លោក សម រង្ស៊ី ទុកឱកាស ឲ្យសហការី វ័យក្មេង ជាងលោក ធ្វើការ នៅក្នុងរដ្ឋសភា
VOD | ២៦ សីហា ២០១៤
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃអង្គារនេះ ថ្លែងបន្ទាប់ ពីកិច្ចប្រជុំ វិសាមញ្ញសភា ថា, លោក ទុកឱកាស ដល់សហការី វ័យក្មេង របស់ គណបក្ស ក្នុងការធ្វើការ ដើម្បី ប្រយោជន៍ របស់ ប្រទេស និងប្រជាជន។
នេះ ជាការឆ្លើយតប នឹងសំណួរ ហេតុអ្វី ដែលលោក មិនទទួលបាន តំណែងអ្វី នៅក្នុងរដ្ឋសភា នៅពេលនេះ ខណៈ គណបក្ស សង្គ្រោះជាតិ មានឱកាស ក្នុងការទទួលបាន តំណែង ជាអនុប្រធាន ទី១នៃរដ្ឋសភា និងគ្រប់គ្រងគណៈ កម្មការ ចំនួន៥។
លោក សម រង្ស៊ី ឲ្យដឹងទៀត ថា, ការបោះឆ្នោត ជ្រើសរើស លោក កឹម សុខា ជាអនុប្រធាន ទី១ នៃរដ្ឋសភា និងថ្នាក់ដឹកនាំ នៃគណៈកម្មការ ទាំង៥នោះ ជាការអនុវត្ត កិច្ចព្រមព្រៀង នយោបាយ កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤។ លោក បន្តថា រដ្ឋសភាពេលនេះ នឹងមាន តួនាទី សំខាន់ អាចជួយ ប្រជាពលរដ្ឋ រងគ្រោះ ពិតប្រាកដ, ហើយ សភា នឹងធ្វើការ បានប្រសើរ ជាងមុន និងមាន ប្រសិទ្ធភាព។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការទទួលតំណែងនេះ នឹងធ្វើឲ្យលោកអាចស្នើអ្វីមួយដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ លោកបន្តថាលោកនឹងស្នើឲ្យមានការជួបសន្ទនាគ្នាយ៉ាងទៀងទាត់ ជួបគ្នាយ៉ាងតិច៣ខែម្តង ដែលជាគោលការណ៍ប្រជាធិបតេយ្យមួយ។លោកឲ្យដឹងទៀតថា លោកនឹងស្នើឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី នៅពេលមានបរិយាកាសសមរម្យណាមួយ។
នៅព្រឹកថ្ងៃអង្គារនេះ ប្រធានរដ្ឋសភាលោក ហេង សំរិន ប្រកាសតែងតាំងអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាអនុប្រធានទី១រដ្ឋសភាបន្ទាប់ពីបានជាប់ឆ្នោតដោយសំឡេងគាំទ្រ១១៦ លើ១២២សំឡេង សំឡេងអនុបវាទចំនួន២ និងមិនគាំទ្រ៤សំឡេង ។ការបោះឆ្នោតនេះធ្វើឡើងតាមរយៈការគូសសន្លឹកឆ្នោតជាសម្ងាត់ គឺមិនមែនការលើកដៃនោះទេ។
មុនការបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាអនុប្រធានទី១ លោក ងួន ញ៉ិល ត្រូវបានអ្នកតំណាងរាស្ត្រ ១២២រូប បានបោះឆ្នោតយល់ព្រមជាឯកច្ឆ័ន្ទជ្រើសតាំងជាអនុប្រធានទី២នៃរដ្ឋសភា ។
ការបោះឆ្នោតតែងតាំងប្រធានគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មិនទាន់បានបញ្ចប់នៅឡើយទេ ដោយនឹងបន្តនៅថ្ងៃពុធស្អែកនេះ៕
No comments:
Post a Comment