Paris Peace Accords 23 Oct. 1991

Monday, September 15, 2014

អាជ្ញាធរ ​​​ស្រុក​ថ្មបាំង ​ឃាត់​មនុស្ស​ ជាង​១០​នាក់​ សួរ​នាំ​រឿង ​រារាំង​ អាជ្ញាធរ​ មិន​ឲ្យ​ចូល​ តំបន់​ អារ៉ែង | Authority of Thmor Bang arrested at least 10 activists in the Areng area of Koh Kong

អាជ្ញាធរ ​​​ស្រុក​ថ្មបាំង ​ឃាត់​មនុស្ស​ ជាង​១០​នាក់​ សួរ​នាំ​រឿង ​រារាំង​ អាជ្ញាធរ​ មិន​ឲ្យ​ចូល​ តំបន់​ អារ៉ែង

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៤ កញ្ញា ២០១៤

កោះកុង ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង ៦១០
ប្រជាពលរដ្ឋ​ មក​ពី ៣​ឃុំ នៅ​ស្រុក​ ថ្មបាំង ខេត្ត​កោះកុង ហែរ​ក្បួន ​តាម​ម៉ូតូ​ ទៅ​ប្រមូល​ផ្តុំ​គ្នា​ នៅ​​មុខ​សាលា​ខេត្ត​ កោះកុង ដើម្បី​ ដាក់​ញត្តិ ​ជូន​អាជ្ញាធរ ស្នើ​ឲ្យ​ផ្អាក​​ គម្រោង​សាងសង់​ ទំនប់​វារីអគ្គិសនី​ ស្ទឹង​អារ៉ែង នៅ​ព្រឹក​ថ្ងៃ​៣១ មីនា ឆ្នាំ​២០១៤។  Licadho Photo

ពលរដ្ឋ​ ពីរ​ឃុំ គឺ ​ឃុំ​ប្រឡាយ និង​ឃុំ​ជំនាប់ ប្រមាណ ៣០​នាក់ ​នៅ​ក្នុង​ស្រុក​ ថ្មបាំង រារាំង ​អាជ្ញាធរ​ ខេត្ត​កោះកុង មិន​ឲ្យ ​ចូល​តំបន់​ អារ៉ែង នៅ​ព្រឹក​ថ្ងៃ ​ទី​១៥ កញ្ញា។

អភិបាល ​រង​ខេត្ត គឺ​ លោក ផុន លីវីរៈ បាន​ដឹកនាំ ​មន្ត្រី​ជំនាញ​ កសិកម្ម និង​សមត្ថកិច្ច ​ប៉េអិម ​មួយ​ក្រុម​ ដើម្បី​ ចុះទៅ​តំបន់​ អារ៉ែង ដោយ​ប្រាប់ ​អ្នក​ភូមិ ​ថា, ទៅ​ដើម្បី​សិក្សា​ផ្នែក​កសិកម្ម​នៅ​ទី​នោះ។ ប៉ុន្តែ​ពលរដ្ឋ​មិន​ជឿ​និង​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​ទាំង​នោះ​មាន​បំណង​ចុះ​ទៅ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ក្រុមហ៊ុន ស៊ីណូ ហាយដ្រូ (Sinohydro) ហើយ​ធ្វើ​ផែនការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​នោះ។

អាជ្ញាធរ​ស្រុក​ថ្មបាំង បាន​ឃាត់​ខ្លួន​មនុស្ស ១៥​នាក់ ក្នុង​នោះ​មាន​ប្រធាន​ចលនា​មាតា​ធម្មជាតិ គឺ​លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដើម្បី​សួរ​នាំ​អំពី​ការ​ដឹកនាំ​ពលរដ្ឋ​ឲ្យ​មក​បិទ​ផ្លូវ​រារាំង​ដំណើរ​របស់ ​អាជ្ញាធរ​ខេត្ត​មិន​ឲ្យ​ចូល​តំបន់​អារ៉ែង។

អ្នក​សម្របសម្រួល​ក្រុម​យុវជន​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ជា​សកម្មជន​ចលនា​អង្គការ​មាតា​ធម្មជាតិ លោក ម៉េង ហេង ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ពី​អ្នក​ភូមិ អាជ្ញាធរ​ស្រុក​ថ្មបាំង បាន​ឃាត់​មនុស្ស ១៥​នាក់ ក្នុង​នោះ​រួម​មាន​យុវជន​ចលនា​និស្សិត និង​យុវជន​ខ្មែរ​មហានគរ​ចំនួន ៧​នាក់​ដែល​ទៅ​ពី​ភ្នំពេញ តំណាង​សហគមន៍​តំបន់​អារ៉ែង ២​នាក់ យុវជន​នៅ​ឃុំ​ជំនាប់ ២​នាក់ និង ៤​នាក់​ទៀត​ជា​ក្រុម​ចលនា​អង្គការ​មាតា​ធម្មជាតិ ក្នុង​នោះ​រួម​មាន​លោក អេឡិក ដែរ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​ថ្មបាំង សួរ​ចម្លើយ​ពួកគេ​ពី​ការ​បិទ​ផ្លូវ​រារាំង​អាជ្ញាធរ​ខេត្ត​ចុះ​ទៅ​តំបន់​ អារ៉ែង។

