Paris Peace Accords 23 Oct. 1991

Saturday, August 9, 2014

តើ​ កត្តា​អ្វី​ខ្លះ ​ដែល​ថា​, គណបក្ស​ ប្រជាជន​កម្ពុជា​ គាប​សង្កត់ ​គណបក្ស​ សង្គ្រោះ​ជាតិ? | What factors say CPP is oppressing CNRP?

តើ​ កត្តា​អ្វី​ខ្លះ ​ដែល​ថា​, គណបក្ស​ ប្រជាជន​កម្ពុជា​ គាប​សង្កត់ ​គណបក្ស​ សង្គ្រោះ​ជាតិ?

RFA | ៩ សីហា ២០១៤

សម រង្ស៊ី ប្រជុំ​សភា ៦២០
លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ចូល​ប្រជុំ​ សភា​ កាល​ពី​ថ្ងៃ​ ទី​៨ ខែ​សីហា ឆ្នាំ​២០១៤។  RFA/Yeang Socheametta

គណបក្ស​ សង្គ្រោះ​ជាតិ ធ្លាប់​បាន​បង្ហាញ ជំហរ​ យ៉ាង​រឹងមាំ ក្នុង​ការ​ប្រយុទ្ធ​ ត​ទល់​ ជាមួយ ​គូបដិបក្ខ​ ដ៏​ធំ​ នៅ​ក្នុង ​ការ​ប្រកួត​ប្រជែង​ នយោបាយ នៅ​ក្នុង​ការ​បោះ​ឆ្នោត ​នីតិកាល ​ទី​៥​នេះ។  ក៏ប៉ុន្តែ លទ្ធផល ​នៃ​ការ​បោះ​ឆ្នោត ធ្វើ​ឲ្យ​ គណបក្ស​ ប្រឆាំង​ ដ៏​ធំ​មួយ​នេះ ​ខក​ចិត្ត និង​ប្រកាស ​មិន​ទទួល​ លទ្ធផល ​បោះ​ឆ្នោត ដោយ​ចោទ​ប្រកាន់ ​ថា គ.ជ.ប. មិន​ឯករាជ្យ និង​មាន​ភាព​ មិន​ប្រក្រតី នៃ​ការ​រៀបចំ​ ការ​បោះ​ឆ្នោត​នោះ។

គណបក្ស​ សង្គ្រោះ​ជាតិ បាន​រៀបចំ ​ឈុត​ឆាក ​របស់​ខ្លួន ដើម្បី ​ដឹក​នាំ​ត​ទល់ ​ជាមួយ ​គណបក្ស​ ប្រជាជន​កម្ពុជា ដោយ​ទាមទារ ​រក​យុត្តិធម៌ ​ជូន​ម្ចាស់​ឆ្នោត ​ឡើង​វិញ។  ក៏ប៉ុន្តែ ការ​រៀបចំ​ ឈុត​ឆាក​ដឹក​នាំ ​ប្រជាពលរដ្ឋ ​ធ្វើ​បាតុកម្ម​ ជា​បន្តបន្ទាប់​នេះ មិន​ទទួល​បាន ​ជោគជ័យ​ នៅ​ឡើយ ដោយសារ​ តែ​ មាន​ការ​គាប​សង្កត់ ​ពី​គណបក្ស ​កាន់​អំណាច​ ឯក​បក្ស។

តើ​ កត្តា​អ្វី​ខ្លះ ដែល​ថា, ​គណបក្ស ​ប្រជាជន​កម្ពុជា គាប​សង្កត់​ គណបក្ស​ សង្គ្រោះ​ជាតិ ដើម្បី​ ចាប់​បង្ខំ​ ឲ្យ​គណបក្ស​នេះ​ ទទួល​យក​លទ្ធផល​ ចរចា​នោះ?

