Paris Peace Accords 23 Oct. 1991

Tuesday, September 2, 2014

តុលាការ​ កោះហៅ​ សហជីព​ ធំៗ​ ចំនួន​៦ សាកសួរ ​ពាក់ព័ន្ធ​ នឹង​ហិង្សា ​ពេល​ទាមទារ​ ប្រាក់​ឈ្នួល​កម្មករ​​ | Court summons 6 largest unions for questioning re violent protests demanding higher wages

តុលាការ​ កោះហៅ​ សហជីព​ ធំៗ​ ចំនួន​៦ សាកសួរ ​ពាក់ព័ន្ធ​ នឹង​ហិង្សា ​ពេល​ទាមទារ​ ប្រាក់​ឈ្នួល​កម្មករ​​

VOD | 2 កញ្ញា 2014

សាលាដំបូង​ រាជធានី​ភ្នំពេញ កោះហៅ ​មេដឹកនាំ​ សហជីព ​ចំនួន​ ៦ ឲ្យចូល​បំភ្លឺ​ នៅ​ពេល​ ខាងមុខ​នេះ ពាក់ព័ន្ធ ​នឹង​ហិង្សា ដែល​កើតឡើង​ កាលពី​ពេល​ កម្មករ​ តវ៉ា​ ទាមទារ​ ដំឡើង​ប្រាក់​ឈ្នួល តាំងពី​ចុង​ឆ្នាំ​ ២០១៣ និង​ដើមឆ្នាំ​ ២០១៤​។​

​ដីកា​បង្គាប់ ​ឲ្យចូល​បំភ្លឺ​ ចុះហត្ថលេខា ​ដោយ​ចៅក្រម ​ស៊ើបសួរ​ សាលាដំបូង​ រាជធានី​ភ្នំពេញ លោក ជា សុខ​ហៀ​ង ឲ្យដឹងថា, ចោទប្រកាន់ ​លើ​ឈ្មោះ ប៉ាវ ស៊ីណា ប្រធាន ​សម្ព័ន្ធ​សហជីព​ ចលនា​កម្មករ ពី​បទ​ប្រើ​ហិង្សា ​ដោយ​ចេតនា, ស្ថាន​ទម្ងន់ទោស ធ្វើឲ្យ​ខូចខាត​ ដោយ​ចេតនា, ​ស្ថាន​ទម្ងន់​ទោស គំរាមកំហែង​ ថា​ នឹង​ធ្វើ ឲ្យ​ខូចខា​ត ដែល​ភ្ជាប់​ នូវ​បញ្ហា​អ្វីមួយ, និង​ប្រើ​មធ្យោបាយ​ ដើម្បី​ ជា​ឧបសគ្គ​ ដល់​ចរាចរណ៍​ សាធារណៈ​។  ដីកា ​បន្តថា, ការចោទប្រកាន់​នេះ ពាក់ព័ន្ធ​ នឹង​ករណី​ហិង្សា​ ប្រព្រឹត្ត​នៅ​ចំណុច​ មុខ​សួន​ ឧស្សាហកម្ម​ កាណាឌីយ៉ា ផ្លូវ​ វ៉េងស្រេង, ភូមិ​ ត្រពាំង​ថ្លឹង, សង្កាត់ ​ចោមចៅ, ខណ្ឌ​ ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ ទី​២៥ ​ខែ​ធ្នូ ឆ្នាំ​២០១៣​ រហូត ​ដល់​ថ្ងៃ ​ទី​៣​ មករា​ ឆ្នាំ​២០១៤ តាម​មាត្រា​ ២១៨, ៤១១, ៤២៤ នៃក្រមព្រហ្មទណ្ឌ និង​មាត្រា​ ៧៨​ នៃ​ច្បាប់​ចរាចរណ៍ ​ផ្លូវគោក​។​


