HRW៖ រដ្ឋាភិបាល កម្ពុជា គួរទម្លាក់ បទចោទ លើមេសហជីព ៦នាក់
RFA / វិទ្យុ អាស៊ី សេរី | ៤ កញ្ញា ២០១៤
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch, HRW) ជំរុញ ឲ្យប្រទេស ផ្ដល់ជំនួយ និងអង្គការនានា គាបសង្កត់ រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់ ការចោទប្រកាន់ តំណាងសហជីព ៦នាក់ តាមផ្លូវតុលាការ ពាក់ព័ន្ធ នឹងបទហិង្សា បង្កការខូចខាត ដោយចេតនា ដែលមាន ស្ថានទម្ងន់ទោស ក្នុងពេលកម្មករ ធ្វើបាតុកម្ម ទាមទារ ប្រាក់ខែគោល ១៦០ដុល្លារ នៅជាយរាជធានី ភ្នំពេញ កាលពីខែ មករា ឆ្នាំ២០១៤។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានហៅ ការចាត់វិធានការ តាមផ្លូវ តុលាការ របស់ រដ្ឋាភិបាល លើតំណាង សហជីព ទាំង ៦នាក់នោះ ថា, ជាចេតនា នយោបាយ ដែលវិធានការនេះ គឺ រដ្ឋាភិបាល កម្ពុជា មានបំណង គំរាមកំហែង សកម្មជន ការពារកម្មករ, រួមទាំង មន្ត្រីបក្សប្រឆាំង កុំឲ្យ ក្រោកឈរ បន្តធ្វើបាតុកម្ម តវ៉ា ទាមទារ ដំឡើងប្រាក់ឈ្នួល និងទាមទារ លក្ខខណ្ឌការងារ បន្តទៅទៀតបាន។
សេចក្ដីប្រកាស ព័ត៌មាន របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចុះថ្ងៃ ទី៤ កញ្ញា បានស្រង់សម្ដី លោក ប្រេដ អាដាម (Brad Adams) នាយកប្រតិបត្តិ ទទួលបន្ទុក កិច្ចការ តំបន់ អាស៊ី នៃអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថា, ការចោទប្រកាន់ អ្នកទាំង ៦នាក់នោះ ជារឿងប្រឌិត សុទ្ធសាធ ដែលវិទ្យុ អាស៊ី សេរី ប្រែជាភាសាខ្មែរ ដូច្នេះ៖ «អាជ្ញាធរ កំពុងបន្ត ក្លែងបន្លំ ចោទប្រកាន់ ប្រឆាំងសកម្មជន កម្មករ ក្នុងបំណង ចង់ឲ្យ ពួកគេ បោះបង់ចោល ការទាមទារ ប្រាក់ឈ្នួល និងលក្ខខណ្ឌ ការងារ ឲ្យបាន គ្រាន់បើ ជាងមុន។ នេះ ជាកិច្ចប្រឹងប្រែង របស់ រដ្ឋាភិបាល ចុងក្រោយ ដើម្បី បន្លាចសកម្មជន ការពារកម្មករ និងអ្នកនយោបាយ ប្រឆាំង ឲ្យបោះបង់ចោល ផែនការ តវ៉ា ដើម្បី បុព្វហេតុ ផលប្រយោជន៍ របស់ ពួកគេ។»
យូមែន រ៉ៃត៍ វ៉ច្ឆ បានរំលឹកថា តុលាការបានចេញដីកាកោះហៅសកម្មជនទាំងនោះឲ្យចូលខ្លួនទៅតុលាការ ក្នុងនោះ លោក ប៉ាវ ស៊ីណា នឹងត្រូវចូលទៅនៅថ្ងៃទី១២ កញ្ញា ដែលការកោះហៅនេះធ្វើឡើងក្នុងរយៈពេលតែ ៥ថ្ងៃមុនថ្ងៃកម្មករគ្រោងបើកយុទ្ធនាការតវ៉ាទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ។ តែដោយសារការកោះហៅនេះ បានធ្វើឲ្យកម្មករអាក់ខានមិនអាចធ្វើការតវ៉ាបន្តទៀតបាន។
