ជម្លោះ នៅវត្ត សាមគ្គី រង្សី រវាង ព្រះសង្ឃ និងតំណាងរាស្ត្រ កាន់តែ តានតឹង
RFI | ៥ កញ្ញា ២០១៤
លោក សួស យ៉ារា ពេលចូលទៅ ដោះស្រាយ បញ្ហាដីធ្លី នៅក្នុងវត្ត សាមគ្គីរង្សី, @សមាគម ព្រះសង្ឃ ខ្មែរកម្ពុជាក្រោម
ក្រោយមានជម្លោះ រវាង ព្រះសង្ឃ នៅវត្ត សាមគ្គី រង្សី
និងតំណាងរាស្ត្រ គណបក្ស ប្រជាជនកម្ពុជា ខេត្ត ព្រះវិហារ លោក សួស
យ៉ារ៉ា បានវិវត្ត ចូលដល់ ដំណាក់កាល តានតឹង
ព្រោះថា ព្រះសង្ឃ បានស្នើ ឱ្យតំណាងរាស្ត្រ សុំទោស ជាសាធារណៈ។
ប៉ុន្តែ សាលាក្រុង បានចេញ ថ្កោលទោស ថា ជាអំពើហិង្សា លើតំណាងរាស្ត្រ។
ភ្លាមៗ ក្រោយជម្លោះពាក្យសម្តីរវាងព្រះសង្ឃ និងតំណាងរាស្ត្រខេត្តព្រះវិហារ សហគមន៍ព្រះសង្ឃកម្ពុជាក្រោមដែលតំណាងឱ្យវត្តសាមគ្គីរង្សី បានផ្ញើលិខិតពីរច្បាប់ជូនទៅកាន់ប្រធានរដ្ឋសភាជាតិ កម្ពុជា លោក ហេង សំរិន និងលោក យ៉ែម បុញ្ញរិទ្ធ។ ជាលិខិតដើម្បីស្នើឱ្យលោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលព្រះវិហារសំទោសព្រះសង្ឃជា សាធារណៈ។ លោក សួស យ៉ារ៉ា ដែលព្រះសង្ឃក្នុងវត្តសាមគ្គីរង្សីបានអះអាងបានប្រើប្រាស់ ពាក្យសម្តីគំហកដាក់ព្រះសង្ឃ។ នេះបើតាមការបញ្ជាក់ពីព្រះតេជគុណថាច់ ហាសំអាង គ្រូសូត្រស្តាំវត្តសាមគ្គីរង្សី និងជាគណៈកម្មការគ្រប់គ្រង់សហគមន៍ព្រះសង្ឃកម្ពុជាក្រោម។
សូមរំលឹកបន្តិចថា កាលពីថ្ងៃទី៣ កញ្ញាកន្លងទៅនេះ លោកសួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានចុះទៅកាន់វត្តសាមគ្គីរង្សីក្នុងទីក្រុងភ្នំពេញដើម្បីដោះស្រាយ បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋមកពីខេត្តព្រះវិហារដែលបានស្នាក់នៅក្នុង វត្តសាមគ្គីរង្សី។ ប៉ុន្តែក្នុងវេទិកាដោះស្រាយនោះ មានការដំឡើងសំឡេងតឹងសរសៃកររៀងៗខ្លួនរវាងលោក សួស យ៉ារ៉ា និងពីសំណាក់ព្រះសង្ឃ ទើបធ្វើឱ្យមានការបណ្តេញចេញតំណាងរាស្ត្រយ៉ាងប្រញាប់ប្រញាល់ចេញពីវត្ត។ ត្រង់ចំណុចនេះ ព្រះតេជគុណ ថាច់ ហាសំអាង បានអះអាងថា លោកសួស យ៉ារ៉ាបានប្រើប្រាស់ពាក្យគំហកដាក់ព្រះសង្ឃទើបធ្វើឱ្យព្រះសង្ឃ មានប្រតិកម្ម។ ប៉ុន្តែលោក សួស យ៉ារ៉ា ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកមួយ បានដកស្រង់សម្តីថា ការប្រើសម្តីគំហកដាក់ព្រះសង្ឃគឺជារឿងមិនពិតនោះទេ។
លោក យ៉ែម បុញ្ញឫទ្ធិប្រធានគណៈគណៈកម្មការ អប់រំ ធម្មការ និងសាសនា វប្បធម៌នៃរដ្ឋសភា បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា មិនមានការចាត់វិធានការណាមួយនោះទេ។ ហើយលោកនឹងបញ្ជូនលិខិតដែលទាមទារពីព្រះសង្ឃទៅកាន់គណៈកម្មការ សិទ្ធិមនុស្ស និងវិវាទដីធ្លី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជំនួសវិញ។ ដោយឡែកសាលាក្រុងភ្នំពេញវិញ លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា មិនទាន់មានវិធានការចាត់ការណាមួយទាក់ទងព្រឹត្តិការណ៍ដែលសាលាក្រុង ភ្នំពេញថ្កោលទោស និងចាត់ទុកថាជាអំពើហិង្សារួមទាំងអំពាវនាវឱ្យមានចំណាត់ការតាមផ្លូវ ច្បាប់ទៀតផង។
ក្នុងជម្លោះ នៅវត្ត សាមគ្គី រង្សី រវាង ព្រះសង្ឃ និងតំណាងរាស្ត្រ លោក សួស យ៉ារ៉ា នេះ, លោក ឈាង វុន សមាជិកសភា កូតា គណបក្ស ប្រជាជនកម្ពុជា បានលើកឡើង ជាមតិ ថា, «លោក សួស យ៉ារ៉ា ជាតំណាងរាស្ត្រ ទទួលសិទ្ធិ ពីពលរដ្ឋ, ហើយ គួរតែ ទុកពេលវេលា ឱ្យតំណាងរាស្ត្រ ដោះស្រាយ។»
លោក ឈាងវុន សង្កត់ធ្ងន់ថា បើមានការប្រើប្រាស់អំពើហិង្សាមែន នោះជារឿងដែលធ្ងន់ធ្ងរ និងមិនអាចទទួលយកបានទេ។ យ៉ាងណាក៏ដោយ លោកសួស យ៉ារ៉ា នៅមិនទាន់មានប្រតិកម្មណាមួយជាសាធារណៈឬចាត់វិធានការអ្វីចំពោះរឿង ជម្លោះជាមួយព្រះសង្ឃវត្តសាមគ្គីរង្សីនោះទេ៕
No comments:
Post a Comment