Paris Peace Accords 23 Oct. 1991

Sunday, September 28, 2014

តើ កម្ពុជា មានចេតនា លាក់បាំង ព័ត៌មាន ពីកិច្ចព្រមព្រៀង ទទួល ជនភៀសខ្លួន ឬយ៉ាងណា?​ Cambodia is intentionally keeping the public in the dark re refugee deal?

តើ កម្ពុជា មានចេតនា លាក់បាំង ព័ត៌មាន ពីកិច្ចព្រមព្រៀង ទទួល ជនភៀសខ្លួន ឬយ៉ាងណា?​

VOD | ២៨ កញ្ញា ២០១៤


រដ្ឋមន្ត្រី អន្តោប្រវេសន៍ អូស្រ្តាលី លោក ស្កុត ម៉ូរីសុន (ធ្វេងដៃ) និងរដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ លោក ស ខេង ក្នុងពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀង កាលពីថ្ងៃ ទី២៦ ខែកញ្ញា (រូបថត ដោយ កាន់ វិច្ឆិកា)
​ 
កាលពី​ថ្ងៃ ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ ជាមួយ ​រដ្ឋមន្ត្រី​ ការបរទេស ​អូស្ត្រាលី លោកស្រី Julie Bishop នៅ​វិមាន​ សន្តិភាព ​រាជធានី​ ភ្នំពេញ​។  ក្នុងជំនួប​នោះ រដ្ឋមន្ត្រី ការបរទេស ​អូស្ត្រាលី ​បាន​ស្នើសុំ​ ឲ្យ​កម្ពុជា​ ពិចារណា ​ក្នុង​ការទទួលយក​ ជន​ភៀសខ្លួន ​ពី​ប្រទេស ​អូស្ត្រាលី​ មក​តាំង​ ទីលំនៅ​ ថ្មី​ នៅ​កម្ពុជា​។​

​ការស្នើសុំ​នេះ ​ស្រប​ពេល ​កម្ពុជា កំពុង​ជួប​វិបត្តិ​ នយោបាយ គឺ​ តំណាងរាស្ត្រ គណបក្ស ​សង្គ្រោះ​ជាតិ​ ទាំង​៥៥​រូប ​មិន​ទាន់ ​ចូល​សភា ដើម្បី ​ធ្វើការ​ ជាមួយ ​តំណាងរាស្ត្រ ​គណបក្ស​ ប្រជាជន​ កម្ពុជា ​ចំនួន​ ៦៨​រូប​។​  ការ​មិន​ចូល​ សភា​នេះ មាន​ការរិះគន់​ ថា,​ រដ្ឋាភិបាល ​កម្ពុជា​ មិន​ស្របច្បាប់ ខណៈ​ មាន​ការអំពាវនាវ​ ពី​សហគមន៍ ​អន្តរជាតិ​ ឲ្យ​ភាគី​ ទាំងពីរ​ ចរចា​ ជាមួយ​គ្នា ដើម្បី ​រក​ដំណោះស្រាយ ​នយោបាយ ​រួម។  ក្នុងនោះ​ ក៏​មាន​ប្រទេស​ អូស្ត្រាលី ​ផងដែរ​។​

​សហគមន៍ ​អន្តរជាតិ​ ដែល​តែងតែ ​រិះគន់ ​ពី​បញ្ហា​ សិទ្ធិមនុស្ស និង​ការបោះឆ្នោត ​នៅ​កម្ពុជា, រួម​មាន ​សហរដ្ឋ អាមេរិក, សហភាព​ អឺរ៉ុប, និង​ប្រទេស ​អូស្ត្រាលី​។​


