Paris Peace Accords 23 Oct. 1991

Saturday, September 20, 2014

កម្ពុជា​ ចាប់​ជនជាតិ ​ថៃ​ ៣​នាក់​ ពី​បទ​ព្យាយាម​ ចរាចរ​ លុយ​ក្លែង​ក្លាយ​ ជាង​៧​លាន​ ដុល្លារ | Cambodia caught 3 Thai nationals with counterfeit money worth over $7 M

កម្ពុជា​ ចាប់​ជនជាតិ ​ថៃ​ ៣​នាក់​ ពី​បទ​ព្យាយាម​ ចរាចរ​ លុយ​ក្លែង​ក្លាយ​ ជាង​៧​លាន​ ដុល្លារ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ កញ្ញា ២០១៤

ជន​សង្ស័យ ៣​នាក់ សុទ្ធ​តែ​ ជា​ជនជាតិ​ ថៃ ត្រូវ​ បាន​កម្លាំង​ មាន​សមត្ថកិច្ច ​ខាង​ភាគី​ កម្ពុជា ចាប់​ខ្លួន​ បាន​ភ្លាមៗ ​នៅ​ជាយ​ដែន​ កម្ពុជា​-ថៃ ក្នុង​ស្រុក ​ភ្នំព្រឹក នៅ​ថ្ងៃ​ ទី​១៩ ខែ​កញ្ញា។

មុខ​សញ្ញា​ ដែល​ឈាន​ដល់​ ការ​ចាប់​ខ្លួន​នេះ គឺ ​បន្ទាប់​ ពី​ជនជាតិ​ ថៃ ទាំង៣​នាក់, ហើយ ​ម្នាក់ ​ក្នុង​ចំណោម​នោះ ​ជា​មេបញ្ជាការ ​ជាន់​ខ្ពស់ ​យោធា ​ថៃ ផង​នោះ, ព្យាយាម ​ចរាចរ​ លុយ​ដុល្លារ​ ក្លែងក្លាយ ​ជាង៧​លាន​ ដុល្លារ ​សហរដ្ឋ ​អាមេរិក មិន​បាន​សម្រេច ​នៅ​ក្នុង​ប្រទេស​ កម្ពុជា។


អធិការ​រង ​ទទួល​បន្ទុក​ ព្រហ្មទណ្ឌ ប្រចាំ​ស្រុក ​ភ្នំព្រឹក ឲ្យ​ដឹង​ ថា, នៅ​ពេល​នេះ​ ខាង​សមត្ថកិច្ច​ កំពុង​កសាង​ សំណុំ​រឿង និង​ឃុំ​ខ្លួន​ ជនជាតិ ​ថៃ ទាំង​នោះ ​នៅ​ឡើយ នៅ​ក្នុង​ អធិការដ្ឋាន​ ស្រុក មុន​នឹង​បញ្ជូន​បន្ត​ ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ ទី​២០ ខែ​កញ្ញា។

អធិការ​រង​ ទទួល​បន្ទុក ​ព្រហ្មទណ្ឌ​ ស្រុក ​ភ្នំព្រឹក លោក សារ៉េត វីសេដ្ឋ ឲ្យ​ដឹង​ ថា, មូលហេតុ​ ដែល​ឈាន​ដល់​ ការ​ចាប់​ខ្លួន​ ជនជាតិ ​ថៃ ទាំង៣​នាក់​នោះ គឺ​ ធ្វើ​ឡើង ​នៅ​បន្ទាប់​ ពី​កម្លាំង​បង្កប់​ របស់ ​សមត្ថកិច្ច​ ក្នុង​ប្រទេស​ ថៃ បាន​ផ្ដល់​ ព័ត៌មាន​មក​ ថា, ពួក​គេ​ មាន​លុយ​ ដុល្លារ​ ក្លែងក្លាយ​ ជាង៧​លាន​ ដុល្លារ​ សហរដ្ឋ​ អាមេរិក (៧​លាន ១​សែន ៦​ម៉ឺន​ដុល្លារ) ចង់​ដូរ​លុយ ​ពិត ​ពី​កម្ពុជា។  លោក​ បន្ត​ថា លុះ​មក​ដល់ ​ព្រឹក​ថ្ងៃ​ ទី​១៩ ខែ​កញ្ញា ខាង​សមត្ថកិច្ច ​បាន​បញ្ឆោត​ ឲ្យ​ជនជាតិ ​ថៃ ទាំង៣​នាក់ ដឹក​លុយ​ ដែល​គ្រោង ​ថា ​នឹង​ត្រូវ​ ធ្វើ​ចរាចរ​ គ្រប់​ចំនួន និង​ដោះ​ដូរ ​នៅ​មាត់​ច្រក ​ព្រំដែន ​តែ​ម្ដង។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ឡាន​ម៉ាក​វីហ្គោ (Hillux VIGO) ដឹក​លុយ​ក្លែងក្លាយ​ចំនួន ៣​កែស ដែល​លុយ​ទាំង​នោះ​សុទ្ធ​តែ​ក្រដាស ១០០​ដុល្លារ ហើយ​ចូល​មក​ដល់​គោលដៅ​នៅ​ត្រង់​ចំណុច​ភូមិ​អូររំដួល ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក កម្លាំង​មាន​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ខ្លួន​បាន​ភ្លាមៗ៖ «បើ​សិន​ ជា​លុយ​ហ្នឹង​ ចរាចរ​ ចូល​ដល់​ ប្រទេស​ខ្មែរ, យើង ​មិន​ដឹង​ ជា​ទៅ​ ជា​ស្អី​ទេ។  អ៊ីចឹង យើង​ ទប់ស្កាត់​ ទាន់​ពេល​វេលា​ ដោយ​មាន​ បទបញ្ជា​ ពី​លោក​ ស្នងការ, ហើយ​ ដឹក​នាំ​បញ្ជា​ផ្ទាល់ ​ដោយ​លោក​ ស្នងការ​រង​ ទទួល​បន្ទុក​ ព្រហ្មទណ្ឌ​ហ្នឹង, ហើយ ​មាន​ការ​ សម្រប​សម្រួល ​ពី​ព្រះរាជ​អាជ្ញា។  យើង​ បាន​ប្រតិបត្តិការ​ ព្រឹក​មិញ​ហ្នឹង។»

