ពលរដ្ឋ នៅកំពង់ចាម ប្រមាណ ១០០នាក់ តវ៉ា ទាមទារ ជ្រើសរើស មេភូមិថ្មី
RFA / វិទ្យុ អាស៊ី សេរី | ២៥ កញ្ញា ២០១៤
ពលរដ្ឋ នៅឃុំ មៀន, ស្រុក ព្រៃឈរ, ខេត្ត កំពង់ចាម, ប្រមាណ ១០០នាក់ តំណាង ពលរដ្ឋ ប្រមាណជិត ១០០គ្រួសារ នៅព្រឹក ថ្ងៃ ទី២៥ កញ្ញា នាំគ្នា មកសាលាស្រុក ដើម្បី សុំឱ្យអាជ្ញាធរ ស្រុក បើកការស៊ើបអង្កេត ជាថ្មី ជុំវិញ ការជ្រើសរើស មេភូមិ ការពីពេល កន្លងទៅ។ ពួកគាត់ ចង់ឱ្យជ្រើសរើស មេភូមិ ឱ្យមាន ការចូលរួម និងពេញចិត្ត ពីប្រជាពលរដ្ឋ, មិនមែន ស្ងាត់ៗឡើយ។ ចំណែក អាជ្ញាធរស្រុក សន្យាថា នឹងបង្កើត គណៈកម្មការ មួយ ដើម្បី ស៊ើបអង្កេត បញ្ហានេះ តាមនីតិវិធី។
ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ ខ្លះ ជិះរថយន្ត, ខ្លះ ជិះម៉ូតូ, និងខ្លះទៀត ជិះគោយន្ត ឆ្នៃ ទៅជួប ប្រជុំគ្នា នៅសាលាស្រុក ព្រៃឈរ, ខេត្ត កំពង់ចាម ដើម្បី ស្នើសុំ ឱ្យមាន កិច្ចអន្តរាគមន៍ ក្នុងការជ្រើសរើស មេភូមិ ឡើងវិញ នៅថ្ងៃ ទី២៥ កញ្ញា។ អាជ្ញាធរ ស្រុក បានចេញមក ទទួលសំណូមពរ និងសន្យា ថា, នឹងចុះទៅ ស៊ើបអង្កេត ជុំវិញបញ្ហានេះ នៅសប្ដាហ៍ក្រោយ។
អភិបាល ស្រុក ព្រៃឈរ លោក ទេព រៀមមុន្នី ដែលចុះមក ជួបផ្ទាល់ ជាមួយ ពលរដ្ឋ ទាំងនោះ មានប្រសាសន៍ ថា, លោក មិនបានដឹង ច្បាស់ ថា, តើ នីតិវិធី របស់ អាជ្ញាធរឃុំ នៅពេល ជ្រើសរើស មេភូមិ កេះ ថ្មីនោះ យ៉ាងណាទេ, បានជាធ្វើ ឲ្យប្រជាពលរដ្ឋ ជាច្រើន មិនសប្បាយចិត្ត និងនៅតែ ប្រកែក, មិនព្រម ទទួលស្គាល់នោះ។
លោក បន្ថែមថា, អ្វី ដែលពលរដ្ឋ ចង់បាន គឺ ត្រូវ ជ្រើសរើស មេភូមិណា ដែលពលរដ្ឋ ភាគច្រើន ពេញចិត្ត, ហើយ លោក ក៏ឯកភាព ចំពោះ ចំណុចនេះដែរ, ពីព្រោះ វា ជាចំណុច ដ៏ល្អមួយ ដោយលោក ថា, នឹងអាចមាន ការជ្រើសរើស មេភូមិថ្មី តម្រូវតាមចិត្ត របស់ ពួកគាត់៖ «យកអ្នក ដែលពលរដ្ឋ ពេញចិត្ត ដើម្បី ដឹកនាំពួកគាត់, គ្រប់គ្រងពួកគាត់, រាល់ការងារ អ្វីផ្សេងៗ នៅក្នុងមូលដ្ឋាន។ នេះ ជាសំណូមពរ របស់គាត់។ ល្អ! ខ្ញុំ ឯកភាព។ អ៊ីចឹង បានជាខ្ញុំ នឹងចុះទៅ នៅថ្ងៃពុធក្រោយ។ ខ្ញុំ ទុកពេល ឱ្យខ្ញុំ ពីរថ្ងៃ, ថ្ងៃច័ន្ទ, អង្គារ។ ខ្ញុំ បង្កើតគណៈកម្មការ រដ្ឋបាលនេះ ឱ្យទៅពិនិត្យ ថា, តើ រាល់ឯកសារ ទាំងអស់ហ្នឹង ត្រឹមត្រូវ ឬទេ? ហើយ យើង លើកយក សំណូមពរ របស់ ពលរដ្ឋ ទាំងនេះ ដាក់ជូន ក្រុមប្រឹក្សា ឃុំ សម្របសម្រួលគ្នា ដើម្បី រកផ្លូវ កណ្តាលមួយ យកយុត្តិសាស្ត្រ ឈ្នះ របស់ សម្តេចតេជោសែន យកមក ឱ្យប្រជាពលរដ្ឋ។»
