កម្ពុជា នៅមិនទាន់ ស្នើថៃ ដកទ័ពចេញ ពីតំបន់ ប្រាសាទ ព្រះវិហារ
RFA / វិទ្យុ អាស៊ី សេរី | ១ កញ្ញា ២០១៤
កម្ពុជា នៅតែ មិនស្នើថៃ ដកទ័ពចេញ ពីតំបន់ ប្រាសាទ ព្រះវិហារ ឡើយ។ នេះ ជាការអះអាង របស់ រដ្ឋមន្ត្រី ក្រសួង ការពារជាតិ លោក ទៀ បាញ់ ក្នុងពេល ដែលលោក ជួបសវនាការ ជាមួយ មេទ័ពថ្មី របស់ថៃ គឺ លោក តាណាសក្តិ ប៉ាទីម៉ាប្រាកន (Natasak Patimapragorn) នាទីស្ដីការ ក្រសួង ការពារជាតិ កម្ពុជា នៅថ្ងៃ ទី១ ខែកញ្ញា។
ដំណើរ ទស្សនកិច្ច របស់ ប្រមុខយោធាថៃ មកកាន់កម្ពុជា ពេលនេះ គឺ ធ្វើឡើង ដើម្បី ស្នើសុំ ការទទួលស្គាល់ រដ្ឋាភិបាលថ្មី របស់ ថៃ ដែលមេ រដ្ឋប្រហារ យោធា លោក ប្រាយុទ្ធ ចាន់អូចា (Brayuth Chan Ocha) ទើបត្រូវ បានសភាថៃ បោះឆ្នោត ឲ្យធ្វើ នាយករដ្ឋមន្ត្រី កាលពីខែ សីហា កន្លងទៅ។ ភាគីថៃ បានស្នើ ឲ្យកម្ពុជា យោគយល់ នយោបាយ ផ្ទៃក្នុងថៃ, ហើយ បន្តកិច្ចសហប្រតិបត្តិការ ក្នុងនាម ជាប្រទេស ជិតខាង ល្អ។ ក៏ប៉ុន្តែ កម្ពុជា មិនបាន ស្នើឲ្យ ភាគីថៃ ដកទ័ពចេញ ពីតំបន់ ប្រាសាទ ព្រះវិហារ តាមដីកាបង្គាប់ របស់ តុលាការ អន្តរជាតិ ទីក្រុង ឡាអេ នោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មានប្រសាសន៍ប្រាប់អ្នកកាសែតថា ភាគីថៃ សន្យារដ្ឋសន្តិសុខនៅតាមព្រំដែន និងសន្យាថែរក្សាការពារពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ ដោយយកចិត្តទុកដាក់ រួមមានការផ្ដល់សេវាសុខាភិបាល និងសេវាអប់រំសម្រាប់កូនៗពលករខ្មែរ ជាដើម។ លោកបន្តថា កម្ពុជា និងថៃ ក៏ជជែកគ្នាពីបញ្ហាមួយចំនួនទាក់ទិននឹងព្រំដែននៃប្រទេសទាំងពីរ ដែរ ហើយចំណុចដែលពិភាក្សាមិនទាន់ត្រូវរ៉ូវគ្នានោះ នឹងបន្តជជែកគ្នានៅពេលក្រោយ។
ចំពោះការអនុវត្តសាលដីការឿងព្រះវិហារ វិញ លោក ទៀ បាញ់ បញ្ជាក់ថា លោកមិនអាចឆ្លើយជួសថៃ ថានឹងដកទ័ពពេលណាទេ ហើយកម្ពុជា ក៏មិនបានលើករឿងនេះជជែកជាមួយថៃ ដែរ៖ «អារឿងដករឿងអីហ្នឹង សុទ្ធតែសុទ្ធតែរបស់គេទាំងអស់ យើងឃើញថា គេយល់ទាំងអស់អ្វីដែលគេធ្វើទៅហើយ គេមិនបានរំលឹកឡើងវិញ ហើយអ្វីដែលមិនទាន់ធ្វើគេនឹងធ្វើ។»
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទៅទស្សនកិច្ចនៅប្រទេសថៃ កាលពីចុងខែកក្កដា ហើយក៏គ្រោងពិភាក្សាជាមួយថៃ ពីបញ្ហាព្រះវិហារដែរ ប៉ុន្តែថៃ មិនព្រមជជែកទេ។ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ក៏ធ្លាប់បញ្ជាក់ថា ការពន្យារជជែករឿងព្រះវិហារ ជាមួយថៃ ជាការយោគយល់របស់កម្ពុជា។ ប៉ុន្តែលោកថា កម្ពុជា មិនអាចបណ្ដោយឲ្យភាគីថៃ ចេះតែពន្យារពេលក្នុងបញ្ហានេះទេ។
ទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ នេះ អគ្គនាយកអាជ្ញាធរព្រះវិហារ លោកសាស្ត្រាចារ្យ ជុច ភឿន ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ការអភិវឌ្ឍនៅតំបន់ប្រាសាទព្រះវិហារ មិនមានអ្វីចោទនោះឡើយ។ លោកថា អ្នកជំនាញអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទ អាចបំពេញការងារធម្មតា តែចំពោះរឿងរ៉ាវទាក់ទងនឹងយោធា ភាគីយោធានៃប្រទេសទាំងពីរជាអ្នកចេញមុខចរចាគ្នា។
ទោះជាបែបណាក្តី អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច លើកឡើងថា រដ្ឋាភិបាលថៃ នៅពេលនេះ សុទ្ធជាក្រុមមនុស្សដែលផ្ដួចផ្ដើមគំនិតចង់បានប្រាសាទព្រះវិហារ ហេតុនេះ កម្ពុជា ត្រូវតែទាមទារឲ្យថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។
លោកបន្តថា ថៃ នៅតែព្យាយាមពន្យារពេលម្ដងហើយម្ដងទៀត ក្នុងបំណងរកលេសកាន់កាប់ប្រាសាទព្រះវិហារ រួមគ្នាជាមួយកម្ពុជា ហើយកម្ពុជា មិនត្រូវភ្លេចការឈ្លានពានរបស់ថៃ កាលពីមុនជាដាច់ខាត៖ «ឥឡូវនេះរដ្ឋាភិបាលថ្មីនេះជារដ្ឋាភិបាល មានឥទ្ធិពលទាំងកងទ័ព ទាំងរាជវាំង ទាំងនៅក្នុងរដ្ឋាភិបាល ដូច្នេះកម្ពុជា ត្រូវប្រើប្រាស់ឱកាសមាសនេះដើម្បីឲ្យថៃ ដកទ័ពចេញពីប្រាសាទព្រះវិហារ គោរពតាមការបកស្រាយសាលក្រម។ រដ្ឋាភិបាលត្រូវដើរតួប្រាប់អាស៊ានពីបញ្ហានេះ។»
ថៃ បានឈ្លានពានប្រាសាទព្រះវិហារ តាំងពីឆ្នាំ២០០៨ បន្ទាប់ពីអង្គការយូណេស្កូ (NESCO) បានដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កងទ័ពកម្ពុជា និងថៃ បានផ្ទុះអាវុធជាច្រើនដងច្រើនសា មុននឹងកម្ពុជា បញ្ជូនសំណុំរឿងប្រាសាទព្រះវិហារ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យបកស្រាយសាលក្រមតាំងពីឆ្នាំ១៩៦៥។ តុលាការអន្តរជាតិ ក៏បានបកស្រាយសាលក្រមតាមបណ្ដឹងរបស់កម្ពុជា តាំងពីចុងឆ្នាំ២០១៣ បង្គាប់ឲ្យថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។ ទោះបីជាថៃ មិនព្រមដកទ័ពចេញក៏ដោយ ក៏កម្ពុជា មិនបានលើកយកបញ្ហានេះទៅជជែកក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេស ភូមា ឬមីយ៉ាន់ម៉ា ដែរ ខណៈដែលវៀតណាម បានលើកយកសំណុំរឿងជម្លោះជាមួយចិន ទៅជជែកគ្នាក្នុងកិច្ចប្រជុំការបរទេសអាស៊ាននេះ៕
No comments:
Post a Comment