បន្ទាប់ ​ពី​ការស្នើសុំ ​របស់​ ប្រទេស ​អូស្ត្រាលី ​ទៅ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការទទួលយក ​ជ​ន​ភៀសខ្លួន ការចរចា​ ជា​បន្តបន្ទាប់​ ជាមួយ​ មន្ត្រីជាន់ខ្ពស់ ​រាជ​រដ្ឋាភិបាល ​កម្ពុជា​ បាន ​កើតឡើង​។  ​រដ្ឋមន្ត្រី ​ក្រសួង ​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ ព្រំដែន ​អូស្ត្រាលី​ លោក ស្កុត ម៉ូ​រី​សុន ​(Scott Morrison) បាន​បំពេញ​ ទស្សនកិច្ច ​នៅ​កម្ពុជា និង​ជួប​ជាមួយ ​រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ លោក ស ខេង ដើម្បី ​ពិភាក្សា​ ពី​លទ្ធភាព ​នៃ​ការទទួលយក​ ជនភៀសខ្លួន​។​  តែ​ ព័ត៌មាន នៃ​ជំនួបនេះ ​មិន​ត្រូវ​ បាន​បង្ហាញ ​ជា​ផ្លូវការ​ ពី​ក្រសួង ការបរទេស ​កម្ពុ​ជា និង​ក្រសួង​ មហាផ្ទៃ ​នោះទេ​។ 

​នៅពេល សាកសួរ មន្ត្រី​ ក្រសួង ការបរទេស​ កម្ពុ​ជា ​គ្រាន់តែ​ លើកឡើង​ ថា, ​កម្ពុជា ​យល់ព្រម​ ជាគោលការណ៍ ​ទៅលើ​ ការទទួល​ ជនភៀសខ្លួន​ ​ទាំងនេះ និង​កំពុង​សិក្សា​ បន្ថែម​ទៀត​ មុន​ចុះ​ កិច្ចព្រមព្រៀង​។​  ព័ត៌មាន​ នៃ​ការសិក្សា ​មុន​ចុះ​ កិច្ចព្រមព្រៀង​ ទទួលយក​ ជនភៀសខ្លួន ​មិន​ត្រូវ​ បាន​ទម្លាយ​ ជា​ផ្លូវការ​ ឲ្យដឹង​ នោះទេ​។ 

​រហូត មកដល់​ថ្ងៃ​ ទី​២៤ ខែ​កញ្ញា ក្រសួង ការបរទេស​ កម្ពុជា ​បាន​ចេញ​សេចក្តី​ ជូន​ព័ត៌មាន ​មួយ ​ថា, ​កម្ពុជា ​នឹង​ចុះហត្ថលេខា​ ជា​ផ្លូវការ ​ជាមួយ ​រដ្ឋាភិបាល ​អូស្ត្រាលី ​ក្នុង​ការ ទទួលយក​ ជន​ ភៀសខ្លួន​ នៅ​ថ្ងៃ ទី​២៦ ខែ​កញ្ញា​។​  នេះ​ ជា​លើកដំបូង​ ដែល​រដ្ឋាភិបាល ​កម្ពុជា ​បញ្ចេញ​ព័ត៌មាន​ ទាក់ទង​ នឹង​កិច្ច​ព្រមព្រៀង​ លើ​ជនភៀសខ្លួន​។​

​មុន​ការចុះ ហត្ថលេខា គណៈកម្មាធិការ​ ប្រព្រឹត្តិ​កម្ម ​នៃ​អង្គការ​ សមាគម ​ការពា​រ​ សិទ្ធិមនុស្ស ​(ហៅ​ កាត់​ថា​ CHRAC) បាន​ជំរុញ​ ឲ្យ​រដ្ឋាភិបាល ​កម្ពុជា និង​អូស្រា្តលី​ ប​ញេ្ចញ​ព័ត៌មាន ​ជា​ក់​លាក់ ទាក់​ទង នឹង​ជនភៀសខ្លួន​ អូស្រា្តលី ដើម្បី ​ពិភាក្សា​ ស្វែងរក​ ដំណោះស្រាយ ដោយ​បារម្ភ​ ថា, អ្នក​ទាំងនោះ ​នឹង​បង្ក​ អស្ថិរភាព​ សង្គម​។​  សេចក្តីថ្លែងការណ៍​ របស់​ CHRAC​ ជំរុញ​រដ្ឋាភិបាល​ ទាំង​ពីរ​ បង្ហាញ​ព័ត៌មាន ​ថា, ​តើ​ ជន​ភៀសខ្លួន​ ចេញ ពី​មន្ទីរ ឃុំឃាំង​ ណាខ្លះ?  តើ ​ជនភៀសខ្លួន ​ប្រភេទ​ណា ​ត្រូវ​ បញ្ជូន​មក​ កម្ពុជា​?  សេចក្តី ថ្លែងការណ៍​ បន្ត​ថា, ​តើ ​ទឹកប្រាក់ ​ប៉ុន្មាន ​ដែល​រដ្ឋាភិបាល​ កម្ពុជា និង​អូស្ត្រាលី ​បាន​សន្យា​ ជាមួយ​គ្នា, ហើយ​ ត្រូវ ចំណាយ លុយ​ប៉ុន្មាន ​លើ​ជនភៀសខ្លួន ​ទាំងនោះ​? សេចក្តី ថ្លែងការណ៍​ បន្ថែ​ម​ទៀត​ ថា, ​តើ​ ជនភៀសខ្លួន​នោះ ​នឹង​មក​តាំង​ លំនៅ​នៅ​ កម្ពុជា​ ពេលណា, ហើយ ​បន្ត​បញ្ជូន ​ទៅ​មន្ទីរ​ ឃុំឃាំង​ ផ្សេងទៀត​ នៅ​ប្រទេស ​កម្ពុជា ​ឬ​អត់​?

