Paris Peace Accords 23 Oct. 1991

Sunday, September 28, 2014

ពលរដ្ឋ​ អះអាង​ ថា​, ថៃ​ បន្ត​រំកិល​ ព្រំដែន​ យក​ដី​ខ្មែរ ​នៅ​ប៉ៃលិន | Villagers say Thailand continues to expand border posts, taking Khmer land in Pailin

ពលរដ្ឋ​ អះអាង​ ថា​, ថៃ​ បន្ត​រំកិល​ ព្រំដែន​ យក​ដី​ខ្មែរ ​នៅ​ប៉ៃលិន

RFA / ​វិទ្យុ ​អាស៊ី សេរី |៨ កញ្ញា ២០១៤

ព្រំដែន ប៉ៃលិន ៣០៥
បង្គោល​ព្រំដែន ​លេខ ៦៤ នៅ​ចំណុច ​អូរអែម, សង្កាត់ ​បរយ៉ាខា, ក្រុង ​ប៉ៃលិន។  RFA/Morm Moniroth

ដី​កសិកម្ម​ ជា​ច្រើន​ហិកតារ​ របស់ ​កសិករ​ខ្មែរ​ ក្នុង​សង្កាត់​ បរយ៉ាខា, ក្រុង ​ប៉ៃលិន ត្រូវ​ បាន​ថៃ រំកិល​ព្រំដែន ​ចូល​យក ​បន្ថែម​ទៀត ក្នុង​ពេល ​​ថ្មីៗ​នេះ។  ម្ចាស់​​ដី ​អះអាង ​ថា, ពួក​គាត់ ​ពុំ​​មាន​ លទ្ធភាព​ទប់ស្កាត់ ក្រៅ​ពី​បង់​បោះ​ ទាំង​ស្ដាយ​ ស្រណោះ ​នោះ​ឡើយ។  ចំណែក ​មន្ត្រី​ ជាន់ខ្ពស់ ​ខេត្ត​ ប៉ៃលិន​វិញ អះអាង ​ថា, ការ​​ពិត ​ដី​​នៅ​​ចំណុច​ ដែល​មាន​ព័ត៌មាន​ ថា ថៃ ​រំកិល​នោះ គឺ​ ជា​តំបន់​ ត្រូវ​ ហាមឃាត់ និង​ជា​តំបន់​ ស ​ថែម​ទៀត​ផង។

ប្រជាពលរដ្ឋ ​ដែល​ជា​ម្ចាស់ ​ដី​ ទម្លាក់​ការ​​ទទួល​​ ខុស​ត្រូវ​ ក្នុង​រឿង​ ធ្វើ​ឲ្យ​ដី​​ ត្រូវ ​​បាត់បង់​​នេះ ​ថា, គឺ​ ជា​បន្ទុក​ របស់​ មន្ត្រី​ជំនាញ​ នៅ​ថ្នាក់ក្រោម​ ជាតិ និង​រដ្ឋាភិបាល ​ដែល​ពុំ​បាន​ពង្រឹង​ គោលនយោបាយ ​ក្នុង​ការ​​គ្របគ្រង ​​ដី ​នៅ​តាម​ព្រំ​​ដែន​ ឲ្យ​មាន​ ប្រសិទ្ធភាព ជា​ហេតុ​ ធ្វើ​ឲ្យ​ភាគី ​ថៃ បន្ត​​រំកិល ព្រំដែន ​ចូល​កម្ពុជា ជា​បន្តបន្ទាប់។

ពលរដ្ឋ ​រស់​នៅ ​សង្កាត់​ បរយ៉ាខា, ក្រុង ​ប៉ៃលិន ជាប់​ព្រំដែន ​​កម្ពុជា-​ថៃ ដែល​ថ្លែង​ ក្នុង​លក្ខខណ្ឌ​ មិន​បញ្ចេញ​ឈ្មោះ បាន​ចោទ​ប្រកាន់ ​ថា, មូលហេតុ ​ដែល​​ថៃ អាច​បន្ត​រំកិល ​ព្រំដែន ​ចូល​មក ​ក្នុង​ទឹក​ដី ​កម្ពុជា បាន​រហូត​នេះ ក្នុង​ពេល​​បច្ចុប្បន្ន ទំនង​ ជា​រដ្ឋាភិបាល ​ពុំ​មាន​ឆន្ទៈ ​ក្នុង​​ការ​ការពារ ​នូវ​អធិបតេយ្យភាព និង​បូរណភាព​ ទឹក​​ដី ​​របស់​ខ្លួន។  ហេតុ​នេះ ​ទើប ​ភាគី​ថៃ ចេះ​បន្ត​ រំកិល​ព្រំដែន ​ចូល​មក​​ កម្ពុជា ទាំង​ក្នុង​អតីតកាល និង​សព្វថ្ងៃ​ បាន​ដោយ​ងាយ។

