Paris Peace Accords 23 Oct. 1991

Saturday, September 20, 2014

ប្រជា​សហគមន៍​ នៅ​កំពត​ ទាមទារ​ ឲ្យ​មាន​ វេទិកា​ សាធារណៈ ​ស្ដីពី​ បទល្មើស​ នេសាទ​សមុទ្រ | Communities in Kampot call for a public forum to address crimes of the sea

ប្រជា​សហគមន៍​ នៅ​កំពត​ ទាមទារ​ ឲ្យ​មាន​ វេទិកា​ សាធារណៈ ​ស្ដីពី​ បទល្មើស​ នេសាទ​សមុទ្រ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ កញ្ញា ២០១៤

ការ​បង្ក្រាប​ បទល្មើស ​នេសាទ ​សមុទ្រ ​នៅ​ខេត្ត​កំពត ដោយ​ប្រជា​សហគមន៍ កំពុង​ប្រែ​ក្លាយ ​ជា​ជម្លោះ ដោយ​ក្រុម ​អ្នក​ប្រព្រឹត្តិ​ បទល្មើស​នេសាទ ប្ដឹង​ចោទ​ សហគមន៍ ​ទៅ​តុលាការ​ ខេត្ត ​ពី​បទ​ប្លន់។

អង្គការ​ ការពារ ​ធនធាន​ ជលផល​ តំបន់​ឆ្នេរ សំណូមពរ ​ឲ្យ​អាជ្ញាធរ ខេត្ត​កំពត បើក​វេទិកា ​សាធារណៈ​ បង្ការ​ទប់ស្កាត់​ បទល្មើស ​នេសាទ ដើម្បី ​បង្រៀន​អ្នក​នេសាទ កុំ​ឲ្យ​ប្រើ​ ឧបករណ៍​ ខុស​ច្បាប់ បំផ្លាញ​ធនធាន​ សមុទ្រ ​ក្នុង​តំបន់ ​ទឹក​រាក់ និង​បញ្ចៀស​ មិន​ឲ្យ កើត​មាន ​វិវាទ​ ជា​ថ្មី​ទៀត។

ប្រជា​សហគមន៍​ នេសាទ​ ដូនតោក ខេត្ត​កំពត ទាមទារ​ ឲ្យ​មាន ​វេទិកា​សាធារណៈ ខណៈ​ បទល្មើស​ នេសាទ​សមុទ្រ​ នៅ​តែ​ កើន​ឡើង បើ ​ធៀប​នឹង​ឆ្នាំ​ ២០១៣។


តំណាង ​សហគមន៍​ នេសាទ ​ដូនតោក លោក ហាត់ ការីម ឲ្យ​ដឹង​ ថា, ពី​មួយ​ខែ​ ទៅ​មួយ​ខែ បទល្មើស ​នេសាទ ​ដោយ​ប្រើ​ ឧបករណ៍ អូសគូ ​ដោយ​ជនជាតិ ​វៀតណាម និង​បទល្មើស ​ប្រើ​ឧបករណ៍ ​ឆក់ ដោយ​ជនជាតិ ​ខ្មែរ ​មក​ពី​ខេត្ត​ កែប នៅ​តែ ​កើត​មាន ​ឥត​ឈប់​ឈរ ​នៅ​ដែន​សមុទ្រ​ ទឹក​រាក់ ក្នុង​សហគមន៍ ​ដូនតោក។  លោក​ បន្ត​ថា, ដោយសារ​តែ ​សហគមន៍ ​ដូនតោក ចេញ​មុខ​បង្ក្រាប​ បទល្មើស​ ញឹកញាប់ ទើប ​នៅ​សប្ដាហ៍​មុន អ្នក​នេសាទ មក​ពី​ខេត្ត​ កែប ដែល​ប្រើ​ ឧបករណ៍​ឆក់​ ក្នុង​ដែន​សមុទ្រ ​ទឹក​រាក់ ប្ដឹង​ចោទ​ សហគមន៍​ ពួក​គាត់​ ពី​បទ​ប្លន់ ​ទៅ​វិញ។  មូលហេតុ​នេះ ទើប​ សហគមន៍ ​ដូនតោក ស្នើសុំ​ ឲ្យ​អាជ្ញាធរ ​ខេត្ត និង​ខណ្ឌ ​រដ្ឋបាល​ ជលផល បង្កើត​វេទិកា​ សាធារណៈ ជជែក ពី​បទល្មើស ​នេសាទ​សមុទ្រ៖ «យើង​ មាន​ភស្តុតាង។  យើង​ យក​កូន​ដៃ និង​តៃកុង​ យក​មក។  គាត់​ សារភាព ​ថា, ​គាត់​ ដាក់​ឆក់​មែន ព្រោះ​អី ​ខ្ញុំ​ ដាក់​ចាប់​គាត់​ នៅ​កន្លែង​ហ្នឹង, គឺ​ ទូក​ហ្នឹង​ បាន​ដាក់​ ឆក់​មែន។  យើង ​ក៏​មិន​មែន​ ចាប់​គេ​ មក​វាយ​ដំ​ គេ​ដែរ។  យើង​ គ្រាន់​តែ​ ចាប់​មក  យើង ​ប្រគល់​ ឲ្យ​ជំនាញ​គេ ​ដោះស្រាយ​ទៅ។»