​នៅ​ថ្ងៃ​ចុះហត្ថលេខា អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​សម្តែង​ការខកចិត្ត​ដោយសារ​តែ​ភាគី​ទាំងពីរ​មិន​បាន​ផ្តល់​ ឱកាស​ដល់​អ្នកកាសែត​ក្នុងការ​សួរនាំ​ព័ត៌មាន​។ ភាគី​ទាំងពីរ​បាន​ត្រឹមតែ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ធម្មតា​មួយ​។​

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម លោក សួន ប៊ុន​ស័ក្កិ យល់​ថា​ការមិនធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ​បង្ហាញ​ថា​រដ្ឋាភិបាល​ដែល​កើត​ ពី​ប្រជាធិបតេយ្យ​មិន​ប្រកាន់​យក​គោលការណ៍​តម្លាភាព​។ លោក​ថា​រដ្ឋាភិបាល​គួរតែ​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ កម្ពុជា​បាន​ដឹង​ពី​លទ្ធ​ភាព​ទទួលយក​ជន​ភៀសខ្លួន​។​

​តាម​ការស្ទង់មតិ​លើ​ទំព័រ​ហ្វេ​សប៊ុក​VOD អ្នកលេង​ហ្វេ​សប៊ុក​៩៩,៩៩​ភាគរយ​ហើយ​ដែល​មិន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​។​ បើ​តាម​សង្កេត​នៅលើ​ហ្វេ​សប៊ុក​ជាទូទៅ អ្នកលេង​ហ្វេ​សប៊ុក​ភាគច្រើនក៏​មាន​ការរិះ​គន់​ទៅលើ​កិច្ចព្រមព្រៀង​នេះ​ដែរ ​។​

​មុន​ពេល​ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ គ្នា លោក ស្កុត ម៉ូ​រី​សុន បាន​ប្រាប់​សារព័ត៌មាន​អូស្ត្រាលី​ABC​ថា ប្រទេស​អូស្ត្រាលី​នឹង​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​៣៥​លាន​ដុល្លារ​អាមេរិក លើ​ជំនួយ​ដែល​មាន​ស្រាប់​ប្រមាណ​៧០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​លើ​ផ្នែក​អង្ករ ការដោះមីន និង​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ជាដើម​។ លោក​បន្ត​ថា​រដ្ឋាភិបាល​អូស្ត្រាលី នឹង​ចំណាយ​លើ​ការ​ស្នាក់នៅ​ផ្សេងៗ​ទៀត​ដល់​ជនភៀសខ្លួន​។​ព័ត៌មាន​នេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ប្រាប់​ទៅ​ដល់​ប្រជាជន​កម្ពុជា ដែល​ជា​ម្ចាស់​ប្រទេស​។ 

