ហានិភ័យ ចំពោះ កំណើន ស្ថាប័ន ហិរញ្ញវត្ថុ និងប្រាក់កម្ចី
RFA | ១១ កញ្ញា ២០១៤
ភាពរីកចម្រើន នៃស្ថាប័ន ហិរញ្ញវត្ថុ បានជួយគាំទ្រ ដល់កំណើន នៃអាជីវកម្ម និងផលិតកម្ម តាមរយៈ ការសន្សំ និងការផ្ដល់ ហិរញ្ញប្បទាន។ ការស្រាវជ្រាវ ដោយការិយាល័យ ឥណទាន នៃកម្ពុជា បានបង្ហាញ ថា, ស្ថានភាពកម្ចី និងប្រាក់សន្សំ បានកើនឡើង យ៉ាងហោចណាស់ ទ្វេដង នៅរយៈពេល ៦ឆ្នាំ ខាងមុខទៀត។
ស្របពេល ជាមួយគ្នានេះ, ហានិភ័យ ចំពោះ កំណើនស្ថាប័ន ហិរញ្ញវត្ថុ និងប្រាក់កម្ចី ក៏បាន ប៉ះពាល់ ដល់អតិថិជន ដែលជាអ្នក ប្រើប្រាស់ សេវាកម្ម ហិរញ្ញវត្ថុ នោះដែរ។
ស្ថាប័នស្រាវជ្រាវជាច្រើន បានព្យាករភាពរីកចម្រើននៃគ្រឹះស្ថានហិរញ្ញវត្ថុ នឹងកើនឡើងចាប់ពីឆ្នាំ២០១៥ តទៅ ដោយសារតែតម្រូវការខ្ពស់របស់អតិថិជនលើផ្នែកអាជីវកម្ម។ បច្ចុប្បន្ន សហគ្រាសអាជីវកម្មកម្ពុជា នឹងកើនឡើងលើសចំនួន ៥សែនសហគ្រាស រួមទាំងការកើនឡើងចំណូលរបស់ប្រជាពលរដ្ឋ នឹងជំរុញឲ្យមានការវិនិយោគលើគ្រឹះស្ថានហិរញ្ញវត្ថុកើនឡើងយ៉ាង ខ្លាំង នៅរយៈពេល ៥ឆ្នាំទៀត។
អ្នកវិនិយោគលើវិស័យគ្រឹះស្ថានហិរញ្ញវត្ថុយល់ឃើញថា ភាពរីកចម្រើនទាំងអស់នេះ ដោយសារតែស្ថិរភាពនយោបាយ និងភាពប្រសើរឡើងនៃបរិយាកាសវិនិយោគនៅប្រទេសកម្ពុជា។ កត្តាទាំងពីរនេះ នឹងធ្វើឲ្យមានតម្រូវការកាន់តែខ្ពស់លើផ្នែកហិរញ្ញវត្ថុ។ បច្ចុប្បន្ន ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុដែលបានចុះបញ្ជីនៅធនាគារជាតិកម្ពុជា មានចំនួនប្រមាណ ៤០គ្រឹះស្ថាន។
ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍ថា អ្នកវិនិយោគទុនបរទេសបានផ្ដល់ប្រាក់កម្ចីដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុកាន់តែច្រើន ដោយសារតែជម្លោះនយោបាយបានបញ្ចប់។ ម្យ៉ាងវិញទៀត ទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មានសញ្ញាល្អក្នុងការដាក់ប្រាក់សន្សំ។ គ្រឹះស្ថានហិរញ្ញវត្ថុយល់ថា សក្ដានុពលទាំងពីរនេះ បានជំរុញឲ្យស្ថានភាពផ្ដល់ប្រាក់កម្ចីកើនឡើង។
លោក ប៊ុន មុនី មានប្រសាសន៍បន្ថែមទៀតថា ភាពរីកចម្រើនចំពោះការផ្ដល់ហិរញ្ញប្បទានដល់អតិថិជន ក៏អាចកើតមាននូវហានិភ័យដែរ ក្នុងនោះរួមមាន ការសងផលត្រឡប់មិនស្របទៅតាមកាលកំណត់ ឬអតិថិជនមិនមានលទ្ធភាពសង ជាដើម។ ប៉ុន្តែ ហានិភ័យទាំងនេះ គឺអាចគ្រប់គ្រងបាននាពេលបច្ចុប្បន្ន។
បន្ថែមលើនេះ ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា (Acleda Bank) លោក អ៊ិន ចាន់នី បានអះអាងថា អត្រាសងផលត្រឡប់មកវិញរបស់អតិថិជននៃគ្រឹះស្ថានរបស់លោក គឺអាចគ្រប់គ្រងបាន។ នៅត្រីមាសទីមួយឆ្នាំ២០១៤ អត្រាសងត្រឡប់មានកម្រិត ០,៧៦% ដែលកម្រិតនេះមានសញ្ញាអាក្រក់ជាងឆ្នាំមុនបន្តិច។ ការគ្រប់គ្រងហានិភ័យបានល្អនេះ ដោយសារតែកត្តាសំខាន់បី គឺទីមួយ ការជ្រើសរើសអតិថិជនដែលមានគំនិតល្អក្នុងការធ្វើអាជីវកម្ម។ ទីពីរ ការវិភាគដោយផ្ដល់ឥណទានតាមតម្រូវការជាក់ស្ដែង ស្របតាមផែនការ និងទំហំជំនួញ និងទីបី ការផ្ដល់ឥណទានតាមពេលវេលា។
របាយការណ៍របស់ធនាគារ អេស៊ីលីដា បានបង្ហាញថា ការផ្ដល់ឥណទានដែលមានអត្រាសងត្រឡប់មកវិញល្អជាងគេ គឺឥណទានប្រើប្រាស់សម្រាប់ទូទាត់ពាណិជ្ជកម្ម។ ចំពោះឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា សម្រាប់ទិញឡាន ម៉ូតូ និងសម្ភារៈផ្សេងៗ គឺអត្រាសងផលត្រឡប់មានកម្រិតអាក្រក់ជាងគេ។
