លោក ហ៊ុន សែន គំរាម បោះឆ្នោតទម្លាក់ អនុប្រធាន ទី១រដ្ឋសភា
RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៤
ប្រមុខ រដ្ឋាភិបាល កម្ពុជា គំរាម ដកតំណែង អនុប្រធាន ទី១ រដ្ឋសភា។ លោក ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃ ទី៩ ខែកញ្ញា ក្នុងពិធី បើកការដ្ឋាន សាងសង់ ស្ពានអាកាស ស្ដុបតិចណូ នៅភ្នំពេញ។
ការថ្លែងនេះ ជាការឆ្លើយតប ទៅនឹងប្រសាសន៍ របស់ អនុប្រធាន ទី១ រដ្ឋសភា និងជាអនុប្រធាន បក្សប្រឆាំង លោក កឹម សុខា ដែលថ្លែង ទៅកាន់ អ្នកគាំទ្រ ថា នឹងប្រើប្រាស់ យន្តការ សភា ដើម្បី ដកហូត តំណែង រដ្ឋមន្ត្រីណា ដែលប្រព្រឹត្ត ពុករលួយ។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រដូចសម្ដី របស់ អនុប្រធាន ទី១ រដ្ឋសភា លោក កឹម សុខា ទៅនឹងកាំភ្លើង ធំ ដែលបាញ់ផ្លោង ដាក់បន្ទាយ ទេវតា របស់ គណបក្ស ប្រជាជន កម្ពុជា។ លោក ស្នើ ឲ្យបក្សប្រឆាំង ផ្អាកបាញ់សិន ដើម្បី ទុកឱកាស ឲ្យពលរដ្ឋ បានដាក់បិណ្ឌ និងធ្វើបុណ្យ ភ្ជុំ ឲ្យបាន ស្ងប់ចិត្ត។ ប៉ុន្តែ បើ បក្សប្រឆាំង នៅតែ រឹងទទឹងនោះ, លោក នឹងតបតវិញ ដោយមិនសំចៃ ដៃឡើយ។
លោក ហ៊ុន សែន មានប្រសាសន៍ ថា, អនុប្រធាន ទី១ រដ្ឋសភា ចូលកាន់តំណែង មិនបានប៉ុន្មានផង ក៏ស្រាប់តែ ឡើងដៃ, ហើយ បាញ់មិនឈប់។ លោក បន្តថា, បើ អនុប្រធាន ទី១ រដ្ឋសភា នៅតែ ប៉ុនប៉ង បោះឆ្នោតទម្លាក់ រដ្ឋមន្ត្រី ណាម្នាក់ ចេញពីតំណែងនោះ, ក្រុមតំណាងរាស្ត្រ គណបក្ស ប្រជាជនកម្ពុជា នឹងបើក កិច្ចប្រជុំ វិសាមញ្ញ, រួចបោះឆ្នោត ជ្រើសតាំង អនុប្រធាន ទី១ រដ្ឋសភា ថ្មី តែម្ដង៖ «អើ, បើ ចង់ទម្លាក់ រដ្ឋមន្ត្រី អ៊ីចឹង, Ok បាន, យើង ទម្លាក់អនុប្រធាន រដ្ឋសភា បានតើ! យើង យកហេតុផល មួយចំនួន ដែលលោកឯង ធ្វើមិនត្រឹមត្រូវ ដាក់សុំ បោះឆ្នោត ដាក់មនុស្ស ជំនួស តែម្ដង។ ឯកឧត្ដម ថាចុះ, តែ ល្មមៗ បានហើយ, មិនទាន់ បានអីផង, ចង់ទម្លាក់ នាយករដ្ឋមន្ត្រី, ទម្លាក់រដ្ឋមន្ត្រី។ បើ អ៊ីចឹង ទម្លាក់មុន ទៅវើយ, ដាក់ភូសទៅ។»
លោក ហ៊ុន សែន ថែម ទាំងឌឺដង ថា, អ្នកខ្លះ ធ្វើបុណ្យ ពេលថ្ងៃ, ធ្វើបាប ពេលយប់។ អ្នកខ្លះ សូត្រធម៌កាមេ ពេលថ្ងៃ, យប់ឡើង ក៏ប្រព្រឹត្ត ខុសផ្លូវកាមផង ក៏មាន។
ចំណែកអនុប្រធានទី១រដ្ឋសភា លោក កឹម សុខា វិញលើកឡើងថា ច្បាប់គណបក្សប្រជាជនកម្ពុជា ពិតជាអាចបោះឆ្នោតទម្លាក់រូបលោកចេញពីតំណែងមែន ប៉ុន្តែលោក ហ៊ុន សែន ក៏ត្រូវគិតផងថា ខ្លួនចង់បន្តការពារមន្ត្រីពុករលួយឬយ៉ាងណា?
