Paris Peace Accords 23 Oct. 1991

Monday, September 15, 2014

ខ្មែរ ​អាមេរិកាំង៖​ ការ​ស្រុះស្រួល ​នយោបាយ​​ នៅ​កម្ពុជា ​ប៉ះពាល់​ ប្រជាធិបេតយ្យ


ខ្មែរ ​អាមេរិកាំង៖​ ការ​ស្រុះស្រួល ​នយោបាយ​​ នៅ​កម្ពុជា ​ប៉ះពាល់​ ប្រជាធិបេតយ្យ

VOA | ១៥ កញ្ញា ២០១៤

ខ្មែរ​ អាមេរិកាំង ​ដែល​ជា​សកម្មជន ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស ​បាន​ជួបជុំ​គ្នា ​ពិភាក្សា អំពី​ ដំណើរការ​ ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស ​នៅ​ប្រទេស​ កម្ពុជា ​កាល​ពី​រសៀល ​ថ្ងៃ​សៅរ៍​ គឺ​ មួយ​ថ្ងៃ​ មុន​ទិវា ប្រជាធិបតេយ្យ ​អន្តរជាតិ ​ដែល​មហាសន្និបាត​ អ.ស.ប.​ បាន​អនុម័ត​ កាលពី​ឆ្នាំ​ ២០០៧។​

ក្នុង​កិច្ច​ពិភាក្សា​ ក្នុង​អគារ​ នៃ​មជ្ឈមណ្ឌល ​រដ្ឋាភិបាល​ Mason Government Center​ ក្រុង Annandale​ រដ្ឋ ​Virginia ​នេះ, សកម្មជន​ ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ នៅ​ស.រ.អ.​ មកពី​រដ្ឋនានា​ មាន​ ទស្សនៈ ​ខុស​គ្នា​ អំពី​ កិច្ច​ព្រមព្រៀង ​រវាង ​គណបក្ស​ សង្គ្រោះជាតិ និង​គណបក្ស​ ប្រជាជន​កម្ពុជា, ​ហើយ ​ភាគច្រើន ​ចាត់​ទុក​ ថា, គណបក្ស​ ប្រឆាំង​ សម្រេច​ខុស ​ពី​ឆន្ទៈ ​របស់ ​អ្នក​គាំទ្រ​ និង​ការ​សន្យា ​របស់​ខ្លួន។​


លោក​ យ័ប គឹមទឹង ​ប្រធាន​ សមាគម​ខ្មែរ ​អាមេរិកាំង ​ដើម្បី​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ប្រកាស​ថា,​ កម្មវិធី​ ដែល​មាន​ សកម្ម​ជន សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ​ចូលរួម​ ជិត​៥០​នាក់​ នេះ​ ធ្វើ​ឡើង ​ដើម្បី​ លើក​ស្ទួយ​ ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្ស​ នៅ​ប្រទេស​ កម្ពុជា​ផង ​និង​អបអរ​សារទរ​ ទិវា ​ប្រជា​ធិបតេយ្យ​ អន្តរជាតិ​ ថ្ងៃ​១៥​ កញ្ញា​ផង។​

លោក ​វ៉ាន់ សរ ​ទីប្រឹក្សា​របស់សមាគម​ខ្មែរ​អាមេរិកាំង​នេះ ​និង​ជា​ប្រធាន​អង្គការ​គ្រឹះសម្ព័ន្ធ​ខែ្មរ​មកពី​រដ្ឋវ៉ាស៊ីនតោន ​សម្តែង​ក្តី​បារម្ភ​ ដែល​អ្នក​ចូលរួម​មាន​ទស្សនៈ​ខុសគ្នា​អំពី​ស្ថានភាព​នយោបាយ​និង​ប្រជា​ ធិបតេយ្យ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន។​

«ខ្ញុំ ​បារម្ភ, ​ខ្ញុំ​ បារម្ភ ​មែន​ទែន​, ព្រោះ ដោយសារ​ យើង​ មាន​មតិខ្វែង​គ្នា​ នឹង​ណា៎។  ប៉ុន្តែ​ ក្នុង​ចិត្ត​រៀងខ្លួន ​ហ្នឹង​, ម្នាក់ៗ​ តែង​ មាន​ឧត្តមគតិ ​ផ្សេងៗ​គ្នា,​ ខ្លះ ​ក៏​ខ្លាំងក្លា​ទៅ, ​ខ្លះ​ ក៏​មិន​សូវ ​ខ្លាំង​ក្លា​ទៅ»