តំណាងសហជីពទាំង ៦នាក់នោះមានលោក រ៉ុង ឈុន លោក ជា មុនី លោក ប៉ាវ ស៊ីណា លោក អាត់ ធន់ អ្នកស្រី យ៉ាង សុភ័ណ្ឌ និងអ្នកស្រី ម៉ម ញឹម។ តុលាការចោទប្រកាន់តំណាងសហជីពទាំងនោះពីបទហិង្សា បង្កការខូចខាតដោយចេតនាដែល មានស្ថានទម្ងន់ទោស និងបង្កឱ្យស្ទះចរាចរណ៍នៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលតំណាងសហជីពទាំង ៦នាក់នោះ នឹងអាចប្រឈមនឹងការជាប់គុក ១៤ឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានទោស។ ក្រៅពីនេះ យូមែន រ៉ៃត៍ វ៉ច្ឆ បានចោទថា ប្រព័ន្ធតុលាការកម្ពុជា មិនឯករាជ្យ បម្រើផលប្រយោជន៍នយោបាយឲ្យតែបក្សប្រជាជនកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៤ កញ្ញា។ ក៏ប៉ុន្តែលោកឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ជារឿងមិនឆ្លុះបញ្ចាំងការពិត និងបច្ចុប្បន្នភាពនៅកម្ពុជាទេ។
លោក ខៀវ សុភ័គ៖ «កម្ពុជាយើងខ្ញុំជាប្រទេស ប្រកាន់នូវរបបនីតិរដ្ឋ បានសេចក្ដីថា សមត្ថកិច្ចយើងបែងចែក៣ នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងនីតិតុលាការ។ កិច្ចការអ្វីៗដែលតុលាការលោកបានធ្វើ គឺជាស្ថាប័នឯករាជ្យ ចង់ចោទប្រកាន់ ឬក៏ការដោះការចោទប្រកាន់អីយ៉ាងណា គឺស្ថិតនៅក្នុងស្ថាប័នមួយដោយឡែក ដែលសូម្បីតែអង្គការរបស់គាត់ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏ចង់ឲ្យកម្ពុជា មានអំណាច ៣ដាច់ដោយឡែកដែរ។ ដូច្នេះគឺជារឿងមួយដែលមិនពាក់ព័ន្ធជាមួយសមត្ថកិច្ចរបស់រដ្ឋាភិបាល ទេ ព្រោះថា រឿងនេះវាស្ថិតនៅក្នុងយុត្តាធិការរបស់ស្ថាប័នតុលាការ។»
ក្នុងអំឡុងពេលពីចុងខែធ្នូ ឆ្នាំ២០១៣ ដល់ដើមខែមករា ឆ្នាំ២០១៤ កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ បានធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅរោងចក្រ យ៉ាកជីន (Yak Jin) តាមដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ និងផ្លូវវ៉េងស្រេង ជាយរាជធានីភ្នំពេញ ហើយកងកម្លាំងរបស់រដ្ឋាភិបាលបានចុះបង្ក្រាបយ៉ាងបង្ហូរឈាម បណ្ដាលមនុស្សជាង ៤០នាក់របួស ៥នាក់ស្លាប់ និងចាប់ខ្លួន ២៣នាក់។ ការតវ៉ាដំឡើងប្រាក់ខែគោលនោះ មិនបានសម្រេចរហូតមកទល់សព្វថ្ងៃ។
ចំពោះរឿងចាប់ខ្លួននេះដែរ យូមែន រ៉ៃត៍ វ៉ច្ឆ បន្តថា រដ្ឋាភិបាលបានចាប់ខ្លួន និងចោទប្រកាន់អ្នកទាំង ២៣នាក់នោះដោយ បំពាន ព្រោះពួកគេគ្មានកំហុសដូចការចោទប្រកាន់ទេ។ ក្រៅពីនេះ យូមែន រ៉ៃត៍ វ៉ច្ឆ បានរិះគន់រដ្ឋាភិបាលថា មិនបានចាប់មន្ត្រីនគរបាល ឬប៉េអិមដែលបានបាញ់សម្លាប់បាតុករយកទៅផ្ដន្ទាទោសទេ មកទល់ពេលនេះ៕
No comments:
Post a Comment