Paris Peace Accords 23 Oct. 1991

Tuesday, September 9, 2014

មេ​ឃុំ​ បឹងប្រាំ ​ខេត្ត​ បាត់ដំបង ​ព្រមាន​ប្ដឹង​ ក្រុមប្រឹក្សា​ ខេត្ត​ បក្ស​ប្រឆាំង ​និង​អាដហុក | Commune chief in Battambang threatens to sue CNRP and Adhoc

មេ​ឃុំ​ បឹងប្រាំ ​ខេត្ត​ បាត់ដំបង ​ព្រមាន​ប្ដឹង​ ក្រុមប្រឹក្សា​ ខេត្ត​ បក្ស​ប្រឆាំង ​និង​អាដហុក

RFA / ​វិទ្យុ ​អាស៊ី សេរី | ៩ កញ្ញា ២០១៤

ជា ជីវ ទំនាស់​ដីធ្លី បាត់ដំបង ៦២០
សមាជិក ​ក្រុមប្រឹក្សា ​ខេត្ត​ម្នាក់​ ក្នុង​ចំណោម សមាជិក​ ក្រុមប្រឹក្សា​ខេត្ត ៣​នាក់ ​មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង លោក ជា ជីវ ដែល​រង ​ការ​ព្រមាន ​ប្ដឹង ​ពី​មេ​ឃុំ​ បឹងប្រាំ ក្នុង​ទំនាស់​ ដីធ្លី។   រូបថត​ថ្ងៃ​ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤ (RFA/Morm Moniroth) 

មេ​ឃុំ​ បឹងប្រាំ, ស្រុក​ បវេល, ខេត្ត​ បាត់ដំបង មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា ព្រមាន​ប្ដឹង ​ក្រុម​ប្រឹក្សា ខេត្ត ​គណបក្ស​ សង្គ្រោះ​ជាតិ ចំនួន ៣​នាក់​ ទៅ​តុលាការ និង​ក្រុមប្រឹក្សា ធម្មនុញ្ញ។  លើស​ពី​នេះ​ទៀត បាន​ប្រតិកម្ម​ ចំពោះ ​របាយការណ៍ ​របស់ ​សមាគម​ អាដហុក (Adhoc) ថែម​ទៀត។

ទាំង​មន្ត្រី​ សិទ្ធិ​មនុស្ស​ សមាគម​ អាដហុក និង​សមាជិក​ ប្រឹក្សា​ខេត្ត​ គណបក្ស​ សង្គ្រោះ​ជាតិ សុទ្ធ​តែ​ បាន​អះអាង​ ថា, ពួក​គេ​ ស្វាគមន៍​ រាល់​ការ​ ចាត់​វិធានការ ​ផ្លូវ​ច្បាប់ ជុំវិញ​រឿង​ អាស្រូវ​ ទាំង​នេះ។

អតីត​អ្នក​ជាប់​ពន្ធនាគារ​ព្រោះ​រឿង​ដីធ្លី មុន​នឹង​ក្លាយ​ជា​មេ​ឃុំ​បឹងប្រាំ អះអាង​ថា ខ្លួន​នឹង​ដាក់​បណ្ដឹង​ប្រឆាំង​ការ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ​បរិហារ​ កេរ្តិ៍ ដោយ​លោក​ចាត់​ទុក​ការ​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ដក​តួនាទី​របស់​លោក​ពី​មេ​ឃុំ​បឹងប្រាំ និង​របាយការណ៍ ស្ដីពី​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​សម្បទាន​ដី​សង្គមកិច្ច​នោះ ថា​គឺ​ជា​រឿង​អយុត្តិធម៌។

ប្រតិកម្ម​នេះ ធ្វើ​ឡើង​រយៈពេល ៨​ថ្ងៃ​ក្រោយ បន្ទាប់​ពី​សមាជិក​បី​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ តាម​រយៈ​អភិបាល​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឲ្យ​ព្យួរ និង​ដក​តួនាទី លោក ឈា នី ពី​មេ​ឃុំ​បឹងប្រាំ។ បន្ថែម​ពី​លើ​នេះ លោក ឈា នី ក៏​ប្រតិកម្ម​ប្រឆាំង​នឹង​របាយការណ៍​ដែល​ចេញ​ដោយ​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក មួយ​ផ្សេង​ទៀត​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ដែល​រក​ឃើញ​ថា មេ​ឃុំ​បឹងប្រាំ បាន​រំលោភ​ដី​ប្រជាពលរដ្ឋ​ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច​ទៀត​ផង។

