៃផុតកំណត់នៃការផ្អាកគម្រោងធ្វើបាតុកម្ម ដើម្បី រង់ចាំ ដំណោះស្រាយ ពីក្រសួង ការបរទេស កម្ពុជា ចំពោះសំណើ វៀតណាម សុំទោស និងទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីខ្មែរកម្ពុជា។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅរសៀលថ្ងៃទី១៩ ខែសីហា នៅក្រោយជំនួបពិភាក្សាជាមួយ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ថា គម្រោងបាតុកម្មនៅមិនបញ្ចប់ឡើយ ល្គឹកណាពុំមានដំណោះស្រាយតាមការទាមទារ៖ «គាត់នឹងបន្តធ្វើ កិច្ចការជាមួយរដ្ឋាភិបាលយួន ជាពិសេស ឯកអគ្គរដ្ឋទូតយួន ដែលកំពុងតែផ្លាស់ប្ដូរមានទូតយួនថ្មី នឹងមកកាន់តំណែង ចឹងក្រសួងការបទេសនឹងធ្វើការជាមួយ ជជែកជាមួយស្ថានទូត ឯកអគ្គរដ្ឋទូតយួនថ្មីហ្នឹងបន្ថែមទៀត។ យើងបានចេញសេចក្តីថ្លែងការណ៍ពេលផ្អាកបណ្ដោះអាសន្នរហូតដល់ដាច់ខែ សីហា នេះ ដើម្បីរង់ចាំមើលរដ្ឋាភិបាលខ្មែរធ្វើការជាមួយរដ្ឋាភិបាលយួន។»
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា និងតំណាងបណ្ដាញយុវជនចំនួន ៤រូបទៀត បានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងរយៈពេលប្រហែល ១ម៉ោង នៅរសៀលថ្ងៃទី១៩ ខែសីហា។ ជាទូទៅ ក្នុងកិច្ចពិភាក្សានោះ ក្រុមខ្មែរក្រោមបានអះអាងថា ពួកគេហាក់ទទួលបានការលើកទឹកចិត្តពី លោក ហោ ណាំហុង ចំពោះការទាមទារប្រឆាំងនឹងការបំភ្លៃប្រវត្តិសាស្ត្រនាពេលកន្លងមក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសវៀតណាម នឹងមកដល់កម្ពុជា ក្នុងពេលឆាប់ៗ។ ប៉ុន្តែ លោកពុំបានបញ្ជាក់ពីពេលវេលាអោយបានច្បាស់លាស់ឡើយ។
ការជួបពិភាក្សានេះ គឺស្របពេលដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung) បានជំរុញទៅប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម ថា កម្ពុជា គួរតែបង្កើតអោយមានបរិយាកាសល្អសម្រាប់ទំនាក់ទំនងគ្រប់ផ្នែក រវាងប្រទេសទាំង២។ លោក ង្វៀន តាន់យុង បានរិះគន់ការតវ៉ារបស់ក្រុមបាតុករខ្មែរក្រោម និងក្រុមយុវជន ដែលបានដុតទង់ជាតិវៀតណាម និងបានស្នើអោយរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា ប្រឹងប្រែងទប់ស្កាត់ហេតុការណ៍បែបនោះកុំអោយកើតមានទៀត។
អ្នកសម្របសម្រួលបណ្ដាញយុវជនដើម្បីប្រជាធិបតេយ្យ កញ្ញា សុខ សុធា ថ្លែងថា ក្រុមយុវជននឹងនៅតែប្រកាន់យកជំហរទាមទារអោយវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រខ្មែរក្រោម តាមគោលការណ៍សន្តិវិធី និងអហិង្សា៖ «គោលជំហររបស់សម្ព័ន្ធយុវជនខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ គឺយើងអត់ប្រើហិង្សាទេ គឺយើងប្រើប្រាស់ទៅតាមលក្ខណៈផ្លូវច្បាប់ យើងប្រើប្រាស់ញត្តិ យើងធ្វើការជារបៀបការទូត ធ្វើម៉េចដើម្បីយើងរក្សាចំណងមិត្តភាព។ យើងនៅរក្សាជំហរដដែល គឺមិនអាចអ្នកណាបំភ្លៃប្រវត្តិសាស្ត្របានឡើយ។»
បណ្ដាញខ្មែរក្រោម និងក្រុមយុវជន បានធ្វើបាតុកម្មចំនួន២លើកមកហើយនៅខាងមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងបានដាក់ញត្តិទៅក្រសួងការបរទេសកម្ពុជា និងស្ថានទូតបណ្ដាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ចំពោះការទាមទារអោយវៀតណាម សុំទោស និងបញ្ឈប់ការបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម៕
No comments:
Post a Comment