លោក​បន្ថែម​ថា ​អ្នក​ខ្លះ​យល់​ថា ​គណបក្ស​ត្រូវ​តែ​ចូល​សភា​ដើម្បី​មាន​ក្តីសង្ឃឹម​ខ្លះ​ក្នុង​ការ​តស៊ូ ​និង​ចៀងវាង​អំពើ​ហិង្សា ​ដែល​មាន​មនុស្ស​ស្លាប់​៨​នាក់​មក​ហើយ​នោះ។ ​តែ​អ្នក​ខ្លះ​មាន​កង្វល់​ដែល​ថា​ គណបក្ស​សង្គ្រោះជាតិ​ចូល​សភា​ធ្វើ​ឲ្យ​រដ្ឋាភិបាលលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ស្រប​ច្បាប់​តទៅ​ទៀត។​

ប៉ុន្តែ​អ្នកស្រី​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា ​ដែល​មក​ទស្សនកិច្ច​ ស.រ.អ. ​យល់​ថា ​ការ​ខ្វែង​គំនិត​គ្នា​នេះ​ជារឿងធម្មតា​ក្នុង​ការ​ពិភាក្សា​តាម​បែប​ប្រជា​ ធិបតេយ្យ។ ​ការ​បញ្ចេញ​យោបល់​ខុស​គ្នា​ច្រើន​នោះ ​មាន​ប្រយោជន៍​ក្នុង​ការ​ចងក្រង​ជា​អនុសាសន៍​រក​ដំណោះស្រាយ។

«ខ្ញុំ ​គិត​ថា, ​អត់មាន​អ្វី ​គួរ​បារម្ភ​ទេ ​ព្រោះ នេះ ​ជា​មតិ​ របស់ ​ពលដ្ឋ,​ ជា​អ្វី​ ដែល​គាត់ ​មើល​ឃើញ ​សង្គម​បច្ចុប្បន្ន។ ​ ការ​ពិភាក្សា ​ស្វែង​យល់ ​គំនិត​ចម្រុះ​នេះ ​នឹងធ្វើ​ ឲ្យយើង ​ស្វែង​យល់​ អំពី​គ្នា, ហើយ​ ឈាន​ទៅ​រក​ ដំណោះស្រាយ ​ពិត​ប្រាកដ»

លោក​ វ៉ាន់ សរ ​និយាយ​ថា ​លោក​មាន​សង្ឃឹម​អំពីប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​អានាគត​ប្រទេស​កម្ពុជា​ ពេល​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ។​

«មុន​នោះ​ណា៎ ​សង្ឃឹម​ថា ​មាន​ការ​ដោះស្រាយ​បាន ​ពេល​ដែល​អ្នក​ស្រុក​ងើប​ ក្នុង​ពេល​ ប៉ុន្មាន​ខែ ​មុន​នោះ។  ​ហើយ ​ពេល ​ដែល​ថា​ គេ ​ចូល​ធ្វើ​ការ​ ជាមួយ​គ្នា ​ទៅ,​ វា​ ធ្វើ​ឲ្យ​កង្វល់​ ឡើង​វិញ, ​រិត​តែ​ ខ្លាំង​ឡើង ​ទៀត​ថា ​បញ្ហា​ហ្នឹង ​មិន​អាច ​ដោះស្រាយ​បាន»

អ្នកស្រី​ សយ រ៉ាស៊ី​ សមាជិក​គណបក្ស​សង្គ្រោះជាតិ ​ដែល​ចូលរួម​កិច្ច​ពិភាក្សា​នេះ​ក្នុង​នាំ​បុគ្គល​បាន​ថ្លែង​ការពារ​ការ​ សម្រច​ចិត្ត​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ។

«គណបក្ស​ សង្គ្រោះជាតិ ​ចូល​ទៅ​នេះ​ មិន​មែន​ចូល​ នឹង​គេទេ,​ ​គឺ​ ចូល​ទៅ​ចម្បាំង»

