បទវិភាគ៖ នយោបាយ «ឯង ជួយអញ, អញ ជួយឯង» របស់លោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ១៦ កញ្ញា ២០១៤
នៅក្នុងប្រព័ន្ធ សភានិយម ដូចជាកម្ពុជា សមាជិក រដ្ឋសភា ឬតំណាងរាស្ត្រ មានតួនាទី សំខាន់ណាស់ ក្នុងការ ការពារ ផលប្រយោជន៍ ជាតិ។ ដើម្បី លើកទឹកចិត្ត ដល់អ្នកតំណាងរាស្ត្រ ឲ្យបំពេញ បេសកកម្មនេះ, រដ្ឋធម្មនុញ្ញ ដែលជាច្បាប់ កំពូល នៃប្រទេស បានផ្តល់សិទ្ធិ ពិសេស ដល់ពួកគេ ថែមទៀត។
សិទ្ធិពិសេស ទាំងនោះ ហៅថា អភ័យឯកសិទ្ធិ ដែលការពារ តំណាងរាស្ត្រ ពីការ សម្លុត, គំរាមកំហែង, ចោទប្រកាន់, ឬចាប់ចង ដោយគ្រាន់តែ បានសម្ដែង មតិ យោបល់ ក្នុងការបំពេញ តួនាទី របស់ខ្លួន ជាអ្នកតំណាងរាស្ត្រ។
ប៉ុន្តែ បើសិន តំណាងរាស្ត្រ ដែលមាន តួនាទី ឃ្លាំមើល សកម្មភាព របស់ រដ្ឋាភិបាល ដើម្បី ជួយរាស្ត្រ បំពេញការងារ របស់ខ្លួន ពោរពេញ ទៅដោយ ការភ័យខ្លាច ទៅហើយនោះ, តើ បាននរណា ជួយរាស្ត្រ?
តទៅនេះ លោក ជី វិតា មានបទវិភាគ មួយ ដោយពិនិត្យមើល នយោបាយ «ឯង ជួយអញ, អញ ជួយឯង» របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ះពាល់ ដល់នីតិរដ្ឋ យ៉ាងណាខ្លះ៖
ពេលចប់ អាណត្តិចាស់ ចូលដល់ អាណត្តិថ្មី ម្តងៗ ទាំងសហគមន៍ ជាតិ និងអន្តរជាតិ តែង សង្ឃឹមថា, ការគ្រប់គ្រង ប្រទេសកម្ពុជា នឹងមាន ការផ្លាស់ប្ដូរ ទៅរក ភាពល្អប្រសើរ។ ប៉ុន្តែ ក្រោមការ គ្រប់គ្រង របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាងពីរ ទសវត្សរ៍ កន្លងមកនេះ វិបត្តិធំៗ -- ដូចជា, បញ្ហា អំពើ ពុករលួយ, បញ្ហា ឯករាជ្យ តុលាការ, បញ្ហា គាបសង្កត់ រដ្ឋសភា, បញ្ហា បំផ្លាញ ធនធាន ធម្មជាតិ, បញ្ហា ដីធ្លី, បញ្ហា អនុវត្តន៍ ច្បាប់ អន្តោប្រវេសន៍, និងបញ្ហា និទ្ទណ្ឌភាព -- ហាក់កាន់តែ ធ្ងន់ធ្ងរ។ កាន់តែ ធ្ងន់ធ្ងរ ដោយសារតែ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ បន្តនយោបាយ ការពារមន្ត្រី និងឈ្មួញ ខិលខូច ដរាបណា ពួកគេ មានភក្តីភាព និងប្រយោជន៍ ចំពោះលោក។ ប៉ុន្តែ បើ បុគ្គលណា ធ្វើអ្វីមួយ ប៉ះពាល់ ដល់ប្រយោជន៍ របស់លោកហើយ, លោក មិនឲ្យ នៅសុខទេ។
ឧទាហរណ៍ ថ្មីៗ, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែ មិនបាន ថ្លែងសាទរ គាំទ្រ ចំពោះ លោក កឹម សុខា អនុប្រធាន ទី១ រដ្ឋសភា ដែលចេញមុខ ប្រកាសប្រយុទ្ធ ប្រឆាំង អំពើ ពុករលួយ ប៉ុណ្ណោះទេ, ប៉ុន្តែ លោក បានថ្លែងគំរាម ដកហូតតំណែង លោក កឹម សុខា ថែមទៀតផង។
លោក ហ៊ុន សែន៖ «អើ! ថារក វិធីបោះឆ្នោត ទម្លាក់រដ្ឋមន្ត្រី, អឺ? បើ បោះឆ្នោត ទម្លាក់រដ្ឋមន្ត្រី, យើង គិតបោះឆ្នោត ទម្លាក់អនុប្រធាន រដ្ឋសភាវើយ។ សំឡេងអាណា ខ្លាំង ជាងអាណា, អាហ្នឹង ប្រយ័ត្ន ផងវើយ។»
ក្នុងរបប ប្រជាធិបតេយ្យ រដ្ឋសភា ដែលជាអង្គ នីតិប្បញ្ញត្តិ មានតួនាទី សំខាន់ណាស់ ក្នុងការជួយ ធ្វើឲ្យ សង្គមជាតិ ស្អាតស្អំ, គ្មាន អំពើពុករលួយ និងលើកស្ទួយ នីតិរដ្ឋ។ រដ្ឋសភា អាចសម្រេច គោលដៅ ទាំងនេះបាន តាមរយៈ ការធ្វើច្បាប់ ល្អ, តាមដានសកម្មភាព អនុវត្តន៍ច្បាប់ របស់ រដ្ឋាភិបាល, និងកោះហៅ មន្ត្រីរដ្ឋាភិបាល មកឆ្លើយបំភ្លឺ នូវបញ្ហាជាតិ, រហូត ដល់បោះឆ្នោត ទម្លាក់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ដែលរំលោភ អំណាច និងបំពានច្បាប់ ជាដើម។