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ព័ត៌មាន​ថា​កម្ពុជា​ទទួល​ជំនួយ​៣៥​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ ការទទួលយក​ជនភៀសខ្លួន​។​តែ​លោក​ថា​ប្រហែល​ជា​រដ្ឋាភិបាល​អូស្ត្រាលី​ត្រៀម​ ជា​កញ្ចប់​ថវិកា​មួយចំនួន​ជួយ​ដល់​កម្ពុជា​។​លោក​ថា​ការទទួលយក​ជនភៀសខ្លួន​ នេះ​ជា​ការបង្ហាញ​សកម្មភាព​មនុស្សធម៌ ដែល​កម្ពុជា​អាច​ចូលរួម​ចំណែក​ជួយ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​រួម​របស់​ប្រទេស​ទាំង​ពីរ ឲ្យដឹងថា​រដ្ឋាភិបាល​អូស្ត្រាលី​សន្យា​ថា​ខ្លួន​នឹង​ជួយ​ប្រទេស​កម្ពុជា​ ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ទូទៅ​ដើម្បី​ធ្វើឲ្យ​ការងារទទួល​ជនភៀសខ្លួ​ន ពី​ប្រទេស​អូស្ត្រាលី​ទទួលបាន​ជោគជ័យ​។​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យដឹង​ទៀត​ ថា អូស្ត្រាលី​នឹង​ប្រើប្រាស់​បទពិសោធន៍ និង​ជំនាញ​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការពង្រឹង​ការគាំទ្រ​ ផ្តល់​ទីលំនៅ​ដល់​ជនភៀសខ្លួន​នៅ​ប្រទេស​កម្ពុជា​។ សេចក្តីប្រកាស​រួម​បន្តថា ជា​ផ្នែក​នៃ​ការប្តេជ្ញាចិត្ត​នេះ ប្រទេស​អូស្ត្រាលី​នឹង​ទទួល​រ៉ាប់រង​ផ្ទាល់​លើ​ថ្លៃ​ចំណាយ​ក្នុង​ការបញ្ជូន​ ជនភៀសខ្លួន រួម​ទាំង​ការគាំទ្រ​ចាំបាច់​ដល់​ជនភៀសខ្លួន និង​ការកសាង​សមត្ថភាព​របស់​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា​កម្ពុជា​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការទទួល និង​សមាហរណកម្ម​ជនភៀសខ្លួន​ដោយ​ជោគជ័យ​។​

​ដោយសារតែ​ការ​លាក់បាំង​ព័ត៌មាន​ទាក់ទង​នឹង​ការទទួលយក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី ប្រជាជន​កម្ពុជា​ភាគច្រើន​មិន​បានដឹង​៖

១.​ថា​តើ​កម្ពុជា​ទទួលបាន​ផល​ប្រយោជន៍​អ្វីខ្លះ​ពី​ការទទួល​ជនភៀសខ្លួន​នេះ ក្រៅ​ពី​ជំនួយ​មនុស្សធម៌​?

២.​ថា​តើ​កម្ពុជា​ពិតជា​ទទួលបាន​ជំនួយ​ឥត​សំណង​ពី​ប្រទេស​អូស្ត្រាលី​ដែរឬទេ​?​ទទួល​ប៉ុន្មាន​ដែរ​?​យក​ទៅ​ធ្វើ​អ្វី​ដែរ​?

៣.​តើ​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​អ្វី​ទៀត​ទៅ​ថ្ងៃ​អនាគត​?​អូស្ត្រាលី ​បញ្ឈប់​ការរិះគន់​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក​ម្ពជា​? អូស្ត្រាលី​នឹងមាន​ទំនាក់ទំនង​កាន់តែ​ល្អ​ជាមួយ​កម្ពុជា​? អូស្ត្រាលី​នឹង​ផ្តល់​ជំនួយ​កាន់តែ​ច្រើន​នៅ​កម្ពុជា​? អូស្ត្រាលី​នឹង​ឈប់​រិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា​?

៤.​តើ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​យ៉ាងដូចម្តេច​ចំពោះ​ជនភៀសខ្លួន​ទៅនោះ​?​ដាក់​ ពួកគេ​នៅ​កន្លែង​ណា​?​ពេល​ណា​ទទួល​ជនភៀសខ្លួន​ទាំងនោះ​?​រៀបចំ​ ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងដូចម្តេច​? តើ​ពួកគេ​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ឬ​យ៉ាងណា​?​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ គួរតែ​ត្រៀម​ខ្លួន​អ្វីខ្លះ​? តើ​រដ្ឋាភិបាល​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ក្នុងការ​ធ្វើ​កិច្ចការ​នេះ​?

