សង្គមស៊ីវិល ទាមទារ ឲ្យស្ថាប័នរដ្ឋ បើកចំហ ព័ត៌មាន សាធារណៈ
RFA / វិទ្យុ អាស៊ី សេរី | ២៨ កញ្ញា ២០១៤
សិក្ខាសាលា ជាតិ អំពី សិទ្ធិ ទទួលព័ត៌មាន
នាសណ្ឋាគា រអ៊ីនធើ ខនធីណិនថល (Inter-Continental Hotel) រាជធានី ភ្នំពេញ
កាលពីថ្ងៃ ទី៤ ខែធ្នូ ឆ្នាំ២០១៣។ RFA/Keo Nimol
ក្រុម អង្គការ សង្គមស៊ីវិល ចំនួន ៣០, រួមមាន វិទ្យាស្ថាន តស៊ូមតិ និងគោលនយោបាយ (API), អង្គការ តម្លាភាព កម្ពុជា (TI), មជ្ឈមណ្ឌល កម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM), មណ្ឌល ព័ត៌មានស្ត្រី កម្ពុជា (WMC), និងអង្គការ ក្រៅរដ្ឋាភិបាល ចំនួន ២៦ទៀត នៅថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំនេះ បានចេញ សេចក្ដី ថ្លែងការណ៍មួយ ប្រារព្ធ ទិវា សកលលោក លើកទី១១ ស្តីពី សិទ្ធិដឹង ដោយសិទ្ធិនេះ ត្រូវ បានកំណត់ ជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស ដទៃៗ ទៀត។
ទិវា សកលលោក ស្តីពី សិទ្ធិដឹង មានគោលបំណង លើកកម្ពស់ សិទ្ធិពលរដ្ឋ ក្នុងការទទួលបាន ព័ត៌មាន សាធារណៈ ពីស្ថាប័នរដ្ឋ ដោយសារ ព័ត៌មានមាន សក្តានុពល ប៉ះពាល់ ដល់គ្រប់ទិដ្ឋភាព នៃជីវភាព របស់ ពលរដ្ឋ ខណៈពួកគេ ជាអ្នក បង់ពន្ធ ផ្ទាល់ជូនរដ្ឋ។ ដូច្នេះ ពួកគេ ចង់ដឹង អំពី ការចំណាយ នៃថវិកា ទាំងនោះ ប្រកប ដោយតម្លាភាព។ ពួកគេ ត្រូវការដឹង អំពី ការសម្រេចចិត្ត, ការអនុវត្ត សេចក្ដី សម្រេចចិត្ត, និងអ្នក ដែលត្រូវ ទទួលខុសត្រូវ ចំពោះ ការសម្រេចចិត្ត។ ពលរដ្ឋ ចង់បាន ការធានា ថា, អាជ្ញាធរ ផ្តល់សេវា សាធារណៈ ដល់ពួកគេ ប្រកប ដោយតម្លាភាព និងប្រសិទ្ធភាព។
លោក សេក បរិសុទ្ធ ទីប្រឹក្សា វិទ្យាស្ថាន តស៊ូមតិ និងគោល នយោបាយ និងជាអ្នក សម្របសម្រួល ក្រុមការងារ សិទ្ធិ ទទួលព័ត៌មាន បានប្រាប់ វិទ្យុ អាស៊ី សេរី តាមទូរស័ព្ទ កាលពីយប់ ថ្ងៃ ទី២៧ កញ្ញា ថា, សិទ្ធិ ក្នុងការទទួល បានព័ត៌មាន របស់ ពលរដ្ឋ គឺ មានសារសំខាន់ ណាស់ ដើម្បី អាច ឲ្យពួកគេ ធ្វើការ សម្រេចចិត្ត ត្រឹមត្រូវ ក្នុងកិច្ចការ នយោបាយ, កិច្ចការសង្គម, និងកិច្ចការ សម្រាប់ជីវភាព ប្រចាំថ្ងៃ។
ក្រុម សង្គម ស៊ីវិល ទាំង៣០ បានផ្ដល់ អនុសាសន៍ ជូនរាជរដ្ឋាភិបាល កម្ពុជា អាណត្តិ ទី៥, សភាជាតិ នីតិកាល ទី៥ គឺ ទាមទារ ឲ្យក្រសួង, មន្ទីរ, និងអង្គភាពនានា របស់រដ្ឋ បើកចំហ ព័ត៌មាន សាធារណៈ, ជាពិសេស តម្លៃសេវាកម្ម, នីតិវិធី ក្នុងការទទួលបាន សេវា, និងពេលវេលា កំណត់ ដោយច្បាប់។ ពង្រឹងសមត្ថភាព ស្ថាប័ន និងបង្កើត នូវយន្តការ ទាំងឡាយ ដើម្បី ធានា ថា, ប្រជាជន កម្ពុជា នឹងទទួលបាន ព័ត៌មាន ពេញលេញ។ អនុម័តច្បាប់ ស្តីពី សិទ្ធិ ទទួលបាន ព័ត៌មាន ដោយមាន ការចូលរួម ពិគ្រោះយោបល់ និងទទួលយក នូវអនុសាសន៍ ពីស្ថាប័ន សង្គមស៊ីវិល ពាក់ព័ន្ធ ថែមទាំង បញ្ជាក់ ឱ្យបានច្បាស់ អំពី ព័ត៌មានណា ដែលត្រូវ រក្សាជាការសម្ងាត់។ បង្កើនសមត្ថភាព បុគ្គលិក រដ្ឋាភិបាល ក្នុងការផលិត និងចែកចាយ ព័ត៌មាន។
ផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ អំពី សិទ្ធិ ទទួលបាន ព័ត៌មាន និងលើកទឹកចិត្ត ពលរដ្ឋ ឱ្យចូលរួម ក្នុងការស្វែងរក ព័ត៌មាន សាធារណៈ ទាំងឡាយ ដែលពាក់ព័ន្ធ នឹងជីវភាព រស់នៅ ប្រចាំថ្ងៃ។ បង្កើតឱ្យមានបរិយាកាសអំណោយផលប្រសើរជាងមុនសម្រាប់ការចូលរួមរបស់ ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
បើតាមលោក បរិសុទ្ធ បច្ចុប្បន្នសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានកំពុង ស្ថិតក្នុងការតាក់តែង និងរៀបចំឡើងដោយក្រសួងព័ត៌មាន ហើយសេចក្ដីព្រាងច្បាប់នេះ គេនៅមិនទាន់ដឹងថា ត្រូវបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅពេលណាជាក់លាក់នោះឡើយ៕
No comments:
Post a Comment