ក្រុមហ៊ុន បញ្ជាទិញ ខោអាវ ម៉ាកល្បីៗ បង្ហាញជំហរ យល់ស្រប នឹងការដំឡើង ប្រាក់ឈ្នួល កម្មករ
RFA / វិទ្យុ អាស៊ី សេរី | ២០ កញ្ញា ២០១៤
ក្រុមហ៊ុន អ្នកបញ្ជាទិញ សម្លៀកបំពាក់ ដែលមាន ម៉ាកល្បី ចំនួន ៨ បង្ហាញជំហរ យល់ស្រប នឹងការដំឡើង ប្រាក់ឈ្នួល គោល បន្ថែម សម្រាប់ កម្មករ កាត់ដេរ កម្ពុជា។ នៅក្នុងចំណោម ក្រុមហ៊ុន ទាំងនោះ ក៏មានក្រុមហ៊ុន ល្បី ម៉ាក អេច្ឆអែនអឹម (H&M) មួយដែរ។
នៅក្នុងទំព័រ ព័ត៌មាន គេហទំព័រ ឈ្មោះ ប៊្លូមប៊ើក (Bloomberg) ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២០ កញ្ញា ផ្សាយថា, ក្រុមហ៊ុន សម្លៀកបំពាក់ ម៉ាកទាន់សម័យ រួមទាំង, ក្រុមហ៊ុន លក់រាយ នៅអឺរ៉ុប, ដូចជា Inditex SA (ហៅកាត់ថា ITX) និងHennes & Mauritz AB (ហៅកាត់ថា HMB) និយាយ ថា, ពួកគេ ចង់ដំឡើង ប្រាក់ឈ្នួល បន្ថែម សម្រាប់ សម្លៀកបំពាក់ ផលិត នៅប្រទេស កម្ពុជា។ ចេតនានេះ គឺ បង្ហាញការគាំទ្រ ដល់យុទ្ធនាការ ទាមទារ ដំឡើងប្រាក់ឈ្នួល ដែលក្រុម សហជីព កម្មករ ធ្វើកាល ពីថ្ងៃ ទី១៧ កញ្ញា។
ក្នុងលិខិតរួមមួយដែលចុះហត្ថលេខាដោយក្រុមហ៊ុនចំនួន៨ ដូចជា C&A H&M Inditex N Brown Group plc, Tchibo GmbH, Next Retail Ltd, Primark និង New Lookផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ កញ្ញា បានសរសេរថា កម្មករនៅគ្រប់ប្រទេសផលិតទាំងអស់ មានសិទ្ធិទទួលបានប្រាក់ឈ្នួលសម្រាប់ជីវភាពរស់នៅសមរម្យ។ លិខិតរួមរបស់ក្រុមហ៊ុនបញ្ជាទិញបន្តថា ដើម្បីធានាលើកត្តានេះ ក្រុមហ៊ុនទាំង៨ រំពឹងថា នឹងមានការអនុវត្តដំណើរការចរចារួមរវាងភាគីពាក់ព័ន្ធនៅក្នុង ទីផ្សារការងារ។ ក្នុងដំណើរការចរចានេះ ត្រូវតែពិចារណាលើសំណើសុំនានា ដែលគ្រប់ភាគីនាំយកមកដាក់លើតុចរចា។ ភាគីទាំងអស់ គឺរាប់ទាំងភាគីតំណាងកម្មករ ថៅកែ និងរដ្ឋាភិបាល។
ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ស្វាគមន៍ចំពោះលិខិតរួមរបស់ក្រុមហ៊ុនបញ្ជាទិញទាំង៨ ដែលបង្ហាញជំហរគាំទ្រឱ្យមានការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករឱ្យ បានរស់នៅសមរម្យ។ ក៏ប៉ុន្តែ លោក រ៉ុង ឈុន បញ្ជាក់ថា លិខិតទាក់ទងនឹងដំណោះស្រាយបញ្ហាប្រាក់ឈ្នួលនេះ មិនមែនជាលើកទីមួយទេ ព្រោះកាលពីពេលតវ៉ានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ និងពេលបន្តបន្ទាប់មកទៀត ក្រុមហ៊ុនអ្នកបញ្ជាទិញក៏មានចេញលិខិតដូចគ្នាដែរ ដោយសហការជាមួយសហជីពអន្តរជាតិ។
