ជម្លោះ រវាង ព្រះសង្ឃ និងព្រះចៅ អធិការវត្ត នៅសៀមរាប
RFA / វិទ្យុ អាស៊ី សេរី | ២២ កញ្ញា ២០១៤

ក្រុមពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះសង្ឃមួយចំនួន
លើកបដាអំពាវនាវ ឱ្យមន្ត្រីសង្ឃជួយអន្តរាគមន៍ពន្លត់ជម្លោះ
ព្រមទាំងដោះស្រាយកុំឱ្យមានការបណ្ដេញព្រះសង្ឃចេញពីវត្ត
នៅថ្ងៃទី២២ កញ្ញា ២០១៤។ RFA/Hang Savyouth
ក្នុងពេល ដែលប្រជាពលរដ្ឋ ខ្មែរ នៅទូទាំង ប្រទេស កំពុង នាំគ្នា ប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ និងជិតដល់ថ្ងៃ ភ្ជុំបិណ្ឌ ទៅហើយ, នៅឯវត្ត ពោធិលង្កា, សង្កាត់ ស្លក្រាម, ក្រុង សៀមរាប ឯណេះវិញ ក៏កំពុង កើតមាន ជម្លោះ រវាង ព្រះសង្ឃ ១ក្រុម ជាមួយ ព្រះចៅអធិការ វត្តដែរ។
ជម្លោះ ដែលមិនមានការដោះស្រាយពីមន្ត្រីសង្ឃនៅឡើយ គឺបានឈានដល់ការរុះរើខ្ទមនិងកុដិខ្លះមិនឱ្យព្រះសង្ឃអាចស្នាក់ នៅដើម្បីរង់ចាំព្រះវស្សាបានទេ។
យ៉ាងហោចណាស់ក៏មានសាមណៈនិស្សិតចំនួន ៧អង្គ និងកូនសិស្សជិត ១០នាក់ផ្សេងទៀត កំពុងគ្មានទីជម្រក និងកន្លែងស្នាក់នៅក្នុងវត្តពោធិលង្កា បន្ទាប់ពីព្រះចៅអធិការវត្តនេះ បានប្រើកម្លាំងឱ្យទៅរុះរើខ្ទម និងកុដិមួយចំនួនមិនអាចឱ្យស្នាក់នៅបន្តបាន។
ក្រុមព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តខ្លះកំពុងនាំគ្នារិះគន់ទង្វើរបស់ ព្រះចៅអធិការវត្ត ថាបានប្រព្រឹត្តមិនសមរម្យទៅលើអ្នកបួសដូចគ្នា។
សាមណៈនិស្សិតម្នាក់ក្នុងចំណោមព្រះសង្ឃជាច្រើនទៀត គឺភិក្ខុ សៅ ចិន។ ព្រះអង្គមានថេរដីកាកាលពីព្រឹកថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ថា មានព្រះសង្ឃជាច្រើនអង្គដែលមកពីបណ្ដាស្រុកផ្សេងៗ បានចូលមកស្នាក់នៅក្នុងវត្តពោធិលង្កា ដើម្បីរៀនសូត្រ ក៏ប៉ុន្តែកាលពីថ្ងៃ២១ ខែកញ្ញា កន្លងទៅ ព្រះចៅអធិការវត្តព្រះនាម កែវ ខូយ បាននាំមនុស្សទៅរុះរើបំផ្លាញខ្ទមនិងកុដិ ដែលព្រះសង្ឃទាំងនោះគង់នៅចោលអស់។
សាមណៈនិស្សិតដដែលបញ្ជាក់ថា ព្រះអង្គអាណិតព្រះសង្ឃនិងក្មេងវត្តដែលកំពុងគ្មានទីជម្រក ប្រសិនបើមានកំហុសយ៉ាងណាៗ ក៏គួររង់ចាំឱ្យចេញព្រះវស្សាតាមពុទ្ធបញ្ញត្តិដែរ។