លោក ប៉ាវ ស៊ីណា នឹង​ត្រូវ ​ចូល​បំភ្លឺ​ នៅ​វេលា ម៉ោង​៨​ និង​៣០​ នាទី​ ព្រឹក​ថ្ងៃ ទី​១២ ​ខែ​កញ្ញា ឆ្នាំ​២០១៤​។​  តាម​ការសាកសួរ សហជីព​ ទាំង​៦​ ដែល​ត្រូវ បាន​កោះហៅ​នោះ ​រួមមាន៖ ទី១, សម្ព័ន្ធ​សហជីព ​ប្រជាធិបតេយ្យ ​កម្មករ​ កាត់​ដេរ របស់លោក អាត់ ធន់; ទី​២, សហជីព​ សេរី​កម្មករ នៃ​ព្រះរាជាណា​ចក្រ​ កម្ពុជា ​របស់​លោក ជា មុនី; ទី​៣, សមាគម​ គ្រូបង្រៀន​ កម្ពុជា ​ឯករាជ្យ លោក រ៉ុង ឈុន; ទី​៤, សម្ព័ន្ធ​សហជីព ​ចលនា​ កម្មករ លោក ប៉ាវ ស៊ីណា; ទី​៥, សហព័ន្ធ​ សហជីព ​ជាតិ នៃ​ឧស្សាហកម្ម ​វាយនភ័ណ្ឌ​ កាត់ដេរ​ កម្ពុជា​ របស់​ លោក​ស្រី ម៉ម ញឹម; និង​ទី​៦, សហព័ន្ធ​ សហជីព​ កម្ពុជា របស់ ​លោកស្រី យ៉ាង សោភ័ណ្ឌ​។  ​សហជីព​ ទាំងនោះ ធ្លាប់​ចេញមុខ ​ពិភាក្សា និង​ធ្វើ​ ជា​សេចក្តី ថ្លែងការណ៍​ ទាមទារ ​ដំឡើង​ប្រាក់​ឈ្នួល ​ដល់​កម្មករ​។​


មាត្រា ៧៨​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រង់​ចំណុច​ការប្រើប្រាស់​មធ្យោបាយ​ណាមួយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ឲ្យដឹងថា ជន​ណា​បាន​ប្រើប្រាស់​មធ្យោបាយ​ណាមួយ ដើម្បី​ជា​ឧបសគ្គ ដល់​ចរាចរណ៍​សាធារណ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពីមួយ​(១)​ខែ​ទៅ​មួយ​(១)​ឆ្នាំ ឬ /​និង​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ម្ភៃ​ម៉ឺន​(២០០.០០០) រៀល ទៅ​ពីរលាន​(២.០០០.០០០)​រៀល​។​
​ការកោះហៅ​នេះ ធ្វើឡើង​បន្ទាប់​ពី​តំណាង​សហព័ន្ធ សហជីព សមាគម និង​កម្មករ​និយោ​ជិកចម្រុះ​វិស័យ​នៅ​កម្ពុជា ព្រមាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៧៧​ដុល្លា​ជា​ថ្មី​ ទៀត​។​សហជីព​គ្រោង​ស្នើ​ឲ្យមាន​ការតស៊ូ​មតិ និង​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជាថ្មី​ម្ដងទៀត និង​ស្នើឲ្យ​សហជីព​អន្តរជាតិ IndustriAll, ITUC, UNI, CCC និង​អង្គភាព​ពាក់ព័ន្ធ​ដទៃ​ទៀត​បន្ត​ធ្វើ​យុទ្ធនាកា​រលើ​ពិភពលោក​ទៀត​ចាប់​ ខែ​កញ្ញា ឆ្នាំ​២០១៤​តទៅ​។​

​ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន​ដែល​កម្មករ​ទទួលបាន​មាន​ចំនួន​១០០​ដុល្លារ​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា​កន្លងទៅ កម្មករ​ទាមទារ​បាន​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​ មួយខែ ដែល​នាំឲ្យ​មាន​ការប៉ះទង្គិច​គ្នា​នៅ​ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​ស្លាប់ ១៣​នាក់​ត្រូវ​ចាប់ខ្លួន និង​រាប់សិប​នាក់​រងរបួស​៕


No comments:

Post a Comment