Paris Peace Accords 23 Oct. 1991

Thursday, September 18, 2014

ផល​ប៉ះពាល់ ​ពី​កាកសំណល់ ​ប្លាស្ទិក

ផល​ប៉ះពាល់ ​ពី​កាកសំណល់ ​ប្លាស្ទិក

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៨ កញ្ញា ២០១៤

សំរាម ៦២០
កម្មករ ​ដើរ​កាត់​ គំនរ​សំរាម ​នៅ​ភូមិ ​ព្រៃទា, សង្កាត់ ចោមចៅ, ខណ្ឌ​ ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។  RFA/Ouk Savborey

ថង់​ប្លាស្ទិក, ជ័រ​ស្នោ, កំប៉ុង​ជ័រ, កំពុង​ក្លាយ​ជា​ម ធ្យោបាយ​មួយ​ ប្រើប្រាស់​ សម្រាប់ ​ខ្ចប់​ចំណី​អាហារ, ឬ​របស់ ​ផ្សេងៗ បន្ទាប់​មក ​ក៏​ក្លាយ​ ជា​សំរាម​ បាន​បន្សល់​ទុក ​ស្ទើរ​គ្រប់​ ទីកន្លែង។  សម្ភារៈ​ ជ័រ​នោះ​ បង្ក​ការ​ ខូចខាត សោភណភាព ​ទី​សាធារណៈ​ នៅ​លើ​ដី។  តែ​ បើ ​វា ​កប់​ក្នុង​ដី ឬ​ប្រឡាយ វា​ មិន​ងាយ ​​រលាយ​ឡើយ និង​បណ្ដាល ​ឲ្យ​ស្ទះ​ផ្លូវ​ ទឹក​ហូរ។  ប៉ុន្តែ ​បើ​ គេ​ យក​វា ​ទៅ​ដុត គឺ​ ឧស្ម័ន​ ហុយ​ចេញ​ ពី​​ការ​ដុត​នោះ ធ្វើ​ឲ្យ​ ស្រទាប់ ​អូហ្សូន ​ធ្លុះធ្លាយ, នាំ​ឲ្យ​ផែនដី​ ឡើង​កម្ដៅ។

មន្ត្រី​ជំនាញ ​ឲ្យ​ដឹង​ថា, ភាព​ មិន​ងាយ ​រំលាយ​ ច្រើន​រយ​ឆ្នាំ​ នៃ​គ្រឿង​ជ័រ ​ធ្វើ​ឲ្យ​ អាកាសធាតុ​ ប្រែប្រួល ព្រោះ​តែ ​ស្រទាប់​ការពារ​ កម្ដៅ​ថ្ងៃ​រហែក។  លោក ​ថា ដោយសារ​តែ​ ការ​ប្រែប្រួល​ អាកាសធាតុ​, វា​ បាន​ប៉ះពាល់​ ដល់​ការ​ដាំ​ដុះ​ ដំណាំ​ ផ្សេងៗ, ហើយ ​ផែនដី ​ឡើង​កម្ដៅ។  មូលហេតុ​នេះ ក្រសួង​ បរិស្ថាន​ អំពាវនាវ ​ឲ្យ​អ្នក​លក់​ដូរ​ សុំ​ ប្ដូរ​ទម្លាប់ ​ប្រើប្រាស់​ វេច​ខ្ចប់ ចំណី​អាហារ​ពី​ថង់​ប្លាស្ទិក ជ័រ​ស្នោ និង​កំប៉ុង​ជ័រ​ទៅ​ប្រើ​ស្លឹក​រុក្ខជាតិ និង​ក្រដាស​ជំនួស​វិញ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន និយម​ភាព​ងាយ​ស្រួល​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក ដើម្បី​ច្រក​វេច​ខ្ចប់​ជាដើម​នៅ​ក្នុង​អាជីវកម្ម​ជួញដូរ ដោយ​មិន​បាន​គិត​ទៅ​ដល់​ផល​ប៉ះពាល់​នានា អំពី​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បន្ត​ថា ថង់​ប្លាស្ទិក ជ័រ​ស្នោ កំប៉ុង​ជ័រ មិន​ងាយ​រលាយ​ទេ គេ​អាច​ប្រើ​រយៈពេល​ពាន់​ឆ្នាំ​រង់ចាំ​មើល​ការ​រលាយ​របស់​វា ប៉ុន្តែ​បើ​ស្លឹក​ឈូក​ស្លឹក​ចេក និង​ក្រដាស​ជាដើម គឺ​វា​ឆាប់​រលួយ​ផុយ​ទៅ​ក្នុង​ដី​ទើប​ក្រសួង​បរិស្ថាន សូម​ឲ្យ​អ្នក​លក់ដូរ​គួរ​ប្រើ​ថង់​ក្រដាស ថង់​បរិស្ថាន ស្លឹក​រុក្ខជាតិ​វិញ​ក្នុង​ការ​វេច​ខ្ចប់​ដើម្បី​ជួយ​ដល់​បរិស្ថាន​ឲ្យ​ ស្រស់​ស្អាត​​នៅ​ក្នុង​ពិភពលោក៖ «ថង់​ប្លាស្ទិក​ប៉ះពាល់​យូរ​អង្វែង​ដល់​ បរិស្ថាន​រហូត​ដល់​រាប់​សិប​ឆ្នាំ ឬ​ក៏​ដល់​​រយ​ឆ្នាំ បើសិនជា​វា​កប់ ឬ​ក៏​បោះបង់​ចោល​នៅ​តាម​ទី​សាធារណៈ។ យើង​ហៅ​ថា ធ្វើ​ជា​ចលនា​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នេះ​ឯង​ ក្នុង ២០១៥ ហ្នឹង។»

