បទវិភាគ៖ តើ កត្តាអ្វីខ្លះ ដែលធ្វើ ឲ្យគុណភាព អប់រំ នៅកម្ពុជា មិនទាន់ ប្រសើរ?
RFA | ៣០ សីហា ២០១៤
ក្រសួង អប់រំ យុវជន, និងកីឡា ប្រកាស គោលនយោបាយ កំណែទម្រង់ ស៊ីជម្រៅ ដើម្បី ធានាគុណភាព អប់រំ ឲ្យកាន់តែ ប្រសើរ។ កំណែទម្រង់ ដំបូងបំផុត របស់ ក្រសួងអប់រំ គឺ ជាការប្រឆាំង អំពើ ពុករលួយ ពេលប្រឡង ដោយអនុវត្ត ពាក្យស្លោក៖ អ្នកចេះ គឺជាប់។
ភាគីពាក់ព័ន្ធ ទាំងអស់ ចាត់ទុក ថា, លទ្ធផលប្រឡង បាក់ឌុប ឆ្នាំនេះ ជាលទ្ធផល ស្រាវជ្រាវ ដែលបង្ហាញ ពីគុណភាព អប់រំ នៅកម្ពុជា និងប្រសិទ្ធភាព នៃកំណែទម្រង់។
តើ វិធី ដែលរដ្ឋាភិបាល ប្រើនេះ អាចធ្វើ ឲ្យគុណភាព នៃការអប់រំ បានប្រសើរមែន ឬយ៉ាងណា?
វិធានការ កម្ចាត់អំពើពុករលួយ ពេលប្រឡង បាក់ឌុប នៅឆ្នាំនេះ បានធ្វើ ឲ្យបេក្ខជន ជាង៦ម៉ឺននាក់ ឬប្រមាណជាង ៧៥% ប្រឡងធ្លាក់។ ចំនួនសិស្ស ប្រឡងធ្លាក់ មិនត្រឹមតែ បង្ហាញ ពីប្រសិទ្ធភាព នៃការពង្រឹង វិន័យពេលប្រឡង ប៉ុណ្ណោះទេ, ប៉ុន្តែ វា ក៏បង្ហាញ ពីកម្រិត ដ៏ទន់ខ្សោយ នៃគុណភាព អប់រំ នៅកម្ពុជា ដែរ។
រាជរដ្ឋាភិបាល បានដាក់ចេញ វិធានការ លើកកម្ពស់ វិស័យអប់រំ មួយចំនួន, រួមមាន៖ ការរៀបចំ ផែនការ យុទ្ធសាស្ត្រ អប់រំ រយៈពេល ៥ឆ្នាំម្តង, គោលនយោបាយ ស្ដីពី ការអប់រំ បច្ចេកទេស, គោលនយោបាយ ស្ដីពី ធនធានមនុស្ស ក្នុងវិស័យអប់រំ, គោលនយោបាយ ស្ដីពី គ្រូបង្រៀន, និងគោលនយោបាយ ជាតិ ស្ដីពី ការអភិវឌ្ឍ យុវជន ជាដើម។ មិនតែ ប៉ុណ្ណោះ, រាជរដ្ឋាភិបាល ក៏ថែមទាំង បង្កើនចំនួន ថវិកាជាតិ វិស័យអប់រំ ឲ្យច្រើន លើស ក្រសួងណាៗ ទាំងអស់។ នៅឆ្នាំ២០១៤ នេះ ថវិកាជាតិ ដែលក្រសួងអប់រំ គ្រោងចំណាយ មានចំនួន ជាង ៣០០លាន ដុល្លារ សហរដ្ឋអាមេរិក។ បន្ថែមពីនេះ ការផ្តល់ឱកាស ឲ្យវិស័យ ឯកជន បើកគ្រឹះស្ថាន អប់រំ ក្នុងការជំរុញ គុណភាពអប់រំ ទៀតផង។
ទោះ ជាយ៉ាងណាក្តី, យុទ្ធសាស្ត្រ, គោលនយោបាយ, និងបរិមាណ ថវិកានេះ ទំនង ជាមិនធ្វើ ឲ្យការអប់រំ នៅកម្ពុជា មានគុណភាព ខ្ពស់នោះឡើយ។ គុណភាពអប់រំ នៃប្រទេសមួយល្អ ឬមិនល្អ អាស្រ័យលើគ្រូបង្រៀន។ បើ មានគ្រូល្អ ទើបសិស្សល្អ ហើយបើមានសិស្សល្អច្រើន សង្គមក៏ល្អ។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាបែរខ្នងដាក់គ្រូបង្រៀនទៅវិញ។ គ្រូបង្រៀនប្រាក់ខែចាយមិនគ្រប់ គ្រូប្រពន្ធល្អ ឬក្រប្រពន្ធរអ៊ូហ្នឹងឯង។ ប្រាក់ខែគ្រូបឋមសិក្សានៅឆ្នាំ២០១៤ នេះ ប្រមាណជាង ៤សែនរៀលក្នុង១ខែ បើគិតជាថ្ងៃ ក្នុង១ថ្ងៃបានជាង ១ម៉ឺនរៀល។ កម្រៃនេះ គឺប្រហាក់ប្រហែលនឹងកម្មករសំណង់ ដែលធ្វើការងារប្រាំបីម៉ោងក្នុង១ថ្ងៃដូចគ្នា។