ប៉ុន្តែ រហូត មកដល់ ចុងអាណត្តិ ទី៤, សហគមន៍ ជាតិ និងអន្តរជាតិ មើលឃើញ ថា, រដ្ឋសភាកម្ពុជា មិនត្រឹមតែ មិនបាន ប្រើប្រាស់ អំណាច របស់ខ្លួន ឲ្យសមតាមគន្លង ប្រជាធិបតេយ្យ ដែលរដ្ឋធម្មនុញ្ញ បានប្រគល់ អំណាចឲ្យ ប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងក្លាយ ជាស្ថាប័ន ចាំតែ ប្រថាប់ត្រា ឬសម្រួលកិច្ចការ ដែលជាប្រយោជន៍ នយោបាយ ជូនដល់ រាជរដ្ឋាភិបាល កម្ពុជា ថែមទៀតផង។
ទោះជាយ៉ាងណា សញ្ញាផ្លាស់ប្ដូរ ឥរិយាបថ របស់ ស្ថាប័នកំពូល មួយនេះ ហាក់ដូច ជាចាប់ផ្ដើមហើយ គឺ ផ្លាស់ប្ដូរ ពីរដ្ឋសភា ដែលចាំតែ លើកដៃ ទៅជារដ្ឋសភា ថ្លៃថ្នូរ, គោរព រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ពន្លកថ្មី ដែលកំពុង អើតក្បាល ប៉ឹមៗ មកនេះ ត្រូវ រងការគំរាម ក្តិចចោល ទៅវិញ។
នៅដើម ខែកញ្ញា ឆ្នាំ២០១៤ នេះ, លោក កឹម សុខា អនុប្រធាន ទី១ រដ្ឋសភា បានប្រកាស ថា, លោក នឹងប្រើប្រាស់ រដ្ឋសភា ដើម្បី បោះឆ្នោត ដកហូតមន្ត្រី រាជការណា ដែលពុករលួយ។ ប៉ុន្តែ ការប្ដេជ្ញា របស់ តំណាងរាស្ត្រ រូបនេះ ត្រូវ បន្ទច់បង្អាក់ ដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។ ការគំរាម ដកហូត តំណែង លោក កឹម សុខា ធ្វើឲ្យ មតិជាតិ និងអន្តរជាតិខ្លះ មានការភ្ញាក់ផ្អើល និងកាន់តែ បាត់បង់ជំនឿ លើលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធ ប្រឆាំង នឹងអំពើ ពុករលួយ ថែមទៀត។
ភ្ញាក់ផ្អើល ពីព្រោះ នាពេល ចុងក្រោយនេះ, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើក ទឹកចិត្ត ឲ្យគណបក្ស ប្រឆាំង ជួយបោសសម្អាត អំពើពុករលួយ ដោយចាត់ គណបក្ស ប្រឆាំង គឺ ជាកញ្ចក់សង្គម ទៀតផង។
ប៉ុន្តែ សម្រាប់ អ្នកតាមដាន ព្រឹត្តិការណ៍ កម្ពុជា យ៉ាងដិតដល់នោះ ប្រាកដ ជាមិនភ្ញាក់ផ្អើល អ្វីទេ ពីព្រោះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង ឱបក្រសោប ការពារមន្ត្រី និងឈ្មួញខិលខូច តែ អ៊ីចឹង តាំងពីដើមមក។
ចរិត នយោបាយ «ឯង ជួយគ្នាអញ, អញ ជួយគ្នាឯង, ឯង ជួយគ្រួសារអញ, អញ ជួយគ្រួសារឯង» របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះហើយ ដែលបានជួយ ឲ្យលោក ផ្ដួលរំលំ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត នាយករដ្ឋមន្ត្រី ទី១ ក្នុងអាណត្តិ ទី១ បានដោយជោគជ័យ។ ខុសគ្នា ពីលោក ហ៊ុន សែន ដែលតែង ការពារ អ្នកមានស្វាមីភ័ក្តិ ចំពោះលោក ទោះប្រព្រឹត្ត អ្វីខុស ក៏ដោយចុះ, សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ វិញ មិនដូច្នេះទេ។
