បក្សប្រជាជន បដិសេធ ដាក់ស្ថាប័ន រដ្ឋាភិបាល ឲ្យនៅដាច់ ពីបក្សនយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ២០ កញ្ញា ២០១៤
គណបក្ស ប្រជាជន កម្ពុជា បានចេញ លិខិតមួយ ឆ្លើយតប នឹងក្រុមអង្គការ សង្គមស៊ីវិល ថា, គេ មិនអាច ដាក់ស្ថាប័ន រាជរដ្ឋាភិបាល, អាជ្ញាធរ ជាតិ សវនកម្ម, និងអង្គភាព ប្រឆាំង អំពើ ពុករលួយ ឲ្យនៅដាច់ ពីគណបក្ស នយោបាយ បានទេ ដោយចាត់ទុក ថា, ការរៀបចំ បែបនេះ ជាការហាមឃាត់ មន្ត្រី នៃស្ថាប័ន ទាំងនោះ មិនឲ្យធ្វើ នយោបាយ។
ការឆ្លើយតបនេះ គឺ បន្ទាប់ ពីក្រុមការងារ អង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ ប្រមាណ ១៦០ នាំមុខ ដោយគណៈកម្មាធិការ សហប្រតិបត្តិការ ដើម្បីកម្ពុជា កាលពីថ្ងៃ ទី១០ កញ្ញា បានដាក់ អនុសាសន៍ ចំនួន ១២ចំណុច ដើម្បី ឲ្យគណបក្ស ទាំងពីរ ដែលមានអាសនៈ ក្នុងសភា ធានា ឲ្យបាន នូវប្រសិទ្ធភាព ការអនុវត្ត របៀបវារៈ អភិវឌ្ឍជាតិ ក្នុងអាណត្តិ ទី៥។
ក្រុមអង្គការ មិនមែន រដ្ឋាភិបាល ពន្យល់តប ទៅគណបក្ស ប្រជាជន កម្ពុជាវិញ ថា, អនុសាសន៍ ពួកគេ លើកឡើង គឺ ចង់បាន ឲ្យស្ថាប័ន រដ្ឋាភិបាល សំខាន់ៗ ទាំងនោះ ត្រូវ នៅឯករាជ្យ មិនឋិតក្រោម ឥទ្ធិពល គណបក្ស នយោបាយនានា។
ក្នុងលិខិត ឆ្លើយតប របស់ ក្រុមអង្គការ សង្គមស៊ីវិល ចុះថ្ងៃ ទី១៨ ខែកញ្ញា ផ្ញើទៅគណបក្ស ប្រជាជន កម្ពុជា លើកឡើង ថា, ក្នុងសំណើ របស់ ក្រុមនេះ គឺ ចង់ឲ្យកងកម្លាំង ប្រដាប់អាវុធ, អាជ្ញាធរ ជាតិ, សវនកម្ម, និងអង្គភាព ប្រឆាំង អំពើ ពុករលួយ ដែលជាស្ថាប័ន ជាតិ សំខាន់ គួរតែ ត្រូវបានដាក់ ដោយឡែក ពីឥទ្ធិពល គណបក្ស នយោបាយនានា។
នាយកប្រតិបត្តិ នៃគណៈកម្មាធិការ សហប្រតិបត្តិការ ដើម្បីកម្ពុជា ហៅកាត់ថា ស៊ីស៊ីស៊ី (CCC) លោក សឿង សារឿន មានប្រសាសន៍ នៅរសៀល ថ្ងៃ ទី១៩ ខែកញ្ញា ថា, ក្នុងលិខិត ឆ្លើយតប របស់ គណបក្ស ប្រជាជន កម្ពុជានោះ ហាក់បាន វាយតម្លៃ ខុសគ្នា ពីអត្ថន័យ ដែលសង្គមស៊ីវិល លើកឡើង។ លោក បន្តថា, សង្គមស៊ីវិល ពុំមានបំណង លើកឡើង ពីការរៀបចំ ដែលធ្វើ ឲ្យប៉ះពាល់សិទ្ធិ នយោបាយ របស់ ពលរដ្ឋណា ម្នាក់ឡើយ។