លោក បន្តថា ត្បិតតែពលរដ្ឋទាំងនោះមិនមានសិទ្ធិបោះឆ្នោតជ្រើសរើសមេភូមិដោយ ផ្ទាល់ក៏ដោយចុះ ប៉ុន្តែពួកគាត់ក៏អាចមានមតិលើកឡើងពីបេក្ខជនជាមេភូមិណាដែល ពួកគាត់ពេញចិត្តនោះបានដែរ។ ពលរដ្ឋបានស្តាប់នូវការណែនាំពីសំណាក់អភិបាលស្រុករួច ពួកគាត់យល់ព្រមនាំគ្នាត្រឡប់មកផ្ទះវិញ នៅម៉ោងប្រមាណជា ៩ព្រឹក ដោយរង់ចាំការចុះទៅដោះស្រាយរបស់អាជ្ញាធរស្រុកតាមការសន្យា។
ពលរដ្ឋភូមិកេះម្នាក់ លោក ផា ភារៈ បញ្ជាក់ថា ពួកគាត់សម្រេចចិត្តឡើងមកសាលាស្រុកនោះ គឺចង់ឱ្យអាជ្ញាធរស្រុកជួយដោះស្រាយបញ្ហារបស់ពួកគាត់ ដោយសារតែពួកគាត់មិនអាចទទួលយកមេភូមិថ្មីដែលអាជ្ញាធរឃុំបាន សម្រេចជ្រើសរើស កាលពីខែសីហា នោះបានឡើយ។ លោកបន្តថា ពលរដ្ឋអាចទទួលយកការសន្យារបស់អាជ្ញាធរស្រុកបាន ប៉ុន្តែពួកគាត់មិនទាន់ជឿជាក់ទាំងស្រុងនោះទេ ពីព្រោះកន្លងមកការសន្យារបស់អាជ្ញាធរឃុំបានធ្វើឱ្យពួកគាត់ខក ចិត្តម្ដងរួចមកហើយ។
លោក ផា ភារៈ៖ «ខ្ញុំអាចទទួលយកបាន ក៏ប៉ុន្តែខ្ញុំមិនទាន់ជឿជាក់មួយរយភាគរយទេ។ ខ្ញុំមិនទាន់ជឿជាក់មួយរយភាគរយ ព្រោះអីខាងឃុំគេភូតខ្ញុំមួយហើយ ខាងឃុំគេភូតខ្ញុំមួយសា។ ខាងឃុំកាលពីថ្ងៃទី២៦ អូ! ថ្ងៃទី២៧ គេថាគេចុះមកផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋពួកខ្ញុំទទួលដឹងឭថាមេ ភូមិថ្មីជានរណា? ដល់អ៊ីចឹងទៅពួកខ្ញុំនៅតែរង់ចាំមើលរហូត។ អ៊ីចឹងខាងចៅហ្វាយស្រុកហ្នឹងពួកខ្ញុំក៏មិនទាន់ជឿជាក់មួយរយភាគ រយដែរ។»
ចំណែកអ្នកស្រី សេង ឃីម វិញ យល់ថា ប្រសិនបើរើសមេភូមិមកបម្រើពលរដ្ឋដោយភាគច្រើននៃពលរដ្ឋទាំងអស់ មិនពេញចិត្តហើយ អាចនឹងធ្វើឱ្យមានបញ្ហានៅក្នុងស្រុកភូមិមិនចេះចប់មិនចេះហើយ ជាក់ជាមិនខាន។
ដោយឡែកមន្រ្តីសម្រសម្រួលនៃសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម លោក នាង សុវ៉ាត យល់ថា អាជ្ញាធរទាំងអស់ រួមនឹងខាងក្រសួងមហាផ្ទៃ គប្បីយកចិត្តទុកដាក់ចំពោះបញ្ហានេះ ពីព្រោះការជ្រើសរើសមេដឹកនាំនៅតាមថ្នាក់មូលដ្ឋាន គឺដើម្បីឱ្យមានការអភិវឌ្ឍនៅក្នុងភូមិតាមរយៈការទំនាក់ទំនងល្អ រវាងពលរដ្ឋ និងអាជ្ញាធរ ពោលគឺមិនមែនជ្រើសរើសមេភូមិឱ្យទៅប្រឆាំងពលរដ្ឋនោះទេ ដែលវានឹងអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់អាជ្ញាធរ រួមនឹងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍទៀតផង៕
No comments:
Post a Comment