ព្រះអង្គ បានឃុបឃិតគ្នា ជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទី២។ នាពេលនោះ ដកមន្ត្រី ស្មោះត្រង់ របស់ ព្រះអង្គ គឺ លោក សម រង្ស៊ី ពីតំណែង រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារតែ រដ្ឋមន្ត្រី រូបនេះ ហ៊ានចេញមុខ បង្ក្រាបថៅកែ ថេង ប៊ុនម៉ា ជាម្ចាស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលល្មើសច្បាប់ មិនបង់ពន្ធ លើទំនិញ នាំចូល។
គ្មាន នរណា ហ៊ានក្អក ជាមួយ លោក ថេង ប៊ុនម៉ា ទេ នៅអំឡុង ទសវត្សរ៍ឆ្នាំ ១៩៩០ ពីព្រោះ ឧកញ៉ា ដ៏មាន ឥទ្ធិពល រូបនេះ ស្និទ្ធនឹងលោក ហ៊ុន សែន។ សូម្បីតែ លោក ថេង ប៊ុនម៉ា ដកកាំភ្លើង ខ្លី កា៥៩ បាញ់បំបែក កង់យន្តហោះ ឌឹ រូយ៉ាល់ អ៊ែ ខេមបូឌ (the Royal Air Cambodge) នៅឆ្នាំ ១៩៩៧ ផ្អើលពេញ ពិភពលោក បន្ទាប់ ពីរកវ៉ាលី របស់គាត់ មិនឃើញ ក៏ដោយ, ពេលត្រឡប់ ពីហុងកុង វិញនោះ ក៏មិនមាន អាជ្ញាធរ, មានសមត្ថកិច្ចណា ហ៊ានចាប់ឃាត់ខ្លួន គាត់ដែរ។ ក្រោយព្រឹត្តិការណ៍ រដ្ឋប្រហារ ទម្លាក់សម្ដេចក្រុមព្រះ ឆ្នាំ១៩៩៧ បានជោគជ័យ, លោក ថេង ប៊ុនម៉ា បាននិយាយ អួតប្រាប់ អ្នកសារព័ត៌មាន បរទេស ថា, លោក បានឲ្យលុយ ១លាន ដុល្លារ អាមេរិក ដល់លោក ហ៊ុន សែន ដើម្បី ឧបត្ថម្ភ ដល់សកម្មភាព រដ្ឋប្រហារ នាពេលនោះ។
ករណី ការពារ ប្រយោជន៍គ្នា ទៅវិញទៅមក “ឯង ជួយគ្នាអញ, អញ ជួយឯង” របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ដែងចេញមកនៅមានទៀត។ នេះបើគិតតែករណីដែលលាតត្រដាងចេញមកប៉ុណ្ណោះ ដូចជា ករណីឧកញ៉ា ម៉ុង ឬទ្ធី ដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធកញ្ឆាចំនួន ៧តោន តាមផែកំពង់សោម ឆ្នាំ១៩៩៧ ក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខការពារដែរ។ ឧកញ៉ា ម៉ុង ឬទ្ធី ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីផងនោះ ជាអ្នកជួយលុយរាប់សិបលានដុល្លារដល់គម្រោងអភិវឌ្ឍន៍ ហ៊ុន សែន។
ឧទាហរណ៍ករណីជាក់ស្តែងថ្មីៗនេះទៀត គឺសំណុំរឿងរបស់ទណ្ឌិត ឈូក បណ្ឌិត អតីតចៅហ្វាយស្រុកបាវិត ដែលត្រូវតុលាការកាត់ទោសអោយជាប់គុក ២ឆ្នាំ ពីបទបាញ់កម្មកររោងចក្របីនាក់អោយរបួស ប៉ុន្តែមិនដែលត្រូវបានចាប់ខ្លួន។ នេះក៏ដោយសារមានមន្ត្រីជាន់ខ្ពស់ការពារ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាមិនដឹងមិនឮ។ ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាងពីរទសវត្សរ៍មកនេះ អំពើនិទ្ទណ្ឌភាព ឬជនល្មើសច្បាប់គេចផុតពីសំណាញ់ច្បាប់ ដោយសារតែនយោបាយ “ឯងជួយអញ អញជួយឯង” នេះ នៅមានច្រើនទៀត។
ងាកត្រឡប់មករឿងគំរាមទម្លាក់ លោក កឹម សុខា វិញ។ តើការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែអនុប្រធានទី១រដ្ឋសភារូបនេះ ចង់ខ្ចីដៃតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ចាត់រដ្ឋមន្ត្រីដែលពុករលួយ មានផលប៉ះពាល់ផ្លូវច្បាប់យ៉ាងណាដែរ? មិនមានបញ្ញត្តិណាមួយចែងអំពីនីតិវិធីដកហូតតំណែងថ្នាក់ដឹកនាំ រដ្ឋសភា ដែលបានសម្ដែងមតិ ដែលមតិនោះជាការផ្តល់ផលប្រយោជន៍ដល់ជាតិឡើយ។ ប៉ុន្តែ មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិ។ តំណាងរាស្ត្រណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន ដោយហេតុពីបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនបានឡើយ។