មេ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង លោក ឈា នី ដែល​នៅ​ពេល​នេះ​រង​ការ​ចោទ​ប្រកាន់​ថា ជា​ភាគី​បង្ក​ទំនាស់​នោះ ព្រមាន​ថា លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ ជាតិ ព្រម​ទាំង​របាយការណ៍​ដែល​ចេញ​ដោយ​សមាគម​អាដហុក នេះ​ទៀត​ផង ប្រសិន​បើ​ការ​បកស្រាយ​ណា​មួយ​មិន​សម​ហេតុផល ឬ​ថា​រក​មិន​ឃើញ​ពី​កំហុស​របស់​លោក​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក ឈា នី បន្ត​ថា ប៉ុន្តែ​នៅ​ពេល​នេះ លោក​ឲ្យ​ទុក​ឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ​ឆ្លើយ​បំភ្លឺ​ជា​មុន​សិន មុន​នឹង​ឈាន​ដល់​អនុវត្ត​តាម​ច្បាប់៖ «គាត់​មិន​ចេញ​បុគ្គល​ខ្លួន​គាត់ ឬ​ក៏​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត ឬ​ក៏​គាត់​គ្រាន់​តែ​យក​ជា​លេស​តាម​ព័ត៌មាន​អី​ទៅ ដើម្បី​ចោទ​ប្រកាន់​ស្នើ​ឡើង​ដក។ ខ្ញុំ​សូម​ឲ្យ​បកស្រាយ​ឲ្យ​ច្បាស់​ត្រង់​ហ្នឹង។»

ឆ្លើយ​តប​បញ្ហា​នេះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នាក់​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ​ទាំង ៣​រូប ដែល​បាន​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ព្យួរ និង​ដក​សិទ្ធិ​ជា​មេ​ឃុំ​បឹងប្រាំ ពី លោក ឈា នី កាល​ពី​ដើម​ខែ​កញ្ញា  គឺ​លោក ជា ជីវ បញ្ជាក់​ថា ក្រុមប្រឹក្សា​ខេត្ត​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​រក​ឃើញ​ថា មេ​ឃុំ​បឹងប្រាំ ពិត​ជា​មិន​សម​ក្នុង​ឋានៈ​ជា​មេ​ឃុំ​ឡើយ។ លោក​ឲ្យ​ដឹង​ទៀត​ថា មាន​ហេតុផល​ច្រើន​សម្បើម​ណាស់​ក្រៅ​ពី​នេះ​ទៀត ដែល​បញ្ជាក់​ថា មេ​ឃុំ​បឹងប្រាំ ពិត​ជា​បាន​ប្រើប្រាស់​អំណាច​លើស​ពី​តួនាទី​របស់​ខ្លួន ហើយ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច៖ «ពាក់ព័ន្ធ​នឹង​ចេញ​ប័ណ្ណ​រួច​ ហើយ ហេតុ​អី​មិន​មាន​ដី​ប្រើប្រាស់ ហ្នឹង​ហើយ​ជា​អ្វី​ដែល​ជា​អសមត្ថភាព​គាត់។ មិន​ចេះ​សម្រប​សម្រួល ហើយ​បំផុសបំផុល​ប្រជាពលរដ្ឋ​ម្ខាង​ឲ្យ​ឈ្លោះ​ប្រជាពលរដ្ឋ ហើយ​មាន​ការ​រំលោភ​អំណាច ក្នុង​ការ​រឹបអូស​យក​គោយន្ត​គេ ដោយ​គ្មាន​ឯកសារ​លិខិត​ស្នាម។»