លោកថ្លែងបន្តថា ខាងសមាគមរោងចក្រកាត់ដេរ គណៈកម្មការសិក្សាប្រាក់ឈ្នួល និងគណៈកម្មការក្រុមប្រឹក្សាការងារ ដែលមានភាគីតំណាងកម្មករ ថៅកែ និងរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ហើយផ្ដល់ដំណោះស្រាយតាមអ្នកបញ្ជាទិញស្នើសុំ។ លោកថា បើមិនដូច្នេះទេ អ្នកបញ្ជាទិញមិនសប្បាយចិត្ត និយោជកនឹងទទួលផលប៉ះពាល់។
មន្ត្រីកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា លិខិតរបស់ក្រុមហ៊ុនអ្នកបញ្ជាទិញ គឺបញ្ជាក់អំពីគោលជំហរបន្តការវិនិយោគនៅកម្ពុជា និងចង់ឃើញការដំឡើងប្រាក់ឈ្នួលឱ្យខ្ពស់សមរម្យដល់កម្មករ បើទោះជាមិនបានបញ្ជាក់ចំនួនជាក់លាក់ក៏ដោយ។ ទាក់ទងនឹងបញ្ហាដំឡើងប្រាក់ឈ្នួលកម្មករ លោក មឿន តុលា ថ្លែងថា នៅពេលនេះ ក្រុមហ៊ុនអ្នកបញ្ជាទិញចង់ឆ្លើយតបទៅរដ្ឋាភិបាល និងសមាគមថៅកែ ដែលតែងតែថា បើប្រាក់ឈ្នួលខ្ពស់ពេក នឹងធ្វើឱ្យថៅកែរោងចក្ររត់ទៅប្រទេសផ្សេង។
លោកយល់ឃើញថា ក្រុមហ៊ុនអ្នកបញ្ជាទិញក៏រងសម្ពាធធ្ងន់ដែរពីបាតុកម្មតវ៉ាចំពោះ ពួកគេ នៅទីក្រុងចំនួនជាង៤០។ កាលពីដើមសប្ដាហ៍ មានបាតុកម្មតវ៉ាហាងលក់សម្លៀកបំពាក់ចំនួន ៣០ហាង នៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។
កាលពីថ្ងៃទី១៩ កញ្ញា តំណាងកម្មករប្រមាណ ៥០នាក់ ដែលមកពីសម្ព័ន្ធ និងសហព័ន្ធសហជីពកម្មករចំនួន៨ នាំគ្នាមកដាក់ញត្តិដល់ក្រុមហ៊ុនអ្នកបញ្ជាទិញសម្លៀកបំពាក់ម៉ាក អេច្ឆ.អែន.អឹម (H&M) និង អឹម.អែន.អែស (M&S) នៅភ្នំពេញ ឱ្យបញ្ឈប់ភាពរងគ្រោះពីការកេងប្រវ័ញ្ចលើកម្មករកាត់ដេរនៅកម្ពុជា ដែរ ហើយទាមទារឱ្យដំឡើងប្រាក់ខែកម្មករ ១៧៧ដុល្លារ។
តាមគម្រោងនៅថ្ងៃទី២៦ កញ្ញា ក្រុមប្រឹក្សាការងារ នឹងបើកកិច្ចប្រជុំសម្រេចអំពីបញ្ហាប្រាក់ឈ្នួលដែលកំពុងមានវិវាទ នេះ។ ខាងភាគីសមាគមថៅកែរោងចក្រ ធ្លាប់បង្ហាញជំហរថា ខ្លួននឹងអនុវត្តតាមការសម្រេចរបស់ក្រុមប្រឹក្សាការងារ៕
No comments:
Post a Comment