លោក​ បន្ត​ថា៖ «គេ​ យក​ហ្នឹង​, គេ​ យក​មុន​យើង ​បោះឆ្នោត។  អ៊ីចឹង​ តាំង​​ពី​ហ្នឹង​មក, ​យើង​ អត់​មាន ​ធ្វើ​អី​ បាន​ទេ។  យក​ក្នុង​ឆ្នាំ​ ២០១៣ ហ្នឹង​ហើយ។  អ៊ីចឹង ​ក្នុង​រដូវ​ យើង​ដាំដុះ​ហ្នឹង ទៅ​គេ​ ដេញ​ តែម្ដង។  ទៅ​ក្នុង​ខែ​​ប្រាំ, ខែ​ប្រាំមួយ​ហ្នឹង ទៅ​ថៃ​ ដេញ​ហើយ។»

ពាក់ព័ន្ធ ​ក្នុង​រឿង​នេះ លោក រ៉ុង ឈុន ជា​តំណាង​ សមាជិក ​ក្រុម​ប្រឹក្សា​ ឃ្លាំមើល​ កម្ពុជា ដែល​ជា​​ញឹកញយ ស្ថាប័ន​បាន ​ត្រួត​ពិនិត្យ​ រឿង​ព្រំដែន ​ដែរ​នោះ ចាត់​ទុក​ ថា, អ្វី​ ដែល​ប្រទេស​ ជិត​ខាង​ អាច​ធ្វើព្យុះ​ ធ្វើ​ភ្លៀង​ បាន​ក្នុង​រឿង ​ព្រំដែន​​នេះ គឺ​​ ដោយសារ​ កម្ពុជា​ តែង ​ធ្វេសប្រហែស ​និង​ពុំ​សូវ​ ដែល​បាន ​ខ្វល់ខ្វាយ ​ប៉ុន្មាន​ឡើយ ​រឿង​​ព្រំដែន។  បើ​សិន ​ជា​មន្ត្រី ​អនុវត្ត​ ទាំង​នោះ, ​ពុំ​មាន​ផលប្រយោជន៍ ​ណា​មួយ​ទេ។  ជា​ពិសេស រដ្ឋាភិបាល ​​ផ្ទាល់ ​ពុំ​​ដែល​​ បំផុស ​ប្រជាពលរដ្ឋ​ ឲ្យ​ចេះ​​ស្រឡាញ់​ បូរណភាព​ ទឹកដី​ របស់​ខ្លួន ​ម្ដង​ ណា​​ឡើយ។

ទាក់ទិន​ នឹង​ដី ​នៅ​​ចំណុច​ ព្រំដែន​​ បរយ៉ាខា​នេះ, ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ ទី​នោះ ​និយាយ​ ថា, ភាគី​​ថៃ​ បាន​​រំកិល ​ចូល​មក​ កម្ពុជា​នេះ មុន​ពេល​​ បោះឆ្នោត​ សកល ​ឆ្នាំ​២០១៣ និង​ក្រោយ​ពេល ​អតីត ​មេ​ប៉ុស្តិ៍​វរ ​ការពារ​ព្រំដែន លោក មួន ទឹម (ហៅ ញ៉ន) ត្រូវ​ បាន​អង្គភាព ​​ព្រំដែន ​របស់​លោក ​ដក​បញ្ឈរជើង និង​ដាក់​ទណ្ឌកម្ម ​នៅ​ស្នងការ​ ខេត្ត​ប៉ៃលិន អស់​ពេល​ ជា​ច្រើន​​ខែ មុន​នឹង​ផ្ទេរ​ទៅ​ ឲ្យ​កាន់​ ទីតាំង ​ផ្សេង​វិញ។