ថ្លៃសាំងមួយលីត្រជាង ៥ពាន់រៀល អង្ករ ១គីឡូជាង ២ពាន់រៀល ត្រីសាច់តម្លៃលើសមួយម៉ឺនក្នុង១គីឡូ ចងដៃការ ចូលបុណ្យ កូនទៅរៀន មើលជំងឺ សុទ្ធតែត្រូវប្រើលុយទាំងអស់។ គ្រូបង្រៀនមិនជ្រើសរើសយកវិធីតវ៉ា ឬធ្វើបាតុកម្ម ដើម្បីទាមទារដំឡើងប្រាក់ខែទេ ការនេះប្រហែលជាពួកគាត់គិតថា វាមិនបានផល និងមិនចង់ឈឺសាច់ដោយសារសន្តិសុខវាយក៏មិនដឹង។ គ្រូបង្រៀនមួយចំនួនធំ បានជ្រើសយកវិធីផ្សេងៗដើម្បីរកលុយ។ គ្រូជាន់កសិស្សឲ្យមករៀនកួរ គ្រូលក់មេរៀន និងវិញ្ញាសាឲ្យសិស្ស លក់ពិន្ទុ គ្រូលក់នំនៅក្នុងថ្នាក់ រត់ម៉ូតូឌុប និងឆ្លៀតយកម៉ោងបង្រៀនទៅរកស៊ីខាងក្រៅ ជាដើម។
គ្រូបង្រៀនបឋមសិក្សា ត្រូវបង្រៀនយ៉ាងតិច ៤ម៉ោងក្នុង១ថ្ងៃ និង ៥ថ្ងៃក្នុង១អាទិត្យ។ ដើម្បីបង្រៀន ៤ម៉ោងតាមនិយាមគរុកោសល្យ គ្រូម្នាក់ៗត្រូវរៀបចំកិច្ចតែងការបង្រៀន រៀបចំសម្ភារៈឧបទេស និងសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធមួយចំនួនទៀត ដោយចំណាយពេលមិនតិចជាង ៤ម៉ោងទៀតក្នុង១ថ្ងៃឡើយ។ បើរវល់រៀបចំកិច្ចតែងការ មានអង្ករឯណាច្រកឆ្នាំង? គ្រូរៀបចំកិច្ចតែងការបង្រៀននៅពេលដែលមានថ្នាក់លើមកត្រួត ពិនិត្យម្តងម្កាលប៉ុណ្ណោះ។
មន្ត្រីមន្ទីរអប់រំខេត្តមួយចំនួន ចុះទៅត្រួតពិនិត្យនៅថ្នាក់ការិយាល័យស្រុកម្តងៗ ថ្នាក់ស្រុករត់ខ្វែងដៃខ្វែងជើងរកកាប់កាប៉ា កាប់ឆ្កែឲ្យមេៗពិសារ។ មានសាច់ហើយអត់ទឹកម៉េចបាន តែសូមទោសអស់លោកធំៗទាំងនោះ មិនចេះអាទឹកសឡើយ។ កូនចៅថ្នាក់ស្រុកត្រូវរៀបចំទឹកខ្មៅ ABC ទើបវាស្រួលក្រពះមេ។ ការហូបចុកស្នាក់នៅប៉ុណ្ណឹងមិនគ្រប់គ្រាន់ឡើយ កូនចៅក៏ត្រូវរៀបចំស្រោមសំបុត្រឲ្យមេថែមទៀតផង។ បើស្រុកណាទទួលមេដិតដល់ ស្រុកនោះច្បាស់ជាមានរបាយការណ៍មិនអន់ទេ តែបើស្រុកណារខេករខាកវិញ ប្រាកដជាមិនរួចខ្លួនឡើយ។ ពាក្យស្លោកនៅគរុកោសល្យសរសេរថា លោកគ្រូអ្នកគ្រូជាវិស្វករនៃគំនិត។ ប៉ុន្តែបើវិស្វករគំនិត ជំនាញខាងគាបលុយសិស្ស និងពុករលួយនោះ តើគំនិតរបស់កូនសិស្សខ្មែរនឹងទៅជាយ៉ាងណា?
