HRW៖ កុមារ ខ្មែរ ជាច្រើន ដែលចំណាកស្រុក ទៅថៃ កំពុង បាត់បង់សិទ្ធិ ជាមូលដ្ឋាន
RFA / វិទ្យុ អាស៊ី សេរី | ២ កញ្ញា ២០១៤
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ (Human Rights Watch, HRW) រកឃើញ ថា, កុមារកម្ពុជា ជាច្រើននាក់ ដែលធ្វើ ចំណាកស្រុក ទៅប្រទេស ថៃ កំពុងបាត់បង់ សិទ្ធិសេរីភាព ជាមូលដ្ឋាន នៅពេល ពួកគេ ត្រូវ គេ បញ្ជូនឲ្យទៅ រស់នៅ បណ្ដោះអាសន្ន ក្នុងមណ្ឌល សម្រាប់កុមារ ចំណាកស្រុក។
របាយការណ៍ ផ្សព្វផ្សាយ នៅថ្ងៃ ទី២ ខែកញ្ញា របស់ អង្គការ ដដែល បញ្ជាក់ថា, ក្នុងមណ្ឌលនោះ ពួកគេ ខ្វះខាត អាហារបរិភោគ, ខ្វះសេវា សុខភាព, ការអប់រំ, និងការកម្សាន្ត ដែលចាំបាច់ សម្រាប់កុមារ។ ករណីនេះ ក្រុមអង្គការ មិនមែន រដ្ឋាភិបាល នៅកម្ពុជា ប្រាថ្នា ឲ្យរដ្ឋាភិបាល ចាត់វិធានការ ជួយកុមារ ទាំងនោះ ជាបន្ទាន់។
ក្រុមអង្គការ មិនមែន រដ្ឋាភិបាល ធ្វើការងារ ផ្នែកសិទ្ធិមនុស្ស ជំរុញ ឲ្យក្រសួង ការបរទេស កម្ពុជា ចាប់ផ្ដើម ស៊ើបអង្កេត និងរិះរក មធ្យោបាយ យ៉ាងណា ដែលអាចធានា ថា, កុមារខ្មែរ ដែលធ្វើ ចំណាកស្រុក ទទួលបាន សិទ្ធិ ជាមូលដ្ឋាន។
សំណើ របស់ ក្រុមអង្គការ មិនមែន រដ្ឋាភិបាល ធ្វើឡើង បន្ទាប់ ពីអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ រកឃើញ ថា, កុមារកម្ពុជា ជាច្រើន ដែលធ្វើ ចំណាកស្រុក ជាមួយ ឪពុកម្ដាយ របស់ ពួកគេ ត្រូវ ការចាំបាច់ នូវសិទ្ធិសេរីភាព ជាមូលដ្ឋាន នៅពេល ពួកគេ ត្រូវ បញ្ជូនឲ្យទៅ រស់នៅ ក្នុងមណ្ឌល សម្រាប់កុមារ ចំណាក ស្រុក។
ក្នុងរបាយការណ៍ កម្រាស់ ជាង៦០ទំព័រ អង្គការនេះ បានសម្ភាសកុមារ ៤១នាក់ និងវ័យជំទង់ ចំនួន ៦០នាក់ ដែលជាប់ នៅក្នុងមណ្ឌល ក្នុងប្រទេសថៃ ទាំងនោះ។ កុមារទាំងនោះ បញ្ជាក់ថា, ពួកគេ ត្រូវ ឲ្យរស់នៅ បែកពីឪពុកម្ដាយ, ពុំមាន អាហារ ហូបចុក គ្រប់គ្រាន់, ពុំទទួលបាន សេវាសុខភាព ត្រឹមត្រូវ, ពុំបាន ទទួលការអប់រំ និងការកម្សាន្ត ដែលកុមារ ត្រូវការ។ បញ្ហាទាំងនោះ ធ្វើឲ្យប៉ះពាល់ ដល់ការ លូតលាស់ ទាំងផ្នែក រាងកាយ និងបញ្ញាស្មារតី របស់កុមារ។ យ៉ាងណា អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ ពុំបានបញ្ជាក់ ថា, កុមារកម្ពុជា នៅទីនោះ មានចំនួន ប៉ុន្មាននាក់ឡើយ, គឺ គ្រាន់តែ បញ្ជាក់ថា ជារៀងរាល់ឆ្នាំ មានកុមារ ប្រមាណ ២.៥០០នាក់ មកពីកម្ពុជា និងឡាវ បានចូល ទៅកាន់មណ្ឌល ទាំងនោះ។ ចំណែក របាយការណ៍ របស់ អង្គការ អន្តរជាតិ ទេសន្តរប្រវេសក៍ មកដល់ ពេលនេះ មានកុមារ ជាង ៣៧ម៉ឺននាក់ កំពុងរស់នៅ ចំណាកស្រុក ក្នុងប្រទេស ថៃ, ភាគច្រើន មកពីប្រទេស ភូមា, បន្ទាប់មក គឺ កម្ពុជា។