ស្របពេលជាមួយគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្ដល់ប្រាក់កម្ចីលើការទិញសម្ភារៈ និងតម្រូវការផ្ទាល់ខ្លួនរបស់អតិថិជន មានការកើនឡើងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ។
បញ្ហានេះ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ លោកបណ្ឌិត ប៊ុន មុនី យល់ឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុដែលបានចុះបញ្ជីនៅធនាគារជាតិកម្ពុជា រួចហើយ មិនទាន់បានផ្ដោតសំខាន់លើកម្ចីខ្នាតតូចទាំងនោះនៅឡើយ។ ប៉ុន្តែលោកយល់ថា គ្រឹះស្ថានដែលផ្ដល់ប្រាក់កម្ចីលើផ្នែកតម្រូវការផ្ទាល់របស់ អតិថិជន គឺជាសញ្ញាល្អតាមរយៈផ្ដល់ប្រយោជន៍ទាំងសងខាង។
របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ បានបង្ហាញថា គ្រឹះស្ថានហិរញ្ញវត្ថុដែលចុះបញ្ជីនៅក្នុងសមាគមបានកើនឡើងរហូតដល់ ៣៨ស្ថាប័ន ដែលបានផ្ដល់ប្រាក់កម្ចីប្រមាណ ៧ពាន់លានដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋកម្ពុជា ជាង ២លានគ្រួសារក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុបជាង ៣លានគ្រួសារ។ តួលេខពីរដ្ឋាភិបាលវិញបានបង្ហាញថា បច្ចុប្បន្ន ធនាគារជាតិកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានហិរញ្ញវត្ថុកើនរហូតដល់ ៤៣ស្ថាប័ន។
ស្របពេលជាមួយគ្នានេះ ស្ថាប័នស្រាវជ្រាវលើផ្នែកហិរញ្ញប្បទាននៅកម្ពុជា បានអះអាងថា អតិថិជនកម្ពុជា មានបំណងខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុនឹងកើនឡើងពីរដងនៅរយៈពេល ៥ឆ្នាំខាងមុខ។ ការស្រាវជ្រាវដោយការិយាល័យឥណទានកម្ពុជា (Credit Bureau of Cambodia) បានបង្ហាញថា ការផ្ដល់ប្រាក់កម្ចីដល់អតិថិជននឹងកើនឡើង ១៤៧% សមាមាត្រនឹងទឹកប្រាក់ ១៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ដែលចំនួនទឹកប្រាក់ធំជាងទំហំសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អតិថិជនដែលខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនឹងកើនឡើងពីចំនួន ២លាននាក់ ដល់ ៣លាន ៣សែននាក់ នៅរយៈពេលដូចគ្នានេះ។ ក្នុងចំណោមអតិថិជនដែលមានអាយុចន្លោះពី ៤០ឆ្នាំ ទៅ ៤៩ឆ្នាំ ជាក្រុមអតិថិជនដែលខ្ចីលុយច្រើនជាងគេពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ការបញ្ចេញប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបច្ចុប្បន្នមាន ចំនួន ១លាន ៥សែនគណនី និងពីធនាគារពាណិជ្ជមានចំនួន ៤សែនគណនី។ ហើយចំនួននេះរំពឹងថា នឹងកើនឡើងប្រមាណ ១៥០% នៅក្នុងរយៈពេល ៦ឆ្នាំខាងមុខទៀត។
ស្របពេលដែលការិយាល័យឥណទាននៃកម្ពុជា បានព្យាករឥណទានថាមានកំណើនខ្លាំង ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ច និងអ្នកវិភាគអភិវឌ្ឍន៍សង្គមនៅកម្ពុជា បានចោទជាសំណួរថា តើភាពរីកចម្រើននេះពិតជាបានជួយប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឬបង្កើតជាហានិភ័យដល់អតិថិជន ដែលអាចធ្វើឲ្យពួកគាត់បាត់បង់ដីធ្លី និងផ្ទះសម្បែងពីហិរញ្ញប្បទានទាំងនោះ?
No comments:
Post a Comment