Paris Peace Accords 23 Oct. 1991

Thursday, September 11, 2014

អង្គការ​ ឃ្លាំមើល ​ពិភពលោក ​តវ៉ា​ ទៅ​អ្នក ​ផ្ដល់​អាជ្ញាប័ណ្ណ​ ឲ្យ​ក្រុមហ៊ុន​ វៀតណាម | Global Witness complains about those who gave rights to Vietnamese company

អង្គការ​ ឃ្លាំមើល ​ពិភពលោក ​តវ៉ា​ ទៅ​អ្នក ​ផ្ដល់​អាជ្ញាប័ណ្ណ​ ឲ្យ​ក្រុមហ៊ុន​ វៀតណាម

RFA | កញ្ញា ២០១៤

កាប់​ឈើ Global Witness
សកម្មភាព ​កាប់​បំផ្លាញ​ ព្រៃ​ឈើ ​របស់ ​ក្រុមហ៊ុន ​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​ ២០១៣។  Global Witness Photo

អង្គការ​ ឃ្លាំមើល ​ពិភពលោក (Global Witness) ដាក់​ពាក្យ​ តវ៉ា​ មួយ​ ទៅ​ក្រុមហ៊ុន ​ផ្ដល់​ប័ណ្ណ​ ទទួល​ស្គាល់ ​ក្រុមហ៊ុន ​ដែល​ចេះ​ថែ រក្សា​ព្រៃឈើ​ល្អ ឈ្មោះ ហ្វ័រ៉េស ស្ទេវដស៊ីប ខនស៊ីល (Forest Stewardship Council) ដើម្បី ​ឲ្យ​ពិនិត្យ ​ឡើង​វិញ, ជុំវិញ​ ការ​ទទួល​ស្គាល់​ ក្រុមហ៊ុន ​កៅស៊ូ វៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប (Vietnam Rubber Group)


អង្គការ​ឃ្លាំមើល​ពិភពលោក រក​ឃើញ​ថា ក្រុមហ៊ុន​កៅស៊ូ​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា និង​ឡាវ ហើយ​ថា ក្រុមហ៊ុន​កៅស៊ូ​វៀតណាម មិន​មែន​ជា​ក្រុមហ៊ុន​ចេះ​គ្រប់គ្រង​ព្រៃឈើ​និង​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ ភាគ​តិច​ដែល​ជា​ម្ចាស់​ព្រៃឈើ​ឡើយ។

មន្ត្រី​តស៊ូ​មតិ​អង្គការ Global Witness អ្នកស្រី អាលី ហ៊ីនស៍ (Ali Hines) បញ្ជាក់​ថា ក្រុមហ៊ុន​កៅស៊ូ​វៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ដាំ​ដើម​កៅស៊ូ​ទំហំ ១.៥​សែន​ហិកតារ​នៅ​កម្ពុជា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​យក​ដី​ជនជាតិ​ដើម​ភាព​តិច និង​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​ដែល​មិន​ត្រូវ​ទទួល​បាន​ប័ណ្ណ​ទទួល​ស្គាល់​ជា​ ក្រុមហ៊ុន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រៃឈើ និង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ឡើយ។

​ក្រុមហ៊ុន ហ្វ័រ៉េស ស្ទេវដស៊ីប ខនស៊ីល ជា​ក្រុមហ៊ុន​ផ្តល់​ប័ណ្ណ​ទទួល​ស្គាល់​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​ផលិតផល​ធ្វើ ​ពី​ឈើ ពី​ប្រេងដូង និង​កៅស៊ូ ដែល​គោរព​គោលការណ៍​ថែរក្សា​សង្គម និង​បរិស្ថាន។ ប័ណ្ណ​ទទួលស្គាល់​នេះ មិន​ចេញ​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​ពាក់ព័ន្ធ​នឹង​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ធម្មជាតិ​ឡើយ។ ក្រុមហ៊ុន​នេះ បាន​ទទួល​ស្គាល់​ក្រុមហ៊ុន​ហ្វ័រ៉េស ស្ទេវដស៊ីប ខនស៊ីល កាល​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ​បាន​ដក​ប័ណ្ណ​នេះ​ឡើង​វិញ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ក្រោយ​ពី​មាន​របាយការណ៍​ថា ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​យក​ដី​ពលរដ្ឋ។

អ្នកស្រី អាលី ហ៊ីនស៍ បន្ត​ទៀត​ថា ពាក្យ​បណ្ដឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា ហ្វ័រ៉េស ស្ទេវដស៊ីប ខនស៊ីល បាន​ផ្ដល់​ប័ណ្ណ​ទទួល​ក្រុមហ៊ុន​វៀតណាម ឡើង​វិញ ក្រោយ​ពេល​ក្រុមប្រឹក្សា​នេះ​បាន​ដក​ហូត​កាល​ពី​​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បន្ទាប់​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី និង​បំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា និង​ឡាវ។