លោក ហាត់ ការីម បន្ត​ថា, នៅ​ក្នុង​ឆ្នាំ ​២០១៤ សហគមន៍​ នេសាទ​ ដូនតោក បង្ក្រាប​បាន ​ទូក​អូសគូ​ វៀតណាម និង​ទូក​ខ្មែរ ​ប្រើ​ឧបករណ៍ ​ឆក់​ បាន១០​គ្រឿង, ប៉ុន្តែ​ អាជ្ញាធរ​ មាន​សមត្ថកិច្ច ​នៅ​ខេត្ត ​កំពត បាន​ដោះ​លែង ​ក្រោយ​ពី​អប់រំ និង​ពិន័យ​ ជា​ប្រាក់៖ «បង្ក្រាប​បាន ៦-៧​ ករណី​ហើយ, ហើយ​ ទូក​អូសគូ ៣​គូ​ហើយ, ទូក​ឆក់ ៥-៦ ​គ្រឿង​ហើយ។»

អ្នក​សម្រប​សម្រួល ​គម្រោង ​របស់ ​អង្គការ ​សម្ព័ន្ធភាព ដើម្បី​ អភិរក្ស​ធនធាន ​ជលផល​ នៅ​តំបន់​ឆ្នេរ លោក ហួត ស៊ីណាត ឲ្យ​ដឹង​ ថា, ដោយសារ​តែ​ បទល្មើស ​នេសាទ​ នៅ​ឆ្នាំ​២០១៤ នៅ​តែ​ កើន​ឡើង បើ ​ធៀប​នឹង​ឆ្នាំ​ ២០១៣, គឺ​ លើស​ជាង ១០​ករណី, បើ​ គិត​ក្នុង​រយៈពេល​ ដូច​គ្នា។  លោក ​បន្ត​ថា, ការ​បង្កើត ​វេទិកា​ សាធារណៈ នឹង​អាច ​ឲ្យ​អាជ្ញាធរ​ ខេត្ត និង​សមត្ថកិច្ច​ ពាក់ព័ន្ធ ចូលរួម ​ដោះស្រាយ​បញ្ហា​ ដែល​ប្រជា​នេសាទ​ កំពុង​ជួប​ប្រទះ៖ «បទល្មើស​ នេសាទ ​នៅ​សហគមន៍ ​ដូនតោក​ហ្នឹង, វា​ កើត​ឡើង​ ជា​ញឹកញាប់ ទាំង​ទូក​ អូសគូ​ របស់​ ជនជាតិ​ វៀតណាម, ហើយ​ និង​ទូក​ឆក់​ របស់ ​ខ្មែរ​យើង ​មក​ពី​ខាង ​ព្រែក​តានេន ខាង​ខេត្ត​ កែប, ឃើញ​មក​ឆក់​ ជា​ញឹកញាប់, ហើយ ​ឆក់​ នៅ​ពេល ​ថ្ងៃ​ទៀត។  ហើយ ​ថ្មីៗ​នេះ គឺ​ មាន​អភិបាល​ ក្រុង​ ខេត្ត​កំពត, គាត់​ បាន​ចុះ​ទៅ ​ដូនតោក​ហ្នឹង​ ជាមួយ ខាង​អង្គការ​ សម្ព័ន្ធភាព ដើម្បី​ អភិរក្ស​ធនធាន ​ជលផល​ មាន​ខ្ញុំ​ផ្ទាល់, ហើយ ​មាន លោក ស សារិន ដែល​ជា​នាយ​ខណ្ឌ​ រដ្ឋបាល​ ជលផល​ កំពត ហ្នឹង ចុះ​ទៅ​ សម្រប​សម្រួល ​ក្នុង​ការ​ដោះស្រាយ ​បញ្ហា​បទល្មើស​ នេសាទ​ហ្នឹង។  ហើយ​ យើង​ បាន​ឯកភាព​គ្នា​ ថា, ​យើង​ នឹង​ធ្វើ​វេទិកា​ សាធារណៈ​មួយ សម្រប​សម្រួល​ ដោយ​លោក​ អភិបាល​ខេត្ត​ កំពត។  វេទិកា​ សាធារណៈ​ មិន​ទាន់​ បាន​ធ្វើ​ទេ, ប៉ុន្តែ​ ករណី​ បទល្មើស ​នេសាទ​ហ្នឹង, វា ​កើត​ឡើង​ ជា​បន្តបន្ទាប់។  ប៉ុន្តែ​ ដំណោះស្រាយ​ វា​ មិន​ជា​ដុំ​ កំភួន​ទេ, ប៉ុន្តែ ​គ្រាន់​ថា, បាន​ឯកភាព​គ្នា​ ដើម្បី​ ដោះស្រាយ ​ជូន​ប្រជាជន។»

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង លោក ស សារិន មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល និង​អភិបាល​ខេត្ត​កំពត លោក ឃួយ ឃុនហូរ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

ចំណែក​ក្រុមប្រឹក្សា​ខេត្ត​កំពត អ្នកស្រី សំ ចរិយា ថ្លែង​ថា នឹង​លើក​សំណើ​របស់​អង្គការ និង​សហគមន៍​នេះ​ជូន​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ​តុលា ដើម្បី​សុំ​ឲ្យ​អភិបាល​ខេត្ត​ពិចារណា​ឲ្យ​មាន​វេទិកា​សាធារណៈ​នេះ​កើត​ឡើង។

លោក ហួត ស៊ីណាត មន្ត្រី​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​នៅ​តំបន់​ឆ្នេរ ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៤ មិន​មាន​ព័ត៌មាន​បាញ់​សម្លាប់​អ្នក​នេសាទ​ខ្មែរ ដែល​ចូល​នេសាទ​រំលោភ​ដែន​នេសាទ​វៀតណាម នៅ​ឡើយ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ អ្នក​នេសាទ​កម្ពុជា ៦​នាក់ ត្រូវ​ជនជាតិ​វៀតណាម បាញ់​ឲ្យ​របួស៕



No comments:

Post a Comment