Paris Peace Accords 23 Oct. 1991

Monday, September 22, 2014

មន្ត្រី​ គណៈកម្មការ​ ទី​១​ សភា​ គ្រោង​ចុះ ​អង្កេត​ទំនាស់​ដី​ នៅ​ឡ ពាង ​ក្រោយ​បុណ្យ​ភ្ជុំ | Officials of Parliamentary commission No. 1 plan to investigate land conflict in Lor Peang after Pchum Ben

មន្ត្រី​ គណៈកម្មការ​ ទី​១​ សភា​ គ្រោង​ចុះ ​អង្កេត​ទំនាស់​ដី​ នៅ​ឡ ពាង ​ក្រោយ​បុណ្យ​ភ្ជុំ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ កញ្ញា ២០១៤

ជម្លោះ​ដី ឡពាង ៦២០
អ្នក​ភូមិ ​ឡពាង និង​អ្នក​ភូមិ​ បឹងកក់ នា​ខេត្ត​ កំពង់ឆ្នាំង ដើរ​តវ៉ា​ តាម​បណ្ដោយ​ផ្លូវ ​ជាតិ​ លេខ​៥ ឆ្ពោះ​មក​ភ្នំពេញ កាល​ពី​ថ្ងៃ ​ទី​១២ សីហា ឆ្នាំ​២០១៤។  RFA/Chin Chetha

មន្ត្រី​ជំនាញ​ នៃ​គណៈកម្មការ ​ទី​១ ​នៃ​រដ្ឋ​សភា គ្រោង​ចុះ​ ទៅ​ស្រាវជ្រាវ​ ករណី​ ជម្លោះ​ដីធ្លី​ រវាង ​លោកស្រី ជា ខេង ភរិយា​រដ្ឋមន្ត្រី​ ក្រសួង ​រ៉ែ​ និង​ថាមពល លោក ស៊ុយ សែម ជាមួយ ​អ្នក​ភូមិ ​ឡពាង ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពេល ​ពិធី​បុណ្យ ​ភ្ជុំបិណ្ឌ​រួច។

គម្រោង​ចុះ ​អង្កេត​ផ្ទាល់ ​នៅ​ភូមិ ​ឡពាង​នេះ ធ្វើ​ឡើង​ ស្រប​ពេល​ ដែល​អ្នក​វិភាគ​ សង្គម ​ស្រាវជ្រាវ​ រក​ឃើញ​ ថា, ទំនាស់​ដីធ្លី​ នៅ​ឡពាង​នេះ មាន​ជាប់ ​ពាក់ព័ន្ធ​ នឹង​មន្ត្រី​ ធំៗ និង​អ្នក​មាន​អំណាច​ ដែល​ប្រើប្រាស់ ​ប្រព័ន្ធ​តុលាការ ​ជា​ប្រយោជន៍​ របស់​ ខ្លួន។

ប្រធាន ​គណៈកម្មការ​ សិទ្ធិមនុស្ស​ ទទួល​ ពាក្យ​បណ្ដឹង, អង្កេត និង​ទំនាក់ទំនង ​រដ្ឋ​សភា-ព្រឹទ្ធសភា (ឬ​ហៅ​ថា គណៈកម្មការ ​ទី​១​នៃ​រដ្ឋ​សភា) កំពុង ​ប្រមូល​ព័ត៌មាន ​ពី​ភាគី​ ពាក់ព័ន្ធ, រួម​មាន ​ពី​អង្គការ​ សង្គម​ស៊ីវិល, ​ពលរដ្ឋ, និង​ខាង​ ក្រុមហ៊ុន ខេឌីស៊ី (KDC) ដើម្បី ​ត្រៀម​ចុះ​ ស្រាវជ្រាវ​ផ្ទាល់​ នៅ​មូលដ្ឋាន។



អ្នក​ភូមិ​ ឡពាង បាន​បោះបង់​ ការ​តវ៉ា​ នៅ​មូលដ្ឋាន បន្ទាប់ ពី​អស់​ជំនឿ​ ទៅ​លើ​អាជ្ញាធរ​ ខេត្ត​កំពង់ឆ្នាំង និង​បាន​វេច​បង្វេច ​មក​តវ៉ា​ នៅ​រាជធានី ​ភ្នំពេញ តាំង​ពី​ខែ​ សីហា។   អ្នក​ភូមិ​ ឡពាង បាន​ដាក់​ ពាក្យ​បណ្ដឹង​ ជា​ច្រើន​លើក ​ទៅ​រដ្ឋ​សភា ដើម្បី​ ឲ្យ​ស្ថាប័ន​នេះ ​ជួយ​ដោះស្រាយ ​វិវាទ​នេះ។

​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ទំនាស់​ដីធ្លី​នៅ​ឡពាង មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​លោក​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​មូលដ្ឋាន​ មុន​នឹង​សម្រេច​បញ្ជូន​ករណី​នេះ​បន្ត​ទៅ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ អន្តរាគមន៍។ លោក​បញ្ជាក់​ថា អ្នក​ភូមិ​ឡពាង ចង់​បញ្ចប់​ករណី​វិវាទ​នេះ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ចង់​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​រឿង​នេះ។

