ព្រះរាជអាជ្ញា បន្តសាកសួរ ជនជាតិ វៀតណាម ៧នាក់ ដែលកាប់ខ្មែរ ឲ្យរបួស
VOD | 2 កញ្ញា 2014
ព្រះរាជអាជ្ញា សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃអង្គារនេះ សាកសួរ ជាលើកទី២ ទៅលើជនជាតិ វៀតណាម ៧នាក់ ដែលបាន កាប់បុរស ខ្មែរម្នាក់ ឲ្យរបួស ធ្ងន់ធ្ងរ។
ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានី លោកស្រី វ៉ា សក្ដា និងក្រឡាបញ្ជី លោក ស៊ី វុត្ថា នៅព្រឹក ថ្ងៃអង្គារ ទី២ កញ្ញានេះ កំពុងសាកសួរ ជនជាតិ វៀតណាម ទាំង៧នាក់ ដែលបាន ចាប់ខ្លួន ពាក់ព័ន្ធ នឹងករណី កាប់ពលរដ្ឋ ខ្មែរម្នាក់ កាលពីយប់ ថ្ងៃអាទិត្យ ទី៣១ សីហា។
ម្ដាយជនរងគ្រោះ ឲ្យVOD ដឹងថា, ព្រះរាជអាជ្ញា បានហៅ អ្នកស្រី ឲ្យទៅនិយាយ ជាមួយ ជនដៃដល់ ទាំង៧ នាក់នោះ។
ក្នុងរឿងនេះ មានការសង្ស័យ ថា, ព្រះរាជអាជ្ញា កំពុង ដើរតួ ក្នុងការសម្រប សម្រួល ឲ្យភាគី រងគ្រោះ ទទួលយក សំណងរដ្ឋប្បវេណី, ហើយ ទម្លាក់បទចោទ លើជនសង្ស័យ ជនជាតិ វៀតណាម ទាំង៧ នាក់នោះ តែម្ដង។
នៅព្រឹកនេះ VOD មិនទាន់ អាចទាក់ទង សុំការបំភ្លឺ ពីព្រះរាជអាជ្ញា លោកស្រី វ៉ា សក្ដា បាននៅឡើយទេ។
ទោះយ៉ាងលោកមេធាវីសុក សំអឿន ឲ្យដឹងថាភាគីរងគ្រោះអាចទទួលយកសំណងរដ្ឋប្បវេណីបាន ប៉ុន្តែ សំណុំរឿងព្រហ្មទណ្ឌ ព្រះរាជអាជ្ញាជាអ្នកមានសិទ្ធិចោទប្រកាន់ ឬលើកលែងបទចោទ ដោយផ្អែកទៅលើភស្តុតាង និងអង្គហេតុ។
កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញ បានចំណាយពេលសាកសួរយុវជនជាជនជាតិវៀតណាម៧នាក់ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីកាប់យុវជនខ្មែរមួយរូប តែមិនទាន់ចោទប្រកាន់នៅឡើយ។
តាមការសាកសួរ និងការផ្ទៀងផ្ទាត់ឈ្មោះ យុវជនជាជនជាតិវៀតណាមទាំង៧នាក់នោះ មានឈ្មោះ វិន វាំងហ្វុង (២០ឆ្នាំ) កៀង ថាំងដរ (៣០ឆ្នាំ) ងៀង យ៉ាំងងា (១៨ឆ្នាំ) ឡាំ ញឹកវី (២៣ឆ្នាំ) ជៀ ថាញឹក (អ៊ុន វណ្ណា) (១៧ឆ្នាំ) ចាំង វ៉ានឌឹក (២០ឆ្នាំ) និងចាំង វ៉ានឡេ (១៩ឆ្នាំ)៕
No comments:
Post a Comment