ជនជាតិដើម នៅរតនគិរី មិនព្រម ឲ្យក្រុមហ៊ុន វៀតណាម ឈូសយក ដីព្រៃការពារ បន្តទៀត
RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៤
ក្រុមហ៊ុន សម្បទាន សេដ្ឋកិច្ច វៀតណាម មួយ មានគម្រោង ឈូសឆាយ ដីសម្បទាន មួយកន្លែង នៅជាប់ នឹងព្រំដែន ប្រទេស កម្ពុជា-វៀតណាម ក្នុងស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី ដែលបង្ក ផលប៉ះពាល់ ទៅលើដីព្រៃការពារ របស់ អ្នកភូមិ ជនជាតិដើម នៅតំបន់។ អ្នកភូមិ ទាមទារ ឲ្យអនុវត្ត គោលនយោបាយ កាត់ផលប៉ះពាល់ តំបន់ព្រៃឈើ ចេញពីការផ្តល់ ដីសម្បទាន។អ្នកភូមិ ជនជាតិដើម ភាគតិច ចារ៉ាយ រស់នៅ ជាប់ព្រំដែន ប្រទេស វៀតណាម ក្នុងភូមិ ឡំ, ឃុំ ប៉ក់ញ៉ៃ, ស្រុក អូរយ៉ាដាវ, ខេត្ត រតនគិរី បដិសេធ មិនយល់ព្រម ឲ្យក្រុមហ៊ុន សម្បទាន វៀតណាម ឈ្មោះ ៧២ ឈូសឆាយ យកដីព្រៃ ការពារ បន្តទៀត ឡើយ។ អ្នកភូមិ អះអាង ថា, ព្រៃតំបន់នោះ ជាព្រៃស្រោង ជាបរិស្ថាន ធនធានធម្មជាតិ ដែលអ្នកភូមិ រស់អាស្រ័យផល និងជាជម្រក សត្វព្រៃ ទៀតផង។
ការបដិសេធនេះ កើតមានឡើង បន្ទាប់ ពីក្រុមមន្ត្រី ជំនាញ, អាជ្ញាធរ មូលដ្ឋាន, តំណាង ក្រុមហ៊ុន កាលពីថ្ងៃ ទី៥ ខែកញ្ញា បានអញ្ជើញ អ្នកភូមិ ទៅពិនិត្យ ព្រំដី សម្បទាន ដែលក្រុមហ៊ុន បានយកថ្នាំពណ៌ បាញ់កាត់យក តំបន់ព្រៃការពារ កាលពីឆ្នាំ ២០១៣, ហើយ ត្រូវ បានអ្នកភូមិ ធ្វើការតវ៉ា មិនយល់ព្រម។
តំណាង អ្នកភូមិ លោក រម៉ាស់ ស្វាន មានប្រសាសន៍បញ្ជាក់ថា ព្រៃតំបន់នោះអ្នកភូមិបានអភិរក្សទុកជាព្រៃធម្មជាតិ និងមួយផ្នែកទៀតជាព្រៃសហគមន៍អាស្រ័យផលអនុផលព្រៃឈើ ហេតុនេះអ្នកភូមិសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធ កាត់ចេញពីការផ្តល់ដីសម្បទាន។ លោកបន្តថា នេះជាលើកទីពីរហើយដែលក្រុមហ៊ុននេះមានចេតនាឈូសឆាយព្រៃពង្រីកដី សម្បទាន៖ «សហគមន៍អត់ព្រមទេ ថាឈប់ប៉ុណ្ណឹង ហើយកន្លែងវាដាំកៅស៊ូហើយតែប៉ុណ្ណឹង តែកុំឲ្យវាឈូសបន្តទៀត ព្រៃណាក៏មិនឲ្យដែរ។»
នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ លោក ជា កុលណារ៉ា មានប្រសាសន៍បញ្ជាក់ថា ដីព្រៃតំបន់នោះឋិតក្នុងតំបន់ដីដែលរដ្ឋបានសម្បទានឲ្យក្រុមហ៊ុន រួចហើយ។ រហូតបច្ចុប្បន្ន ក្រសួងកសិកម្ម មានផែនការឲ្យក្រុមហ៊ុនវិនិយោគដំណាំកសិឧស្សាហកម្មតាមផែនការប្រចាំ ឆ្នាំ។ ហេតុនេះ ក្រុមហ៊ុនសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យព្រំដីសម្បទាន ដើម្បីក្រុមហ៊ុនឈូសឆាយ៖ «បាញ់ទៅតាម ផែនទីៗដែលខាងលើដាក់មក ប៉ុន្តែជាប់ជាមួយបងប្អូនសហគមន៍ហ្នឹង។ មានតែដោះតាមក្រោយទៀត មានតែការសម្របសម្រួលតាមក្រោយទៀត។»