ទោះជាយ៉ាងណា ការប្រកាសចាត់វិធានការកម្ចាត់អំពើពុករលួយ គឺជាសេចក្តីប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់គ្នា។ សូម្បីតែអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានលើកទឹកចិត្តអោយពលរដ្ឋខ្មែរគ្រប់រូប ជួយគ្នាបំបាត់អំពើពុករលួយ ដោយរាយការណ៍អំពីមន្ត្រីពុករលួយដែរ។ ចុះទម្រាំ លោក កឹម សុខា ប្រើប្រាស់តួនាទីជាតំណាងរាស្ត្រ ផ្ដួចផ្ដើមគំនិតបំបាត់អំពើពុករលួយ បែរជាត្រូវទទួលទណ្ឌកម្មទៅវិញ។ សួរថា តើប្រជារាស្ត្រខ្មែរនឹងអត់ក្តៅក្រហាយបានទេ?
ភ្លាមៗក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមបោះឆ្នោតទម្លាក់តំណែង លោក កឹម សុខា ដែលមានបំណងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនោះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើន បានជេរប្រទេចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងចាស់ដៃ។
ទោះជាយ៉ាងណា មើលទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែលជាព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកផ្ទាល់ខ្លាំងជាង ទើបប្រញាប់វាយបកទៅ លោក កឹម សុខា ភ្លាមៗ ដោយមិនទុកឱកាសអោយ លោក កឹម សុខា បញ្ចេញសកម្មភាពមុន។ ការបារម្ភនោះ គឺថា ប្រសិនបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អាចកៀរគររកសំឡេងគាំទ្រពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានចំនួន ៧សំឡេងទៀត បង្គ្រប់អោយបាន ៥០ភាគរយបូក១ ដើម្បីអាចបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីពុករលួយណាមួយមែននោះ ថ្ងៃណាមួយ ពួកគេអាចនឹងបោះឆ្នោតទម្លាក់រូបលោកបានដែរ។
អង្គការតម្លាភាពអន្តរជាតិ បានចាត់ប្រទេសកម្ពុជា ចូលក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់បំផុតមួយលើលោក។ អំពើពុករលួយនៅកម្ពុជា កើតមានជាប្រព័ន្ធ និងវេញចាក់ស្រេះយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ដែលមិនអាចបំបែកបានដោយងាយៗ។
ពុករលួយចាក់ស្រេះ កប់ជ្រៅ មិនអាចបំបែកបានដោយងាយៗនេះ គឺដោយសារតែនយោបាយ “ឯងជួយអញ អញជួយឯង» របស់គណបក្សកាន់អំណាចនេះហើយ។
ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជា យល់ឃើញថា វាល្មមដល់ពេលហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរបោះបង់ចោលនយោបាយ “ឯងជួយអញ អញជួយឯង” ហើយងាកមកសហការជាមួយគណបក្សប្រឆាំង ដើម្បីបោសសម្អាតអំពើពុករលួយ ដូចដែលលោកបានសន្យាដ៏ឧឡារិកច្រើនដងហើយនោះ។ ប្រសិនបើ លោក ចេះតែ សន្យាខ្យល់ ច្រើនពេក ការបោះឆ្នោតអាណត្តិទី៦ គណបក្សប្រជាជនកម្ពុជា អាចនឹងបាត់បង់កៅអីច្រើនថែមទៀត ហើយវិបត្តិសង្គមអាចនឹងផ្ទុះឡើងដូចគ្រាប់បែកកំណត់ពេល ដែលរង់ចាំតែឱកាសប៉ុណ្ណោះ៕
No comments:
Post a Comment