កម្ពុជា ធ្វើជាម្ចាស់ផ្ទះ លើកទី១ នៃសន្និសីទ ប្រឆាំង អំពើពុករលួយ នៅអាស៊ី ប៉ាស៊ីហ្វិក
RFA / វិទ្យុ អាស៊ី សេរី | ២ កញ្ញា ២០១៤
កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង នៃសន្និសីទ ប្រឆាំង អំពើពុករលួយ ក្នុងតំបន់ អាស៊ី ប៉ាស៊ីហ្វិក។ សន្និសីទនេះ មានមន្ត្រីជំនាញ ប្រឆាំង អំពើពុករលួយ មកពី៣៥ ប្រទេស ចូលរួម ពិភាក្សា ផ្លាស់ប្ដូរ យោបល់គ្នា ដើម្បី ចងក្រង ជាយុទ្ធសាស្ត្រ ប្រឆាំង អំពើពុករលួយ នៅពេល ខាងមុខ។
សន្និសីទ ប្រឆាំង អំពើពុករលួយ លើកទី៨ នឹងចាប់ផ្ដើម ដំណើរការ នៅថ្ងៃទី៣ ខែកញ្ញា។ ប៉ុន្តែ នៅព្រឹកថ្ងៃ ទី២ ខែកញ្ញា ក្រុមការងារ នៃប្រទេស ជាសមាជិក ទាំងអស់ បើកកិច្ចប្រជុំមួយ ជាមុនសិន មុន នឹងសម្រេច បើកសន្និសីទ ជាផ្លូវការនោះ។ ក្នុងកិច្ចប្រជុំនោះ ភាគី ក្រុមការងារ នៃប្រទេស ជាសមាជិក ទាំងអស់ ជជែកគ្នា [ត្រង់ទៅត្រង់ មក?]ពីបញ្ហា ពុករលួយ ដែលកើតមាន ក្នុងប្រទេស របស់ខ្លួន ទាំងអស់ រាប់ទាំង ពីប្រសិទ្ធភាព នៃការប្រឆាំង អំពើពុករលួយ និងមូលហេតុ ដែលធ្វើ ឲ្យពលរដ្ឋ របស់ខ្លួន មិនមានជំនឿចិត្ត លើប្រព័ន្ធ គ្រប់គ្រង របស់រដ្ឋ។
ក្នុងកិច្ចប្រជុំ ក្រុមការងារនោះ មន្ត្រី អង្គភាព ប្រឆាំង អំពើពុករលួយ អនុញ្ញាត ឲ្យអ្នកសារព័ត៌មាន ស្តាប់, តែ ខ្លឹមសារ បើកអង្គប្រជុំប៉ុណ្ណោះ, ហើយ មិនអនុញ្ញាត ឲ្យអង្គុយស្តាប់ ខ្លឹមសារ លំអិតឡើយ។
ប្រធាន ក្រុមប្រឹក្សា ជាតិ ប្រឆាំង អំពើពុករលួយ លោក តុប សំ មានប្រសាសន៍ ថា, ការរៀបចំ កិច្ចប្រជុំ នៅកម្ពុជា លើកនេះ ជាការចែករំលែក បទពិសោធន៍ រវាង ប្រទេស ជាសមាជិក លើប្រធានបទ ប្រយុទ្ធប្រឆាំង អំពើពុករលួយ និងចងក្រងគ្នា ជាប្រព័ន្ធ ដើម្បី ទប់ស្កាត់ អំពើពុករលួយ ឆ្លងដែន។
លោក តុប សំ បានប្រដូច អំពើពុករលួយ ទៅជាមហារីក នៃសង្គម ដែលធ្វើ ឲ្យសង្គមជាតិ ទាំងមូល ធ្លាក់ចុះ ជាលំដាប់ តាំងពីផ្នែក សីលធម៌សង្គម, យុត្តិធម៌សង្គម, និងឈាន ទៅធ្វើ ឲ្យពលរដ្ឋ បាត់បង់ជំនឿចិត្ត លើអង្គការរដ្ឋ ថែមទាំង អាចធ្វើ ឲ្យមានវិបត្តិ នយោបាយ ទៀតផង។
លោក ក៏បានលើកឡើង ពីគុណសម្បត្តិ របស់ ស្ថាប័ន ប្រឆាំង អំពើពុករលួយ នៅកម្ពុជា តាំងពី ការចងក្រងច្បាប់, ការអប់រំ ផ្សព្វផ្សាយ, រហូត ដល់ការចាប់ខ្លួន មន្ត្រីធំៗ ក្នុងស្ថាប័ន រដ្ឋាភិបាល និងតុលាការ ជាដើម៖ «អង្គភាព ប្រឆាំង អំពើពុករលួយ និងរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំង អំពើពុករលួយ មកពីយល់ ថា, អំពើពុករលួយ ជាឧបសគ្គ ចម្បង ដល់ការអនុវត្ត អភិបាលកិច្ច។»
ទោះជាបែបណាក្តី ច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ក៏ត្រូវរងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់សង្គមស៊ីវិលដែរ។ ចំណុចដែលគេរិះគន់ថា អង្គភាពប្រឆាំងអំពើពុករលួយមិនអាចធ្វើការងារដោយឯករាជ្យនោះនៅ ត្រង់អង្គភាពប្រឆាំងអំពើពុករលួយស្ថិតក្រោមបញ្ជារបស់ នាយករដ្ឋមន្ត្រី។ សង្គមស៊ីវិលជឿថា បើសំណុំរឿងពុករលួយពាក់ព័ន្ធនឹងសែស្រឡាយនាយករដ្ឋមន្ត្រី នោះអង្គភាពមួយនេះទំនងជាមិនហ៊ានចាត់ការឡើយ។ ម្យ៉ាងទៀត ការប្រកាសទ្រព្យសម្បត្តិក្នុងស្រោមសំបុត្រ ក៏ជាឧបសគ្គដែលរារាំងចំពោះការចូលរួមរបស់ពលរដ្ឋក្នុងការតាមដាន និងប្រយុទ្ធប្រឆាំងអំពើពុករលួយដែរ។
សន្និសីទប្រឆាំងអំពើពុករលួយលើកទី៨ ឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍។ មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ីឲ្យដឹងថា សន្និសីទឆ្នាំនេះមានគោលបំណងស្តារទំនុកចិត្តរបស់ពលរដ្ឋចំពោះ រដ្ឋាភិបាលវិស័យឯកជននិងសង្គមស៊ីវិល។ សន្និសីទនេះ ក៏ធ្វើឡើងដើម្បីរួមគ្នារកដំណោះស្រាយរួមដើម្បីឆ្លើយតបចំពោះ បញ្ហាពុករលួយនៅអាស៊ីប៉ាស៊ីហ្វិក។ សន្និសីទនេះក៏នឹងបើកឲ្យពលរដ្ឋទូទៅចូលរួមស្ដាប់ដែរ ប៉ុន្តែអ្នកដែលមានបំណងចូលរួមស្ដាប់អាចទៅទាក់ទងអង្គភាពប្រឆាំង អំពើពុករលួយបាន ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកសន្និសីទនៅថ្ងៃទី៣ ខែកញ្ញា៕
No comments:
Post a Comment