បាតុករ ប្រកាសបន្ត ធ្វើបាតុកម្ម ៣ថ្ងៃ ទាមទារ ឲ្យវៀតណាម សុំទោស
RFA | ១១ សីហា ២០១៤
ពលរដ្ឋ និងព្រះសង្ឃ តវ៉ា ខាងក្រៅ រនាំង របស់ ប៉ូលិស នៅក្បែរ ស្ថានទូត វៀតណាម។
បាតុកម្ម លើកទី៣ ទាមទារ ឲ្យមន្ត្រី ស្ថានទូត វៀតណាម សុំទោស ជាសាធារណៈ ចំពោះសម្ដី ដែលលើកឡើង ថា, ទឹកដី កម្ពុជាក្រោម ជាទឹកដី របស់ វៀតណាម ជាយូរយារណាស់ មកហើយនោះ មិនទាន់ សម្រេច លទ្ធផល ជាផ្លែផ្កាឡើយ។ ក្រុមបាតុករ គ្រោងធ្វើ បាតុកម្ម បន្តទៀត ឲ្យគ្រប់៣ថ្ងៃ និងគំរាម ថា, បាតុកម្ម លើកក្រោយ កាន់តែ ធំ មានរូបភាព កាន់តែ ប្លែក ដែលអាចធ្វើ ឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ច វៀតណាម ថែមទៀតផង។
បន្ទាប់ ពីធ្វើបាតុកម្ម រយៈពេល ១ថ្ងៃ ចំនួន ពីរលើក មិនបានជោគជ័យ ក្រុមបាតុករ ស្រុះស្រួលគ្នា ស្រែកបំពង សំឡេងដាក់ទូត វៀតណាម ថា, បើសិន មិនព្រមទទួលស្គាល់ ការពិត នៃប្រវត្តិសាស្ត្រ ទេនោះ បាតុករ ទាំងអស់ នឹងធ្វើ ចលនា បំផុសបំផុល ឲ្យពលរដ្ឋខ្មែរ ឈប់ប្រើទំនិញ, សេវាកម្ម, និងផលិតផល វៀតណាម និងធ្វើបាតុកម្ម ទាមទារ ឲ្យក្រសួង ការបរទេស កម្ពុជា ព្យួរទំនាក់ទំនងការទូតបណ្ដោះអាសន្នជាមួយវៀតណាម។
នៅពេលបញ្ចប់ការប្ដេជ្ញាចិត្តនេះ បាតុករពីរបីនាក់បានយកកាហ្វេទឹកកកដែលទិញពីអ្នកលក់វៀតណាម មួយថង់ យកគ្រវែងលើដី ហើយជាន់ចោលថែមទៀត។
តាំងពីព្រឹកព្រលឹម ថ្ងៃទី១១ ខែសីហា បណ្ដាញនិស្សិតបញ្ញវន្តខ្មែរ សហគមន៍ខ្មែរកម្ពុជា និងពលរដ្ឋរាប់រយនាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ ការជួបជុំមុនដំបូងមានសភាពរប៉ាត់រប៉ាយ អ្នកខ្លះប្រជុំគ្នាថតរូប អ្នកខ្លះពិភាក្សាពីរឿងផ្សេងៗ រឿងនយោបាយ និងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ជាដើម។ ប៉ុន្តែពេលដើរហែក្បួនទៅកាន់ក្រសួងការបរទេសកម្ពុជា និងស្ថានទូតប្រទេសមីយ៉ាន់ម៉ា ស្ថានទូតឡាវ និងវៀតណាម ក្រុមបាតុករស្រុះស្រួលគ្នាណាស់ អ្នកខ្លះស្រែកដាក់មេក្រូ អ្នកខ្លះកាន់បដា ដើម្បីទាមទារឲ្យវៀតណាម សូមអភ័យទោសជាសាធារណៈ។
តំណាងក្រុមបាតុករ និងជាប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បញ្ជាក់ជំហរថា បាតុកម្មប្រឆាំងនឹងសម្ដីរបស់មន្ត្រីស្ថានទូតវៀតណាម នឹងនៅតែមានជីវិត ដរាបណាវៀតណាម នៅតែបំភ្លៃប្រវត្តិសាស្ត្រ។ លោកបញ្ជាក់ថា បាតុករទាំងអស់ធ្វើបាតុកម្មដើម្បីបញ្ជាក់ឲ្យវៀតណាម ឃើញពីទឹកចិត្តស្នេហាជាតិ និងជាសារស្នើឲ្យក្រសួងការបរទេសកម្ពុជា យកចិត្តទុកដាក់ចំពោះប្រយោជន៍ជាតិទាំងមូល។
