Paris Peace Accords 23 Oct. 1991

Tuesday, September 9, 2014

ពលរដ្ឋ​ នៅ​កំពង់ធំ​ ជួប​បញ្ហា​ លំបាក, ​គ្មាន​ លុយ​សង​បំណុល ​ធនាគារ​ បន្ទាប់​ទឹក​ជំនន់ | Kampong Thom residents face problem of funds to repay bank after flooding

ពលរដ្ឋ​ នៅ​កំពង់ធំ​ ជួប​បញ្ហា​ លំបាក, ​គ្មាន​ លុយ​សង​បំណុល ​ធនាគារ​ បន្ទាប់​ទឹក​ជំនន់

RFA / ​វិទ្យុ ​អាស៊ី សេរី | ៩ កញ្ញា ២០១៤

វាល​ស្រែ​ទឹក​ជំនន់ កំពង់ធំ ៦២០
វាល​ស្រែ​បន្ទាប់​ពី​ទឹក​ជំនន់​ស្រក​នៅ​ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤, RFA/Tin Zakariya

ដំណាំ ​កសិកម្ម, ​ស្រូវ គឺ​ ជា​មុខ​របរ​ ដ៏​សំខាន់​ សម្រាប់ ​ប្រជាពលរដ្ឋ​ រស់នៅ​ តំបន់​ ដាច់​ស្រយាល ​មួយ​ចំនួន នៅ​ខេត្ត​ កំពង់ធំ។  ក៏ប៉ុន្តែ ដោយសារ​ តែ ​ទឹក​ជំនន់​ ឡើង​ជន់​ លិច​លឿន​ពេក​ កាល​ពី​ខែ​ សីហា នោះ បាន​ធ្វើ​ ឲ្យ​ប្រជាពលរដ្ឋ​ កំពុង​តែ​ ជួប​បញ្ហា​លំបាក​ ជំពាក់​បំណុល​ ធនាគារ និង​គ្មាន ​លុយ​សង។  

អ្នក​ខ្លះ ​ធ្វើ​ចំណាក​ស្រុក, អ្នក​ខ្លះ​ទៀត​ ចេញ​ទៅ​ ស៊ី​ឈ្នួល​គេ ដើម្បី ​រក​លុយ​ សង​បង្វិល​ ទៅ​ធនាគារ​ ប្រចាំ​ខែ។

ផ្ទៃ​ដី​ស្រែ​ រាប់​រយ​ ហិកតារ ​នៅ​ក្នុង​ស្រុក ​កំពង់ស្វាយ និង​ស្រុក​ ស្ទឹងសែន នៃ​ខេត្ត កំពង់ធំ ឃើញ​តែ ​ស្មៅ ​ដុះ​ពណ៌​ខៀវ​ខ្ចី នៅ​ពេល​ទឹក​ សម្រក​វិញ, គឺ​ គ្មាន​ សល់​ដើម​ស្រូវ​ នោះ​ឡើយ។

ដី​ស្រែ ​មាន​ទំហំ​ធំ​ ល្វឹងល្វើយ​ មើល​ដាច់​កន្ទុយ​ភ្នែក ដែល​ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ក្នុង​ការ​ធ្វើ​ ស្រូវ​ប្រាំង និង​ស្រែ​ប្រដេញ​ទឹក ក៏ប៉ុន្តែ​ផ្ទៃ​ស្រែ​ទាំង​នេះ ប្រជាពលរដ្ឋ​គ្មាន​បាន​ប្រមូល​ផល​ដូច​ឆ្នាំ​មុនៗ​នោះ​ឡើយ ដោយសារ​ទឹក​ជំនន់​ជន់​លិច​លឿន​ពេក​កាល​ពី​ខែ​សីហា កន្លង​ទៅ។