ការ​គំរាម​កំហែង​ពី​គណបក្ស​កាន់​អំណាច មាន​ឥទ្ធិពល​មក​លើ​បក្ស​ប្រឆាំង ឬ​គណបក្ស​ដែល​ត្រូវ​ចូល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ តំណាង​រាស្ត្រ​ប្រមាណ ៤​អាណត្តិ​មក​ហើយ។
អាណត្តិ​ចុង​ក្រោយ​នេះ គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​ចំនួន​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចាប់​យក​យុទ្ធសាស្ត្រ​រួប​រួម​គ្នា​ជា​កម្លាំង​តែ​មួយ និង​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​ចូលរួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ដើម្បី​កៀរគរ​កម្លាំង​មហាជន​ជា​ខ្នង​បង្អែក ចង់​ដណ្ដើម​យក​ជម្នះ​ឲ្យ​បាន​នូវ​ការ​គំរាម​កំហែង រហូត​ប្រើ​ពាក្យ​ស្លោក​ថា "ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច បំបែក​មិន​ក៏​បាន»។ ប៉ុន្តែ​ពាក្យ​នេះ វា​ហាក់​រសាត់​ទៅ​ឆ្ងាយ​បន្តិច​ម្តងៗ​ទៅ​ហើយ គឺ​ក្រោយ​ពី​គណបក្ស​ប្រឆាំង​ធំ​មួយ​នេះ ដែល​មាន​តំណាង​រាស្ត្រ ៥៥​រូប ដើរ​ចូល​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៤។

នៅ​មុន​មាន​ការ​ត្រូវរ៉ូវ​គ្នា​ចូល​ប្រជុំ​សភា​នេះ ប្រព័ន្ធ​តុលាការ​ត្រូវ​គេ​មើល​ឃើញ​ថា ជា​តួអង្គ​មួយ ឬ​ជា​ឧបករណ៍​សំខាន់​របស់​បក្ស​កាន់​អំណាច ដើម្បី​ជាន់​ក​បន្ថែម​ពី​លើ​កង​កម្លាំង​សមត្ថកិច្ច ដើម្បី​ឲ្យ​ភាគី​ម្ខាង​ទៀត មិន​អាច​ឲ្យ​ងើប​មុខ​រួច ទោះ​បី​ជា​មិន​បាន​គំរាម​សម្លាប់​បុគ្គល​ឥស្សរជន​នយោបាយ​ដូច​អាណត្តិ​មុនៗ​ ក្តី។

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ចង់​ឲ្យ​បក្ស​នយោបាយ​ទាំង​សង​ខាង​ចូល​ធ្វើ​ការ​រួម​គ្នា ដោយ​ភាព​ឯករាជ្យ ឬ​មិន​ស្ថិត​ក្នុង​ស្ថានភាព​គំរាម​កំហែង​ណា​មួយ​ឡើយ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​អង្គការ និកហ្វិច (Nicfec) លោក​បណ្ឌិត ហង្ស ពុទ្ធា មើល​ឃើញ​ថា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា ដាច់​ចិត្ត​ចូល​ប្រជុំ​រួម​គ្នា​នោះ គឺ​ដោយសារ​គណបក្ស​ជាប់​ឆ្នោត​ស្ថិត​នៅ​ក្នុង​ភាព​ទាល់ច្រក​រៀងៗ​ខ្លួន៖ «ពីព្រោះ ​គណបក្ស​ទាំង​ពីរ​បាន​សម្ដែង​សក្ដានុពល​រៀង​ខ្លួន​ហើយ ហើយ​ទី​បញ្ចប់ ខ្លួន​ឯង​មិន​អាច​ទៅ​ជា​មនុស្ស​ផ្តាច់​មុខ​បាន នៅ​ក្នុង​ការងារ​នយោបាយ។ អ៊ីចឹង​មាន​តែ​ងាក​មក​រក​ការ​ចរចា ដើម្បី​ផល​ប្រយោជន៍​នៃ​បក្ស​ទាំង​ពីរ​ផង និង​រួម​គ្នា​ស្ថាបនា​ជាតិ​ផង។»

