Paris Peace Accords 23 Oct. 1991

Wednesday, September 10, 2014

មេធាវី​ អន្តរជាតិ​ ត្រៀម​ដាក់​ ភស្តុតាង​បន្ថែម​ ទៅ​លើ​បណ្ដឹង ​ប្រឆាំង​លោក ហ៊ុន សែន | International lawyer prepares to present more evidence against Hun Sen

មេធាវី​ អន្តរជាតិ​ ត្រៀម​ដាក់​ ភស្តុតាង​បន្ថែម​ ទៅ​លើ​បណ្ដឹង ​ប្រឆាំង​លោក ហ៊ុន សែន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១០ កញ្ញា ២០១៤

ប៉ូលិស វ៉េងស្រេង ៦១០
ប៉ូលិស ប្រោះ​ទឹក ​លើ​បាតុករ​ ដែល​ត្រូវ​ បាន​ចាប់​ខ្លួន​ ក្នុង​ពេល​បង្ក្រាប ​ការ​តវ៉ា​ នៅ​ផ្លូវ ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។  RFA/Sek Bandith

លោក មូរតុន ក្លា (Morton Sklar) មេធាវី​ អាមេរិកាំង នឹង​ដាក់​ ភស្តុតាង​ បន្ថែម​ទៀត ​នៅ​តុលាការ ​ព្រហ្មទណ្ឌ​ អន្តរជាតិ ដើម្បី​ គាំទ្រ​បណ្ដឹង​ របស់​លោក ​ប្រឆាំង​ នឹង​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម ​ប្រឆាំង​ នឹង​មនុស្ស​ជាតិ។

ក្រុម​មេធាវី​ អន្តរជាតិ​ អះអាង​ ថា, ពាក្យ​បណ្ដឹង ​នៅ​តុលាការ​ អន្តរជាតិ មិន​ពាក់ព័ន្ធ​ នឹង​នយោបាយ ​នៅ​កម្ពុជា​ទេ, ហើយ ​វិបត្តិ​នយោបាយ​ នៅ​កម្ពុជា ក៏​មិន​អាច ​កែប្រែ​ បណ្ដឹង​នេះ ​បាន​ឡើយ។ 

លោក​មេធាវី មូរតុន ក្លា បញ្ជាក់​ថា, លោក​ បាន​សហការ ​នឹង​អង្គការ​ ការពារ​សិទ្ធិ​ អន្តរជាតិ (Amnesty International) ស្វែងរក​ ឯកសារ​ បន្ថែម​ទៀត ដើម្បី ​ពន្លឿន​ ពាក្យ​បណ្ដឹង ​ប្រឆាំង​រដ្ឋាភិបាល ​របស់​លោក ហ៊ុន សែន។  លោក ​បន្ត​ទៀត ថា, បច្ចុប្បន្ន តុលាការ​ កំពុង​សិក្សា ​លើ​ពាក្យ​បណ្ដឹង​នេះ ក្រោយ​ពេល ​តុលាការ​ ទទួល​បាន​ ពាក្យ​បណ្ដឹង​ ដែល​បាន​ដាក់​ កាល​ពី​ថ្ងៃ​ ទី​១៧ ខែ​មីនា។  ភស្តុតាង ​ថ្មី​នោះ រួម​មាន​ ការ​ប្រើប្រាស់​ ហិង្សា​បង្ក្រាប​ លើ​បាតុករ, កម្មករ, ពលរដ្ឋ​ មាន​ជម្លោះ​ ដីធ្លី ដែល​បណ្ដាល​ ឲ្យ​មាន ​ការ​ចាប់​ ឃាត់​ខ្លួន និង​ស្លាប់​មនុស្ស​ ជា​ច្រើន​នាក់។

លោក​មេធាវី មូរតុន ក្លា អះអាង​ ថា, ការ​បញ្ចប់​វិបត្តិ ​នយោបាយ​ នៅ​កម្ពុជា មិន​ប៉ះពាល់ ​ដល់​ពាក្យ​បណ្ដឹង និង​ដំណើរការ​ របស់​ ព្រះរាជអាជ្ញា​ តុលាការ​ ព្រហ្មទណ្ឌ ​អន្តរជាតិ​ឡើយ។  លោក​ ថា, បទ​ចោទ​ប្រកាន់ ​ស្ដីពី ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​ នឹង​មនុស្ស​ ជាតិ​ ប្រឆាំង​ នឹង​រដ្ឋាភិបាល​ លោក ហ៊ុន សែន បាន​ធ្វើ​ឡើង ​រួច​ហើយ។  ដូច្នោះ ​តាម​ច្បាប់​ អន្តរជាតិ​ ទាមទារ​ ឲ្យ​តុលាការ ​ព្រហ្មទណ្ឌ​ អន្តរជាតិ ពិនិត្យ​មើល​ បទ​ចោទ​ប្រកាន់​នេះ៖ «យើង​ មិន​មាន ជាប់​ពាក់ព័ន្ធ​ នឹង​គណបក្ស​ នយោបាយ​ឡើយ។  យើង​ ទទួល​ដំណឹង​ ពី​តុលាការ​ ថា, ពាក្យ​បណ្ដឹង ​កំពុង​មាន ​ដំណើរការ​ ទៅ​មុខ។»