លោក សៅ សុភាព បន្ត​ថា ក្រៅ​ពី​ជ័រ​ប្លាស្ទិក​ក្រ​រលាយ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​ប្រើប្រាស់​ រថយន្ត ទូ​ទឹក​កក ម៉ាស៊ីន​ត្រជាក់ សេរី​ចាស់ៗ ដែល​វា​បង្ហុយ​ឧស្ម័ន​ពុល​ទៅ​លើ​បរិយាកាស​គឺ​​ឧស្ម័ន​នោះ វា​ទម្លុះ​របាំង​ការពារ​ពន្លឺ​ថ្ងៃ​ហៅ​ថា ស្រទាប់​អូហ្សូន​បណ្ដាល​ឲ្យ​អាកាសធាតុ​ប្រែប្រួល។ ការ​ធ្លាយ​របាំង​ការពារ​ពន្លឺ​ថ្ងៃ​នេះ​ហើយ វា​បង្ក​ឲ្យ​ផែនដី​ឡើង​កម្ដៅ​ប៉ះពាល់​ដល់​ការ​ដាំដុះ​ដំណាំ​ដោយសារ​ អាកាសធាតុ​ប្រែប្រួល។

លោក សៅ សុភាព៖ «ឲ្យ​គាត់​បោះបង់​ថង់​ប្លាស្ទិក​អី​ហ្នឹង គាត់​មាន​អី​ប្រើ​ជំនួស គឺ​យើង​គិត​ថា ថង់​បរិស្ថាន​ដែល​ជា​ក្រណាត់ ឬ​ក៏​ជា​ក្រដាស ឬ​ក៏​ទៅ​ប្រើ​ប្រាស់​ដូចជា​ស្លឹក​ឈូក​ស្អីៗ​ហ្នឹង​គឺ​ត្រូវ​តែ​ជំរុញ​ហើយ។»

នៅ​ក្នុង​ប្រទេស​កម្ពុជា តំបន់​ដែល​មាន​រោងចក្រ​ជា​កន្លែង​សំបូរ​អ្នក​ទទួល​ទាន​អាហារ​ជា​ក្រុម ឃើញ​មាន​ថង់​ប្លាស្ទិក ប្រអប់​ស្នោ និង​កំប៉ុង​ជ័រ បោះ​ចោល​ពាល​វាល​ពាស​កាល​នៅ​ក្បែរ​រោងចក្រ និង​​ក្បែរ​បន្ទប់​កម្មករ​ស្នាក់​នៅ។ ទន្ទឹម​នោះ​ថង់​ប្លាស្ទិក​ច្រក​សំរាម​ចម្រុះ​ពណ៌​ច្រើន​រយ​ថង់ ចង​ទុក​ចោល​ត្រាំ​ទឹក​ភ្លៀង​នៅ​ក្បែរ​រោងចក្រ​នីមួយៗ នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។

ថង់​ប្លាស្ទិក​នេះ​ទុក​ចោល​ហាល​ខ្យល់ ហាល​ថ្ងៃ ហាល​ភ្លៀង​យូរ​ខែ​ក៏​មិន​រលួយ ឬ​ខូច​ដែរ។ បញ្ហា​នេះ​និស្សិត​បរិញ្ញាបត្រ​គីមី​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ ភ្នំពេញ លោក ប៉ែន បញ្ញា ពន្យល់​​ថា ថង់​ប្លាស្ទិក​ស្នោ កំប៉ុង​ជ័រ ជាដើម បើ​យក​វា​ទៅ​ចាក់​កប់​ក្នុង​ដី​រាប់​រយ​ឆ្នាំ គឺ​វា​ក្រ​រលាយ​ដែរ តែ​វា​​មិន​សូវ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​ទេ។ ប៉ុន្តែ​បើ​គេ​យក​វា​ទៅ​ដុត គឺ​ឧស្ម័ន​ពុល​​នោះ​វា​ហុយ​ឡើង ធ្វើ​ឲ្យ​ប៉ះពាល់​ស្រទាប់​អូហ្សូន។