លោក កឹម សុខា រំលឹកថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់ទំនាស់នយោបាយហើយរួមគ្នា ដោះស្រាយបញ្ហាជាតិ ប៉ុន្តែមិនមែនបានន័យថា គណបក្សកាន់អំណាចអាចហាមបក្សប្រឆាំងមិនឲ្យរិះគន់បានទេ៖ «តើគាត់ចង់ការពាររដ្ឋមន្ត្រីពុករលួយ ឬយ៉ាងណា? បើសិនរដ្ឋមន្ត្រីគាត់ល្អ គ្នាគាត់ក៏មិនបោះឆ្នោតទម្លាក់ដែរ អត់ឲ្យយើងរិះគន់សោះឬយ៉ាងម៉េច?ឲ្យយើងជាបក្សប្រឆាំងហើយមិនរិះគន់ហ្នឹងវាទៅរួចឬទេ? គាត់ គំរាមថា ចង់ដកចង់អីនេះ ខ្ញុំអត់មានភ្ញាក់ផ្អើលអីទេ ព្រោះខ្ញុំមុននឹងសម្រេចចិត្តចូលហ្នឹង ខ្ញុំដឹងហើយថាមានបញ្ហាច្រើនណាស់។»
កាលពីថ្ងៃទី៦ ខែកញ្ញា លោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្រជាង ២០០នាក់នៅខេត្តសៀមរាប ថា គណបក្សសង្គ្រោះជាតិ រកឃើញថា មន្ត្រីពុករលួយមួយចំនួនកំពុងសម្ងំកាន់តំណែងនៅក្នុងជួរ រដ្ឋាភិបាល។ លោកបន្តថា សភាអាណត្តិទី៥នេះ មិនមែនត្រឹមតែកោះហៅមន្ត្រីរដ្ឋាភិបាល ឬក៏រដ្ឋមន្ត្រីមកសាកសួរ ហើយបញ្ចប់រឿងនោះទេ ប៉ុន្តែចង់មិនចង់ គឺអាចបោះឆ្នោតទម្លាក់មន្ត្រីរដ្ឋាភិបាល ឬក៏រដ្ឋមន្ត្រីណាមួយចេញពីតំណែងទៀតផង បើរកឃើញថាមន្ត្រីទាំងនោះប្រព្រឹត្តពុករលួយ។
ទាក់ទងនឹងការដកតំណែងនេះ គណបក្សប្រជាជនអាចប្រើយន្តការច្បាប់និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីរុះរើក្បាលម៉ាស៊ីនដឹកនាំសភាស្រេចតែចិត្តបានគ្រប់ពេលវេលា ព្រោះថា គណបក្សកាន់អំណាចនេះមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។ គណបក្សនេះកាន់តំណែងប្រធានរដ្ឋសភា និងមានសមាជិកអចិន្ត្រៃយ៍សភាភាគច្រើនដាច់ខាតទៀត។ ប៉ុន្តែបើសិនជាមានការដកតំណែងអនុប្រធានទី១រដ្ឋសភាពីបក្ស ប្រឆាំងមែននោះ បានន័យថា គណបក្សកាន់អំណាចរំលោភកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ហើយប្រហែលជាអាចនាំឲ្យមានប្រទូសរ៉ាយនយោបាយជាថ្មីទៀតផង។
អ្នកតាមដានបញ្ហានយោបាយមួយចំនួនកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា ធ្លាប់ព្រមានគណបក្សប្រឆាំងម្តងរួចហើយ កាលពីខែសីហា ក្នុងពេលដែលបោះឆ្នោតទម្លាក់អ្នកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ មិនឲ្យកាន់តំណែងជាប្រធានគណៈកម្មការទី៨ និងទី១០ នៃរដ្ឋសភានោះ។
ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សន្យាថា លោកនឹងបោសសម្អាតមន្ត្រីអាក្រក់ចេញពីជួររដ្ឋាភិបាល និងចាត់ទុកគណបក្សប្រឆាំងជាកញ្ចក់ឆ្លុះបញ្ចាំងមន្ត្រីពុករលួយ របស់ខ្លួន៕
No comments:
Post a Comment