ស្ត្រី​ឈ្មោះ ជា សឿន នៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​អូរគន្ធរ អង្គុយ​នៅ​លើ​គ្រែ​ខាង​មុខ​ផ្ទះ សម្លឹង​មើល​ទៅ​ដី​ស្រែ​ក្រោយ​ពី​ការ​លិច​នោះ​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់​ថា ស្រូវ​ប្រាំង​របស់​អ្នកស្រី​ជិត​ទុំ​ហើយ តែ​មិន​អាច​ច្រូត​ទាន់ ដោយសារ​តែ​ទឹក​ជំនន់​ឡើង​ជន់​លិច​លឿន​ពេក។ អ្នកស្រី​បញ្ជាក់​ថា ទឹក​ឡើង​ជន់​លិច​ក្នុង​ឆ្នាំ​នេះ ឡើង​លឿន​រយៈពេល​តែ​បី​ថ្ងៃ​ទេ ជន់​លិច​ស្រូវ​របស់​ពួក​គាត់​ទាំង​ស្រុង។ អ្នកស្រី​អះអាង​ថា ក្ដី​សង្ឃឹម​របស់​គាត់​ក្នុង​ការ​សង​បំណុល​ធនាគារ​នោះ ពឹង​អាស្រ័យ​លើ​ទិន្នផល​ស្រូវ តែ​ទឹក​ជន់​លិច​អស់​ហើយ​នោះ គ្រួសារ​គាត់​គ្មាន​អ្វី​សង​ទៅ​ធនាគារ​នោះ​ឡើយ។

ផ្ទៃ​ដី​អ្នក​ភូមិ​ធ្វើ​ស្រែ​ប្រាំង​នោះ មាន​គ្រួសារ​ខ្លះ ១​ហិកតារ រហូត​ដល់ ១០​ហិកតារ។ អ្នក​ធ្វើ​ស្រែ​ប្រាំង​ច្រើន គឺ​ពួក​គាត់​ជួល​ដី​គេ​បន្ថែម និង​បាន​ទុន​មក​ពី​ការ​ខ្ចី​បុល​ពី​ធនាគារ​ធ្វើ​ដើម​ទុន។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពួក​គាត់​ខ្ចី​លុយ​ធនាគារ គ្រួសារ​ខ្លះ​ខ្ចី​ពី ១​ពាន់ ដល់​ជិត ១​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើ​ដើម​ទុន និង​ការ​ចំណាយ​ហូប​ចុក​ប្រចាំ​ថ្ងៃ ទិញ​ថ្លៃ​ជី និង​សម្រាប់​ទិញ​ទឹក​ដាក់​ស្រែ ជាដើម។ តម្លៃ​ជី​ក្នុង​មួយ​បាវ ជាង ១​ម៉ឺន​រៀល និង​ទិញ​ទឹក​គេ​បូម​ដាក់​ស្រែ​ក្នុង​១​ហិកតារ​ជាង ១០០​ដុល្លារ​ទៀត។

នៅ​បន្ទាប់​ពី​ដំណាំ​ស្រូវ​លិចលង់ និង​ខូចខាត​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ​នោះ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ត្អូញត្អែរ​ប្រហាក់ប្រហែល​គ្នា និង​ព្រួយ​បារម្ភ​គ្មាន​លុយ​សង​រំលោះ​ទៅ​ធនាគារ​វិញ។ នៅ​តាម​ភូមិ​មួយ​ចំនួន ពួក​គាត់​បាន​ឲ្យ​ដឹង​ថា ស្វាមី​របស់​ពួក​គាត់​ទៅ​ស៊ី​ឈ្នួល​គេ​ជម្រះ​ស្មៅ​កៅស៊ូ និង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខ្លះ​ទៀត​បញ្ជូន​កូនៗ​មក​ធ្វើ​ការ​នៅ​ភ្នំពេញ មាន​ធ្វើ​ការ​រោងចក្រ និង​កម្មករ​សំណង់ ជាដើម ដើម្បី​រក​លុយ​សង​ធនាគារ​វិញ។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ មាន​អ្នក​ខ្លះ​មាន​លទ្ធភាព​សង​ប្រចាំ​ខែ​ទាំង​ការ​ទាំង​ដើម ឬ​សង​រំលោះ។ អ្នក​ខ្លះ​ទៀត​មាន​លទ្ធភាព​សង​បាន​ត្រឹម​តែ​ការ​ប្រាក់​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏​ព្រួយ​បារម្ភ​ខ្លាច​ធនាគារ​រឹបអូស​យក​ផ្ទះ​សម្បែង និង​ដីធ្លី ដែល​ពួក​គាត់​ដាក់​បញ្ចាំ​នោះ។
ស្ត្រី​ឈ្មោះ ស៊ឹម ហ័ន ដែល​កំពុង​ហាល​ស្រូវ​បន្តិចបន្តួច​ដែល​ច្រូត​បាន​ខ្លះ​នៅ​មុន​ទឹក​លិច ទាំង​ដៃ​របស់​ពួក​គាត់​កំពុង​កាយ​ស្រូវ​ហាល​បណ្ដើរ បាន​រៀបរាប់​អំពី​ក្ដី​អស់​សង្ឃឹម​របស់​ពួក​គាត់​បណ្ដើរ​ថា គាត់​បាន​ចំណាយ​លុយ​អស់​ជិត ៦​ពាន់​ដុល្លារ ចំណាយ​ទៅ​លើ​ការ​ទិញ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​ធ្វើ​ដើម​ទុន​ធ្វើ​ស្រូវ​ប្រាំង​ប្រមាណ​ជា ១០​ហិកតារ។ អ្នកស្រី​សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​ស្រូវ​ជិត​ទុំ តែ​ច្រូត​មិន​ទាន់​ទឹក​ជន់​លិច​នោះ។