ប្រភព​ បន្ត​ថា, ដី ​របស់​ កម្ពុជា ដែល​បាត់បង់ ​ថ្មី​ទៀត ​នៅ​ពេល​​នេះ គឺ​ ជា​ប្រភេទ​ ដី​ កសិកម្ម, ហើយ ​ប្រជាពលរដ្ឋ​ បាន​ដាំដុះ និង​បង្កបង្កើត​ផល ​ជា​យូរ​​ឆ្នាំ​ មក​​ហើយ។  វិទ្យុ ​អាស៊ី ​សេរី សុំ​ការ​បំភ្លឺ​ ជា​ច្រើន​ដង​ តាម​​ទូរស័ព្ទ ពាក់ព័ន្ធ ​រឿង​​នេះ ពី​មេបញ្ជាការ​ វរ​ការពារ​ព្រំដែន ​គោក​លេខ ៨២១ លោក អ៊ុំ នន និង​ស្នងការ ​ខេត្ត​ប៉ៃលិន លោក ជា ច័ន្ទឌឹន, ប៉ុន្តែ​​ ទូរស័ព្ទ ​របស់​លោក ​ពុំ​មាន​ អ្នក​ទទួល​ឡើយ។

បើ ​​ទោះ​​ ជា​បែប​នេះ ​ក៏​ដោយចុះ, អភិបាល​ខេត្ត​ ប៉ៃលិន លោក កើត សុធា បដិសេធ​ ថា, រហូត​ មក​ដល់​នេះ លោក​ នៅ​ពុំ​ទាន់​​ ទទួល​បាន ​ព័ត៌មាន ​ជុំវិញ ​ភាគី​ថៃ រំកិល​​ព្រំដែន ​​ចូល​មក​ ក្នុង​អធិបតេយ្យភាព​​ របស់ ​កម្ពុជា នៅ​ឡើយ​ទេ។  ក៏ប៉ុន្តែ លោក​ អះអាង​ ថា, នៅ​ចំណុច ​ទួល​​រំដេង ដែល​សង្ស័យ​​ ថា មាន​​ការ​ រំកិល​ព្រំដែន​​នេះ គឺ​ ជា​តំបន់ ​ត្រូវ ​ហាមឃាត់ និង​ថែម​ទាំង​ ជា​តំបន់ ​ស ​​ទៀត​ផង។

លោក​​ បន្ត​ថា ការ​ពិត ​ទី​តាំង​​ ទាំង​នោះ គឺ ​​អាជ្ញាធរ​ បាន​​ជូន​ ដំណឹង​​ម្ដង​ ជា​ពីរ​ដង ​រួច​មក​ហើយ, ពុំ​​អនុញ្ញាត​ ឲ្យ​ប្រជាពលរដ្ឋ​ ចូល​ទៅ​ កាប់​គាស់ ឬ​ថា ទៅ​​បង្ក​បង្កើត​ ផល​អ្វី​ឡើយ៖ «ការ​យល់​ច្រឡំ​ទេ, ការ​វាយ​តម្លៃ ព្រោះ​ កន្លែង​ហ្នឹង​ គឺ​ នៅ​ចន្លោះ​មួយ​ ដែល​យើង​ នៅ​ដូរ​​ទេ។  វា ​មិន​មែន ​ជា​ការ​យក​ មិន​យក​អី​ទេ តាម​ខ្ញុំ​ មើល ​នោះ​ណា។  ប៉ុន្តែ ​ដោយសារ​ ប្រជាជន​យើង, ​គាត់ ​ឥត​សូវ​ បាន​គិត​ ពី​រឿង​ ផល​ប៉ះពាល់ ​នៅ​​តំបន់​ហ្នឹង​ទេ, ព្រោះ ​តំបន់​ហ្នឹង​ តំបន់​ ហាមឃាត់។  យើង​ ហាម​ឃាត់​គាត់​ មិន​ឲ្យ​ ចូល​ទៅ​ ផ្ដេសផ្ដាស​ទេ, ព្រោះ ​តំបន់​នោះ​ ជា​តំបន់​ ជាប់​ព្រំដែន​ សីមា។  យើង​ មិន​ទាន់ ​ច្បាស់លាស់។  ដល់​អ៊ីចឹង, ​គាត់ ​ចេះ​តែ​ ចូល​ទៅ, ហើយ​ យើង​ ហាមឃាត់​ ឥត​បាន។  ដល់​អ៊ីចឹង​ ទៅ​ខាង​ណោះ ​គេ​ អត់​អាច​ មាន​អី, ព្រោះ ​ឥឡូវ​នេះ ខ្ញុំ​ អត់​ទាន់ ​ទទួល​ព័ត៌មាន ​រឿង​ដី​ទេ។»

