សិស្ស ប្រឡងបាក់ឌុប ឆ្នាំនេះ ជាប់ត្រឹមតែ ជាង ២៥ ភាគរយ ប៉ុណ្ណោះ
RFI | ២៩ សីហា ២០១៤
សិស្សានុសិស្ស កំពុងមើល លទ្ធផល ប្រឡងបាក់ឌុប ឆ្នាំ២០១៤, RFI/Siv Channa
លទ្ធផល ប្រឡងបាក់ឌុប ដែលសិស្ស ថ្នាក់ទី១២
បានរង់ចាំ យ៉ាងអន្ទះសានោះ បានចេញ ជាផ្លូវការហើយ។ នៅថ្ងៃនេះ គឺ មានសិស្ស ជាប់ត្រឹមតែ ២៥.៧២ ភាគរយ
ប៉ុណ្ណោះ។
នេះ បើ យោងតាម សេចក្តីប្រកាស ព័ត៌មាន របស់ ក្រសួង អប់រំ ,យុវជន,
និងកីឡា នៅរសៀល ថ្ងៃសុក្រ ទី២៩ សីហានេះ។ ក្នុងនោះ បេក្ខជន ជាប់និទេ្ទស A មានចំនួន ១១នាក់។
ក្នុងចំណោមបេក្ខជនមកប្រឡងសរុបជិត៩ម៉ឺននាក់( ៨៩៩៣៧ នាក់) មានបេក្ខជនត្រឹមតែ ជាង២ ម៉ឺននាក់(២៣១២៦នាក់) ឫ ២៥.៧២ ភាគរយប៉ុណ្ណោះដែលបានប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ ២០១៤នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី ២៩ សីហា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិបន្ថែម ពីលើសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមសិស្សជាប់ដ៏តិចតួចនេះ ក៏មានផងដែរសិស្សប្រឡងជាប់និទ្ទេសA មានចំនួន ១១ នាក់ ក្នុងនោះសិស្សស្រីមានចំនួន៥ នាក់។ លោក រដ្ឋមន្ត្រី បានបន្តថា ខេត្តក្រុងដែលមានអត្រាជាប់ច្រើនជាងគេ រួមមាន ខេត្ត ព្រះវិហារ ប៉ៃលិន ភ្នំពេញ និង ខេត្តក្រចេះ។
លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានចាត់ទុកលទ្ធផលប្រឡងបាក់ឌុបនៅឆ្នាំនេះថា គឺជាការបង្ហាញពីភាពពិតនៃប្រព័ន្ធអប់រំនៅកម្ពុជា ពោល គឺជាការវាស់គុណភាពរបស់សិស្សានុសិស្ស តែមិនមែនបង្ហាញពីគុណភាពនោះទេ។ សម្រាប់ លោក សុខ ទូច ទោះបីកំណែទម្រង់របស់រដ្ឋមន្ត្រីក្រសួងអប់រំ មានភាពលឿនពេក និង មានផលប៉ះពាល់ខ្លះក៏ដោយ ក៏ប៉ុន្តែវានឹងធ្វើឲ្យប្រព័ន្ធអប់រំនៅកម្ពុជាមានភាពល្អប្រសើរ នៅពេលអនាគត។
បើតាមក្រសួងអប់រំ នៅរសៀលថ្ងៃសុក្រនេះ លទ្ធផលប្រឡងបាក់ឌុបនឹងប្រកាសតាមមណ្ឌលនីមួយៗក្នុងរាជធានីភ្នំពេញ និង នៅខេត្តកណ្តាល។ ចំណែកនៅថ្ងៃ ទី ៣០ សីហា លទ្ធផលប្រឡងនឹងប្រកាសនៅតាមបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស កម្ពុជា។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៤ ទី ៥ សីហា ដោយមានមណ្ឌលប្រឡង ១៥៤ មណ្ឌល បន្ទប់ប្រឡងជាង៣ពាន់បន្ទប់(៣៦៨៣ បន្ទប់) និង មានបេក្ខជនមកប្រឡងចំនួនជិត៩ម៉ឺននាក់( ៨៩៩៣៧នាក់)។ ចំពោះលទ្ធផលធ្លាក់យ៉ាងគំហុកនេះ គឺដោយសារការរឹតបន្តឹងពុំធ្លាប់មានក្រោមកំណែទម្រង់ស៊ីជម្រៅរបស់ រដ្ឋមន្ត្រីក្រសួងអប់រំថ្មី លោក ហង់ ជួនណារ៉ុន។
យ៉ាងណាក៏ដោយ ក្រសួងអប់រំ បានសម្រេចរៀបចំការប្រឡងបាក់ឌុបលើកទីពីរ ដើម្បីបង្កើនចំនួនសិស្សជាប់ឡើងវិញនៅថ្ងៃទី ១៣ និង ១៤ តុលា ខាងមុខនេះ។ លោក ហង់ ជួនណារ៉ុន បានសង្កត់ធ្ងន់ថា ទោះបីមានការប្រឡងឡើងវិញក៏ដោយ ប៉ុន្តែការរឹតបន្តឹងនៅតែធ្វើដដែល៕
No comments:
Post a Comment