​ប្រសិនបើ​សំណួរ​ទាំងនេះ​ត្រូវ​បាន​ពន្យល់ ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​អាច​ថ្លឹងថ្លែង​ពី​ផលប៉ះពាល់ និង​ផលប្រយោជន៍ និង​អាច​បញ្ឈប់​ការរិះគន់​។​

​លោក ស្កុត ម៉ូ​រី​សុន បានឲ្យដឹង​ទៀតថា ការផ្ទេរ​ជនភៀសខ្លួន​មក​កម្ពុជា​អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ​២០១៤​ នេះ ដោយ​មិន​មាន​ការកំណត់​ចំនួន​ឡើយ​។ លោក​បន្ត​ថា​ការផ្ទេរ​ជនភៀសខ្លួន​នេះ​នឹង​ជួយ​ប្រទេស​អូស្ត្រាលី​អាច​សម្រេច ​នូវ​គោលនយោបាយ «​មិន​មាន​នរណា​ម្នាក់​ម​ក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​»​

​នៅ​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មួយ​ចំនួន​បាន​តវ៉ា​ប្រឆាំង​នឹង​ កិច្ចព្រមព្រៀង​ទទួល​ជនភៀសខ្លួន​នេះ ដោយ​អះអាង​ថា​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​លើ​ពលរដ្ឋ​រងគ្រោះ​របស់ខ្លួន​ សិន​។ អ្នក​តវ៉ា​លើកឡើងថា​ជាតិ​សាសន៍​ខ្លួនឯង​កំពុង​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី មិន​ទាន់​ដោះស្រាយ​បាន​ផង បែរ​ទៅ​ជា​ទទួលយក​ជនភៀសខ្លួន​ខុសច្បាប់​ឲ្យចូល​មក​ក្នុង​ប្រទេស​ខ្លួន​ទៅវិញ ​។​

​សមាគម​ការពារ​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អាដហុក លោក ធន សារាយ យល់​ថា​ការបិទបាំង​ព័ត៌មាន​ពី​ការទទួលយក​ជនភៀសខ្លួន​នេះ ហាក់​មាន​ភាពមិនប្រក្រតី​មួយចំនួន​កើតឡើង​។ លោក​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នកមាន ឬ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទទួលខុសត្រូវ​លើ​ជន​ទាំងនោះ​ឡើយ ដូច្នេះ​ការទទួលយក​នេះ​ប្រហែល​ដោយសារ​កម្ពុជា​ទទួលបាន​ផលប្រយោជន៍​អ្វី​ ម្យ៉ាង​ពី​រដ្ឋាភិបាល​អូស្ត្រាលី​។​លោក​បន្ថែមថា កម្ពុជា​មិន​ត្រូវ​ទទួលយក​ជនភៀសខ្លួន​ទាំង​នោះ​ដោយសារតែ​ទទួលបាន​ជំនួយ​ នោះទេ​។​

​សម្រាប់​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​បញ្ចេញ​មតិ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកថា «ហេតុផល​នៅ​ខាងក្រោយ​កិច្ចព្រមព្រៀង​នេះ​អាច​បណ្តាលមកពី​ប្រទេស​អូស្ត្រាលី​ នឹង​ឈប់​ធ្វើការ​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា​អាចនឹងទទួល​បាន​ភាព​ស្របច្បាប់ និង​លុយ ហើយ​អូស្ត្រាលី​នឹង​អាច​សម្រាល​បញ្ហា​របស់​ខ្លួន និង​ការពារ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ថ្មី​។ ហើយ​វា​ក៏​ជា​កិច្ចព្រមព្រៀង​ឈ្នះ​ឈ្នះ​សម្រាប់​ទាំង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង Abbot (​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​)​។ ចំណែក​ជនភៀសខ្លួន និង​ប្រជាជន​កម្ពុជា​គឺជា​អ្នកចាញ់​ក្នុង​កិច្ចព្រមព្រៀង​នេះ៕​»



No comments:

Post a Comment