ពលរដ្ឋ បារម្ភ ពីការ កកស្ទះ ចរាចរណ៍ នៅកំពង់ចម្លង អ្នកលឿង ក្នុងថ្ងៃបុណ្យ ភ្ជុំបិណ្ឌ
RFA / វិទ្យុ អាស៊ី សេរី | ១៥ កញ្ញា ២០១៤
នៅក្នុងថ្ងៃ ឈប់សម្រាក បុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ ម្ដងៗ, គេ តែង សង្កេតឃើញ មានមនុស្សម្នា ជាច្រើន ដែលធ្វើការ នៅឆ្ងាយ ពីផ្ទះ ពួកគាត់ តែង វិលត្រឡប់ ទៅជួបជុំ បងបង្អូន ដើម្បី ទៅធ្វើបុណ្យ នៅឯស្រុកកំណើត រៀងៗខ្លួន។
ក្នុងដំណើរ វិលត្រឡប់ នៅថ្ងៃបុណ្យ ជាតិនេះ, ប្រជាពលរដ្ឋ នៅខេត្ត ព្រៃវែង និងខេត្ត ស្វាយរៀង ដែលធ្វើការ នៅរាជធានី ភ្នំពេញ កំពុងព្រួយបារម្ភ ខ្លាចកកស្ទះ ចរាចរណ៍ នៅកំពង់ចម្លង អ្នកលឿង ខកខានដំណើរ ច្រើនម៉ោង មិនអាច ទៅដល់ស្រុកកំណើត តាមការកំណត់។
ចរាចរណ៍ នៅកំពង់ចម្លង អ្នកលឿងចាប់ផ្ដើមកកស្ទះបណ្ដើរៗ តាំងពីថ្ងៃកាន់បិណ្ឌវេនទី៤មក ដោយពីមួយថ្ងៃទៅមួយថ្ងៃអ្នកធ្វើដំណើរកាន់តែកើនឡើងជា បន្តបន្ទាប់។ នៅថ្ងៃទី១៤ កញ្ញា ការកកស្ទះនៅកំពង់ចម្លងអ្នកលឿងកាន់តែមមាញឹកឡើងទ្វេដង ហើយការកកស្ទះខ្លាំងចាប់ពីថ្ងៃទី១៨ កញ្ញា រហូតដល់ថ្លៃទី២៨ កញ្ញា ដោយហេតុជាថ្ងៃកៀកភ្ជុំបិណ្ឌ និងថ្ងៃដែលវិលត្រឡប់ទៅក្រុងភ្នំពេញ។
បញ្ហាទាំងនេះជាហេតុធ្វើឲ្យកម្មករដែលធ្វើនៅរាជធានីភ្នំពេញ មួយចំនួន ពួកគេធុញទ្រាន់ មិនចង់វិលត្រឡប់ទៅលេងស្រុកកំណើតនៅថ្ងៃបុណ្យជាតិសំខាន់ៗនោះ ទេ។
កម្មការិនីនៅស្រុករំដួល ខេត្តស្វាយរៀង ម្នាក់ គឺលោកស្រី ពៅ ស៊ីណា ថ្លែងឲ្យដឹងថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះអ្នកស្រីមិនចង់វិលត្រឡប់ទៅធ្វើបុណ្យនៅ ឯស្រុកកំណើតនោះទេ ប្រសិនបើអាចទៅរួចនោះ ពីព្រោះធុញទ្រាន់ក្នុងការកកស្ទះចរាចរណ៍នៅកំពង់ចម្លងអ្នកលឿងជា ច្រើនម៉ោង។
លោកស្រីបន្តថា នៅថ្ងៃបុណ្យជាតិកាលពីឆ្នាំកន្លងទៅ ដើម្បីរង់ចាំឆ្លងសាឡាង លោកស្រីត្រូវចំណាយពេលប្រមាណដល់ទៅ ៦ម៉ោងឯណោះ៖ «ពេលវេលាយើងទៅបានតិច ហើយដល់ពេលយើងនៅខាតពេលវេលានៅសាឡាងអ្នកលឿង យើងពិបាកចិត្តដែរ ពិបាកខ្លាំងមែនហ្នឹង ហើយណាមួយកូននៅចាំនៅផ្ទះ ចាំមើលផ្លូវម្ដាយទៅផ្ទះ យើងក៏ចង់ទៅជួបឪពុកម្ដាយយើងឲ្យបានយូរ។ ណាពេលវេលាពេលឆ្លងសាឡាងអ៊ីចឹងខាតពេលវេលាយើង ហើយពេលឆ្លងហ្នឹងព្រួយបារម្ភ អាពេលសាឡាងវាចេញទៅ ជួនខ្ញុំធ្វើដំណើរជិះម៉ូតូពេលអាឡើងទៅសាឡាងវាចេញទៅជើងម្ខាង ជាប់លើសាឡាង អាជើងម្ខាងនៅត្រើយអ៊ីចឹង។»
កម្មករជាច្រើនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ តែងត្អូញត្អែរដូចៗគ្នា ចំពោះការខកខានដំណើរដោយសារការកកស្ទះចរាចរណ៍នៅកំពង់ចម្លងអ្នកលឿង។ ពួកគេលើកឡើងថា មានពេលឈប់សម្រាកបន្តិចបន្តួច ដើម្បីទៅជួបជុំបងប្អូនធ្វើបុណ្យរួមគ្នាឲ្យសប្បាយក្នុងថ្ងៃបុណ្យ ភ្ជុំបិណ្ឌ ប៉ុន្តែត្រូវខកខានដំណើរមិនបានដូចក្ដីស្រមៃនោះទេ។
កម្មករនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ម្នាក់ទៀត គឺលោក កូវ ស៊ុយអេត ឲ្យដឹងថា កាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំកន្លងទៅ រថយន្តកកស្ទះនៅកំពង់ចម្លងអ្នកលឿងបន្តកន្ទុយគ្នាប្រមាណ ២គីឡូម៉ែត្រ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗនោះទេ ពីព្រោះមិនទាន់នឹងដល់ថ្ងៃបុណ្យធំផង ការធ្វើដំណើររថយន្តចាប់ផ្ដើមកកស្ទះបន្តកន្ទុយគ្នាបណ្ដើរៗទៅ ហើយ។
លោកបន្តថា ការកកស្ទះអាចធូរស្រាលបានខ្លះ ប្រសិនបើរៀបចំសណ្ដាប់ធ្នាប់ទៅតាមលេខរៀងរបស់រថយន្តអ្នកដំណើរនោះ៖ «ស្ថានភាព មើទៅបើចរាចរណ៍យើងច្បាស់លាស់ ប្រហែលជាទៅរលូនស្រួលដែរ។ ជួនកាលឡានធ្វើដំណើរផ្ដល់អត្តិភាពឡានដែលមានដូចថា ដឹកអ្នកដំណើរដែលល្អៗអ៊ីចឹងបានឲ្យចេញមុន ដូចថាឡានតាក់ស៊ីទៅឃាត់ចាំជើងអីអ៊ីចឹងទៅ ចាំលេខរៀងអីអ៊ីចឹង វាពិបាក។ ដូចឡានល្អៗឡានគេធ្វើដំណើរអ្នកធំៗអី ជ្រែឲ្យបានមុនដល់ ឡានគ្នាបន្តបន្ទាប់វេទនាដែរ ឡានរត់តាក់ស៊ីអីកម្មករនៅក្នុងហ្នឹងវាយូរម៉ោង ដោយសារអ៊ីចឹងដែរ បើខ្ញុំមើលបញ្ហាទៅ។»
រីឯកម្មការិនីធ្វើការរោងចក្រនៅរាជធានីភ្នំពេញ មកពីខេត្តព្រៃវែង ម្នាក់ទៀត មានក្ដីកង្វល់ថា ពួកគេកំពុងព្រួយបារម្ភចំពោះការធ្វើដំណើរទៅចូលរួមធ្វើបុណ្យ ជួបជុំបងប្អូននៅឯស្រុកកំណើត ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ។ កម្មការិនីរូបនេះបន្តថា ជីវិតជាកម្មកររោងចក្រ ប្រាក់ខែបន្តិចបន្តួចសម្រាប់តែចិញ្ចឹមក្រពះម្នាក់ឯងស្ទើរមិន គ្រប់ផង។ បើទោះជាយ៉ាងនេះក្ដី កម្មការិនីរូបនេះនិយាយថា ចង់ទៅលេងស្រុកកំណើតជួបជុំបងប្អូនឲ្យបានច្រើនថ្ងៃក្នុងឱកាសថ្ងៃ បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ ប៉ុន្តែមិនអាចទៅរួចនោះទេ ពីព្រោះថា ខាងរោងចក្រអនុញ្ញាតឲ្យឈប់សម្រាកចំនួន ៣ថ្ងៃ ដោយក្នុងនោះ ការធ្វើដំណើរទៅមកអស់ ២ថ្ងៃទៅហើយ។ កម្មការិនីរូបនេះបន្តថា ក្នុងមួយឆ្នាំបានទៅលេងស្រុកចំនួន២លើក ហើយក្នុងមួយលើកៗ ស្ទើរតែមិនបានជួបមុខបងប្អូនគ្រប់គ្នាផង ដល់ថ្ងៃត្រឡប់ទៅធ្វើការវិញទៅហើយ។