របាយការណ៍​ពី​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនជាតិ​ថៃ ទាំង ៣​នាក់​នោះ មាន​ឈ្មោះ ជិត គិត អាយុ ៤៧​ឆ្នាំ ឈ្មោះ ប្លា មូត មាន​តួនាទី​ជា​យោធា​ថៃ និង​ឈ្មោះ ចំរ៉ាត់ វង្សា ជា​មេបញ្ជាការ​កង​អនុ​សេនា​ធំ​លេខ​៥២ របស់​ថៃ។

ពាក់ព័ន្ធ​នឹង​សំណួរ ថា​តើ​ការ​ធ្វើ​ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ​ដ៏​ច្រើន​បែប​នេះ អាច​មាន​ជាប់​ទាក់ទិន​នឹង​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដែរ​ឬ​យ៉ាង​ណា​នោះ? ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ខេត្ត​បាត់ដំបង លោក ជេត វណ្ណី អះអាង​ថា ការ​ជួញ​ដូរ​រូបិយវត្ថុ​ដែល​ផ្ដើម​ដោយ​ភាគី​ថៃ នេះ ទំនង​ជា​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​កម្ពុជា នោះ​ទេ។ ទោះ​ជា​បែប​ណា លោក​និយាយ​ថា នេះ​ជា​របាយការណ៍​បឋម​នៅ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ភស្តុតាង​ទាំង​នេះ គឺ​ជា​បន្ទុក​ដ៏​មាន​សារសំខាន់​ណាស់ ក្នុង​ការ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​បន្ត ក្រោយ​ពី​បញ្ចប់​ការ​ស្រាវជ្រាវ​រួច​រាល់៖ «បញ្ហា​នេះ​ដូចជា​មិន​មាន​ទេ។ គ្រាន់​តែ​យើង​បង្ក្រាប​បាន។ អា​នេះ​ជា​លក្ខខណ្ឌ​មួយ យើង​បង្ក្រាប​បាន​ថា​រូបិយវត្ថុ​ក្លែងក្លាយ។»

ចំណែក​បុគ្គលិក​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក ហេង សាយហុង ចាត់​ទុក​ថា នេះ​ជា​មោទនភាព​មួយ​របស់​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន​កម្ពុជា​ ថៃ។ លោក​ទទួល​ស្គាល់​ថា វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​តាម​ប្រមាញ់ ដើម្បី​ទប់ស្កាត់​រឿង​នេះ។ ហេតុ​នេះ អ្វី​ដែល​កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ពេល​នេះ វា​គឺ​ជា​សំណាង​ល្អ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​ចៀស​ផុត​ពី​ការ​ប្រើប្រាស់​លុយ​ក្លែងក្លាយ​ដូច​នេះ៖ «មាន​ការ​ប្រសើរ ​ណាស់​ដែល​សមត្ថកិច្ច​យើង​នៅ​តាម​ជាយ​ដែន ជាពិសេស​នៅ​តាម​ជាយ​ដែន​ព្រំប្រទល់​កម្ពុជា​ថៃ។ គាត់​មាន​វិធាន​ការ​ល្អ។ រឿង​ការ​ឃាត់ ឬ​ក៏​ចាប់​ក្នុង​បទល្មើស​មួយ ដែល​យើង​មាន​ការ​ពិបាក​ដូច​សព្វថ្ងៃ។»

អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ជា​រឿយៗ ប្រទេស​កម្ពុជា តែង​ជួប​បញ្ហា​នេះ ដោយសារ​តែ​ប្រទេស​កម្ពុជា ភាគ​ច្រើន​បំផុត គឺ​ប្រើប្រាស់​រូបិយវត្ថុ​បរទេស ក្នុង​នោះ​មាន​លុយ​ដុល្លារ​ផង នៅ​ជាយ​ដែន​ភាគី​ខាង​លិច និយម​លុយ​បាត​ថៃ។ ដោយ​ឡែក​នៅ​ជាយ​ដែន​ផ្នែក​ខាង​កើត​វិញ និយម​លុយ​ដុង​វៀតណាម៕



No comments:

Post a Comment