ទាក់ទងនឹងចំណាត់ការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាវិញ រដ្ឋមន្ត្រីស្ដីទី លោក ឡុង វិសាលោ ថ្លែងនៅពេលចេញមកទទួលញត្តិរបស់បាតុករថា ហេតុអ្វីបានជាលោក ថាច់ សេដ្ឋា ចាំបាច់ដឹកនាំបាតុកម្ម? ព្រោះថា រឿងនេះជារឿងតូចតាចប៉ុណ្ណោះ។ លោកក៏មិនឆ្លើយសំណួររបស់អ្នកកាសែតដែលសួរពីប្រតិកម្មរបស់ក្រសួង ការបរទេសជុំវិញសំដីអ្នកនាំពាក្យស្ថានទូតវៀតណាម នេះទេ។
មុននឹងរដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសចេញមុខមកទទួលញត្តិ បាតុករមន្ត្រីក្រសួងការបរទេសបានបង្គាប់បាតុករ ឲ្យយកញត្តិដាក់តាមរបងទ្វារតូចក្រសួងការបរទេស។ ព្រះសង្ឃនិងពលរដ្ឋជាច្រើនបានស្រែករិះគន់ មន្ត្រីក្រសួងការបរទេសក៏អនុញ្ញាតឲ្យដាក់ញត្តិតាមខ្លោងទ្វារធំ ផ្លូវការវិញ។ ទោះបីជារដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេស ចេញមកទទួលញត្តិក៏ដោយ ក៏បាតុករភាគច្រើនទិតៀនទង្វើរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាដែរ។
ទាក់ទងនឹងការគំរាមឈប់ប្រើទំនិញ សេវាកម្ម និងផលិតផលវៀតណាមវិញ បាតុករមិនទាន់កំណត់កាលបរិច្ឆេទចាប់ផ្ដើមយុទ្ធសាស្ត្រនេះនៅឡើយ។ តែបើយុទ្ធសាស្ត្រនេះចាប់ផ្ដើមអនុវត្តមានប្រសិទ្ធភាពមែននោះ អ្នកដែលខាតខ្លាំងគឺភាគីវៀតណាម។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មវៀតណាម បង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់ប្រមាណជាង ៣.៥០០លានដុល្លារសហរដ្ឋអាមេរិក។ ទំនិញដែលវៀតណាម នាំចូលកម្ពុជា មានទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក។ ទំនិញពីកម្ពុជា ទៅវៀតណាម មានប្រមាណជាង ៤០០លានដុល្លារសហរដ្ឋអាមេរិក។ ទោះជាបែបណាក្តី កសិករភាគច្រើនបានលក់ផលិតផល វត្ថុធាតុដើមឲ្យវៀតណាម ហើយអ្នកជំនាញសេដ្ឋកិច្ចជឿថា បើទំនាក់ទំនងរវាងប្រទេសទាំងពីរមានបញ្ហានោះកសិផលរបស់កសិករ កម្ពុជា ក៏អាចជួបវិបត្តិទីផ្សារដែរ។
បាតុកម្មប្រឆាំងនឹងសម្ដីអ្នកនាំពាក្យស្ថានទូតវៀតណាម កើតឡើងពីរលើកមកហើយ។ លើកទី១ មន្ត្រីវៀតណាម បដិសេធមិនទទួលញត្តិ លើកទី២ វៀតណាមទទួលញត្តិពីក្រសួងការបរទេសកម្ពុជា តាមរយៈសាលាក្រុងភ្នំពេញ តែមិនឆ្លើយ ហើយញត្តិទី៣នេះ រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសកម្ពុជា លោក ឡុង វិសាលោ សន្យាថា នឹងយកឲ្យក្រសួងការបរទេសវៀតណាម ជាថ្មីទៀត។ ប៉ុន្តែបាតុករនឹងជួបជុំគ្នានៅព្រឹកថ្ងៃទី១២ ខែសីហា វេលាម៉ោង ៧ និង ៣០នាទីព្រឹក ដើម្បីធ្វើបាតុកម្មជាថ្មីទៀតនៅមុខស្ថានទូតវៀតណាម៕
No comments:
Post a Comment