អ្នកគ្រប់គ្រង បច្ចេកទេស ឃ្លាំមើល ការរំលោភ សិទ្ធិមនុស្ស នៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ ថា, ក្រសួង ការបរទេស កម្ពុជា ត្រូវ ចាប់ផ្ដើម ការងារចាំបាច់ មួយចំនួន ក្នុងការ រកមធ្យោបាយ ជួយឲ្យពួកគេ ទទួលបាន សិទ្ធិ ជាមូលដ្ឋាន ឡើងវិញ៖ «ស្ថានទូតយើង ឬក្រសួង ការបរទេសហ្នឹង គឺ ត្រូវតែ ពិនិត្យមើល កុមារកម្ពុជាយើង ដែលនៅក្នុង មណ្ឌលហ្នឹង ធ្វើឲ្យពួកគេ ទទួលបាន កិច្ចការពារ ដោយសមរម្យ ក្នុងនាម ជាកុមារ។»
មិនខុសគ្នាដែរ អនុប្រធាន ផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគម ការពារ សិទ្ធិមនុស្ស អាដហុក (Adhoc) អ្នកស្រី លឹម មុនី មានប្រសាសន៍ ថា, រដ្ឋាភិបាល មានតួនាទី សំខាន់ ក្នុងការទាក់ទង ជាមួយ រដ្ឋាភិបាល ក្នុងប្រទេស ថៃ ដើម្បី ឲ្យសិទ្ធិ ទាំងឡាយ របស់កុមារ ត្រូវ អនុវត្ត៖ «បញ្ហាធំ បែបនេះ គឺ ត្រូវតែ រដ្ឋាភិបាល ដែលលោក មានអំណាច នៅក្នុង ការធ្វើកិច្ចការងារ ហ្នឹង។ ចំណែក ចំណុចខ្វះខាត ដោយប្រការ ណាមួយ, យើង ចាំបំពេញបន្ថែម។»
ឆ្លើយតបនឹងសំណើនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា កន្លងមកមានករណីកុមារមួយចំនួនត្រូវបញ្ជូនទៅមណ្ឌលថែរក្សាកុមារ ដែលនៅពេលដែលទៅជាមួយឪពុកម្ដាយ ពួកគេមានទោសជាប់ពន្ធនាគារដោយប្រការផ្សេងៗ ឬកុមារដែលត្រូវមេខ្យល់នាំទៅប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃ ចាប់បាន ជាដើម។ លោក កុយ គួង បន្តថា ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ កំពុងបំពេញការងារមួយចំនួនជាមួយភាគីថៃ ដើម្បីអោយកុមារខ្មែរដែលធ្វើចំណាកស្រុកទាំងឡាយ បានទទួលសិទ្ធិជាមូលដ្ឋានពេញលេញ៖ «ភាគីថៃ កន្លងមកនេះ គឺបានសន្យាថា ធ្វើអោយពួកគាត់មានសិទ្ធិដូចពលករដទៃនៅប្រទេសថៃ ដែរ គេក៏បានសន្យារៀបចំកូនៗហ្នឹងអោយចូលរៀនត្រឹមត្រូវនៅសាលាដូចគេ ដូចឯង។»
លោក កុយ គួង បញ្ជាក់ថា មកដល់ពេលនេះ មណ្ឌលច្រកចេញចូលតែមួយ ដែលសហការរវាងអាជ្ញាធរកម្ពុជា និងថៃ បានផ្ដល់ភាពស្របច្បាប់ទៅអោយពលករចំណាកស្រុក ដែលធ្វើការនៅប្រទេសថៃ នោះបានចំនួនជាង ៣៧ម៉ឺននាក់ ក្នុងនោះមានកុមារ និងសមាជិកគ្រួសារដែលទៅជាមួយមានចំនួនជាង ២ម៉ឺននាក់។
ក្នុងករណីនេះ នៅក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានបញ្ជក់ដែរថា តាមច្បាប់អន្តោប្រវេសន៍របស់ថៃ រាល់ការឆ្លងដែនចូលក្នុងប្រទេសនេះដោយខុសច្បាប់ គឺត្រូវផាកពិន័យ និងជាប់ពន្ធនាគារ។ អង្គការនេះ ក៏បាន អំពាវនាវ ទៅស្ថាប័ន អន្តរជាតិ ពាក់ព័ន្ធ, រួមមាន៖ អង្គការ សហប្រជាជាតិ និងសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ ( ហៅកាត់ថា អាស៊ាន, Asean) អោយធ្វើការជាមួយរដ្ឋាភិបាលថៃ ដើម្បីធានាបញ្ចប់អំពើរំលោភសិទ្ធិកុមារចំណាកស្រុក និងបញ្ចប់អំពើជួញដូរកុមារទៅក្នុងប្រទេសថៃ៕
No comments:
Post a Comment