សភា នឹងពិនិត្យ សេចក្ដីព្រាងច្បាប់ សំខាន់ ចំនួនពីរ នៅថ្ងៃ ទី២៦ កញ្ញា
RFA / វិទ្យុ អាស៊ី សេរី | ២៥ កញ្ញា ២០១៤
ក៏ប៉ុន្តែ មន្ត្រី អង្គការ សង្គមស៊ីវិល រិះគន់ សេចក្ដីព្រាងច្បាប់ ទាំងនេះ ថា, នឹងមិនធ្វើ ឲ្យការបោះឆ្នោត អាណត្តិ ទី៦ ខាងមុខ ប្រសើរឡើងទេ ដោយសារ ការធ្វើ សេចក្ដីព្រាងច្បាប់ ទាំងនោះ គណបក្ស ជាប់ឆ្នោត ទាំងពីរ ពុំបាន បើកទូលាយ។
សភាជាតិ គ្រោង នឹងអនុម័ត ការធ្វើ វិសោធនកម្ម មាត្រា ៧៦ថ្មី និងជំពូក ទី១៥ ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលគណបក្ស ទាំងពីរ ព្រមព្រៀងគ្នា បង្កើតបន្ថែមនោះ នៅដើមខែ តុលា ខាងមុខ នៅបន្ទាប់ ពីសភា ចូលកង ធ្វើការវិញ។
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងសមាជិក ក្រុមការងារ ពិភាក្សា ធ្វើសេចក្ដី ព្រាងច្បាប់នេះ មានប្រសាសន៍ ថា, សភា ពេញអង្គ នឹងអនុម័ត ជំពូកទី១៥ ថ្មី ស្ដីពី ការរៀបចំ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត និងការធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា៧៦ នៅដើមខែ តុលា នេះ ដើម្បី ឲ្យការ បោះឆ្នោត ខាងមុខ ប្រកប ដោយតម្លាភាព, យុត្តិធម៌ និងត្រឹមត្រូវ។
លោក អេង ឆៃអ៊ាង មានប្រសាសន៍ ថា, នៅក្រោយពេល សភា អនុម័ត សេចក្ដីព្រាងច្បាប់ ទាំងពីរ នេះរួច, ក្រុមការងារ គណបក្សទាំងពីរ នឹងបញ្ជូន សេចក្ដីព្រាងច្បាប់, ការរៀបចំ ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត, និងការធ្វើ វិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ទៀត ដែលសេចក្ដី ព្រាងច្បាប់ ទាំងពីរនេះ, គណបក្ស ទាំងពីរ នឹងពិនិត្យបញ្ចប់ នៅដើម សប្ដាហ៍ក្រោយ។
គណបក្ស ទាំងពីរ បានបន្ថែម ជំពូក ទី១៥ថ្មី នៅក្នុងរដ្ឋធម្មនុញ្ញ និងធ្វើ វិសោធនកម្ម ច្បាប់ មួយចំនួន ទៀតនេះ បន្ទាប់ ពីគណបក្ស ទាំងពីរ បានព្រមព្រៀង កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ទៅលើ ដំណោះស្រាយ នយោបាយរួម បន្ទាប់ ពីជាប់គាំង នយោបាយ អស់រយៈពេល ជិត១ឆ្នាំ។
ទោះបី ជាយ៉ាងនេះក្ដី, អ្នកឃ្លាំមើល ផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានហៅ ការធ្វើច្បាប់ របស់ គណបក្ស ទាំងពីរ នេះ ថា, ជាការលាក់លៀម, ត្បិតតែ ការធ្វើ វិសោធនកម្មនេះ ក្នុងគោលបំណង ធ្វើកំណែទម្រង់ ការបោះឆ្នោតក្ដី, ព្រោះថា, ការធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា៧៦ និងការបង្កើត ជំពូក ទី១៥ថ្មី ស្ដីពី គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោតនេះ មិនបានបើកជំហរ ឲ្យសង្គមស៊ីវិល និងគណបក្ស ផ្សេងៗ ទៀតចូលរួម។
បន្ថែម ពីលើនេះទៀត នៅក្នុងកិច្ច ព្រមព្រៀង នយោបាយ របស់ គណបក្ស ជាប់ឆ្នោត ទាំងពីរ មុន នឹងបញ្ចប់ ការជាប់គាំង នយោបាយ កាលពីថ្ងៃ ទី២២ កក្កដា នោះ, គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ឯកភាព រៀបចំ ក្បាលម៉ាស៊ីន គ.ជ.ប. មានសមាជិក ចំនួន ៩រូប។ ក្នុងនោះ បេក្ខភាព មកពីគណបក្ស ទាំងពីរ ម្ខាង ៤រូប និងមក ពីសង្គមស៊ីវិល ៤ [?] រូបទៀត។
មកទល់ពេលនេះ គណបក្ស ទាំងពីរ មិនទាន់ ជជែក អំពី ការរៀបចំ សមាសភាព គ.ជ.ប. ថ្មីនេះ នៅឡើយទេ, រង់ចាំ សភា អនុម័តច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត និងការអនុម័ត សេចក្ដីព្រាងច្បាប់, ការវិសោធនកម្ម ច្បាប់បោះឆ្នោត ជាមុនសិន៕
No comments:
Post a Comment