មេ​ឃុំ​កំពង់គោ លោក សន ប៊ុនស មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក ខ្លះ​បាន​ខ្ចី​បុល​ពី​ធនាគារ​នោះ ចំពោះ​អ្នក​ដែល​មាន​លទ្ធភាព​សង​ទៅ​វិញ​ទេ។ រីឯ​អ្នក​គ្មាន​លទ្ធភាព​សង ក៏​មិន​បាន​ខ្ចី​ធនាគារ​វិញ​ដែរ។ លោក​បញ្ជាក់​ថា ទឹក​ឡើង​លិច​ស្រូវ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ច្រូត​ទាន់ ខ្លះ​ទៀត​មិន​ទាន់។ យ៉ាង​នេះ​ក្ដី លោក​មេ​ឃុំ​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក ប្រឈម​នឹង​បញ្ហា​លំបាក ហើយ​លោក​បាន​ទាក់ទង​អង្គការ​ហូម ដើម្បី​ផ្ដល់​ឥណទាន​ខ្លះ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​បង្កើត​មុខ​របរ​ជា​លក្ខណៈ​ គ្រួសារ។

អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា ខេត្ត​បាន​ត្រៀម​ស្រូវ​ពូជ​ចែក​ប្រជាពលរដ្ឋ​នៅ​ពេល​ខាង​មុខ នៅ​ពេល​ទឹក​សម្រក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​បង្កបង្កើនផល​ឡើង​វិញ។ ទាក់ទង​នឹង​បញ្ហា​ប្រជាពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​វិញ លោក អ៊ុត សំអន អះអាង​ថា កាល​ពី​ឆ្នាំ​២០១១ មាន​បញ្ហា​ទឹក​ជំនន់​ស្រដៀង​គ្នា​នេះ​ដែរ អាជ្ញាធរ​ខេត្ត​បាន​សុំ​ឲ្យ​ម្ចាស់​មីក្រូហិរញ្ញវត្ថុ​ពន្យារ​ពេល​ការ​សង​ នេះ ហើយ​នៅ​ឆ្នាំ​នេះ ខាង​ខេត្ត​នឹង​ពិនិត្យ​មើល​ករណី​នេះ​ទៀត។

ខេត្ត​កំពង់ធំ ស្ថិត​នៅ​កណ្ដាល​ប្រទេស និង​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ដូចជា ព្រៃ​ឈើ មច្ឆជាតិ ជាដើម។ ខេត្ត​នេះ​មាន​ផ្ទៃ​ដី​ធំ​ទី​២​នៃ​ប្រទេស​កម្ពុជា មាន​ចម្ងាយ ១៦៨​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ស្រុក​ដែល​ទឹក​លិច​ស្រូវ​នោះ មាន​នៅ​ស្រុក​នៅ​តាម​ដង​ស្ទឹងសែន ដូចជា ស្រុក​កំពង់ស្វាយ ស្រុក​សណ្ដាន់ និង​ស្រុក​ប្រាសាទសំបូរ។ រីឯ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ក៏​មាន​ជំនន់​ទឹក​ភ្លៀង​លិច​ស្រូវ​ដែរ។  ទឹក​ជំនន់​ ទាំង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ស្រែ​ជាង ៥.៥០០​ហិកតារ និង​ខូចខាត​ទាំង​ស្រុង​ជាង ២.៤០០​ហិកតារ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ១.៩០០​គ្រួសារ៕



No comments:

Post a Comment