ជុំវិញ​បញ្ហា​នេះ លោក ឈា នី អះអាង​ថា រឿង​សម្បទាន​ដី​សង្គមកិច្ច​នេះ វា​ពុំ​មែន​ជា​ជម្រើស និង​ជា​ការ​ចាត់​ចែង​របស់​លោក​ឡើយ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​អនុវត្ត​នោះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា យុទ្ធនាការ​កាល​ណោះ គឺ​ធ្វើ​ឡើង​ដោយ​ការ​ចាប់​ឆ្នោត​ស្ម័គ្រចិត្ត ហើយ​មាន​ការ​សម្រប​សម្រួល​ដោយ លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទៀត​ផង តាម​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ថែម​ទៀត។

លើស​ពី​នេះ​ទៀត លោក​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​នឹង​មិន​ញញើត​ចំពោះ​ការ​បាត់​បង់​កៅអី​ជា​មេ​ឃុំ​ឡើយ ប្រសិន​បើ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ឃុំ​បឹងប្រាំ ពិត​ជា​លែង​គាំទ្រ​រូប​លោក​ធ្វើ​ជា​មេ​ឃុំ​ពិត​មែន​នោះ ជាពិសេស រឹត​តែ​មិន​ខ្លាច​ទៅ​ទៀត​នោះ គឺ​លោក​អាច​ហ៊ាន​ដើរ​ចូល​គុក​ដោយ​មិន​ចាំបាច់​មាន​បណ្ដឹង​ណា​មួយ​ប្រឆាំង​ រូប​លោក ដូចជា លិខិត​ស្នើ​ឲ្យ​ដក​តួនាទី​ជា​មេ​ឃុំ​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ៖ «បើ​មាន​ប្រជាពលរដ្ឋ​របស់​ខ្ញុំ​នៅ​ ឃុំ​បឹងប្រាំ ដែល​មាន ២​ពាន់​គ្រួសារ​ជាង​នេះ។ វា​ស្មើ​នឹង​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត មាន​បញ្ជី​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​បឹងប្រាំ ខ្ញុំ ៤​ពាន់​នាក់​ជាង។ បើ​លោក​មិន​ពេញ​ចិត្ត លោក​ថា​ឥឡូវ​ផ្ដិត​មេដៃ​ទម្លាក់​មេ​ឃុំ ៣​ពាន់ នៅ​សល់​តែ ១​ពាន់។ ១​ពាន់ ខ្ញុំ​ចុះ​ចេញ​ភ្លាម មិន​ចាំបាច់​ដល់​តំណាង​រាស្ត្រ ឬ​ក៏​ដាក់​ដល់​ក្រសួង​មហាផ្ទៃ ទេ។ ដាក់​តែ​ត្រឹម​ឃុំ ខ្ញុំ​នឹង​កាន់​ទៅ​ក្រសួង​មហាផ្ទៃ ចុះ​ចេញ​ភ្លាម។»

