កម្មករ រោងចក្រ ៦១នាក់ រងរបួស ដោយសារ ក្រឡាប់ រថយន្ត
RFA / វិទ្យុ អាស៊ី សេរី | ៧ កញ្ញា ២០១៤
ប្រធាន សហជីព សេរី កម្មករ នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំរោងចក្រ ជុង ហ្វៃ លោក ទិត្យ ផាត ឲ្យដឹងថា, ក្នុងចំណោម កម្មករ របួស ៦១នាក់នោះ មាន ៥នាក់ របួសធ្ងន់, គឺ៖ ស្ត្រី មានផ្ទៃពោះ, ៤នាក់ កំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យ ជ័យជំនះ, និងស្ត្រី ម្នាក់ទៀត របួស បាក់ដៃម្ខាង កំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត។
លោក បញ្ជាក់ថា ក្រៅពីនោះ កម្មករភាគច្រើនរបួសស្រាល រលាត់ដៃជើង ជាំខ្មៅដោយកន្លែង។ ក្រោយពីគ្រូពេទ្យពិនិត្យរួចបានសរសេរវេជ្ជបញ្ជាឲ្យទិញថ្នាំយកទៅ លេបនៅផ្ទះ។
តាមការអះអាងរបស់លោករថយន្តនោះបានក្រឡាប់នៅតាមផ្លូវលំមួយ កន្លែង ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ខណៈដែលទៅដឹកកម្មករនៅតាមភូមិ យកទៅធ្វើការតាមទម្លាប់៖ «តាម ព័ត៌មានដែលខ្ញុំសួរអ្នកជិះឡាននោះ ឡាននោះបើកមកលើផ្លូវថ្នល់លំ គាត់បើកជៀសគំហុកដែលមានដកទឹក ហើយវាផ្អៀងមកម្ខាង ដល់រអិលទៅផ្អៀងក្រឡាប់តែម្ដង។»
រថយន្តដែលក្រឡាប់នោះចំណុះ ២តោនកន្លះ និងផ្ទុកកម្មករដែលភាគច្រើនជាស្ត្រីប្រមាណ ៧០នាក់។
លោក ទិត្យ ផាត បន្តថា អ្នករបួសទាំងអស់ត្រូវបានបេឡាសន្តិសុខសង្គមជាអ្នកធានារ៉ាប់រងលើ ការចំណាយព្យាបាល។ រីឯតៃកុងឡាននិងរថយន្តដែលបង្កហេតុត្រូវបានសមត្ថកិច្ចខេត្តកណ្ដាល ឃាត់និងរក្សាទុកដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
No comments:
Post a Comment