អនុសាសន៍ ដែលក្រុមការងារ អង្គការ សង្គមស៊ីវិល ផ្តល់ឲ្យ គណបក្ស នយោបាយ កាលពីថ្ងៃ ទី១០ កញ្ញា ក៏បាន លើកឡើង ពីប្រសិទ្ធភាព នៃកំណែទម្រង់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត, រដ្ឋសភា, ស្ថាប័នរដ្ឋាភិបាល, តម្លាភាព ក្នុងតួនាទី និងដំណើរការ នៃស្ថាប័ន នីតិប្បញ្ញត្តិ, ការធានា ការបែងចែក អំណាច សំខាន់ៗ ទាំង៣ គឺ ស្ថាប័ន នីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ, និងតុលាការ។ ពួកគេ ស្នើឲ្យ លើកទឹកចិត្ត ការចូលរួម របស់ សង្គមស៊ីវិល និងពលរដ្ឋ ក្នុងដំណើរការ អភិវឌ្ឍ គោលនយោបាយ ជាតិ, ការបង្កើត គោលនយោបាយ ប្រាក់ឈ្នួល អប្បបរមា សម្រាប់ មន្ត្រី និងបុគ្គលិក សាធារណៈ, ការធានា គុណភាព និងសេវា សាធារណៈ, ការលើកកម្ពស់ គណនេយ្យភាព និងអភិបាល កិច្ចល្អ, ការការពារ សិទ្ធិមនុស្ស, និងការលើកកម្ពស់ ការការពារ បរិស្ថាន ជាដើម។
ភ្លាមៗនោះ អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ បានឆ្លើយតប ភ្លាមៗ ថា, សមាជិក សភា គណបក្សនេះ នឹងព្យាយាម អនុវត្ត ឲ្យបាន តាមការស្នើសុំ។ ចំណែក គណបក្ស ប្រជាជន កម្ពុជា បានឆ្លើយតប ទៅក្រុមអង្គការ មិនមែន រដ្ឋាភិបាលវិញ តាមរយៈលិខិត ចុះថ្ងៃ ទី១៥ ខែកញ្ញា។ ក្នុងនោះ បញ្ជាក់ថា, ចំណុច ជាច្រើន ដែលស្នើឡើង គឺ មាននៅក្នុង គោលនយោបាយ របស់ គណបក្សនេះ រួចហើយ។ រីឯ ចំណុច មួយចំនួនទៀត ដូចជា បញ្ហាទាក់ទង នឹងការបោះឆ្នោត, ការដំឡើង បៀវត្សមន្ត្រី រាជការ សាធារណៈ, គណបក្ស កំពុង យកចិត្តទុកដាក់ ដោះស្រាយ។ គណបក្សប្រជាជន កម្ពុជា បានបញ្ជាក់ទៀត ថា, ការដាក់ស្ថាប័ន រាជរដ្ឋាភិបាល, អាជ្ញាធរ ជាតិ សវនកម្ម, និងអង្គភាព ប្រឆាំង អំពើ ពុករលួយ ឲ្យនៅដាច់ ពីគណបក្ស នយោបាយ បានទេ ជាការហាមឃាត់ មន្ត្រី នៃស្ថាប័ន ទាំងនោះ មិនឲ្យធ្វើ នយោបាយ ដែលប៉ះពាល់ ដល់រដ្ឋធម្មនុញ្ញ និងច្បាប់ បោះឆ្នោត ស្ដីពី សិទ្ធិនយោបាយ របស់ ពលរដ្ឋ។
យ៉ាងណា នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា ស៊ីស៊ីស៊ី លោក សឿង សារឿន លើកឡើងថា ការឆ្លើយតបនេះ គឺជាសញ្ញាល្អមួយក្នុងភាពជាដៃគូ។
សង្គមស៊ីវិលសង្ឃឹមដែរថា ពួកគេនឹងអាចដើរតួនាទីសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់តម្លាភាព គណនេយ្យភាព ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ៕
No comments:
Post a Comment