Paris Peace Accords 23 Oct. 1991

Monday, September 22, 2014

[Vietnamization] សង្គម​ស៊ីវិល ​គាំទ្រ​ ចំពោះ​ ការ​ប្រឆាំង ​នឹង​ការ​ទទួល​ស្គាល់​ ក្រុមហ៊ុន ​វៀតណាម ​រ៉ាប់ប៊ឺ​ គ្រូប | Vietnam's Rubber Group

សង្គម​ស៊ីវិល ​គាំទ្រ​ ចំពោះ​ ការ​ប្រឆាំង ​នឹង​ការ​ទទួល​ស្គាល់​ ក្រុមហ៊ុន ​វៀតណាម ​រ៉ាប់ប៊ឺ​ គ្រូប

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ កញ្ញា ២០១៤

កាប់​ឈើ Global Witness
សកម្មភាព​ កាប់​បំផ្លាញ ​ព្រៃ​ឈើ​ របស់​ ក្រុមហ៊ុន​ វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ ​២០១៣។  Global Witness Photo

សង្គម​ស៊ីវិល ​កម្ពុជា គាំទ្រ​ ចំពោះ​ ការ​តវ៉ា ​របស់ ​អង្គការ​ ឃ្លាំ​មើល​ ពិភពលោក ក្លូបប៊ល វីតណែស្ស (Global Witness, GW) ប្រឆាំង​ទៅ​នឹង ​ការ​សម្រេច​ចិត្ត ​របស់​ ក្រុមប្រឹក្សា​ គ្រប់គ្រង​ ព្រៃ​ឈើ ហៅ​ជា​ភាសា ​អង់គ្លេស ​ថា ហ្វរែស្ត ស្ទីវវើដស៊ីប ខោនស៊ល (Forest Stewardship Council) នៅ​ក្នុង​ប្រទេស ​អាល្លឺម៉ង់ (Germany) ដែល​បាន​ផ្តល់​ ការ​បញ្ជាក់ ​ទទួល​ស្គាល់​ ក្រុមហ៊ុន ​រដ្ឋ​វៀតណាម ឈ្មោះ​ វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) សាជាថ្មី។

ការ​បញ្ជាក់ ​ទទួល​ស្គាល់​នេះ មាន​ន័យ​ ថា, ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ត្រូវ​ បាន​ចាត់​ទុក​ ថា ​ជា​ក្រុមហ៊ុន ​ដែល​មាន​ ការ​ទទួល​ ខុស​ត្រូវ, គោរព​ច្បាប់, និង​សិទ្ធិ​មនុស្ស​ ក្នុង​ផ្នែក ​អាជីវកម្ម ​ព្រៃ​ឈើ ឬ​កៅស៊ូ ខណៈ​ ដែល​ក្រុមហ៊ុន ​មួយ​នេះ ​កំពុង​រង​ការ​ ចោទ​ប្រកាន់​ ថា បាន​រំលោភ​ សិទ្ធិ​ប្រជាពលរដ្ឋ និង​បំផ្លិច​បំផ្លាញ ​ព្រៃ​ឈើ​ ជាច្រើន​ ក្នុង​ប្រទេស​ក ម្ពុជា និង​ឡាវ។


ការ​សាទរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ ក្លូបប៊ល វីតណែស្ស ដែល​កាល​ពី​ពេល​ថ្មីៗ បាន​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវ​ការ​ទៅ​កាន់​ក្រុមប្រឹក្សា​គ្រប់គ្រង​ព្រៃ​ឈើ ឲ្យ​បំភ្លឺ​ចំពោះ​ការ​បញ្ជាក់​ការ​ទទួល​ស្គាល់​របស់​ពួក​គេ ទៅ​ឲ្យ​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្លូបប៊ល វីតណែស្ស ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​បញ្ជាក់​ថា ក្រុមប្រឹក្សា​គ្រប់គ្រង​ព្រៃ​ឈើ​អះអាង​ថា ខ្លួន​គឺ​ជា​អង្គការ​ផ្តល់​ការ​បញ្ជាក់​ឈាន​មុខ​គេ​លើ​ពិភពលោក ចំពោះ​ការ​គ្រប់គ្រង​ព្រៃ​ឈើ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ប៉ុន្តែ ក្លូបប៊ល វីតណែស្ស ថា​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប  និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន បាន​រឹប​អូស​យក​ដីធ្លី​ពី​ពលរដ្ឋ និង​ជនជាតិ​ដើម​ដោយ​បំពាន បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ រួម​មាន​ឈើ​ប្រណិត ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​សម្បទាន​ដែល​ពួក​គេ​ទទួល​បាន។

ក្រុមប្រឹក្សា​គ្រប់គ្រង​ព្រៃ​ឈើ គឺ​ជា​អង្គការ​ពហុ​ភាគី​ក្រៅ​រដ្ឋាភិបាល មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ ក្នុង​បំណង​ធ្វើ​ការងារ​លើ​ការ​គ្រប់គ្រង​ព្រៃ​ឈើ​នៅ​លើ​ពិភពលោក ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ពិសេស​គឺ​ផ្តល់​ការ​ធានា​ដល់​អតិថិជន​នៅ​លើ​ពិភពលោក​ថា ផលិតផល​ព្រៃ​ឈើ ដូចជា​ឈើ ដូងប្រេង និង​កៅស៊ូ ដែល​ពួក​គេ​ទិញ សុទ្ធ​តែ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ដែល​ប្រកាន់​ខ្ជាប់​ការ​គោរព​ច្បាប់​ សង្គម និង​បរិស្ថាន​ពិត​ប្រាកដ មិន​មែន​បាន​មក​ពី​ក្រុមហ៊ុន​ដែល​កាប់​ឈើ​ខុស​ច្បាប់ ដែល​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស ឬ​ការ​បំផ្លាញ​ព្រៃ​ឈើ​មាន​តម្លៃ​ឡើយ ដែល​កត្តា​ទាំង​នេះ ក្លូបប៊ល វីតណែស្ស ថា​វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប បាន​អនុវត្ត​កន្លង​មក។ ក្លូបប៊ល វីតណែស្ស ថា​ក្រុមប្រឹក្សា​នេះ​អាច​ប្រឈម​នឹង​ការ​បាត់​បង់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន ប្រសិន​បើ​នៅ​តែ​បន្ត​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​វៀតណាម។

នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី យល់​ឃើញ​ថា ការ​តវ៉ា​របស់​អង្គការ ក្លូបប៊ល វីតណែស្ស ដោយសារ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ចង់​ឲ្យ​មាន​តម្លាភាព​ទៅ​លើ​ដំណើរ​ការ​ ធ្វើ​អាជីវកម្ម​ឈើ គ្រឿង​សង្ហារិម និង​កៅស៊ូ ជាដើម។ លោក អៀង វុទ្ធី ចាត់​ទុក​អន្តរាគមន៍​របស់ ក្លូបប៊ល វីតណែស្ស គឺ​ជា​ការ​រួម​ចំណែក​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស​របស់ ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប។

លោក អៀង វុទ្ធី៖ «ជា​ធម្មតា យើង​ធ្វើ​ការ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស យើង​ចង់​ឃើញ​ឲ្យ​មាន​តម្លាភាព និង​ការ​ទទួល​ស្គាល់​ស្រប​តាម​គោលការណ៍ ព្រោះ​ថា ប្រសិន​បើ​មាន​ការ​តវ៉ា ប្ដឹង​ផ្តល់ មិន​ថា​ក្នុង​ប្រទេស​កម្ពុជា យើង​ទេ ក្រុមហ៊ុន វីអជី (VRG) នេះ គឺ​មាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​មែន​ទែន​នៅ​ក្នុង​ប្រទេស​ឡាវ ផង​ដែរ។ អ៊ីចឹង​យើង​ចង់​ឲ្យ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ការ​ផ្តល់​សិទ្ធិ​ទទួល​ ស្គាល់ ឬ​ក៏​អាជ្ញា​ប័ណ្ណ​ទាក់ទង​នឹង​ការ​នាំ​ចេញ​ឈើ ឬ​មួយ​ក៏​សង្ហារិម​ទៅ​ដល់​ប្រទេស​អឺរ៉ុប។ អ៊ីចឹង​យើង​ចង់​ឃើញ​ថា តើ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​គាត់​ធ្វើ​ការ​មាន​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ដែរ​ ឬ​ទេ? ជាពិសេស គឺ​ក្រុមហ៊ុន វីអជី នេះ កំពុង​តែ​មាន​បញ្ហា​ចម្រូងចម្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា។»

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ក្លូបប៊ល វីតណែស្ស ប្រចាំ​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា ក្រុម​អភិជន ឬ​ក្រុម​អ្នក​មាន​វណ្ណៈ​ខ្ពស់​នៅ​សហស្សវត្ស​ទី​២១​នេះ បាន​មក​ពី​លាភ​សក្ការៈ​នៃ​ការ​ដាំ​ដុះ​ដំណាំ​កៅស៊ូ។ ជាក់ស្ដែង ក្រុមហ៊ុន​វៀតណាម បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។ ភាព​មាន​បាន​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​នេះ ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ តាម​រយៈ​ការ​ទិញ​ផលិតផល​កៅស៊ូ​ដែល​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ដោយ​ឡែក ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​របស់​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​កៅស៊ូ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​វៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ គ្រូប។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​ប្រមាណ ២​សែន​ហិកតារ​នៅ​ប្រទេស​កម្ពុជា។ ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​ក្រុមហ៊ុន​តំណាង​របស់​ខ្លួន ក្នុង​ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ចំនួន ៤៦​ក្រុមហ៊ុន។

ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​ប្រកាស​ដោះស្រាយ​ចំពោះ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ អភិវឌ្ឍន៍​របស់​ខ្លួន ក្នុង​នោះ​រួម​មាន អ្នក​រងគ្រោះ​អាច​ដាក់​ពាក្យ​បណ្ដឹង និង​ចោទ​សួរ​សំណួរ​នានា​ដល់​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ហើយ​ក្រុមហ៊ុន​វិញ សន្យា​ថា​នឹង​ឆ្លើយ​តប​នៅ​ក្នុង​រយៈពេល ៣០​ថ្ងៃ។ អង្គការ​សង្គម​ស៊ីវិល បាន​សាទរ​ចំពោះ​វិធានការ​នេះ។ ចំណែក​អង្គការ ក្លូបប៊ល វីតណែស្ស ក៏​បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​អបអរ​សាទរ កាល​ពី​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៤។ ទោះ​ជា​យ៉ាង​ណា ក្លូបប៊ល វីតណែស្ស បាន​លើក​ឡើង​ថា បើ​ទោះ​ជា​ក្រុមហ៊ុន​ដាំ​កៅស៊ូ​វៀតណាម បាន​ប្រកាស​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ក៏ដោយ ប៉ុន្តែ​អង្គការ​នេះ​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ និង​ការ​កាប់​ឆ្ការ​ព្រៃ​នៅ​ក្នុង​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ទាំងអស់​ នោះ៕


No comments:

Post a Comment