ខ្មែរ នៅក្រៅប្រទេស គ្រោងធ្វើ បាតុកម្ម ទាមទារ ប្រាក់ខែ កម្មករ ១៧៧ដុល្លារ
RFA / វិទ្យុ អាស៊ី សេរី | ១៥ កញ្ញា ២០១៤

កម្មករប្រមូលផ្ដុំគ្នាបិទផ្លូវសហព័ន្ធរុស្ស៊ី
មុខក្រសួងការងារ ទាមទារសុំឡើងប្រាក់ខែគោល ១៦០ដុល្លារ
នៅព្រឹកថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣។ RFA/Mom Sophon
ពលរដ្ឋខ្មែរ រស់នៅ ក្រៅប្រទេស រួមមាន កាណាដា និងសហរដ្ឋ អាមេរិក ជាដើម គ្រោងធ្វើ បាតុកម្ម នៅថ្ងៃពុធ ទី១៧ ខែកញ្ញា ខាងមុខ នៅតាមតំបន់ ដែលពួកគេ រស់នៅ ដើម្បី ទាមទារ សូម ដំឡើង ប្រាក់ឈ្នួល កម្មករ ឲ្យបាន ១៧៧ដុល្លារ អាមេរិក។
អ្នករៀបចំ បាតុកម្ម នៅក្រុង ម៉ុងរ៉េអាល់ នៃប្រទេស កាណាដា លោក ជួប សំណាង មានប្រសាសន៍ ប្រាប់វិទ្យុ អាស៊ី សេរី តាមទូរស័ព្ទ ថា, គោលបំណង សំខាន់ នៃការ ធ្វើបាតុកម្មនេះ គឺ ជំរុញ ឲ្យក្រុមហ៊ុន ធំៗ ដែលបញ្ជា ទិញផលិតផល សំលៀកបំពាក់ កាត់ដេរ គាបសង្កត់ ដល់ម្ចាស់ រោងចក្រ នៅកម្ពុជា គិតគូរ ពីស្ថានភាព រស់នៅ ដ៏លំបាក របស់ កម្មករ ដែលមាន ប្រាក់ខែទាប។
លោក ជួប សំណាង៖ «យើង នឹងធ្វើបាតុកម្ម នៅតាម បណ្ដាខេត្ត និងក្រុង មួយចំនួន នៅកាណាដា និងនៅសហរដ្ឋ អាមេរិក ដែលរៀបចំឡើង ដោយអង្គការ សហជីពមួយ ឈ្មោះ Workers’ United។ គោលបំណង ដើម្បី ទាមទារយុត្តិធម៌ ពីសំណាក់ អ្នកបញ្ជាទិញ មានក្រុមហ៊ុន H&M, Gap, Walmart និង Puma ជាដើម។ គោលបំណង មួយទៀត ដើម្បី ទាមទារ ដំឡើង ប្រាក់ខែឈ្នួល កម្មករ ១៧៧ដុល្លារ ទៅដល់ កម្មករ កម្មការិនី នៅកម្ពុជា។»
លោក ជួប សំណាង គូសបញ្ជាក់ថា ការធ្វើបាតុកម្មព្រមៗគ្នានេះ គឺជាយុទ្ធនាការជាតិនិងអន្តរជាតិដែលគេរំពឹងថា នឹងមានអ្នកចូលរួមដ៏ច្រើន ដែលនាំគ្នាពាក់អាវយឺតលេខ ១៧៧ និមិត្តសញ្ញាការទាមទារដំឡើងប្រាក់ខែគោល ១៧៧ដុល្លារ ឲ្យកម្មករនៅកម្ពុជា។
ទាំងលោក ជួប សំណាង អ្នករៀបចំបាតុកម្មនៅក្រុងម៉ុងរ៉េរ៉ាល់ និងអ្នកស្រី ហៃ វរលក្ខន៍ អ្នករៀបចំការតវ៉ានៅក្រុងតូរ៉ុនតូ នៃប្រទេសកាណាដា បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់នៅតាមតំបន់នានា ចូលរួមបាតុកម្មឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាជួយដល់ពលរដ្ឋខ្មែរ ជាពិសេសកម្មកររោងចក្រដែលជួបបញ្ហាលំបាកក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃ៕
No comments:
Post a Comment