បើ​ទោះ​ជា​បែប​ណា មាន​របាយការណ៍​មួយ​ចំនួន​ក្នុង​ចំណោម​នោះ របាយការណ៍​និយាយ​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ពេល លោក ឈា នី រៀបចំ​គោល​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច​នៅ​តំបន់​បឹងប្រាំ។ លោក ឈា នី រង​ការ​ចោទ​ប្រកាន់​ថា បាន​ទទួល​លុយ​ជិត ៥០០​លាន​រៀល (៤៧៣.៨៩០.០០០​រៀល) ឬ​ស្មើ​ប្រមាណ​ជិត ១២​ម៉ឺន​ដុល្លារ (១១៨.៤៧២,២​ដុល្លារ) សហរដ្ឋ​អាមេរិក។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ចាត់​ទុក​ថា គឺ​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​ការ​ដោះស្រាយ​ក្នុង​រឿង​ដីធ្លី​ជិត ៤​ពាន់​ហិកតារ នៅ​ឃុំ​បឹងប្រាំ ដោះ​មិន​ចេញ ហើយ​បន្ត​ជាប់​គាំង​អស់​ពេល ៨​ឆ្នាំ​មក​នេះ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ លោក ឈា នី អះអាង​ថា លោក​បើក​ចំហ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ដ៏​ឯករាជ្យ ជុំវិញ​បញ្ហា​នេះ។ លោក​ព្រមាន​ទៅ​វិញ​ថា ប្រសិន​បើ​រក​ពុំ​ឃើញ​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​ទេ ភាគី​ពាក់ព័ន្ធ​ទាំង​នេះ​នឹង​ត្រូវ​រង​បណ្ដឹង​ពី​លោក​វិញ ក្រោម​បទ​ចោទ​បរិហារ​កេរ្តិ៍​ទៅ​តុលាការ ឬ​ថា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ៖ «ប្រជាពលរដ្ឋ ​ណា​ថា​ដី​យើង​ត្រូវ​បាន​ប៉ុណ្ណេះ ឲ្យ​លុយ​ខ្ញុំ​ប៉ុណ្ណេះ​មក ខ្ញុំ​ឲ្យ​ប៉ុណ្ណេះ។ ខ្ញុំ​ឥត​មាន​ទេ ឲ្យ​រក​លិខិត​ស្នាម​ឲ្យ​ឃើញ។ ៥០០​គ្រួសារ រាប់​បញ្ចូល​ទាំង ១៥០​គ្រួសារ​ទៀត​មក​ពី​ណា? ខ្ញុំ​សូម​ឲ្យ​គាត់​រក។»

ក្រៅ​ពី​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ប្រឆាំង​សមាជិក​ក្រុមប្រឹក្សា​ ខេត្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មាន លោក ជា ជីវ លោក ខឺយ ស៊ីណា និង​លោក ប៉ែន ឈន់សារ៉ាវ័ន្ត ហើយ​ចំណែក លោក យិន ម៉េងលី មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ក៏​រង​ការ​ស្ដី​បន្ទោស​ថា ជា​មន្ត្រី​នៃ​ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​មិន​ទទួល​ខុស​ត្រូវ​ដែរ។ លោក ឈា នី និយាយ​ថា លោក​ពិត​ជា​អស់​សង្ឃឹម​ចំពោះ​របាយការណ៍​ចេញ​ដោយ លោក យិន ម៉េងលី ដែល​រក​ឃើញ​ថា រូប​លោក​បាន​ប្រើ​សិទ្ធិ​ក្នុង​តួនាទី​ជា​មេ​ឃុំ ទៅ​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​ទាំង​បំពាន ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សង្គម​កិច្ច​នោះ។ លោក​ចាត់​ទុក​ថា របាយការណ៍​ដែល​ចេញ​ដោយ​សមាគម​អាដហុក នេះ គឺ​ផ្ទុយ​ទាំង​ស្រុង​ខុស​ពី​ការ​ពិត ហើយ​លោក​ស្នើ​ឲ្យ​បកស្រាយ​ជា​ចាំបាច់៖ «ខ្ញុំ ​សោកស្ដាយ​មួយ​អង្គការ​អាដហុក។ លោក​បំភ្លឺ​ក្នុង​នេះ​ក៏​មិន​មាន​ន័យ​ថា​ច្បាស់​លាស់​ដែរ។ លោក​កាន់​រឿង​បឹងប្រាំ តាំង​ពី​ដើរ​លូន​គុម្ព​ឫស្សី។ ដើរ​តត្រុកៗ​ក្រោម​គុម្ព​ឫស្សី មើល​មិន​ឃើញ​មេឃ​ទេ ហេតុ​អី​បាន​លោក​ថា​បឹងប្រាំ អនុវត្ត​គោល​នយោបាយ​ដី​សម្បទាន​សង្គមកិច្ច មក​យក​ដី​ប្រជាពលរដ្ឋ​ស្រឡះ​ស្រេច។ លោក​ផ្ទាល់​ដើរ​តត្រុក​កាល​ពី​ខ្ញុំ​ជាប់​ពន្ធនាគារ ដើរ​លុយ​ទឹក​ដើរ​ក្រោម​គុម្ព​ឫស្សី។»