អ្នកស្រី អាលី ហ៊ីនស៍៖ «យើង​បាន​តវ៉ា​ទៅ​ក្រុមប្រឹក្សា ហ្វ័រ៉េស ស្ទេវដស៊ីប ខនស៊ីល បន្ទាប់ពី​ក្រុមហ៊ុន​វៀតណាម ត្រូវ​បាន​ទទួល​ស្គាល់​ឡើង​វិញ។ អង្គការ​ឃ្លាំ​មើល​ពិភពលោក​បាន​សិក្សា​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​យក​ដី​សហគមន៍ និង​បំផ្លាញ​ព្រៃឈើ។  ខ្ញុំ​ចង់​បង្ហាញ​ចំណុច​សំខាន់​ខ្លះៗ​នៃ​បញ្ហា​នេះ គឺ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម នៅ​កម្ពុជា ទទួល​បាន​ដី​សម្បទាន ១.៥​សែន​ហិកតារ។ ផ្ទៃដី​នេះ​មាន​ទំហំ​ធំ​ជាង​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស និង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។  ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​ដី​ទំហំ ១​ម៉ឺន​៩​ពាន់​ហិកតារ​នៅ​ប្រទេស​ឡាវ ដែរ។»

​អ្នកស្រី អាលី ហ៊ីនស៍ បន្ត​ទៀត​ថា ក្រៅពី​ទន្ទ្រាន​យក​ដី​ពលរដ្ឋ​និង​បំផ្លាញ​ព្រៃឈើ​រំលោភ​សិទ្ធិ​មនុស្ស​ ក្រុមហ៊ុន​វៀតណាម​នេះ ក៏​បាន​រំលោភ​ច្បាប់​កម្ពុជា ផង​ដែរ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បំពាន​ច្បាប់ ហើយ​ថែម​ទាំង​មិន​អនុវត្ត​ច្បាប់​ផង​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វៀតណាម ចំនួន ៥ បន្ត​មាន​វត្ត​មាន​នៅ​ខេត្ត​រតនគិរី ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ផ្អាក​កាប់​ព្រៃឈើ​ហើយ​ក្នុង​រដូវ​ភ្លៀង​ នេះ។ លោក​បន្ត​ថា កម្មករ​ក្រុមហ៊ុន​បាន​ដាំ​ដើម​កៅស៊ូ និង​ដាំ​ដើម​ដូង​ប្រេង ប៉ុន្តែ​លោក​មិនទាន់​ដឹង​អំពី​ផែនការ​ក្រុមហ៊ុន​នៅ​រដូវ​ប្រាំង​នៅ​ឡើយ​ទេ។

លោក ឆាយ ធី ក៏​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន ហ្វ័រ៉េស ស្ទេវដស៊ីប ខនស៊ីល ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ចេញ​ប័ណ្ណ​ទទួល​ស្គាល់​ក្រុមហ៊ុន​វៀតណាម៖ «ស្ថាប័ន ​ដែល​គាំទ្រ ដូច​ខាង​ធនាគារ​ពិភពលោក​ក្ដី  អ្នក​ដែល​ទទួល​ស្គាល់​អាជ្ញាប័ណ្ណ​នាំ​ចេញ​កៅស៊ូ​របស់ (ក្រុមហ៊ុន) ហ័ង អាញ យ៉ាឡាយ ហ្នឹង ត្រូវ​តែ​ស៊ើប​អង្កេត និង​ទប់​ស្កាត់ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​មាន​ការ​ផ្លាស់ប្ដូរ ងាក​មក​គោរព​សិទ្ធិ​មនុស្ស។»

​កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣ អង្គការ​ឃ្លាំមើល​ពិភពលោក បាន​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា រ៉ាប់ប៊ឺ ប៊ែរ៉ន (Rubber Barons) បង្ហាញ​ពី​សកម្មភាព​បំពាន​ច្បាប់​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ប្រទេស​ឡាវ ដោយ​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​វៀតណាម ធំៗ​ពីរ គឺ​ក្រុមហ៊ុន​ឯកជន ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​រដ្ឋ​វៀតណាម វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប។ ក្រុមហ៊ុន​ទាំង​នោះ​ទទួល​បាន​ដី​សម្បទាន​នៅ​ខេត្ត​ក្រចេះ ព្រះវិហារ កំពង់ធំ សៀមរាប រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ឧត្តរមានជ័យ។

​ក្រុមហ៊ុន​ដាំ​កៅស៊ូ​របស់​វៀតណាម ទាំង​ពីរ​នេះ បាន​ទទួល​ប្រាក់កម្ចី​ពី​ធនាគារ​អន្តរជាតិ និង​ភាគ​ហ៊ុន​អន្តរជាតិ​ជា​ច្រើន រួម​មាន​ធនាគារ​វៀតណាម ឈ្មោះ ដ្រាហ្គ័ន ខេបភីថល (Dragon Capital) ធនាគារ​របស់​អាល្លឺម៉ង់ ឈ្មោះ ដាត្ឆ ប៊ែង (Dutch Bank) ធនាគារ​នៃ​ប្រទេស​ស្វីស ឈ្មោះ ស្វីស ប៊ែង (Swiss Bank) និង​សាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក (International Finance Corporation=IFC) ក្រុមហ៊ុន​នេះ​នាំ​កៅស៊ូ​ទៅ​លក់​នៅ​ប្រទេស​ចិន៕


No comments:

Post a Comment