កូនសិស្សដែលរងឥទ្ធិពលផ្ទាល់ពីគ្រូសាលារដ្ឋ មិនមែនជាកូនចៅមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលឡើយ។ កូនចៅមន្ត្រីធំៗទាំងនោះ រៀននៅសាលាឯកជនល្អៗដែលបង់ថ្លៃសាលារាប់ពាន់ដុល្លារក្នុង១ខែៗ។ រៀននៅសាលាមានបាយញ៉ាំស្រេច មានឡានទំនើបជូនទៅសាលា អ្នកខ្លះមិនទាំងរៀនអក្សរខ្មែរផង។ ពេលធំឡើង សម្ដេច ឯកឧត្តម លោកជំទាវ អស់លោកធំៗ ក៏បញ្ជូនកូនចៅទៅសិក្សាបន្តនៅក្រៅប្រទេសទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា កូនអ្នកមានកូនអ្នកក្រកើតមកមិនដែលអាណារៀនមហាវិទ្យាល័យទេ គឺរៀនពីថ្នាក់មត្តេយ្យដូចគ្នា។ រៀនដូចគ្នាមែន តែកូនចៅសម្ដេច ឯកឧត្តម រៀននៅសិង្ហបុរី អូស្ត្រាលី អាមេរិក បើរៀននៅស្រុកខ្មែរ ក៏ត្រូវរៀនសាលាកាលីបៗដែរ។ កូនអ្នកមធ្យម ក៏រៀនឯកជនបង់រាប់រយដុល្លារ មិនចម្លែកអីទេ កូនគ្រូបង្រៀន កូននគរបាលតូចតាច កូនមន្ត្រីយោធា រៀនសាលារដ្ឋ ត្រូវគ្រូជំរិតទារលុយរាល់ថ្ងៃ។
កាលពីសម័យរដ្ឋកម្ពុជា ប្រាក់ខែគ្រូចាយមិនគ្រប់មែន តែគ្រូដូចជាមិនសូវយ៉ាប់ដូចសព្វថ្ងៃទេ។ គ្រូបង្រៀនស្រុកស្រែអាចរកត្រីសាច់ម្ហូបអាហារ រកអនុផលព្រៃឈើចិញ្ចឹមជីវិតបានដោយខ្លួនឯង។ ដល់ពេលយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចដំណើរការ រដ្ឋាភិបាលចាប់ផ្ដើមលក់ខ្ទេចលក់ខ្ទី លក់ដីលក់ព្រៃព្រឹក្សា លក់សម្បត្តិរដ្ឋ លក់បឹង បំផ្លាញត្រី ទំនិញឡើងថ្លៃគ្រប់បែបយ៉ាង។ គ្រូបង្រៀនក៏ត្រូវពឹងលើប្រាក់ខែ ដើម្បីទិញសព្វទិញគ្រប់។ ទិញវាមិនសំខាន់ទេ សំខាន់ត្រង់ថា វាអត់លុយទិញ។ ឥឡូវនេះ យើងពិនិត្យមើលគោលនយោបាយរបស់គ្រូបង្រៀនវិញម្តង ថាតើគោលនយោបាយដែលចែងលើក្រដាសនេះ អនុវត្តបានហើយឬនៅ? ខ្លឹមសារនៃគោលនយោបាយនោះ ក៏មានស្ទើរគ្រប់ចំណុចដែលគ្រូត្រូវការ ដើម្បីបង្រៀនសិស្សឲ្យមានគុណភាព។ គោលនយោបាយជាតិមានចែងពីការលើកទឹកចិត្តគ្រូ ការឧបត្ថម្ភព្យាបាលជំងឺ ការដំឡើងឋានៈតាមកម្រិតការបំពេញការងារ ជាដើម។ គោលនយោបាយល្អ ល្អគ្រប់ចំណុច តែការអនុវត្តគោលនយោបាយវិញមិនខុសអីនឹងបាចអង្កាមច្រាស់ខ្យល់ទេ។ គ្រូបង្រៀនដែលបានប័ណ្ណសរសើរជាគ្រូល្អ ច្រើនតែជាអ្នកដែលស្និទ្ធនឹងនាយកសាលា មានបងប្អូនធ្វើការនៅមន្ទីរអប់រំ ហើយអ្នកខ្លះធ្វើគ្រូអស់ជាង ៣០ឆ្នាំ មិនទាន់បានប័ណ្ណសរសើរម្តងផង។ ពេលចូលនិវត្តន៍ ទៅបើកប្រាក់ខែសោធននិវត្តន៍នៅមន្ទីរសង្គមកិច្ច ក៏ត្រូវគេកាត់ប្រាក់ខែដោយមិនដឹងមូលហេតុទៀត។ ចង់ប្រាប់សម្ដេចដែរ តែប្រាប់យ៉ាងម៉េចទៅបាន បើសម្ដេចមានការងារច្រើនម្លឹងៗ អ៊ីចឹងចេះតែទ្រាំសិនទៅ។