លោក​មើល​ឃើញ​ថា ការ​ទាល់ច្រក​នេះ កើត​មាន​ទាំង​សង​ខាង។ គណបក្ស​ប្រជាជន​កម្ពុជា ទោះ​បី​ជា​អ្នក​កាន់​រដ្ឋាភិបាល មាន​សិទ្ធិ​អំណាច​ច្រើន​ជាង​គេ ប៉ុន្តែ​ក៏​នៅ​តែ​រង​សម្ពាធ​ខ្លះ​ដែរ ដូច​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ការ​ផ្អាក​ផ្តល់​ជំនួយ ការ​ផ្តាច់​ខ្លួន​របស់​អ្នក​វិនិយោគទុន​ធំៗ ដោយ​មាន​បក្ស​ប្រឆាំង​នៅ​ក្រៅ​រដ្ឋាភិបាល និង​ក្រៅ​សភា ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ដឹក​នាំ​រដ្ឋាភិបាល ពិសេស​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​មាន​ការ​លំបាក។ ក្រៅ​ពី​នេះ​ទៀត វិបត្តិ​សង្គម​ជាច្រើន​កើត​មាន ទាំង​វិបត្តិ​អត់​ការងារ យុវជន​ជាច្រើន​ធ្វើ​ចំណាក​ស្រុក វិបត្តិ​ដីធ្លី អ្នក​រងគ្រោះ​ដីធ្លី​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ មាន​អំពើ​ពុក​រលួយ ជាដើម។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ វិញ ក្រៅ​ពី​ការ​ធ្វើ​បាតុកម្ម គឺ​ពុំ​មាន​លទ្ធផល​អ្វី​ដើម្បី​មក​បំពេញ​ចិត្ត​អ្នក​គាំទ្រ​ខ្លួន ដោយសារ​តែ​ការ​រាំង​ខ្ទប់​ពី​រដ្ឋាភិបាល​ឯក​បក្ស ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប រហូត​ដល់​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ ជាដើម។ ដូច្នេះ ជម្រើស​ចុង​ក្រោយ​មាន​តែ​ការ​ចរចា​បញ្ចប់​បញ្ហា និង​បង្ខំ​ចិត្ត​ទទួល​យក​លទ្ធផល​នៃ​ការ​ចរចា​នោះ ទោះ​បី​ជា​ខ្លួន​មិន​បាន​ពេញ​ចិត្ត ​១០០% ក្ដី។

នៅ​រាល់​ការ​ចរចា​ម្តងៗ គណបក្ស​កាន់​អំណាច​តែង​តែ​មាន​ប្រៀប​ជាង និង​បាន​ប្រើ​ពាក្យ​ស៊កសៀត​ឌឺដង​អោយ​គណបក្ស​ដៃគូ ដោយ​ប្រើ​យុត្តិសាស្ត្រ​លួងលោម​ផង បង្ខំ​ផង ដែល​ទម្លាប់​ទាំង​នេះ គណបក្ស​ប្រជាជន ធ្លាប់​ប្រើ​បាន​ជោគជ័យ​តាំង​ពី​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មក​ម្ល៉េះ ដែល​ទី​បំផុត​គណបក្ស​ដ៏​ធំ​ដែល​ធ្លាប់​ដឹក​នាំ​រដ្ឋាភិបាល​មួយ​នេះ រលាយ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ ព្រឹត្តិការណ៍​ដែល​ងាយ​ចំណាំ​ជាង​គេ គឺ​ការ​ចរចា​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា រវាង​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ទាំង​ពីរ។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រលយ​ពាក្យ​មុន​ការ​ចរចា​ចាប់​ផ្ដើម​ថា បើ​ការ​ចរចា​លើក​នេះ​មិន​ត្រូវ​គ្នា​ទេ សូម​រង់ចាំ​ជួប​គ្នា​នៅ​ឆ្នាំ​២០១៨ បន្ត​ទៀត គឺ​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ ហើយ​ចំពោះ​អ្នក​ជាប់​ឃុំ​ទាំង ៨​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ កុំ​សង្ឃឹម​រួច​ខ្លួន គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់ ឬ​នីតិវិធី​របស់​តុលាការ នឹង​អាច​ចាប់​ខ្លួន​បន្ត​ទៀត ព្រម​ទាំង​មាន​ការ​ដាក់​ជា​សំណួរ​ប្រយោល​ចោល​ថា តើ​ចង់​ចូល​គុក ឬ​ចង់​ចូល​សភា? នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប។