លោក រ៉ុង ឈុន ដែល​ជា​តំណាង ​នៃ​សមាជិក​ ក្រុម​ប្រឹក្សា​ ឃ្លាំមើល​ កម្ពុជា ចាត់​ទុក ​ថា, វា ​ជា​រឿង ​ដែល​​គួរ​ ចម្លែក​បំផុត នៅ​​ពេល​ណា​ ដែល​​និយាយ​ ពី​តំបន់ ​ស, គឺ ​គេ ​ពុំ​ដែល​​ឃើញ​ តំបន់​ ស​ ស្ថិត​នៅ​ក្នុង​ ទឹក​ដី ​នៃ​ប្រទេស ​ជិត​ខាង ម្ដង​ណា​ទេ។  ក៏ប៉ុន្តែ​​ ផ្ទុយ​ទៅ​វិញ កាល​ណា​ គិត​ពី​តំបន់​ ស តែង​ ជា​ចំណុច​ ដែល​ស្ថិត​នៅ ​​ក្នុង​ទឹក​ដី ​របស់​​ កម្ពុជា ជា​ដរាប ទាំង​ជាមួយ ​ព្រំដែន​ កម្ពុជា-​វៀតណាម និង​ព្រំដែន​ កម្ពុជា-​ថៃ។

លោក​ បន្ត​ថា ជាពិសេស​តាម​រយៈ​តំបន់​ស​នេះ​ហើយ ដែល​​ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា មួយ​ផ្នែក​​ធំ​ត្រូវ​បាត់​បង់​ជា​បន្តបន្ទាប់​មក ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដូច​ជា​តាមរយៈ​ការ​កំណត់​តម្រុយ​បង្គោល​ព្រំដែន និង​ការ​រំកិល​ព្រំ​ប្រទល់​របស់​​ប្រទេស​​ជិត​ខាង​​កម្ពុជា ជា​ដើម៖ «ជុំវិញ​បញ្ហា​បរទេស​ជិត​ខាង ទាំង​យួន ទាំង​សៀម តែងតែ​រំលោភ​បំពាន​រាល់​ថ្ងៃ​មក​លើ​អធិបតេយ្យភាព បូរណភាព​ទឹក​ដី​នៃ​កម្ពុជា​យើង ដោយសារ​តែ​លោក ហ៊ុន សែន មាន​ភាព​កម្សោយ ហើយ​មិន​បាន​ប្រើប្រាស់​លទ្ធភាព​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ ហើយ។យើង​គិត​ថា មេដឹកនាំ​ដែល​មិន​បាន​យកចិត្ត​ទុក​ដាក់​ចំពោះ​អធិបតេយ្យភាព បូរណភាព​ទឹកដី​បន្ត​ទៅ​ទៀត។ យើង​គិត​ថា​វា​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ខ្មែរ​យើង គួរ​តែ​ចូល​និវត្តន៍​ប្រសើរ​ជាង។»

ជាប់​ទាក់ទិន​រឿងរ៉ាវ​នេះ ដែល​​ឈាន​ដល់​ការ​​បាត់បង់​ទឹកដី​បន្ថែម​​ទៀត មុន​ការ​បោះឆ្នោត​សកល​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ ដែល​​ធ្វើ​ឲ្យ​ដី​ជា​ច្រើន​ហិកតារ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៣​គ្រួសារ ត្រូវ​បាន​​ភាគី​​ថៃ គ្រប់គ្រង​វិញ​នោះ គឺ​ទីតាំង​នេះ​មាន​​ប្រវត្តិ​ដ៏​ចម្រូងចម្រាស​ម្ដង​រួច​ហើយ កាល​ពី​ខែ​មីនា ឆ្នាំ​២០១២។