លោក ប៉ែន បញ្ញា៖ «បើសិនជា​វា​កប់​ចូល​ទៅ​ក្នុង​ដី គឺ​វា​អត់​រលាយ​ទេ ថង់​ប្លាស្ទិក ហើយ​វា​អត់​មាន​ផល​ប៉ះពាល់​អី​ធំដុំ​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​ដុត​វា​អាច​បង្ក​ជា​ឧស្ម័ន​ពុល​ដែល​ចេញ​មក​ពី​ថង់​ ប្លាស្ទិក ហើយ​និង​ប្រអប់​ស្នោ​ចូល​ទៅ​ក្នុង​បរិយាកាស​ដល់​ពេល​ឧស្ម័ន​ដែល​ភាយ​ចេញ​ឡើយ ​ហ្នឹង វា​អាច​ទៅ​កាត់​បន្ថយ​អូហ្សូន​​​ដែល​នៅ​ក្នុង​ស្រទាប់​ផែនដី​របស់​យើង។»

មន្ត្រី​ក្រសួង​បរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​ថា ដោយសារ​តែ​ថង់​ប្លាស្ទិក និង​ជ័រ​ស្នោ ចោទ​ជា​បញ្ហា​ប៉ះពាល់​បរិស្ថាន ទើប​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ អង្គការ​នានា រួម​ទាំង​ផ្សារ​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ថង់​ធ្វើ​ពី​ក្រដាស និង​ថង់​ដែល​ងាយ​រលាយ​​ក្នុង​ដី​លក់​ក្នុង​តម្លៃ​ថោក និង​ជំរុញ​ឲ្យ​អតិថិជន​យក​ថង់​នោះ​ប្រើប្រាស់​ដើម្បី​ជួយ​ថែទាំ​ស្រទាប់​ អូហ្សូន ដែល​កំពុងតែ​ធ្លុះធ្លាយ​ដោយសារ​ឧស្ម័ន​ពុល​នៃ​ការ​ដុត​គ្រឿង​ជ័រ​ប្លាស្ទិក​ នេះ។

លោក សៅ សុភាព៖ «ជាពិសេស​គឺ​យើង​ធ្វើ​ការងារ​ជាមួយ​ក្រសួង​ទេសចរណ៍​ដែល ​ជា​ក្រសួង​មួយ​ធ្វើ​ការងារ​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​នេះ។ យើង​ក៏​បាន​ធ្វើ​ការងារ​ជាមួយ​នឹង​ទីផ្សារ​ធំៗ​មួយ​ចំនួន​ជា​របៀប​ដូច​ ឡាក់គី ដូច​អី​អ៊ីចឹង ដែល​ជា​ទីផ្សារ​ទំនើប​ហ្នឹង ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គាត់​កាត់​បន្ថយ​ការ​ប្រើប្រាស់​​ថង់​ប្លាស្ទិក​ ដើម្បី​វេច​ខ្ចប់​របស់​របរ ឬ​ក៏​ចំណី​អាហារ​ដែល​អតិថិជន​ទៅ​ផ្សារ​របស់​គាត់​ហ្នឹង។»

​ចៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍សែនជ័យ លោក សុទ្ធ សាត ទទួល​ស្គាល់​ថា នៅ​ក្នុង​មូលដ្ឋាន​នោះ​បាន​អប់រំ​កម្មករ​កុំ​ឲ្យ​ដុត​ថង់​ប្លាស្ទិក តែ​ត្រូវ​ប្រមូល​វា​ចង​ទុក​ម្តុំ ទុក​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​យក​​ទៅ​បោះចោល។ លោក​អះអាង​ថា នៅ​ក្នុង​មូលដ្ឋាន​នោះ អ្នក​លក់​ដូរ​ភាគតិច​ប្រើ​ស្លឹក​ឈូក និង​​ស្លឹក​ចេក​ពេល​វេច​ខ្ចប់​អាហារ​ឲ្យ​កម្មករ៖ «អ៊ីចឹង​លើ​បញ្ហា​ទាំង​អស់​ហ្នឹង ការ​ខ្វះខាត​វា​តែងតែ​មាន​ដែរ​ហើយ ប៉ុន្តែ​ក្នុង​នោះ​ដែរ​ទាល់តែ​ការ​កសាង​ឡើង​វិញ។»

