ព្រឹទ្ធសភា សម្រេច បង្កើត គណៈកម្មការ ជំនាញ ទី១០ ប្រគល់ ឲ្យគណបក្សសម រង្ស៊ី, តែ អនុប្រធាន ទី២ ព្រឹទ្ធសភា មិនទាន់ សម្រេចទេ
RFI | ៦ សីហា ២០១៤
កិច្ចប្រជុំ រវាង គណបក្ស ប្រជាជនកម្ពុជា និង គណបក្ស សង្រ្គោះជាតិ នៅព្រឹទ្ធសភា កាលពីថ្ងៃទី 24 ខែមីនា ឆ្នាំ2014។ RFI/Siv channa
ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី
បានជួបប្រជុំ ដើម្បី រៀបចំ ឡើងវិញ នូវក្បាលម៉ាស៊ីន ដឹកនាំ ព្រឹទ្ធសភា
កាលពីព្រឹក ថ្ងៃ ទី៦ សីហានេះ។ ក្រុមការងារ ដែលមាន សមាសភាព ម្ខាង
៣រូប បានព្រមព្រៀង បង្កើតគណៈកម្មការ ព្រឹទ្ធសភាមួយ ថែមទៀត
គឺ គណៈកម្មការ ទី១០ មានឈ្មោះ ថា, គណៈកម្មការ អង្កេត, បោសសំអាត,
និងប្រឆាំង អំពើពុករលួយ ដូចនៅរដ្ឋសភាដែរ។ ក្នុងនោះ
គណបក្ស ប្រជាជនកម្ពុជា ក៏ព្រមផ្តល់ ឲ្យគណបក្ស សម រង្ស៊ី
ជាប្រធាន គណៈកម្មការ ២ប៉ុណ្ណោះ ខណៈ ដែលគណបក្ស សម រង្ស៊ី
ស្នើជាប្រធាន គណៈកម្មការ ៣ អនុប្រធាន ទី២ ព្រឹទ្ធសភា
និងអគ្គលេខាធិការ រង ១រូប។
បន្ទាប់ ពីកិច្ចប្រជុំ ក្រុមការងារ, គណបក្ស ប្រជាជនកម្ពុជា
និងគណបក្ស សមរង្ស៊ី ជិតមួយម៉ោង កាលពីម៉ោង ៩ព្រឹក ថ្ងៃ ទី៦ សីហានេះ លោក
គង់ គាំ ប្រធាន គណបក្ស សម រង្ស៊ី បានឲ្យដឹងថា
ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា បានសន្យាថា
យកការស្នើសុំ របស់ គណបក្ស សម រង្ស៊ី
ទៅពិគ្រោះ ជាមួយ ថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា,
ហើយ នឹងជូនដំណឹង នៅពេលក្រោយ។ការស្នើ រៀបចំ ឡើងវិញ នូវក្បាលម៉ាស៊ីន ព្រឹទ្ធសភា ត្រូវ បានលោក គង់ គាំ លើកឡើង ថា ក្នុងកិច្ចប្រជុំ នៅព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ស្នើជាប្រធាន គណៈកម្មការ ជំនាញ រដ្ឋសភា ចំនួន ៣ ជាអនុប្រធាន ទី២ ព្រឹទ្ធសភា និងជាអគ្គលេខាធិការ រង ព្រឹទ្ធសភា ១រូប។
ប៉ុន្តែ លោក គង់ គាំ អះអាងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ទេព ងន បានព្រមព្រៀងផ្តល់ឲ្យគណបក្សសមរង្ស៊ី ជាប្រធានគណៈកម្មការ តែ ២ គណៈកម្មការប៉ុណ្ណោះ។ អ្វីផ្សេងទៀត រង់ចាំពិគ្រោះយោបល់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដោយមិនទាន់កំណត់ថ្ងៃជួបគ្នាជាថ្មីទេ។
ការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាដូច្នេះ ត្រូវបានលោកគង់គាំ អះអាងថា ដើម្បីឲ្យព្រឹទ្ធសភា ក៏ដូចរដ្ឋសភា ជាពហុបក្ស និងប្រជាធិបតេយ្យ ហើយមានតុល្យភាពអំណាច។
កិច្ចប្រជុំរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី នៅព្រឹកថ្ងៃពុធនេះ បានធ្វើឡើង បន្ទាប់ពីមានលិខិតឆ្លងឆ្លើយរវាងលោកសមរង្ស៊ី និងលោកជាស៊ីម កាលពីថ្ងៃទី៤ និងថ្ងៃទី៥សីហា ដើម្បីបង្កើតក្រុមការងារ រៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ស្របតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១។
សូមរម្លឹកថា សមាជិកព្រឹទ្ធសភា នីតិកាលទី៣ មានអាណត្តិរយៈពេល ៦ ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ មានចំនួន ៦១ រូប។ ក្នុងនោះ សមាជិកព្រឹទ្ធសភា ៤៦ រូប មកពីគណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី ១១ រូប សមាជិកព្រឹទ្ធសភា ២ រូប ត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភា ២ រូបផ្សេងទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា។
ចាប់តាំងពីបង្កើតកាលពីខែមេសា ឆ្នាំ២០១២ ប្រធានព្រឹទ្ធសភា អនុប្រធានទី១ អនុប្រធានទី២ និងប្រធានគណៈកម្មការជំនាញព្រឹទ្ធសភា ទាំង ៩ សុទ្ធតែដឹកនាំដោយសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment