Paris Peace Accords 23 Oct. 1991

Wednesday, September 10, 2014

ក្រុម​សហជីព​ កម្មករ ​គ្រោង​ធ្វើ​ យុទ្ធនាការ​ ជា​ថ្មី​ ទាមទារ​ដំឡើង ​ប្រាក់​ឈ្នួល ​គោល​ ១៧៧​ដុល្លារ | Coalition of unions prepare a new campaign to demand base monthly salary of $177

ក្រុម​សហជីព​ កម្មករ ​គ្រោង​ធ្វើ​ យុទ្ធនាការ​ ជា​ថ្មី​ ទាមទារ​ដំឡើង ​ប្រាក់​ឈ្នួល ​គោល​ ១៧៧​ដុល្លារ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១០ កញ្ញា ២០១៤ 

 

កម្មករ បាតុកម្ម ៦១០
កម្មករ​​ លើក​​បដា​ ទាមទារ ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ តវ៉ា ​នៅ​ក្បែរ ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ ទី​៣០ ធ្នូ ឆ្នាំ​២០១៣។  RFA/Mom Sophon

មេ​ដឹក​នាំ​ សហជីព​កម្មករ ​ធំៗ គ្រោង​ថា ​នឹង​ចាប់​ផ្ដើម​ យុទ្ធនាការ​ថ្មី​ ទាមទារ​ដំឡើង​ ប្រាក់​ឈ្នួល​ អប្បបរមា ឬ​ហៅ​ ថា​ ប្រាក់​ឈ្នួល​ គោល សម្រាប់​ កម្មករ​ នៅ​តាម​រោងចក្រ​ សហគ្រាស​នានា ​នៅ​ពាក់​កណ្ដាល ​ខែ​កញ្ញា។

យុទ្ធនាការ​នោះ មាន​សកម្មភាព​ មួយ​ចំនួន​, មាន​ដូចជា៖ ការ​ដាក់​ញត្តិ, វេទិកា​កម្មករ, និង​ការ​កៀរគរ​ រក​ការ​គាំទ្រ​ របស់​ បណ្ដា​អ្នក​បញ្ជា​ទិញ​ ទាំង​ឡាយ។  តាម​រយៈ យុទ្ធនាការ​នោះ ក្រុម​សហជីព​ បាន​បង្កើន ​ការ​ទាមទារ ឲ្យ​បាន ១៧៧​ដុល្លារ​ ជា​ប្រាក់​ឈ្នួល ​គោល​ថ្មី​ សម្រាប់ ​ឆ្នាំ​២០១៥។

ក្រុម​សហជីព នៅ​តែ ​ប្រកាន់​ជំហរ​ ទាមទារ​ ប្រាក់​ឈ្នួល ​គោល​ កម្មករ ទៅ​តាម​តួលេខ​ ដែល​ក្រុម​នេះ ​បាន​ព្រមព្រៀង​គ្នា​ កាល​ពី​ខែ​សីហា, បើ ​ទោះ​បី​ ជំនួប​ពីរ​ដង ​រួច​មក​ហើយ​ ជាមួយ ​ភាគី​និយោជក នៅ​តែ​ មិន​ទាន់ ​ទទួល​បាន ​លទ្ធផល។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ស៊ីខៅឌូ (CCAWDU) មាន​ប្រសាសន៍​ថា ក្រុម​សហជីព​នឹង​បង្កើន​ការ​ទាមទារ​បន្ថែម​សម្រាប់​ឆ្នាំ​២០១៥ នៅ​ពេល​ដែល​ភាគី​និយោជក​ហាក់​បត់បែន​លឿន​ពេក​នៅ​ក្នុង​ជំនួប​ជា​ជំហាន​ ដំបូង៖ «កាល​ពី​ថ្ងៃ​ទី​៨ គឺ​ខាង​និយោជក​ហ្នឹង​គេ​ថា​គេ​មិន​ទាន់​និយាយ​ផ្លូវ​ការ​ទេ គឺ​ក្រៅ​ផ្លូវ​ការ​ថា​គេ​អាច​ឡើង​បាន ១៥​ដុល្លារ ស្រាប់​តែ​ថ្ងៃ​ទី​១ ខែ​កញ្ញា គេ​ថា​គេ​ឡើង​បាន​តែ​ត្រឹម ១០​ដុល្លារ​វិញ​ទេ ដោយសារ​តែ​សមាជិក​គេ​អត់​ព្រម ហើយ ១០​ហ្នឹង​គឺ​ជា​លេខ​ចុង​ក្រោយ។ ហី​ចឹង សហជីព​យើង​កាល​ពី​ថ្ងៃ​ទី​៨ យើង​បាន​ថា​ក្នុង​ករណី​គេ​ដំឡើង​ចឹង យើង​ក៏​បញ្ចុះ កាល​ហ្នឹង​យើង​បាន​ជជែក​គ្នា​ក្រៅ​ផ្លូវ​ការ យើង​អាច​ចុះ​ដល់ ១៥០ តែ​ដល់​និយោជក​ថា​យក ១១០ យើង​ប្រកាន់​យក ១៧៧ វិញ ប៉ុន្តែ​យើង​មាន​ការ​ចរចា​អាច​បញ្ចុះ​ទៀត។»
 
គឺ​នៅ​ក្រោយ​ការ​ប្រទាំង​ប្រទើស​គ្នា​នោះ​ហើយ ដែល​ក្រុម​សហជីព​ងាក​មក​ប្រកាន់​ការ​ទាមទារ​ប្រាក់​ឈ្នួល​គោល ១៧៧​ដុល្លារ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក រ៉ុង ឈុន បញ្ជាក់​ពី​យុទ្ធនាការ​នោះ​ថា នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា៖ «ថ្ងៃ ​១៥​ហ្នឹង​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​បើក​យុទ្ធនាការ។ ថ្ងៃ​ទី​១៦ នឹង​មាន​តំណាង​កម្មករ និង​សហជីព​ហ្នឹង មាន​យុទ្ធនាការ​មាន​អាវ​យឺត​ហើយ​ដាក់​ឡូហ្គោ (Logo) ១៧៧​ដុល្លារ ហើយ​និង​ថ្ងៃ​ទី​១៧ មាន​ប្រជុំ​ត្រី​ភាគី។ បន្ទាប់​ពី​ភ្ជុំ​បិណ្ឌ​ចប់​មិន​មាន​ការ​ឆ្លើយ​តប​មិន​មាន​ការ​ឆ្លើយ​តប ដែល​អាច​ទទួល​យក​បាន​ទេ និង​មាន​ការ​ជួប​ប្រជុំ​ទ្រង់ទ្រាយ​ធំ គឺ​កម្មករ​ចូលរួម​ការ​ប្រមូល​ផ្តុំ​ជ្រើស​រើស​ទី​សាធារណៈ​ណា​មួយ ឬ​ទីលាន​ប្រជាធិបតេយ្យ​នោះ​បាទ។»

ចំណែក លោក អាត់ ធន់ វិញ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ក៏​មាន​វេទិកា​របស់​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស​នានា​ដែល​ជា​សមាជិក​របស់ ​ក្រុម​លោក។ ក្នុង​វេទិកា​នោះ កម្មករ​អាច​ស្នើ​នូវ​តម្រូវ​ការ​របស់​ពួក​គេ​ទៅ​ភាគី​និយោជក។ ស្រប​គ្នា​នេះ សហជីព​ដៃគូ​នៅ​ក្រៅ​ប្រទេស នឹង​ជួយ​ជ្រោមជ្រែង​យុទ្ធនាការ​នេះ​ដែរ៖ «បង្ហាញ ​សារ​ទៅ​ខាង​និយោជក​ថា យើង​ចង់​បាន​ប្រាក់​ខែ​ប៉ុន្មាន? ហី​យើង​ពិបាក​អី តើ​យើង​ចង់​អោយ​អ្នក​បញ្ជា​ទិញ​គួរ​តែ​ជួយ​គាំទ្រ​យើង​ប៉ុន្មាន? ជាមួយ​គ្នា​នេះ​ដែរ ដោយសារ​តែ​យើង​ធ្វើ​ការ​ជាមួយ​សហជីព​អន្តរជាតិ ព័ត៌មាន​ទាំងអស់​នេះ​នឹង​ផ្ញើ​ទៅ​សហជីព​អន្តរជាតិ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ជាមួយ​អ្នក​បញ្ជា​ទិញ​អន្តរជាតិ ដើម្បី​អោយ​គាត់​ដោះស្រាយ ព្រោះ​គាត់​បាន​សន្យា​តាំង​ពី​ខែ​១ មក​ថា នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​ប្រាក់​ឈ្នួល​ហ្នឹង។»

ក្រុម​សហជីព​កម្មករ​បាន​អះអាង​ថា ការ​ទាមទារ​នេះ គឺ​ផ្អែក​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​គណៈកម្មការ​សិក្សា​ប្រាក់​ឈ្នួល​កាល​ ពី​ចុង​ឆ្នាំ​២០១២។ លទ្ធផល​ស្រាវជ្រាវ​នោះ​រក​ឃើញ​ថា ប្រាក់​ខែ​គោល​របស់​កម្មករ​អាច​នឹង​ទទួល​បាន​ពី​ចន្លោះ ១៥៧​ដុល្លារ ទៅ ១៧៧​ដុល្លារ ដើម្បី​អាច​រស់នៅ​បាន​សមរម្យ។

ផ្ទុយ​ពី​មេ​ដឹក​នាំ​សហជីព​ផ្សេង​ទៀត ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ លោក ជួន មុំថុល ថ្លែង​ថា លោក​នឹង​មិន​ចូលរួម​ការ​ទាមទារ​ប្រាក់​ឈ្នួល​នេះ​ទេ ប្រសិន​ណា​នៅ​តែ​បន្ត​ដាក់​តួលេខ​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ របស់​កម្មករ​ចំនួន ១៧៧​ដុល្លារ​នោះ។ លោក​គិត​ថា ការ​រឹង​ត្អឹង​បែប​នេះ គឺ​មិន​យុត្តិធម៌​ទេ​សម្រាប់​និយោជក៖ «យើង​ភាគី​សហជីព និង​ភាគី​និយោជក យើង​បាន​ចរចា យើង​បាន​បញ្ចុះ​មក ១៥០ ហើយ។ បើ​យើង​នៅ​តែ​ទារ ១៧៧ ទៀត មាន​ន័យ​ថា យើង​ហ្នឹង​ចរចា​ដោយ​គ្មាន​ភាព​ស្មោះ​ត្រង់ និយោជក​ក៏​គេ​ថា​អោយ​យើង​ដែរ។»

ចំណែក​ភាគី​និយោជក​នៅ​មិន​ទាន់​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ​ចំពោះ​ការ​ទាមទារ​នេះ ដោយ​សំអាង​ថា ពួក​គេ​កំពុង​ពិភាក្សា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ឬ​ហៅ​ថា ជីម៉ាក (GMAC) លោក ជាតិ ខេមរ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា រឿង​ប្រាក់​ឈ្នួល​ជា​បញ្ហា​ដែល​ទាមទារ​អោយ​មាន​ការ​សិក្សា​ច្បាស់​លាស់​មួយ​ ជា​មុន​សិន។ លោក​ថា និយោជក​ក៏​ជួប​ការ​លំបាក​ច្រើន​ដែរ​នៅ​ពេល​នេះ ដែល​ជា​មូលហេតុ​មួយ​ធ្វើ​អោយ​ពួក​គេ​នៅ​មិន​ទាន់​អាច​សម្រេច​បាន៖ «យើង​ ត្រូវ​គិត​អោយ​បាន​ដិតដល់ មិន​មែន​ថា​យើង​ធ្វើ​ទៅ​ចុង​បញ្ចប់​ស្រាប់​តែ​យើង​ទទួល​ទាំងអស់​គ្នា ក៏​យើង​គិត​ដែរ​ចំណុច​ហ្នឹង ជា​ចំណុច​អាទិភាព​ដែរ ព្រោះ​ក្នុង​ហ្នឹង​ជា​ទីផ្សារ​ប្រកួត​ប្រជែង​គ្នា​ទាំង​ក្នុង​តំបន់។ ភាគី​និយោជក​ក៏​គាត់​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​រាល់​ថ្ងៃ។ ទី​១ យើង​ឃើញ​រាល់​ថ្ងៃ​ហ្នឹង អឌ័រ (Orders) បាន​ធ្លាក់​អស់​ហើយ ត្រូវ​គេ​ដក​ចេញ ៣០​ភាគរយ រោងចក្រ​ខ្លះ ៤០ ខ្លះ ២០ ខ្លះ ៦០​ភាគរយ​អស់​ហើយ។»

ទាក់ទង​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​រក​មធ្យោបាយ​ដើម្បី​ដំឡើង​ប្រាក់​ខែ​កម្មករ។ លោក​ថា ប្រាក់​ខែ​របស់​កម្មករ​ខ្មែរ​បច្ចុប្បន្ន​នេះ គឺ​មាន​ចំនួន​ខ្ពស់​ជាង​កម្មករ​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) ដែល​ទទួល​បាន​ចំនួន ៧០​ដុល្លារ។

ពាក់ព័ន្ធ​ដល់​ការ​ទាមទារ​ប្រាក់​ឈ្នួល​នេះ កាល​ពី​ចុង​ឆ្នាំ​២០១២ និង​ដើម​ឆ្នាំ​២០១៣ យុទ្ធការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​កម្មករ បាន​កំណត់​យក​ចំនួន ១៦០​ដុល្លារ ប៉ុន្តែ​យុទ្ធនាការ​នោះ​ពុំ​បាន​សម្រេច​ឡើយ។ ហេតុការណ៍​អាក្រក់​នៅ​ពេល​នោះ គឺ​ការ​បង្ក្រាប​បង្ហូរ​ឈាម​នៅ​លើ​ផ្លូវ​វ៉េងស្រេង ដែល​ធ្វើ​អោយ​កម្មករ​ជា​បាតុករ ៥​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​ជិត ៤០​នាក់​របួស។ ស្រប​គ្នា​នោះ ក៏​មាន​សកម្មជន​សិទ្ធិ​មនុស្ស សមាគម និង​កម្មករ​ចំនួន ២៣​នាក់ ត្រូវ​ចាប់​ដាក់​ពន្ធនាគារ។ ប៉ុន្តែ​ជា​លទ្ធផល ប្រាក់​ខែ​គោល​កម្មករ​ត្រូវ​បាន​ដំឡើង​ត្រឹម ១០០​ដុល្លារ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក។
មក​ដល់​ពេល​នេះ គឺ​នៅ​មុន​យុទ្ធនាការ​ចាប់​ផ្ដើម មេ​ដឹក​នាំ​សហជីព​កម្មករ​ចំនួន ៦​នាក់ ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​អោយ​ចូល​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខែ​កញ្ញា នេះ ពាក់ព័ន្ធ​បណ្ដឹង​របស់​ក្រុម​និយោជក ដែល​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​សហគ្រាស។ អ្នក​ទាំង​នោះ​មាន លោក រ៉ុង ឈុន លោក អាត់ ធន់ លោក ជា មុនី លោក ប៉ាវ ស៊ីណា អ្នកស្រី ម៉ម ញឹម និង​អ្នកស្រី យ៉ាង សុភ័ណ្ឌ។ ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា និង​បង្ក​ការ​ខូចខាត​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ក​ឱ្យ​ស្ទះ​ចរាចរណ៍​នៅ​ផ្លូវ​វ៉េងស្រេង​នោះ។

លោក អាត់ ធន់ ដែល​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខាង​មុខ បញ្ជាក់​ថា ការ​កោះ​ហៅ​នៅ​ពេល​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​មេ​ដឹក​នាំ​សហជីព ដែល​សកម្ម​ក្នុង​ការ​ទាមទារ​អត្ថប្រយោជន៍​សម្រាប់​កម្មករ និង​បង្ហាញ​ពី​ភាព​មិន​ស្មើ​មុខ​មាត់​គ្នា​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល។ លោក អាត់ ធន់ អំពាវនាវ​អោយ​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ចំពោះ​មេ​ដឹក​នាំ​សហជីព ដ្បិត​ពួក​គេ​ពុំ​មាន​កំហុស​ទេ រាល់​ការ​ទាមទារ​កន្លង​ទៅ គឺ​ដើម្បី​ប្រយោជន៍​កម្មករ៖ «វា​បង្ហាញ​ថា តុលាការ​នៅ​ក្រោម​ឥទ្ធិពល​នៃ​ទឹក​ប្រាក់ ឬ​ក៏​អ្នក​មាន​អំណាច វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​តុលាការ​វិញ​ទេ វា​អត់​ចំណេញ​ដល់​កេរ្តិ៍​ឈ្មោះ​តុលាការ​ទេ។»

ទាក់ទិន​នឹង​ករណី​នេះ តំណាង​និយោជក​ពុំ​បាន​បញ្ជាក់ ឬ​បដិសេធ​ចំពោះ​ការ​ចាត់​ទុក​ការ​កោះ​ហៅ​នោះ​ជា​គំរាម​កំហែង​ទេ ប៉ុន្តែ​បាន​លើក​ឡើង​ថា សហជីព​តែង​តែ​គំរាម​កំហែង​និយោជក​ដែរ តាម​រយៈ​ការ​ធ្វើ​កូដកម្ម បាតុកម្ម ដែល​ជា​ញឹកញយ​តែង​ឈាន​ទៅ​ដល់​ការ​រំលោភ​ច្បាប់ និង​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ។

តាម​រយៈ​សំណុំ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​សមាគម​ជីម៉ាក លោក ជាតិ ខេមរ៉ា សង្ឃឹម​ថា រាល់​ការ​អនុវត្ត​ទៅ​ថ្ងៃ​មុខ​នឹង​អាច​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​ ច្បាប់ ដោយ​ក្រុម​សហជីព​ដែល​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ៖ «ថ្នាក់​ដឹក​ នាំ​គេ ប៉ុន្តែ​យើង​ពុំ​មាន​យុទ្ធសាស្ត្រ​មួយ ដើម្បី​អោយ​គាត់​យល់​ដឹង​ខ្លះ​នូវ​ផ្នែក​ផ្លូវ​ច្បាប់ នីតិវិធី​អី​ដោះស្រាយ​អី​យ៉ាង​ម៉េចៗ យើង​អត់​អោយ​គាត់​យល់ ហ្នឹង​ហើយ​ចុង​ក្រោយ​ផល​វិបាក​ទៅ​លើ​គាត់។ អ្វី​ដែល​យើង​ចង់​បាន គឺ​ការ​កាត់​បន្ថយ គម្លាត​នៃ​ការ​មិន​អនុវត្ត​ច្បាប់ អនុវត្ត​ខុស​នីតិវិធី។»

ក្រុម​មេ​ដឹក​នាំ​សហជីព​បាន​បញ្ជាក់​ដែរ​ថា យុទ្ធនាការ​ថ្មី​នេះ​អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច ហើយ​ជំហរ​របស់​សហជីព គឺ​ប្រកាន់​យក​ការ​តវ៉ា​ដោយ​អហិង្សា។ ពួក​គេ​លើក​ទឹក​ចិត្ត​អោយ​ក្រុម​កម្មករ ចូលរួម​ការ​ទាមទារ​ដោយ​ពុំ​មាន​ការ​ភ័យ​បារម្ភ បើ​ទោះ​បី​ជា​ការ​ទាមទារ​កាល​ពី​លើក​មុន បាន​ធ្វើ​អោយ​មនុស្ស​ស្លាប់ របួស និង​ជាប់​គុក​រួច​ហើយ​ក៏ដោយ៕



No comments:

Post a Comment