ពេលគ្រូបង្រៀនឈឺ ឬស្លាប់ នាយកសាលាក៏ចាប់ផ្ដើមរៃអង្គាសលុយសិស្សឲ្យគ្រូព្យាបាលជំងឺ ឬចូលបុណ្យ។ គ្រូស្លាប់វាគ្រាន់ទេ ព្រោះមានលុយសមាគមបុគ្គលិកសិក្សាខ្មែរ ដែលកាត់ប្រាក់ខែគ្រូរាល់ខែនោះផ្តល់ឲ្យត្រឡប់មកវិញបាន ១លាន ២លានរៀលដែរ គ្រាន់ឲ្យកូនចៅយកធ្វើបុណ្យឧទ្ទិសកុសលជូន។ តែបើឈឺវិញនោះ ប្រពន្ធកូនប្ដីសី ត្រូវរត់រកលុយខ្ចីបុលចងការ លក់គោ លក់ស្រែ យកមើលជំងឺឲ្យពួកគាត់។ មិនមានមន្ទីរពេទ្យរដ្ឋណាមួយចេញបញ្ជាបញ្ចុះថ្លៃព្យាបាលជំងឺឲ្យ គ្រូបង្រៀនឡើយ។ គ្រូបង្រៀនក៏មិនមានសៀវភៅអត្តសញ្ញាណកម្មបញ្ជាក់ពីភាពក្រីក្រដែរ ព្រោះកម្រិតជីវភាពពួកគាត់វានៅលើកម្រិតវាស់វែងវាយតម្លៃពីភាព ក្រីក្រ។ បើអត់លុយ ពេទ្យចាំតែពេទ្យមើលតើ! ចង់វះកាត់ ទាល់តែមើលលុយសិន។ ហេតុនេះ ក្បាលណាអាសក់អាហ្នឹងហើយ។
ចំពោះការដំឡើងឋានៈវិញ មិនខុសអីនឹងក្រសួងដទៃៗទៀតទេ។ ចង់ឡើងទាល់មានសែ មានសែក៏ឡើងមិនទាន់អ្នកមានប្រាក់ដែរ។ អ្នកដែលចង់ធ្វើនាយកសាលា ត្រូវតែស្អាតស្អំស្មោះត្រង់ចំពោះបក្ស ហើយក៏ត្រូវមានប្រាក់ខ្លះផង។ មានគ្រូបង្រៀនមិនតិចទេ ដែលប៉ុនប៉ងរកទ្រនំថ្មី ព្រោះតែមិនអាចទ្រាំចំពោះទារុណកម្មគំនិតនេះបាន។
បញ្ហាគ្រូបង្រៀនមានច្រើនរាប់សិបជំពូកក៏ដោយ ក៏គ្រូបង្រៀនមួយចំនួនធំ ខំបង្រៀនសិស្សដោយក្តីអាណិតដែរ។ គ្រូចង់ឲ្យសិស្សចេះ គ្រូលើកទឹកចិត្តសិស្សឲ្យខំរៀន គ្រូបង្រៀនបឋមសិក្សាម្នាក់បង្រៀនសិស្ស ៥ថ្នាក់ម្នាក់ឯងក៏មាន។
អ្នកខំចេះតែខំ អ្នកស្រួលចេះតែបន្តស្រួល ទាំងនេះជាបាបកម្មរបស់គ្រូបង្រៀន ឬយ៉ាងណា? ការចាត់តាំងគ្រូបង្រៀនឲ្យទៅដល់គ្រប់ច្រកល្ហកទូទាំងប្រទេស នៅតែជាបញ្ហាមិនទាន់អាចដោះស្រាយបាននៅឡើយ។ គ្រូគរជើងនៅទីប្រជុំជន តែបើតាមជនបទដាច់ស្រយាល គ្រប់សាលាខ្វះគ្រូរាល់ឆ្នាំ។ បញ្ហារបស់គ្រូបង្រៀន មិនត្រូវបានដោះស្រាយឲ្យមានប្រសិទ្ធភាព ហើយកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀននោះ ក៏អភិវឌ្ឍលឿនទៅទៀត។ តាំងពីចុងទសវត្សរ៍ឆ្នាំ៩០ មក ក្រសួងអប់រំ បានប្ដូរវិធីសាស្ត្រក្នុងការបង្រៀនពីគ្រូមជ្ឈមណ្ឌល ទៅជាសិស្សមជ្ឈមណ្ឌលវិញម្តង។ វិធីសាស្ត្រថ្មីនេះ តម្រូវឲ្យសិស្សចែកចេញជាក្រុមអាន សិក្សាស្វែងយល់ដោយខ្លួនឯង មានសៀវភៅសិក្សាគោលគ្រប់ដៃ និងមានគ្រូបង្រៀនជាអ្នកសម្របសម្រួល។ ប៉ុន្តែនៅស្រុកខ្មែរ សិស្សមួយថ្នាក់មានពី ៤០នាក់ ទៅ ៦០នាក់ សៀវភៅពុម្ពក៏មិនមានគ្រប់ដៃ តើទៅបង្រៀនតាមបែបសិស្សមណ្ឌលយ៉ាងម៉េច?
