ព្រះមហាក្សត្រ ខ្មែរ ប្រទាន គ្រឿងឥស្សរិយយស សហមេត្រី ដល់ពលរដ្ឋ វៀតណាម ៦នាក់
RFA / វិទ្យុ អាស៊ី សេរី | ៧ កញ្ញា ២០១៤
ពលរដ្ឋ វៀតណាម ចំនួន ៦រូប ទៀត ត្រូវ ព្រះមហាក្សត្រ ខ្មែរ ប្រទាន គ្រឿងឥស្សរិយយស សហមេត្រី ក្រោមហេតុផល ថា បានចូលរួម ចំណែក ក្នុងការរក្សា ទំនាក់ទំនង ល្អ និងអត្ថប្រយោជន៍ នៃប្រទេស ទាំងពីរ។
ទីភ្នាក់ងារ សារព័ត៌មាន វៀតណាម វីអេនអេ (VNA) ចេញផ្សាយ នៅថ្ងៃ ទី៦ ខែកញ្ញា បញ្ជាក់ ថា, ព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ខ្មែរ ពីការប្រទាន គ្រឿងឥស្សរិយយសនោះ ត្រូវ ប្រកាស ឲ្យដឹង នៅទីក្រុង ហាណូយ ប្រទេស វៀតណាម នៅក្នុងពិធីមួយ កាលពីថ្ង ទី៥ ខែកញ្ញា។
ពលរដ្ឋវៀតណាម ទាំង ៦រូបនោះមានដូចជា ប្រធានសមាគមមិត្តភាពវៀតណាម លោក វូ សូន (Vu Xuan) ប្រធានសមាគមមិត្តភាពកម្ពុជាវៀតណាម លោក វូ ម៉ៅ (Vu Mao) ប្រធាន និងអនុប្រធានសម្ព័ន្ធសហប្រតិបត្តិការវៀតណាម លោក ហ្សាវ សូន ចាន់ (Dao Xuan Can) និង ង្វៀន ហៃ ហ្គាង (Nguyen Hai Giang)។
វីអេនអេ (VNA) ក៏បានស្រង់សម្ដីរបស់មន្ត្រីសមាគមវៀតណាម ម្នាក់មកផ្សាយថា ការប្រទានគ្រឿងឥស្សរិយយសនៅពេលនេះ គឺឆ្លុះបញ្ចាំងពីជំនួយរបស់វៀតណាម មកកម្ពុជា ចាប់តាំងពីជំនួយរបស់កងទ័ព និងជំនាញការវៀតណាម មកកម្ពុជា ដើម្បីរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ កាលពីអតីតកាល។ មន្ត្រីដដែលបន្តថា ពួកគេនឹងបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា។
ទោះយ៉ាងណា វីអេនអេ ពុំបានបញ្ជាក់ទេថា តើមកដល់ពេលនេះមានពលរដ្ឋវៀតណាម ចំនួនប៉ុន្មាននាក់ បានទទួលគ្រឿងឥស្សរិយយសដែលព្រះមហាក្សត្រខ្មែរព្រះរាជប្រទាននោះឡើយ៕
No comments:
Post a Comment