ក្រុមព្រះសង្ឃនិងសិស្សទាំងនោះមិនមានកំហុសអ្វីទេ គឺពេលខ្លះគ្រាន់តែនាំគ្នានិមន្តបិណ្ឌបាត្រដើម្បីបានចង្ហាន់ ប៉ុណ្ណោះ៖ «តែព្រះចៅអធិការហ្នឹងចោទព្រះអង្គៗ ដែលមកថា និមន្តត្រាច់ចរបិណ្ឌបាតផ្ដេសផ្ដាស អនាធិបតេយ្យ។ រឿងនេះរឿងបុគ្គល គំនុំ បើថាលោកជាន់បាន១ហើយ គឺលោកចង់តែជម្រះឱ្យអស់។ តាមអាត្មាដឹងមានហេតុការណ៍ខ្លះ គឺគេធ្វើភីដុង ខ្លះធ្វើបំពង់ ហើយមានខ្លះគេធ្វើដែកកេះបោះទៅដល់ពេលគេរុះរើទៅគេឃើញ គេថតសកម្មភាពថាអូរើទៅពិតជាមានបញ្ហារឿងថ្នាំញៀនអីណា អ៊ីចឹងគេត្រូវតែរុះរើ។ ចុះបើលោកអត់មានបញ្ហាអ្វីជាមួយថ្នាំញៀន មករៀនសូត្រយូរឆ្នាំហើយ ហេតុអ្វីក៏ព្រះចៅអធិការនៅតែរុះរើកុដិចោលទៀត។»
បច្ចុប្បន្នក្រុមសាមណៈនិស្សិត និងកូនសិស្សទាំងនោះ កំពុងសុំកុដិព្រះសង្ឃដទៃទៀតស្នាក់នៅ ក៏ប៉ុន្តែក៏កំពុងព្រួយបារម្ភរឿងចៅអធិការបណ្ដេញចេញមិនឱ្យនៅ ក្នុងវត្តតទៅទៀត។
ការរុះរើខ្ទមនិងកុដិព្រះសង្ឃមួយចំនួនបានធ្វើឡើងក្រោយពី ក្រុមប៉ូលិសបានប្រើហិង្សា និងចាប់ខ្លួនព្រះសង្ឃ ១អង្គ ដែលគង់នៅកុដិជិតគ្នានោះ ពីបទចោទប្រកាន់ថា បាននាំស្រីនិងសេពស្រាបៀផង។ ក៏ប៉ុន្តែ ព្រះចៅអធិការវត្តពោធិលង្កា ព្រះនាម កែវ ខូយ បដិសេធថា ព្រះអង្គមិនបានបញ្ជាឱ្យរុះរើកុដិព្រះសង្ឃទេ គឺរុះរើតែកន្លែងតូបចាស់ៗដែលពុកផុយប៉ុណ្ណោះ។
ទោះយ៉ាងណា ព្រះចៅអធិការបង្ហាញការមិនពេញចិត្តចំពោះក្រុមព្រះសង្ឃដែលមក ស្នាក់នៅក្នុងទីវត្ត ដើម្បីរៀនសូត្រទាំងនោះ ដោយចាត់ទុកថា ចូលមកនៅមិនបានសុំការអនុញ្ញាតត្រឹមត្រូវ៖ «អានោះមិនមែនកុដិ ទេ តូបឈើ ពុកផុយ តូចៗ ៣តូប ប៉ុន្តែសាលាធម្មហ្នឹងធ្វើពីឆ្នាំ១៩៩៥ មក វាពុកផុយអស់ ក៏កន្លែងនោះតែងតែមានជនអន្ធពាលមកសេពគ្រឿងញៀន យើងគ្រប់គ្រងស្ថានភាពអត់បាន អ៊ីចឹងត្រូវសាលានោះពុកផុយថែមទៀតទៅ យើងក៏សុខចិត្តរើជញ្ជាំងទុកដំបូលវាទៅ អាចគ្រប់គ្រងស្ថានភាពបានមួយចំនួនដែរ ព្រោះប៉ូលិសចាប់បានតែអ្នកគ្រឿងញៀនកន្លែងនោះឯង។»
ទោះយ៉ាងណា ក្រុមពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរិះគន់ថា ព្រះចៅអធិការវត្តដែលរុះរើកុដិបណ្ដាលឱ្យសាមណៈនិស្សិតនិងសិស្ស ខ្លះគ្មានទីជម្រកនោះ គឺមិនសមរម្យទេ៖ «ដល់លោកបាត់បង់ទីលំនៅ អ៊ីចេះ ខ្ញុំជាប្រជាជនមានការអាណិតលោកខ្លាំងណាស់ ដោយប្រើអំពើមួយមិនគប្បីនៅកណ្ដាលព្រះវស្សាអ៊ីចឹង។»
វត្តពោធិលង្កា នៅក្នុងទីក្រុងសៀមរាប ធ្លាប់កើតរឿងអាស្រូវជាច្រើនជាបន្តបន្ទាប់ក្នុងរយៈពេល ៣-៤ឆ្នាំមកនេះ៕
No comments:
Post a Comment