គ្រូបង្រៀនភាគច្រើនរអ៊ូថា មានសិស្សមួយចំនួនរៀនថ្នាក់ទី៧ ហើយអានអក្សរមិនដាច់ផង។ ពិបាកទាំងវិធីសាស្ត្រ យ៉ាប់ទាំងកម្មវិធីសិក្សា សៀវភៅសិក្សាចេះតែវិវឌ្ឍន៍ ឯការបំពាក់បំប៉នគ្រូបង្រៀន ក៏មិនសូវមាន។ ឲ្យតែមានកម្មវិធីសិក្សាថ្មី ក្រសួងអប់រំ ចាប់ផ្តើមរៀបចំសិក្ខាសាលាផ្សព្វផ្សាយតម្រង់ទិសគ្រូ។ កន្លែងខ្លះ គម្រោងសិក្ខាសាលាធ្វើបីថ្ងៃ តែមន្ត្រីក្រសួងតម្រឹមធ្វើតែ ១ថ្ងៃប៉ុណ្ណោះ ដើម្បីចំណេញថ្លៃស្នាក់នៅហូបចុកពេលធ្វើសិក្ខាសាលានោះ។ ជួនកាល គ្រូបង្រៀនមិនទាំងបានទៅរៀនបំប៉នផង ក៏ត្រូវត្រដាបត្រដួសបង្រៀនសិស្សទាំងខ្លួនឯងមិនសូវយល់ក៏មាន។
ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការអប់រំនៅកម្ពុជា ប្រហែលជាមិនអន់ឡើយ បើគោលនយោបាយជាតិនានាទាក់ទងនឹងវិស័យអប់រំ ត្រូវបានអនុវត្ត។ សិស្សខ្មែរមិនតិចនាក់ទេ ធ្លាប់ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធិ ក្នុងការប្រឡងប្រជែងគណិតវិទ្យា និងរូបវិទ្យាថ្នាក់អន្តរជាតិរួចហើយ។ សិស្សពូកែមួយចំនួនធំ ថែមទាំងបានទទួលអាហារូបករណ៍ទៅរៀនក្រៅស្រុកទៀតផង។
សំណួរសួរថា តើរាជរដ្ឋាភិបាលមានយន្តការប្រមូលយុវជនមានសមត្ថភាពទាំងនោះ មកជួយអភិវឌ្ឍប្រទេសឬនៅ?
ចម្លើយអាចមានរួចហើយ តែប្រមូលតែក្រុមកូនចៅមន្ត្រីធំៗឲ្យមកកាន់ការក្នុងជួរ រដ្ឋាភិបាលតែប៉ុណ្ណោះ។ បើកូនអ្នកអត់សែវិញ ធ្វើការនៅស្រុកគេទៅអាវ៉ា។ បើចង់ចូលជួយជាតិ ត្រូវធ្វើការនៅសង្គមស៊ីវិល ឬអង្គការនានា តែភ្លាត់ហ្នឹង គេហៅថាពួកអគតិទៀត។ រាជរដ្ឋាភិបាលកម្ពុជា ទំនងជាត្រូវប្ដូរពីជំហានគីង្គក់របស់ លោក ហ៊ុន សែន ទៅជាជំហានយក្សវិញហើយ ទើបអាចតាមទាន់ប្រទេសជិតខាងបាន៕
No comments:
Post a Comment