អ្នកស្រី​ពន្យល់​ថា ​ក្នុង​លទ្ធផល​នៃ​ការ​ចរចា​នោះ ​គណបក្ស​សង្គ្រោះជាតិ​ដោះស្រាយ​បញ្ហា​ចម្បង​មុន​គេ​គឺ​គណៈកម្មធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត ​និង​គណបក្សត្រូវចូល​យក​អំណាច​ក្នុង​សភា​ដែល​ប្រជារាស្ត្រ​ប្រគល់​ឲ្យ។​

លោក ​នាថ បណ្ឌិត​ឫទ្ធិពល ​ដែល​ធ្លាប់​ជាព្រះ​សង្ឃ​សកម្ម​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​ពន្យល់ថា  ដំណោះស្រាយ​មានតែ​មហាជន ​និស្សិត ​មហា​សង្ឃ​បន្ត​ទាមទារ​ឲ្យមាន​រដ្ឋាភិបាល​តំណាង​ឲ្យ​ម្ចាស់​ឆ្នោត​ពិត​ ប្រាកដ។​

«ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ព្រមព្រៀង​ចុះ​ហត្ថលេខា​ថ្ងៃទី​២២​ កក្កដា​២០១៤ ​ព្រម​ព្រៀង​ធ្វើការ​នៅ​ក្នុង​សភា​ជាមួយ​គណបក្ស​ប្រជាជន​នេះ​ ជា​គ្រោះថ្នាក់​ប្រទេស​ជាតិ​ជា​ទីបំផុត»​

លោក​ពន្យល់​ថា ​កិច្ច​ព្រមព្រៀង​នេះ​ក្បត់ឆន្ទៈ​ប្រជាជន​ខ្មែរ ដែលបោះឆ្នោត​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ​ហើយ​លោក​បន្តថា ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន​ សែន​បម្រើ​បរទេស។

លោក​នាថ បណ្ឌិតឫទ្ធិពល​បាន​សូម​ឲ្យ​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិ​ប្រជា​ ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​បញ្ជាក់​ពី​ជំហរ​ឯករាជ្យ​ពី​គណបក្ស​នយោបាយ​ និង​បុគ្គល​នយោបាយ​ ​ដោយ​លោក​លើក​ឡើង​ថា ​មាន​ព័ត៌មាន​ដែល​ថា ​សមាគម​នេះ​ស្និទ្ធ​នឹង​លោក​កឹម​ សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ដែល​បាន​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នេះ​ ថ្លែង​ថា ​សមាគម​នេះ​មិន​មែន​ជា​សម្ព័ន្ធ​ភាព​របស់​គណបក្ស​ណា​ទេ ​ ហើយ​ការ​ដែល​ជួនកាល​កម្ម​វិធី​របស់​សមាគ​នេះ​មាន​អ្នក​នយោបាយ​ចូល​រួម​គឺ​ ដោយសារ​ជំហរ​អ្នក​នយោបាយ​នោះ​ស្រប​នឹង​កម្មវិធី​ដែល​សមាគម​រៀបចំ​គឺ​បម្រើ​ សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ។ ​

លោក​និយាយ​ថា ​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​ទាំងពីរ​ ដែល​បាន​បញ្ចប់​ភាពទាល់​ច្រក​ផ្នែក​នយោបាយ​ក្រោយការ​បោះឆ្នោត​ខែ​កក្កដា​ ឆ្នាំ​២០១៣​នោះ ​បាន​នាំឲ្យ​មាន​ចម្ងល់​ជា​ច្រើន​ ជាពិសេស​ក្រោយ​ពេល​លោក​ហ៊ុន សែន​គំរាម​ដក​តំណែង​លោក​កឹម សុខា ពី​អនុ​ប្រធាន​ទីមួយ​សភាជាតិ​ ​ដោយ​សារ​ការ​បញ្ចេញ​ទស្សនៈ​ដែល​ចង់​រក​សំឡេង​សភា​ដក​តំណែង​រដ្ឋមន្ត្រី​ ពុករលួយ៕​ 

No comments:

Post a Comment