ក្នុង​ការ​ចាប់​ផ្ដើម​ដំបូង​បំផុត​នៃ​ការ​ចរចា គឺ​និយាយ​អំពី​ការ​ដោះ​លែង​អ្នក​ទាំង ៨​នាក់​នោះ ហើយ​បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ជា​លទ្ធផល​ត្រូវរ៉ូវ​គ្នា​យ៉ាង​ ប្រញាប់ប្រញាល់ លើ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ដឹក​នាំ​ប្រទេស ដែល​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ។ ក្រោយ​ការ​ចរចា​បាន​បញ្ចប់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មនុស្ស ៨​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ដោះ​លែង​ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា ទូទាត់​កាត់​កង​ក្នុង​ការ​ចរចា​នោះ ដោយ​ទុក​ច្បាប់​ចោល​មួយ​ឡែក​សិន។ នៅ​ក្រោយ​បញ្ចប់​ការ​ចរចា លោក សម រង្ស៊ី បាន​ឆ្លើយ​ប្រាប់​អ្នក​កាសែត​យ៉ាង​ខ្លី​ថា ការ​ទទួល​យក​លទ្ធផល​នេះ​ដោយសារ​តែ​អស់​ជម្រើស។

លោក​បណ្ឌិត ហង្ស ពុទ្ធា ថា តាម​រយៈ​ពាក្យ​សម្ដី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ពេល​ខ្លះ បាន​រុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ភាព​ទាល់ច្រក និង​បង្ហាញ​នូវ​ភាព​ដាច់​ខាត​ថា ត្រូវ​តែ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ និង​ដោះស្រាយ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឱកាស​អង្គុយ​ធ្វើ​ការ​ក្នុង​រដ្ឋសភា ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ។

ចំណែក​ក្នុង​ដំណាក់​កាល​នៃ​ការ​រៀបចំ​បំពេញ​បន្ថែម​នូវ​លក្ខន្តិកៈ​តាម​ កិច្ច​ព្រមព្រៀង ដែល​ជា​លទ្ធផល​នៃ​ការ​ចរចា​ដែល​មាន​ចំណុច​គោល​ធំៗ ដូច​ការ​កែ​ទម្រង់ គ.ជ.ប. ការ​រៀបចំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​នោះ មាន​ភាព​ចម្រូងចម្រាស​គ្នា​ច្រើន។ បញ្ហា​នេះ ទំនង​ជា​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ ង៉ក់ង​មិន​ចូល​ប្រជុំ​សភា ឬ​អូស​បន្លាយ​ពេលវេលា​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត។
ស្ថិត​ក្នុង​ដំណាក់​កាល​នេះ តុលាការ​ចាប់​ផ្ដើម​រវល់​ជាមួយ​នឹង​គណបក្ស​ទាំង​ពីរ​នេះ​ទៀត​ហើយ ដោយ​សុខៗ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​នាំ​ខ្លួន​យុវជន​សង្គ្រោះ​ជាតិ ៣​នាក់ ដើម្បី​សាកសួរ ហើយ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា។ បន្ថែម​លើ​នេះ​ទៀត សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​ចេញ​ដីកា​កោះ​ហៅ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ៩​រូប​ទៀត ក្នុង​នោះ​មាន លោក កឹម សុខា ផង ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​ថ្មី ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៣ សីហា ដើម្បី​សាកសួរ​លើ​រឿង​ចាស់ គឺ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ។

ការ​កោះ​ហៅ​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស សម្ដែង​ការ​ភ្ញាក់ផ្អើល នៅ​ពេល​គណបក្ស​ទាំង​ពីរ​ចរចា​ជា​កញ្ចប់ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​រួច​ទៅ​ហើយ។ ការ​កោះ​ហៅ​ជា​ថ្មី​នេះ អាច​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រារែក​មិន​ទាន់​ចង់​ចូល​ប្រជុំ​សភា​ភ្លាមៗ ក្រោយ​ពី​ចរចា​ត្រូវរ៉ូវ​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ។