​លោក អេង ឆៃអ៊ាង៖ «គណៈកម្មការ​ទី​១​នឹង​រៀបចំ​ក្រុម​ការងារ​ដើម្បី​ ចុះ​ទៅ​អង្កេត​រឿង​ហ្នឹង​សិន អង្កេត​ឲ្យ​ដឹង​ច្បាស់​សិន រួច​ហើយ​បាន​គណៈកម្មការ​នឹង​ផ្ដល់​ព័ត៌មាន​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ បើ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​ក្រុមហ៊ុន ទាំង​ប្រជាពលរដ្ឋ លោក​ចង់​ឲ្យ​គណៈកម្មការ​ទី​១ ធ្វើ​ជា​អ្នក​សម្របសម្រួល យើង​នឹង​ដើរ​តួនាទី​ហ្នឹង តែ​បើ​ពលរដ្ឋ​អត់​ត្រូវការ​ទេ ចង់​ឲ្យ​និយាយ​រឿង​យុត្តិធម៌ និយាយ​ពី​រឿង​ឈ្នះ​ចាញ់ យើង​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​ ស្ថាប័ន​សម្រាប់​ការ​ដោះស្រាយ ធ្វើការ​ដោះស្រាយ ហើយ​គណៈកម្មការ​ទី​១​នេះ នឹង​ឃ្លាំមើល​ដំណើរការ​នេះ។»

​អ្នក​ភូមិ​ឡពាង​ចំនួន ៨៣​គ្រួសារ នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោកស្រី ជា ខេង ទំហំ ១៨៣​ហិកតារ។ ជម្លោះ​នេះ​បាន​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ ហើយ​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ និង​កម្លាំង​កម្មករ​រាប់​រយ​នាក់​ធ្វើ​របង​ព័ទ្ធ​លើ​ដី​ដែល​កំពុង​មាន​ ជម្លោះ។

តំណាង​អ្នក​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សុភី សង្ឃឹម​ថា ការ​ចុះ​ទៅ​ស្រាវជ្រាវ​របស់​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា​ពេល​ខាង​មុខ នឹង​ផ្ដល់​យុត្តិធម៌​ពិត​ដល់​អ្នក​ភូមិ ហើយ​អាច​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ដែល​ពួក​គាត់​រស់​នៅ និង​បាន​កាន់​កាប់​លើ​ដី​ទំនាស់​នោះ។

អ្នកស្រី អ៊ុំ សុភី៖ «បើ​ គាត់​ ស៊ើប​អង្កេត​ ប៉ះចំ​អាជ្ញាធរ​ ដែល​ ពាក់ព័ន្ធ ឬ​ឃុបឃិត​ ជាមួយ​ ក្រុមហ៊ុន, គឺ ​អាជ្ញាធរ​ គាត់​ មិន​គាំទ្រ​ ពលរដ្ឋ​ ដែល​បាត់បង់​ ដីធ្លី​ទេ។  ប៉ុន្តែ​ បើ​ គាត់​ បាន​ចុះ​មក​ ស៊ើប​សួរ ​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ ពិតប្រាកដ, គាត់​ នឹង​ទទួល​បាន​ ព័ត៌មាន ​ច្បាស់លាស់​, ត្រឹមត្រូវ។»

របាយការណ៍​បឋម​ស្ដីពី​ទំនាក់ទំនង​អំពើ​ពុករលួយ និង​និទណ្ឌភាព​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​ក្រុម​របស់​លោក កែម ឡី រក​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡពាង មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ធំៗ និង​អ្នក​មាន​អំណាច​ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ប្រយោជន៍​របស់​ ខ្លួន។ រយៈពេល​ជិត ៨​ឆ្នាំ​កន្លង​មក មាន​អ្នកភូមិ​ឡពាង ១១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង ១១​នាក់​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​តាម​អំណាច​នៃ​ការ​ប្ដឹង​របស់​តំណាង​ ក្រុមហ៊ុន ហើយ​បណ្ដឹង​ទាំង​នោះ​សុទ្ធតែ​បាន​ចាត់ការ​និង​មាន​ដីកា​កោះហៅ។ ចំណែក​ឯ​អ្នកភូមិ​ឡពាង​វិញ ក៏​បាន​ដាក់​​ពាក្យ​បណ្ដឹង​ជាង ១០០​បណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​តុលាការ​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​ពាក្យ​បណ្ដឹង​នោះ​ត្រូវ​បាន​ចាត់ការ​តិចតួច​បំផុត។

​របាយការណ៍​ដដែល​ក៏​រក​ឃើញ​ថា ថ្នាក់ដឹកនាំ​បាន​ចូលរួម​តិចតួច​បំផុត​ក្នុង​ការ​ដោះស្រាយ​ទំនាស់​នេះ ដោយ​គ្រាន់តែ​ចេញ​លិខិត​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌​ចេញ​កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ដែល​លិខិត​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្អាក​ដំណើរការ​របស់​ ក្រុមហ៊ុន ឬ​បាន​ដោះស្រាយ​លើ​ចំណុច​ណា​មួយ​ឡើយ។ ការ​ដាក់​កងកម្លាំង​ដើម្បី​ការពារ ប៉ុន្តែ​បែរ​ជា​រឹត​បន្តឹង​សេរីភាព​របស់​ពលរដ្ឋ។

ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​ធ្លាក់​ចុះ​ផ្នែក​ស្មារតី​និង​ជីវភាព រី​ឯ​ក្មេងៗ​តូចៗ​វិញ រង​ផល​ប៉ះពាល់​ដល់​សុខភាព​និង​ប្រាជ្ញា ក្រោយ​ពី​រង​របួស​ក្បាល​និង​រាង​កាយ​ក្នុង​ព្រឹត្តិការណ៍​ដែល​ក្រុម​កម្មករ​ ក្រុមហ៊ុន និង​អ្នក​ភូមិ​ឡពាង ប្រយុទ្ធ​គ្នា​ដោយ​ចម្ពាម​កៅស៊ូ និង​ដំបង​កាលពី​ខែ​មិថុនា កន្លង​មក៕


No comments:

Post a Comment