សង្គមស៊ីវិល ស្នើធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ កំណត់អាណត្តិ នាយករដ្ឋមន្ត្រី ត្រឹម២អាណត្តិ
RFA | ១៩ សីហា ២០១៤
មាត្រា១៩៩ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា តាមសេចក្តីស្នើពីប្រធានដោយមានការឯកភាពពីអនុប្រធានទាំងពីរនៃ រដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងតំណាងរាស្ត្រ នៃបក្សជាប់ឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ ដឹកនាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូផ្គងឲ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាទុកចិត្តហើយ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។ មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធាន។
កិច្ចពិភាក្សាពេញមួយកំណាត់ថ្ងៃទី១៩ ខែសីហា នេះ ក្រុមសង្គមស៊ីវិល ស្នើបន្ថែមប្រយោគមួយល្បះក្នុងច្បាប់នេះ លើកឡើងថា វីរជនមួយរូបនេះសំដៅលើនាយករដ្ឋមន្ត្រីថ្មី គឺមិនធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន ២អាណត្តិ ឬ ១០ឆ្នាំកន្លងមកឡើយ។ ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនេះ គឺធ្វើឡើងក្នុងបំណងការពារការក្រាញអំណាច កាត់បន្ថយបក្ខពួកនិយមពុករលួយ និងរក្សាកិត្តិយសអតីតនាយករដ្ឋមន្ត្រី។ សង្គមស៊ីវិល ព្យាយាមបញ្ជាក់ប្រាប់អ្នកកាសែតថា វេទិកានេះមិនធ្វើឡើងសំដៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ តែវេទិកានេះសំដៅបម្រើប្រយោជន៍ជាតិទៅថ្ងៃអនាគត។
តំណាងអ្នករៀបចំកិច្ចពិភាក្សា លោក គល់ បញ្ញា បង្ហាញជំនឿចិត្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អាចនឹងព្រមព្រៀងឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះដែរ ព្រោះថា បើច្បាប់នេះធ្វើវិសោធនកម្មបានសម្រេចនោះ លោក ហ៊ុន សែន ក៏អាចធ្វើនាយករដ្ឋមន្ត្រីបានពីរអាណត្តិទៀតដែរ៖ «ឱកាសរបស់ សម្ដេចនាយករដ្ឋមន្ត្រីក៏ល្អដែរ មកដល់ឥឡូវហ្នឹង គាត់គិតថាគាត់ព្រមទៅ នឹងអាចទទួលការគាំទ្រពីប្រជារាស្ត្រ គណបក្សមួយចំនួនក៏មានការគាំទ្រច្រើន ហើយខ្ញុំគិតថា វាជាឱកាស។»
តំណាងសង្គមស៊ីវិល ចូលរួមក្នុងកិច្ចពិភាក្សានេះមានជាង ៤០នាក់ ហើយសមាសភាពអ្នកចូលរួមក្នុងកិច្ចពិភាក្សានេះមានដូចជា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មន្ត្រីអាដហុក (Adhoc) លោក នី ចរិយា លោកមេធាវី សុក សំអឿន លោក គល់ បញ្ញា លោក យ៉េង វីរៈ លោក ព្រាប កុល ព្រមទាំងមន្ត្រីសង្គមស៊ីវិលជាច្រើនស្ថាប័នផ្សេងទៀត ហើយក៏មានយុវជនអ្នកគាំទ្រគណបក្សនយោបាយមួយចំនួនចូលរួមដែរ។
អ្នកចូលរួមផ្តល់យោបល់ផ្សេងៗគ្នា អ្នកខ្លះរិះគន់ការធ្វើនាយករដ្ឋមន្ត្រីយូរពេក។ អ្នកខ្លះអាណិត លោក ហ៊ុន សែន ថាហត់នឿយខ្លាំង និងវ័យកាន់តែចាស់។ អ្នកខ្លះទៀត ក៏រិះគន់មេៗសង្គមស៊ីវិលខ្លួនឯង ដែលកាន់អំណាចមិនព្រមចុះចេញដែរ។
ទោះជាបែបណាក្តី ក្នុងចំណោមពលរដ្ឋដែលវិទ្យុអាស៊ីសេរី ជួបសម្ភាសជាង ១០នាក់នៅទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ពលរដ្ឋទាំងនោះភាគច្រើនគាំទ្រការកំណត់អាណត្តិនាយករដ្ឋមន្ត្រី។ ពលរដ្ឋទាំងនោះមានជំនឿថា មនុស្សថ្មីនឹងមានគំនិតថ្មី មានវិធីសាស្ត្រថ្មីក្នុងការអភិវឌ្ឍជាតិ៖ «ធូររលុងពេកមិន គ្រប់គ្រងអន្តោប្រវេសន៍។ បើយូរពេកហ្នឹង លើសពីពីរអាណត្តិ ធ្វើឲ្យថ្នាក់ដឹកនាំហ្នឹងដដែលៗ ហើយអត់មានការរីកចម្រើន។ ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មីហ្នឹងជាអ្នកមានចំណេះដឹង មានសីលធម៌។ ខ្ញុំចង់ឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រី ដើម្បីកុំឲ្យគាត់ហ្នឹងធ្វើអីស្រេចតែអំពើចិត្ត ហើយក្រាញអំណាចតត្រកូលដូចសព្វថ្ងៃចឹង។»
កាលពីឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់អាយុ ៧៥ឆ្នាំ។ ហើយបើគណបក្សប្រជាជនកម្ពុជា ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមែននោះ ហើយបក្សនេះនៅតែឈ្នះឆ្នោត លោក ហ៊ុន សែន ក៏នឹងអាចកាន់ការជានាយករដ្ឋមន្ត្រីដល់អាយុជាង ៧០ឆ្នាំដូចប្រាថ្នា។ ចំពោះបក្សសង្គ្រោះជាតិ វិញ បានចែងក្នុងគោលនយោបាយរបស់ខ្លួនហើយថា បេក្ខជនម្នាក់អាចឈរឈ្មោះជានាយករដ្ឋមន្ត្រីបានតែពីរអាណត្តិ ប៉ុណ្ណោះ។
ក្នុងជំនួបរវាងគណបក្សជាប់ឆ្នោតទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា គណបក្សទាំងពីរក៏ជជែកគ្នាខ្លះៗពីយន្តការបង្កើតច្បាប់ការពារអតីត មេដឹកនាំដែរ ប៉ុន្តែ លោក ហ៊ុន សែន មានប្រសាសន៍ថា មិនចាំបាច់មានច្បាប់នេះឡើយ។ ហើយបក្សជាប់ឆ្នោតទាំងពីរ ព្រមបញ្ចប់វប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីទៀត។
បន្ទាប់ពីពិភាក្សាគ្នារួចរាល់ ក្រុមសង្គមស៊ីវិលមានគម្រោងជួបអតីតនាយករដ្ឋមន្ត្រីកម្ពុជា ៣រូប ដែលនៅរស់ មាន សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក អ៊ឹង ហួត និងអតីតនាយករដ្ឋមន្ត្រីសម័យកុម្មុយនីស្ត លោក ប៉ែន សុវណ្ណ។ សង្គមស៊ីវិលត្រៀមធ្វើការសិក្សាស្រាវជ្រាវ តាមរយៈការធ្វើប្រជាមតិដោយផ្ទាល់ ការស្ទង់មតិតាមហ្វេសប៊ុក (facebook) និងដាក់សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ទៅកាន់អ្នកតំណាងរាស្ត្រទាំង ១២៣រូប៕
No comments:
Post a Comment