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ ក្រុម​មេធាវី​ តំណាង​ ឲ្យ​ជនរងគ្រោះ​ ដែល​ត្រូវ ​បាន​កងកម្លាំង ​ប្រដាប់​អាវុធ​ រដ្ឋាភិបាល​ បាញ់​សម្លាប់ កាលពី​ចុង​ឆ្នាំ​ ២០១៣ និង​ដើម​ឆ្នាំ ​២០១៤ នឹង​ដាក់​ ពាក្យ​បណ្ដឹង​ ប្រឆាំង​លោក ហ៊ុន សែន ចោទ​ប្រកាន់​ ពី​បទ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​ នឹង​មនុស្សជាតិ​ នៅ​តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ (ICC)។  ពាក្យ​បណ្ដឹង​នោះ ផ្ដោត​លើ​ ការ​ប្រើប្រាស់​ អំពើ​ហិង្សា ​ជា​ប្រព័ន្ធ ​ទៅ​លើ​ពលរដ្ឋ​ ស្លូត​ត្រង់ និង​សកម្មជន ​សិទ្ធិ​មនុស្ស​ ដែល​ចូលរួម ​ការ​តវ៉ា​ នយោបាយ និង​បាតុកម្ម​ ប្រឆាំង ​នឹង​ការ​បង្ខំ ​បណ្ដេញ​ចេញ​ ពី​ផ្ទះ​សម្បែង និង​ទាមទារ​ ដំឡើង​ប្រាក់ខែ​ កម្មករ​ ជាដើម។

បច្ចុប្បន្ន ព្រះរាជអាជ្ញា​ កំពុង​សិក្សា ​លើ​បណ្ដឹង ​ដើម្បី​ កំណត់​ ថា, តើ ​តុលាការ​ មាន​យុត្តាធិការ ​កាត់​ក្តី​ករណី​នេះ ឬ​ទេ។  តុលាការ​ ឧក្រិដ្ឋកម្ម​ អន្តរជាតិ ជា​តុលាការ ​អចិន្ត្រៃយ៍ ​មួយ​ ដែល​ត្រូវ​ បាន​បង្កើត​ឡើង ​ពី​លក្ខន្តិកៈ​ ទីក្រុង​រ៉ូម ដើម្បី ​ផ្ដន្ទាទោស​ បុគ្គល​ ទាំង​ឡាយ​ណា ​ដែល​ទទួល ​ខុស​ត្រូវ​ ចំពោះ​ បទ​ប្រល័យ​ ពូជ​សាសន៍, ឧក្រិដ្ឋកម្ម​ សង្គ្រាម និង​ប្រឆាំង មនុស្ស​ជាតិ, និង​ឧក្រិដ្ឋកម្ម ​នៃ​ការ​ឈ្លានពាន។  តុលាការ​នេះ ​មិន​អាច​ជំនួស ​តុលាការ ​នៃ​ប្រទេស​ ជា​សមាជិក​ទេ, ប៉ុន្តែ​ អាច​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស ​បុគ្គល​ណា​ ដែល​ជាប់​សង្ស័យ​ ពី​បទ​ឧក្រិដ្ឋកម្ម ប្រសិនបើ​ តុលាការ​ នៅ​ប្រទេស​ សាមី​នោះ មិន​អាច ​ធ្វើ​បាន ឬ​គ្មាន​ឆន្ទៈ ក្នុង​ការ​ស៊ើប​ អង្កេត។

មន្ត្រី​ នាំ​ពាក្យ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ ថា, ពាក្យ​បណ្ដឹង ​របស់​ មេធាវី​ បរទេស​ នៅ​ពេល​នេះ ​គ្មាន​ទម្ងន់​ ដែល​អាច ​ឲ្យ​តុលាការ ​លើក​ករណី​នេះ ​មក​ជំនុំ​ជម្រះ​ឡើយ។  លោក​ ថា, បណ្ដឹង​នេះ​ មាន​ចរិត​ ជា​បណ្ដឹង ​បរិហារ​តែ ​ប៉ុណ្ណោះ៖ «អា​បណ្ដឹង,​ អា​បរិហារកេរ្តិ៍, ការ​ប្រមាថ​សម្ដេច,​ មិន​មែន​ ជា​លើក​ ទី​មួយ​ទេ, ជា​ច្រើន​ដង​ ហើយ។  ក៏​ប៉ុន្តែ​ ប្រជាប្រិយ​ របស់​សម្ដេច​ នៅ​តែ​ មាន​បន្ត​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។»

ចំណែក​ អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង ​ថា, គណបក្ស ​សង្គ្រោះ​ជាតិ មិន​ជាប់​ ពាក់ព័ន្ធ​ទៅ​ នឹង​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន ឡើយ។  ប៉ុន្តែ ​គណបក្ស ​ប្រឆាំង​គាំទ្រ ​ការ​ផ្ដន្ទាទោស ​ប្រឆាំង​ នឹង​ការ​រំលោភ​ សិទ្ធិ​មនុស្ស និង​ឧក្រិដ្ឋកម្ម ​ផ្សេងៗ៖ «បណ្ដឹង​ គឺ​ ជនរងគ្រោះ, ​គេ​ ឈឺ​ចាប់; គេ ​ប្ដឹង​ជា​រឿង​ ជន​រងគ្រោះ។  បទល្មើស ​ព្រហ្មទណ្ឌ,​ អំពើ​អយុត្តិធម៌​ ធ្វើ​យ៉ាង​ម្ដេច​ ដើម្បី​ រក​យុត្តិធម៌​ ឲ្យ​ជន​រង​គ្រោះ។»

ក្រៅ​ពី​ការ​ ដាក់​ភស្តុតាង ​បន្ថែម ​របស់​ មេធាវី​អា មេរិក​នោះ, មេធាវី​ ជនជាតិ​អង់គ្លេស លោក រីឆាដ រ៉ចជើរ (Richard Rogers) នៃ​ក្រុមហ៊ុន ​មេធាវី Global Diligence ក៏​គ្រោង ​នឹង​ដាក់​បណ្ដឹង​ បន្ថែម​មួយ​ទៀត​ ប្រឆាំង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​ នឹង​មនុស្ស​ជាតិ​ដែរ៕



No comments:

Post a Comment