សង្គមស៊ីវិល ជំរុញ ឲ្យរដ្ឋាភិបាល បំបាត់និទណ្ឌភាព នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១៤ កញ្ញា ២០១៤

រូបថតកម្មករ ៤នាក់ ក្នុងចំណោម ៥នាក់
ដែលស្លាប់ ក្នុងពេល អាជ្ញាធរ បង្ក្រាប ការតវ៉ា នៅផ្លូវ វ៉េងស្រេង
កាលពីថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith
មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា (ម.ស.ម.ក.) នៅថ្ងៃ ទី១៥ កញ្ញា នេះ អំពាវនាវ ឲ្យរដ្ឋាភិបាល កម្ពុជា ចាត់វិធានការ ជាក់លាក់ ដើម្បី ប្រឆាំង នឹងនិទណ្ឌភាព ដែលកំពុង ការរីករាលដាល នៅសង្គមខ្មែរ និងធ្វើ ឲ្យរារាំង នៃដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា បច្ចុប្បន្ន។ ការអំពាវនាវនេះ ធ្វើឡើង ចំថ្ងៃខួប ទិវាអន្តរជាតិ ប្រជាធិបតេយ្យ ថ្ងៃ១៥ កញ្ញា។
សេចក្ដីថ្លែងការណ៍ របស់ ម.ស.ម.ក. ចុះថ្ងៃ ទី១៥ កញ្ញា បានរំលេចថា ថ្ងៃទី១៥ កញ្ញា ជាថ្ងៃគម្រប់ខួបមួយឆ្នាំនៃមរណភាពរបស់លោក ម៉ៅ សុខចាន់ ដែលត្រូវកងកម្លាំងសន្តិសុខបាញ់សម្លាប់នៅស្ពានអាកាសក្បាលថ្នល់ រាជធានីភ្នំពេញ ដែលនៅទីនោះកងនគរបាលបានបិទផ្លូវ ខណៈមានបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ចាប់តាំងពីពេលនោះមករដ្ឋាភិបាលមិនបានបើកការស៊ើបអង្កេតឲ្យមាន តម្លាភាព និងឯករាជចាប់ជនដៃដល់ទៅផ្ដន្ទាទោស រកយុត្តិធម៌ឲ្យជនរងគ្រោះទេ ដែលនេះជាឧទាហរណ៍ជាក់ស្ដែង នៃនិទ្ទណ្ឌភាពមួយ ក្នុងចំណោមករណីជាច្រើនទៀត។
ជាងនេះទៅទៀតនោះ ម.ស.ម.ក. បានបូកបន្ថែមចំនួនមនុស្សយ៉ាងហោចណាស់ ៤នាក់ផ្សេងទៀត ដែលកងកម្លាំងសន្តិសុខរដ្ឋាភិបាលបានបាញ់សម្លាប់នៅផ្លូវវ៉េងស្រេង នៅដើមខែមករា ឆ្នាំ២០១៤ នៅពេលកម្មករកាត់ដេរធ្វើបាតុកម្មទាមទារប្រាក់ខែគោលចំនួន ១៦០ដុល្លារ ដែល ម.ស.ម.ក. ហៅការបាញ់សម្លាប់កម្មករទាំងនោះថា ជាឃាតកម្មដែលរដ្ឋាភិបាលមិនអើពើស៊ើបអង្កេតដោយតម្លាភាព និងឯករាជ្យ រកយុត្តិធម៌ជូនជនរងគ្រោះដូចករណីបាញ់សម្លាប់ លោក ម៉ៅ សុខចាន់ ដែរ។
No comments:
Post a Comment