តុលាការ ភ្នំពេញ កោះហៅព្រះភិក្ខុ លួន សុវ៉ាត ចូលបំភ្លឺ ពីបទសង្ស័យ ក្បត់ជាតិ
RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៤
មន្ត្រី សាលារាជធានី ភ្នំពេញ និមន្តព្រះភិក្ខុសង្ឃ លួន សុវ៉ាត
ចេញពីក្រុម អ្នកភូមិ បឹងកក់ ដែលតវ៉ា នៅសាលារាជធានី ភ្នំពេញ
កាលពីថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០១១។ RFA/Mom Sophon
សាលាដំបូង រាជធានី ភ្នំពេញ បានចេញដីកា កោះហៅ សកម្មជន តវ៉ា ទំនាស់ដីធ្លី គឺ ព្រះភិក្ខុ លួន សុវ៉ាត ឲ្យចូលបំភ្លឺ នៅថ្ងៃ ទី១៨ កញ្ញា ពាក់ព័ន្ធបទសង្ស័យ មួយចំនួន, ដូចជា៖ បទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ, បទក្បត់ជាតិ, និងបទប្រឆាំង ការបោះឆ្នោត។
ព្រះភិក្ខុ លួន សុវ៉ាត មានព្រះថេរដីកា នៅថ្ងៃ ទី៩ កញ្ញា ថា, ខ្លឹមសារ ក្នុងដីកា ចោទប្រកាន់ ព្រះអង្គនោះ មានខ្លឹមសារ ដូចគ្នា ទៅនឹងដីកា កោះហៅ លោក សួន សេរីរដ្ឋា ប្រធាន ចលនា អំណាចពលរដ្ឋខ្មែរ ដែលព្រះអង្គ យល់ថា, តុលាការ បានចម្លង ខ្លឹមសារ ដីកា សម្រាប់លោក សួន សេរីរដ្ឋា នោះ មកចោទប្រកាន់ ព្រះអង្គវិញម្ដង៖ «តុលាការហ្នឹង អត់បាន យកអ្វី ដែលជាការពិត មកចោទទេ។ ផ្ទុយទៅវិញ យកជាការប្រឌិត, ជាការមួលបង្កាច់។ រាល់ការ ចោទនេះ គឺ ចោទរឿង នយោបាយចំ។ អត់មាន រឿងបទល្មើស ជាក់ស្ដែង ពិតប្រាកដទេ។ អ៊ីចឹង អាត្មា លួន សុវ៉ាត គឺ លួន សុវ៉ាត មិនមែន អាត្មា លួន សុវ៉ាត, ជា សួន សេរីរដ្ឋា, ជា ប៉ុល ពត, ជា ហ៊ុន សែន គឺ មិនមែនទេ។ ដូច្នេះ មិនអាច យកបុគ្គល ផ្សេង, អ្នកផ្សេង មកចោទ, មកយកឈ្មោះ អាត្មា ទៅប្រើ, ទៅធ្វើ ឬក៏ទម្លាក់កំហុស មកលើអាត្មា។ គឺ អាត្មា មិនទទួលបាន ជាដាច់ខាត។»
ទាក់ទង បទចោទប្រកាន់ ទាំងនោះ ព្រះភិក្ខុ លួន សុវ៉ាត បានសន្និដ្ឋានថា ប្រហែលជាព្រះអង្គបានចូលរួមចលនាតស៊ូមតិប្រឆាំងនឹងការរឹបអូសយក ដីធ្លី ការរំលោភសិទ្ធិមនុស្ស និងតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យកន្លងមក ដែលចលនាទាំងនោះ ព្រះអង្គបានចូលរួមទាំងនៅក្នុង និងនៅក្រៅប្រទេស ដើម្បីការពារផលប្រយោជន៍សង្គម ទើបតុលាការចោទប្រកាន់ដូច្នេះ៕
No comments:
Post a Comment