ព្រឹត្តិការណ៍​នេះ ហាក់​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ភ័យ​ស្លន់ស្លោ ហើយ​កោះ​ហៅ​តំណាង​រាស្ត្រ​របស់​ខ្លួន​ចូល​ស្បថ​ក្នុង​វាំង ក្រោម​អធិបតីភាព​ព្រះមហាក្សត្រ និង​មាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ជា​សាក្សី​ផង។ នៅ​ក្រោយ​ពេល​ស្បថ​រួច នៅ​ខាង​ព្រះបរមរាជវាំង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ហាក់​ទទួល​ស្គាល់​ថា អ្វីៗ​ធ្វើ​ឡើង​ដោយ​មាន​ការ​គំរាម​កំហែង ហើយ​ទី​បំផុត បាន​នាំ​គ្នា​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៨ សីហា៖ «យើង​ដឹង​ហើយ​ថា អំពើ​គំរាម​កំហែង​យើង​ដឹង​ទាំងអស់​គ្នា ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ខ្លួន​ឯង​ហើយ​ថា អតិបរិមា តិច​ផុត​ដែល​យើង​ត្រូវ​ទទួល គឺ​អី? គឺ គ.ជ.ប.។»

ម្យ៉ាង​ទៀត លោក​ថា ការ​ចូល​ស្បថ​នេះ​ជា​ការ​បំពេញ​នូវ​អ្វី​ដែល​បាន​សន្យា មាន​អភ័យ​ឯកសិទ្ធិ​ពេញ​លេញ ដែល​អាច​ឲ្យ​គណបក្ស​លោក​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​ត​ទៅ​ទៀត ដោយ​អត់​មាន​ប្រព័ន្ធ​តុលាការ​ណា​យក​មក​គំរាម​កំហែង​ឲ្យ​ភ័យ​ខ្លាច​បន្ត​ទៅ​ ថ្ងៃ​មុខ​ទៀត។ ប៉ុន្តែ​មុន​ការ​កំណត់​ពេល​ចូល​ប្រជុំ​សភា​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​៨ សីហា បក្ស​សង្គ្រោះ​ជាតិ ហាក់​មាន​ការ​រារែក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឃើញ​សភាពការណ៍​បែប​នេះ កាល​ពី​ថ្ងៃ​ទី​៧ សីហា លោក​បាន​ព្រមាន​ជា​សាធារណៈ​ថា នឹង​មិន​បោះ​ឆ្នោត​គាំទ្រ​បេក្ខជន​អនុប្រធាន​រដ្ឋសភា និង​គណៈកម្មាធិការ​រដ្ឋសភា​មួយ​ចំនួន​ទៀត ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​មិន​ព្រម​បញ្ចប់​ដំណើរ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​នឹង​បក្ស​ ប្រជាជន​កម្ពុជា ដោយ​ចូល​ប្រជុំ​សភា​តាម​ថ្ងៃ​កំណត់​នោះ​ទេ។ លោក​បន្ត​ថា លោក​បាន​ចលនា​ហើយ​ថា​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​ដាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការ​សន្យា ប៉ុន្តែ​បើ​សិន​ជា​បក្ស​ប្រជាជន​កម្ពុជា មិន​បោះ​ឆ្នោត​ឲ្យ​ទេ មួយ​អាណត្តិ​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ឱកាស​ធ្វើ​អនុប្រធាន​រដ្ឋសភា និង​គណៈកម្មការ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា៖ «អ៊ីចឹង​ត្រូវ​ពឹង​ផ្អែក​ទាំង ​ស្រុង​លើ​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន ហើយ​វា​ចាំបាច់​ត្រូវ​មាន​វត្តមាន​របស់​ខ្ញុំ តាំង​ពី​ការ​ចាប់​ផ្ដើម អ៊ីចឹង​ទេ​សូម​ឲ្យ​យល់​ពី​ការ​លំបាក​របស់ខ្ញុំ​ផង ត្រេតត្រត តែ​មិន​ស្រួល​ខ្ញុំ​ធ្វើ​ចលនា​តែ​បង​ប្អូន​មិន​ព្រម​បោះ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ។»