ឆ្លើយ​តប​នឹង​ការ​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​របស់ លោក ឈា នី មេ​ឃុំ​បឹងប្រាំ ប្រឆាំង​ការ​ចោទ​ប្រកាន់​នេះ លោក ជា ជីវ បង្ហាញ​ស្នាម​ញញឹម​បន្តិច​មុន​នឹង​ឆ្លើយ​សំណួរ ដោយ​លោក​អះអាង​ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទាំង​បី​រូប ស្វាគមន៍​ជានិច្ច​ប្រសិន​បើ លោក ឈា នី ពិត​ជា​ហ៊ាន​ប្ដឹង​ពិត​មែន។ ប៉ុន្តែ​លោក​ពុំ​មាន​ជំនឿ​សោះ​ឡើយ​ថា មេ​ឃុំ​បឹងប្រាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ប្ដឹង​ប្រឆាំង​រូប​លោក និង​សមាជិក​ដទៃ​ទៀត ព្រោះ​មាន​ភស្តុតាង​ច្រើន​ណាស់​ដែល​រក​ឃើញ​ថា លោក ឈា នី ពិត​ជា​មាន​កំហុស​ក្នុង​រឿង​សម្បទាន​ដី​សង្គមកិច្ច​នេះ៖ «យើង​មាន​ របាយការណ៍​ពី​ប្រជាពលរដ្ឋ​ចំនួន ៤៤៤​គ្រួសារ បាន​ផ្ដល់​ថវិកា​ជូន​គាត់ ក្នុង​ការ​ទិញ​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋ ដែល​ផ្ដល់​លទ្ធភាព​ជូន​លោក​មេ​ឃុំ។»

ដោយ​ឡែក​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក លោក យិន ម៉េងលី ឯណេះ​វិញ អះអាង​ថា សមាគម​អាដហុក មាន​សំណុំ​រឿង​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ដាក់​បន្ទុក​ ប្រឆាំង លោក ឈា នី ប្រសិន​បើ​មេ​ឃុំ​បឹងប្រាំ កើត​ទុក្ខ​មិន​សុខ​ចិត្ត ហើយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​រក​ខុស​ត្រូវ។ លោក​បញ្ជាក់​ទៀត​ថា ជំហរ​របស់​សមាគម​អាដហុក នៅ​តែ​ប្រកាន់​គោលការណ៍​របស់​ខ្លួន​ដូច​មុន​ដដែល ក្នុង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​រងគ្រោះ៖ «អាដហុក បាន​ទទួល​បាន​ឯកសារ​លាយលក្ខណ៍​អក្សរ ១​លាន ២​លាន​រៀល រាប់​រយ​គ្រួសារ ដែល​យើង​សរុប ដែល​យើង​សរុប​ទៅ​រាប់​ម៉ឺន​រាប់​សែន​លាន​រៀល​ឯណោះ។ នេះ​ខ្ញុំ​បាន​ទទួល​ជា​លាយលក្ខណ៍​អក្សរ ហើយ​យើង​មាន​សាក្សី​ថែម​ទៀត ប្រសិន​បើ​គាត់​ចង់​បាន។»

គិត​មក​ដល់​ពេល​នេះ ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ហាក់​បាន​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​សង្វៀន​ ទំនាស់​រឿង​ដីធ្លី។ ចំណែក​រលក​ទី​ពីរ​នេះ ភាគី​នីមួយៗ​សុទ្ធ​តែ​ចង់​រក​កន្លែង​កណ្ដាល ដើម្បី​ដេក​រៀងៗ​ខ្លួន។ នៅ​ក្នុង​សំណុំ​រឿង​ដីធ្លី​ហាក់​កប់​ទៅ​វិញ ប៉ុន្តែ​រឿង​ទី​ពីរ​ថ្មី​បាន​កើត​ឡើង​ជំនួស​វិញ​ម្តង គឺ​តួអង្គ​ក្រៅ​ឆាក​ឯណេះ​ទៅ​វិញ ត្រូវ​រង​សម្ពាធ​តាម​ផ្លូវ​តុលាការ ដោយ​រួម​ទាំង​បុគ្គលិក​ផ្នែក​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​ផង៕



No comments:

Post a Comment