កាល​ណោះ​អតីត​មេ​ប៉ុស្តិ៍​នៃ​អង្គភាព​វរការពារ​ព្រំដែន​ប្រចាំ​ទិស​ បរយ៉ាខា លោក មួន ទឹម ហៅ ញ៉ន ត្រូវ​បាន​ស្នងការ​ខេត្ត​ប៉ៃលិន ដក​ហូត​តួនាទី និង​ដាក់​ទណ្ឌកម្ម បន្ទាប់​ពី​លោក​ត្រូវ​បាន​អង្គភាព​រក​ឃើញ​ពី​កំហុស​​ថា ជួយ​ការពារ និង​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នករាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ចុះ​សិក្សា​ពី​បង្គោល​ឡាក់​លេខ ៦៤។ កា​បាត់បង់​​នេះ នៅ​មិន​​ទាន់​​គិត​ពី​តំបន់​​ផ្សេង​ទៀត​នៅ​ឡើយ​​ផង នៅ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន​កម្ពុជា-​ថៃ ដូច​គ្នា​ដែរ។

នៅ​​ឃុំ​អូរបីជាន់ ស្រុក​​អូរជ្រៅ ក្នុង​​ខេត្ត​បន្ទាយមានជ័យ ឯណោះ​វិញ គឺ​ត្រង់​បង្គោល​ឡាក់​លេខ ៤៣ ភាគី​ថៃ តែង​​ចូល​ធ្វើ​​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​ជា​រៀង​​រាល់​ឆ្នាំ រហូត​មក​ដល់​​ពេល​​នេះ ទំនាស់​​នេះ​នៅ​មិន​ទាន់​ដោះ​​ស្រាយ​បញ្ចប់​នៅ​ឡើយ​ផង។

ប្រជាពលរដ្ឋ​ដែល​​រស់នៅ​ទីតាំង​នោះ និយាយ​ថា គេ​សង្កេត​ឃើញ​ជំនាញ​​របស់​រដ្ឋាភិបាល​ចុះ​ធ្វើ​ការ​ដែរ ប៉ុន្តែ​កិច្ចការ​​ហាក់​ពុំ​មាន​ផល​វិជ្ជមាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ភាគី​ថៃ បាន​ចូល​កាន់​កាប់​បាន​ទាំង​ស្រុង​ក្នុង​ពេល​​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​ពុំ​មាន​ឧបសគ្គ​ឡើយ៖ «យើង​ឃើញ​កាល​មាន​​បញ្ហា​​ភ្លាមៗ​​ហ្នឹង​ប៉ូលិស​យើង​ទៅ​ដែរ ប៉ុន្តែ​ទៅ​ដល់​ហ្នឹង យើង​នៅ​​ឆ្ងាយ​មិន​សូវ​បាន​​ដឹង មក​វិញ​ឃើញ​មាន​បៀរ​​មាន​អី​ផឹក​ជាមួយ​ថៃ​ហ្នឹង មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច។ គេ​មក​​ពី​កន្លែង​មើល​អ៊ីចឹង​ទៅ គេ​មាន​បៀរ​មាន​អី​​ផឹក​ឡើង​គគុក ហើយ​មិន​ដឹង​និយាយ​ម៉េច។»

បើ​​ទោះ​​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​​ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ បាន​​ប្រកាស​រួច​ហើយ នៅ​​ក្នុង​សភា​ថា ដី​កម្ពុជា​នឹង​​មិន​​បាត់បង់​សូម្បី​​មួយ​​មិល្លីម៉ែត្រ​ទៅ​ប្រទេស​ជិត​ខាង ​ក្ដី ក៏​លោក រ៉ុង ឈុន និយាយ​​ថា លោក​ពុំ​មាន​ជំនឿ​សោះ​ឡើយ​ថា ទឹក​​ដី​របស់​កម្ពុជា អាច​មាន​ទំហំ​គ្រប់​ចំនួន​ដូច​ដែល​មាន​នៅ​ក្នុង​ផែនទី​សព្វ​ថ្ងៃ គឺ ១៨១.០៣៥ គីឡូម៉ែត្រក្រឡា​នោះ៕



No comments:

Post a Comment