តួលេខប៉ាន់ស្មានរបស់សហគមន៍អភិរក្សព្រៃឈើភូមិឡំ ព្រៃឈើដែលនៅសេសសល់នាតំបន់នោះមានប្រមាណ ៨គីឡូម៉ែត្របួនជ្រុង លាតសន្ធឹងពីភូមិឡំ ទៅទល់នឹងព្រំដែនកម្ពុជាវៀតណាម។
ដូចគ្នានេះដែរ តំណាងក្រុមហ៊ុន ម៉ែន សារុន លោក មាស សុគន្ធមុនី កន្លងទៅធ្លាប់បានបញ្ជាក់ថា តំបន់ព្រៃដែលអ្នកភូមិតវ៉ាមិនឲ្យក្រុមហ៊ុនឈូសឆាយ ឋិតក្នុងតំបន់ដីសម្បទានរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនមានគម្រោងឈូសឆាយធ្វើព្រំកាលពីដើមឆ្នាំ២០១៤ ប៉ុន្តែអ្នកភូមិបានរារាំងគ្រឿងចក្រក្រុមហ៊ុនច្រើនលើក។
ទាក់ទងករណីនេះដែរ នាយកស្តីទីទីចាត់ការអន្តរវិស័យ សាលាខេត្តរតនគិរី លោក សាត វណ្ណៈ អះអាងថា អាជ្ញាធរខេត្តនឹងធ្វើសម្របសម្រួលបញ្ហានេះជាមួយអ្នកភូមិបន្តទៀត មុននឹងសម្រេចបែបណាក្នុងបញ្ហានេះ៖ «ខាងក្រុមហ៊ុននៅនេះផ្អាកចុះធ្វើសិន ធ្វើបានតែមួយថ្ងៃ ខាងខ្ញុំសម្របសម្រួលសិន ខ្ញុំធ្វើការងារហ្នឹងបន្តទៀត។»
យ៉ាងនេះក្តី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ដីមួយផ្នែកដែលរដ្ឋបានផ្តល់សម្បទានទៅឲ្យក្រុមហ៊ុន ជាដីតំបន់ព្រៃឈើ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋជនជាតិដើមនៅតំបន់នោះ បានអភិរក្ស និងអាស្រ័យផលព្រៃឈើនោះជាលក្ខណៈប្រពៃណីច្រើនជំនាន់មកហើយ។ លោកបន្តថា ច្បាប់ និងលិខិតបទដ្ឋានទាក់ទិនសម្បទានដី ជាពិសេសប្រកាសអន្តរក្រសួងនាពេលថ្មីៗនេះ ស្ដីពីការពង្រឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលតម្រូវឲ្យក្រុមហ៊ុនវិនិយោគនានា អនុវត្តគោលនយោបាយរូបមន្តស្បែកខ្លា ដែលធានាមិនធ្វើឲ្យប៉ះពាល់ដីធ្លីប្រើប្រាស់អាស្រ័យផលរបស់ ប្រជាពលរដ្ឋ ដីព្រៃសហគមន៍ និងដីព្រៃអភិរក្សដែលត្រូវរក្សាទុក៖ «មាន បទបញ្ជា០១ មានលិខិតអន្តរក្រសួងកសិកម្ម ក្រសួងបរិស្ថាន ចុះហត្ថលេខារួមគ្នា ដើម្បីកាត់ផលប៉ះពាល់ ការឈូសឆាយដីព្រៃ ព្រៃអារក្ស និងដីកប់សព ជាដើម។ល។»
ក្រុមហ៊ុន ក្លូប៊ល ធីក រ៉ាម៉ា ខ្មែរអន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Rama Khmer International and Men Sarun Friendship) ឬហៅកាត់ថាក្រុមហ៊ុន ម៉ែន សារុន បានទទួលដីសម្បទានសេដ្ឋកិច្ចជាង ១ម៉ឺន ៧ពាន់ហិកតារ នៅស្រុកអូរយ៉ាដាវ ដើម្បីដាំដូងប្រេង កាហ្វេ និងដំណាំផ្សេងទៀត ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរដីសម្បទានមួយនេះទៅឲ្យក្រុមហ៊ុន៧២ របស់វៀតណាម ធ្វើអាជីវកម្មដាំកៅស៊ូ៕
No comments:
Post a Comment