តួលេខ​អ្នក​ដែល​ចាប់​ខ្លួន​នេះ ត្រូវ​បាន​ប្រភព​នានា​ផ្ដល់​មក​ខុសៗ​គ្នា។ ប្រភព​ខ្លះ​ថា​ចាប់​ខ្លួន ៧​នាក់ ហើយ​ខ្លះ​ថា ១០​នាក់ ខ្លះ​ថា ១១​នាក់ និង​ខ្លះ​ទៀត​ថា​មាន​រហូត ១៧​នាក់។ 

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ស្រុក​ថ្មបាំង លោក ស៊ឹម វ៉ាវី សួរ​នាំ​ពី​រឿង​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា។ តែ​បើ​តាម​ការ​អះអាង​លោក ប៊ុន ឡឺត អភិបាល​ខេត្ត​កោះកុង បញ្ជាក់​ថា មន្ត្រី​ជំនាញ​មិន​បាន​ឃាត់​ខ្លួន​មនុស្ស​ច្រើន​ដូច​ការ​អះអាង​នោះ​ទេ។ ប៉ុន្តែ​ទទួល​ស្គាល់​ថា ពិត​ជា​បាន​ឃាត់​ខ្លួន​ជន​បរទេស​ម្នាក់​ដែល​ទំនង​ជា​សំដៅ​ទៅ​លើ​លោក អេឡិក ដើម្បី​សួរនាំ​ពី​រឿង​បិទ​ផ្លូវ​នេះ។

ជុំវិញ​សំណួរ​ដែល​សួរ​ថា តើ​លោក​អាច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក អេឡិក ដែរ​ឬ​យ៉ាង​ណា​នោះ? លោក ប៊ុន ឡឺត ប្រាប់​ថា ការ​រារាំង​សកម្មភាព​អាជ្ញាធរ​ជា​រឿង​ខុស​ច្បាប់ ប៉ុន្តែ​លោក​ទាន់​អាច​និយាយ​បាន​ថា នឹង​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉េច​ចំពោះ​គាត់​នៅ​ឡើយ​ទេ។

លោក អេឡិក បាន​ផ្ដល់​ព័ត៌មាន​មុន​ការ​ឃាត់​ខ្លួន​ថា រថយន្ត​របស់​អង្គការ​មាតា​ធម្មជាតិ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​របស់​ពលរដ្ឋ រួម​នឹង​ពលរដ្ឋ​ប្រមាណ ៣០​នាក់ បាន​ដាក់​និង​ឈរ​ពាំង​ផ្លូវ​ចូល​តំបន់​អារ៉ែង នៅ​ចំណុច​ច្រាំង​ត្រឡាច ស្ថិត​ក្នុង​ឃុំ​ឫស្សីជ្រំ ក្នុង​ស្រុក​ថ្មបាំង។

ពលរដ្ឋ​បារម្ភ​ថា​ដំណើរ​របស់​អាជ្ញាធរ​ខេត្ត​នៅ​ពេល​នេះ គឺ​មិន​មែន​មាន​បំណង​ទៅ​សិក្សា​ជំនាញ​កសិកម្ម​ទេ តែ​អាច​ជា​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ទាក់ទង​ការ​សង់​ទំនប់​វារីអគ្គិសនី​ របស់​ក្រុមហ៊ុន​ស៊ីណូហាយដ្រូ ហើយ​ធ្វើ​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​នោះ។

លោក អេឡិក បាន​ផ្ដល់​ព័ត៌មាន​ចុងក្រោយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា​លោក​និង​ពលរដ្ឋ​បាន​ព្យាយាម​ចេញ​ពី​តំបន់​នោះ បន្ទាប់ពី​ឃើញ​កម្លាំង​សមត្ថកិច្ច​និង​ប៉េអិម​បញ្ជូន​មក​កាន់​តែ​ច្រើន។ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត ហើយ​លោក​បាន​ដាច់​ទំនាក់ទំនង​នៅ​រសៀល​ថ្ងៃ​ដដែល។

ប្រធាន​សមាគម​ឃុំ​ជំនាប់ លោក វ៉ែន វ៉ន ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ជា​មុន​ពី​គោល​បំណង​ចុះ​ទៅ​តំបន់ ទើប​ពលរដ្ឋ​មក​ចេញ​មក​រាំង​ផ្លូវ។ យ៉ាង​ណា​លោក ប៊ុន ឡឺត អភិបាល​ខេត្ត​កោះកុង បញ្ជាក់​ថា អាជ្ញាធរ​ចុះ​ទៅ​តំបន់​អារ៉ែង ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ ហើយ​នេះ​ជា​តួនាទី​និង​ភារកិច្ច​របស់​អាជ្ញាធរ៕




No comments:

Post a Comment