ពលរដ្ឋរូបនេះបន្ថែមថា ថ្ងៃឈប់ជាបញ្ហាមួយទៅហើយ លមិនអាចជួបមុខបងប្អូនយូរអង្វែងនោះ ប៉ុន្តែអ្វីដែលពិបាកជាងនោះ គឺការកកស្ទះរថយន្តបន្តកន្ទុយគ្នារដឹកដូចខ្យងនៅកំពង់ចម្លងអ្នក លឿង ដែលការកកស្ទះនោះធ្វើឲ្យពិបាកទាំងការហូបចុក និងការបន្ទោបង់ស្ទើរតែទ្រាំមិនបាន៖ «អាការភ្ជុំបិណ្ឌហ្នឹង ខ្ញុំអត់ចង់ទៅផ្ទះទេ ព្រោះអីស្ទះសាឡាងអ្នកលឿង អ៊ីចឹងអត់មានអារម្មណ៍ថាចង់ទៅផ្ទះទេ ទៅម៉េចបើទម្រាំទៅដល់ហ្នឹងស្ទះចរាចរណ៍បាត់ហើយហ្នឹង ហើយពិបាកផ្លូវត្រូវការទៅបុណ្យទៅទានអី ដល់ពេលស្ទះឡើងមួយថ្ងៃអីអ៊ីចឹងពិបាកណាស់។ បើសិនទៅដល់ម៉ោង ៦ល្ងាចអីប្រហែលជាម៉ោង ៦ព្រឹកបានដល់វេនយើងត្រូវឆ្លង ព្រោះអីឡានវាច្រើន ហើយគេក៏មិនងាយបើកឲ្យយើងទៅដែរ។»
ទាក់ទងនឹងនេះ អភិបាលស្រុកពាមរក៍ លោក ជុំ សាមឿន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរស្រុកបានចាត់កម្លាំងប៉ូលិស និងមន្ត្រីកងរាជអាវុធហត្ថមានប្រមាណ ៤០នាក់ ដើម្បីប្រចាំការជួយសម្រួលចរាចរណ៍នៅចំណុចកំពង់ចម្លងអ្នកលឿង ដោយដាក់ពង្រាយចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ កញ្ញា។ បើទោះជាយ៉ាងនេះក្ដីលោកទទួលស្គាល់ថា ការកកស្ទះចរាចរណ៍គឺជៀសមិនផុតនោះទេ ពីព្រោះអ្នកធ្វើដំណើរមានចំនួនច្រើន រីឯការដឹកជញ្ជូនត្រូវចំណាយពេលទៅមកប្រមាណកន្លះម៉ោងក្នុងមួយ ជើង។
ទោះជាយ៉ាងនេះក្ដីលោកបញ្ជាក់ថា កម្លាំងអាជ្ញាធរបានត្រៀមរួចជាស្រេចដើម្បីជួយសម្រួលកាត់បន្ថយ ការកកស្ទះនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ៖ «អូ! អត់អីទេ ក្រុមសន្តិសុខរបស់ខេត្ត ហើយខេត្តហ្នឹងអធិការហើយជាមួយអភិបាលស្រុក ជុំគ្នាហើយរៀបចំផែនការយុត្តិសាស្ត្រហើយ ថាគួរបញ្ចៀសអីយ៉ាងម៉េចដើម្បីការកកស្ទះហ្នឹង ទី១។ ទី២ យើងមើលថាកិច្ចការខ្លះកុំឲ្យវាមានការប្រឡិមប្រឡុំ វានាំឲ្យការលំបាកដល់ប្រជាពលរដ្ឋបានគិតហើយ។ ជាមួយស្នងការរងបានពិភាក្សាគ្នាថា កុំឲ្យវាមាន ឧបមាថា ពាក់អីផ្សេងទេ ការពិតវាគ្មានទេ។»
សព្វថ្ងៃនៅកំពង់ចម្លងអ្នកលឿង មានសាឡាងសម្រាប់ដឹកអ្នកដំណើរចំនួន ៤គ្រឿង គឺទៅមកម្ខាង ២គ្រឿង ដោយក្នុងមួយគ្រឿងអាចផ្ទុកមនុស្សប្រមាណ ២០០នាក់ និងរថយន្តធុនតូចប្រមាណ ១៨គ្រឿង។ អ្នកធ្វើដំណើរចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ២៣ កញ្ញា ការកកស្ទះនៅត្រើយខាងលិច ព្រោះមានមនុស្សចេញពីភ្នំពេញ ទៅកាន់ខេត្ត ស្រុកកំណើតច្រើន ចំណែកនៅត្រើយខាងកើត អ្នកដំណើរកកស្ទះខ្លាំងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កញ្ញា គឺជាថ្ងៃមនុស្សវិលមករាជធានីភ្នំពេញវិញ៕
No comments:
Post a Comment