ទាក់ទង​នឹង​ការ​គំរាម​កំហែង​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​នេះ​មាន​ការ​គំរាម​កំហែង​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​គ្នា ដោយ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា។ គណបក្ស​សង្គ្រោះ​ជាតិ ប្រើ​កម្លាំង​មហាជន​ធ្វើ​បាតុកម្ម ចំណែក​គណបក្ស​ប្រជាជន បិទ​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​កន្លែង​ជួបជុំ​មហាជន​សំខាន់ និង​ប្រើ​កម្លាំង​សមត្ថកិច្ច​វាយ​បង្ក្រាប ហើយ​ចុង​ក្រោយ ប្រើ​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ហើយ​ការ​គំរាម​នា​ដំណាក់​កាល​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ភាគ​ច្រើន​ត្រូវ​រលាយ៖ «ការ​ គំរាម​កំហែង​របស់​បក្ស​សង្គ្រោះ​ជាតិ មាន​ឥទ្ធិពល​ពីរ។ ទី​មួយ ធ្វើ​ឲ្យ​អ្នក​នយោបាយ​ភ្ញាក់​កំណើត ថា​អ្វីៗ​របស់​ខ្លួន​មិន​មែន​អមតៈ​ទៀត​ទេ។ ទី​ពីរ ប្រជាជន​មាន​ឆន្ទៈ​ចង់​បង្ហាញ​អំពី​អំណាច​ប្រជាជន ថា​ពួក​គាត់​ជា​ម្ចាស់​អំណាច ឯ​គណបក្ស​ប្រជាជន លោក​មាន​សម្ពាធ​តែ​មួយ​គត់ គឺ​សម្ពាធ​ទៅ​លើ​អ្នក​ទាំង ៥៥​នាក់ តែ​គាត់​អត់​មាន​សម្ពាធ​ទៅ​លើ​ប្រជាជន​ទេ។ ប្រជាជន​បញ្ជាក់​ថា លោក​អត់​ខ្លាច​ទេ ឲ្យ​តែ​មាន​មេ​ដឹក​នាំ​ត្រឹមត្រូវ ប្រជាជន​នៅ​តែ​ងើប​ឡើង​ធ្វើ​បាតុកម្ម តស៊ូ​មតិ បញ្ចេញ​យោបល់ អ៊ីចឹង​អ្នក​ទាំង ៥៥​នាក់​នេះ​ខ្លាច​ជាង​ប្រជាជន​ទៀត ដែល​ប្រជាជន​អត់​មាន​អភ័យ​ឯកសិទ្ធិ លោក​អត់​មាន​ខ្លាច​ទេ តែ​អ្នក ៥៥​នេះ ពាក្យ​ស្លោក​មួយ​របស់​គាត់ ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន ប្រើប្រាស់​ប្រព័ន្ធ​តុលាការ។»

លោក ហ៊ុន សែន ថ្លែង​ចំអក​ផ្ទួនៗ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៨ សីហា ថា អ្វី​ដែល​បាន​សម្រេច​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​២ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ វា​មិន​ខុស​គ្នា​ប៉ុន្មាន​ទៅ​នឹង​ស្មារតី​នៃ​ការ​ចរចា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ នោះ​ទេ។ លើស​ពី​នេះ លោក ហ៊ុន សែន ចាត់​ទុក​ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង​ពេល​នេះ ថា​ជា​ការ​ភ្ញាក់​ខ្លួន​របស់​បក្ស​ប្រឆាំង។ ការ​ថ្លែង​របស់ លោក ហ៊ុន សែន នេះ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា ជា​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​ប្រជាពលរដ្ឋ កុំ​ឲ្យ​គេ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា គំរាម​គណបក្ស​សង្គ្រោះ​ជាតិ។  បញ្ហា​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ថា​ការ​ចូល​ធ្វើ​ការងារ ដោយ​មាន​សម្ពាធ​នយោបាយ​នោះ នឹង​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ ឬ​ទាញ​យក​ផល​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​នោះ​ទេ៕



No comments:

Post a Comment