ក្រុម​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ឲ្យ​ដឹង​ថា ក្រៅពី​ថង់​ប្លាស្ទិក ក្រ​រលាយ​ក៏​វា​បាន​ជះ​ក្លិន​អាក្រក់​នៃ​សារ​ធាតុគីមី​ផលិត​ថង់​នោះ នៅ​ពេល​យក​ទៅ​ប្រើ​ដែរ។
ក្រៅ​ពី​ការ​ទិតៀន​អំពី​ក្លិន​នៃ​ថង់​ប្លាស្ទិក ក៏​មាន​ការ​រិះគន់​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​យក​សំរាម​ដឹក​ចេញ​ដែរ។ បុរស​ម្ចាស់​ផ្ទះ​ជួល​ម្នាក់​ថ្លែង​ថា ថង់​ប្លាស្ទិក មិន​រលាយ​ឯ​សំរាម​នៅ​ក្នុង​ថង់​បង្ក​ក្លិនស្អុយ​ពី​ក្នុង​ថង់​នោះ ប៉ះពាល់​សុខភាព​មនុស្ស​ដែរ។

លោក​ថា ពេល​ខ្លះ​ថង់​ប្លាស្ទិក​ហើរ​ចូល​លូ ស្ទះ​ចរន្ត​ទឹក​ហូរ​ចេញ​ពី​ភ្នំពេញ ដោយសារ​វា​មាន​ភាព​ស្វិត មិន​ងាយ​រលាយ ឬ​មិន​ងាយ​ផុយ​រលួយ៖ «ថង់​ប្លាស្ទិក​នេះ វា​ប៉ះពាល់​បញ្ហា​ធំ​គឺ​រឿង​បរិស្ថាន​ហ្នឹង​ហើយ ដូច​ក្រសួង​បរិស្ថាន គេ​ឲ្យ​កែ​មក​ប្រើ​ក្រដាស​ខ្ចប់ ឬ​ប្រើ​ស្លឹក​ឈូក​បែប​ធម្មជាតិ​វិញ ប៉ុន្តែ​ដោយសារ​ប្រជាជន​បងប្អូន​យើង​អ្នក​រស់​នៅ​​ក្នុង​នេះ គាត់​មិន​ប្រើប្រាស់​អា​ហ្នឹង​ប៉ុន្មាន​គាត់​ប្រើ​ជាង​គេ​គឺ​ប្លាស្ទិក រួច​ដាក់​សំរាម​ដល់​ពេល​ដាក់​​សំរាម​ទៅ នៅ​ពេល​គាត់​យក​ទៅ​ចោល ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម​ហ្នឹង​មិន​សូវ​មក​ប្រមូល យូរៗ​មក​ម្ដង វា​រលួយ​ប៉ាយ​ពេញ​ហ្នឹង ខ្លះ​អណ្ដែត​ទឹក​ចូល​លូ ចូល​អី ស្ទះ​លូ​ស្ទះ​អី។»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ការ​អប់រំ​មនុស្ស​ឲ្យ​ងាក​ពី​ប្រើប្រាស់​ថង់​ប្លាស្ទិក ប្រអប់​ស្នោ កំប៉ុង​ជ័រ​ជាដើម ទៅ​ប្រើ​ថង់​បរិស្ថាន ឬ​ស្លឹក​ចេក ស្លឹក​ឈូក​វិញ​នោះ ត្រូវ​ប្រើ​ពេល​យូរ ឬ​ឆាប់ អាស្រ័យ​លើ​ការ​ឆាប់​ទទួល​យក​នៃ​អ្នក​ប្រើប្រាស់។  លោក​ ថា បើ​មនុស្ស​ទាំង​អស់​ព្រម​បោះ​ចោល​គ្រឿង​ប្លាស្ទិក​ទៅ​ប្រើ​ប្រាស់​ស្លឹក​ រុក្ខជាតិ ឬ​ក្រដាស​វេច​ខ្ចប់​សម្ភារៈ​នោះ គឺ​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ្នក​ស្រែ​ចម្ការ​ដែល​ដាំ​ឈូក ដាំ​ចេក ទទួល​បាន​ចំណូល​ពី​ការ​លក់​ស្លឹក​វា ហើយ​បរិស្ថាន​ក្នុង​ទីក្រុង​ក៏​មិន​កខ្វក់​ដោយសារ​ប្លាស្ទិក​ដែរ៕


No comments:

Post a Comment