Paris Peace Accords 23 Oct. 1991

Sunday, September 7, 2014

ជីវិត ​រស់​នៅ ​របស់ ​គ្រួសារ​កុមារ ​ដែល​ត្រូវ​ គេ​ ធ្វើ​ទារុណកម្ម​ ដោយសារ​ លួច​ផ្លែ​ដូង | Living conditions of family whose child was tortured for stealing a coconut

ជីវិត ​រស់​នៅ ​របស់ ​គ្រួសារ​កុមារ ​ដែល​ត្រូវ​ គេ​ ធ្វើ​ទារុណកម្ម​ ដោយសារ​ លួច​ផ្លែ​ដូង

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ កញ្ញា ២០១៤

គ្រួសារ ម៉ុន វាសនា ៦២០
២-កញ្ញា-២០១៤៖ ក្រុម​គ្រួសារ ​កុមារ ម៉ុន វាសនា ដែល​មាន ​សមាជិក​ គ្រួសារ​ ទាំង​អស់ ១០​នាក់ ឈរ​ថត​ នៅ​ខាង​មុខ​ផ្ទះ នៅ​ភូមិ កំពង់ពពិល, ឃុំ ​កំពង់ពពិល, ស្រុក​ ពារាំង, ខេត្ត ​ព្រៃវែង។  RFA/Hum Chamroeun

ក្មេង​ប្រុស​វ័យ ១៤​ឆ្នាំ​ មួយ​រូប រស់​នៅ​ ស្រុក​ ពារាំង,​ ខេត្ត ​ព្រៃវែង ​ដែល​រង​ អំពើ ​ទារុណ​កម្ម ​ដោយសារ​ លួច​បេះ​ផ្លែ​ដូង ត្រូវ​ មជ្ឈដ្ឋាន​ ទូទៅ​ យក​ចិត្ត​ទុក​ដាក់ អាណិត​អាសូរ និង​ផ្ដល់​ជំនួយ​ ផ្សេងៗ ដោយ​សំអាង ​ថា,​ ក្មេង​ប្រុស ​រូប​នោះ ​រស់​ក្នុង​គ្រួសារ​ ទីទ័លក្រ ​មួយ។

ជីវភាព ​ក្រីក្រ ​ជា​មូលហេតុ ​ចម្បង ​ដែល​ជំរុញ ​ឲ្យ​ក្មេង​ប្រុស ​រូប​នោះ ​ទៅ​លួច​ បេះ​ដូង​​ អ្នក​ភូមិ​ ក្បែរ​ខាង​ កាល​ពី​ថ្ងៃ​ ទី​២៨ សីហា​ កន្លង​ទៅ ​ដោយ​ប្រាថ្នា​ ត្រឹម​តែ ​ដោះស្រាយ​ ការ​រស់​នៅ​ បណ្ដោះអាសន្ន, ពីព្រោះ​ ឪពុក​ម្ដាយ​ ជួប​ការ​លំបាក​ ខ្លាំង​ពេក, ពុំ​មាន លទ្ធភាព​​ ផ្ដល់​ថវិកា​ ចិញ្ចឹម។   

តើ ​ក្រុម​គ្រួសារ​នេះ​ ប្រកប​របរ​ រក​ស៊ី​​អ្វី, ហើយ ​រស់​នៅ​ ដោយ​របៀប​​ណា?


នៅ​ពេល​ព្រឹក​កុមារ ម៉ុន វាសនា កំពុង​រត់​លេង​តាម​ផ្លូវ​ខាង​មុខ​ផ្ទះ​តាម​ទម្លាប់​ប្រចាំ​ថ្ងៃ។ វាសនា បាន​រត់​សំដៅ​មក​ផ្ទះ​ដោយ​ទឹក​មុខ​ញញឹម និង​ហាក់​មាន​ក្ដី​រំភើប​ខុស​ប្រក្រតី​នៅ​ពេល​ដឹង​ថា មាន​អ្នក​ចំណូល​ថ្មី​មក​រក​រូប​គេ​ដល់​ផ្ទះ។ គេ​បាន​ប្រញាប់​ប្រញាល់​ចូល​ទៅ​អង្គុយ​នៅ​លើ​គ្រែ​ក្បែរ​ម្ដាយ​នៅ​ខាង​ក្រោម ​​ផ្ទះ។ ពេល​នោះ​គេ​ទំនង​ពុំ​គិត​ថា អ្នក​យក​ព័ត៌មាន​ទៅ​ជួប​គេ​ឡើយ ​ផ្ទុយ​ទៅ​វិញ​បាន​​រំពឹង​ទុក​ថា​ ជា​អ្នក​ដែល​នឹង​នាំ​រូប​គេ​ទៅ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ​ឬ​នាំ​ជំនួយ​​​ទៅ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជា​ពុំ​ខាន។

ក្តី​រំភើប​រីករាយ​របស់​ម្ដាយ​និង​កូន​នេះ បាន​បាត់​បង់​ភា្លម​មួយ​រំពេច លេច​ចេញ​មក​វិញ​នូវ​ភាព​សោកសៅ ​នៅ​ពេល​ដែល​សាកសួរ​​ពី​ប្រវត្តិ​ និង​ស្ថានភាព​របស់​នៅ​នៃ​ក្រុម​គ្រួសារ​ពួក​គាត់។​​​​​​​​

កុមារ ម៉ុន វាសនា មាន​វ័យ ១៤​ឆ្នាំ ដែល​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន ៧​នាក់ រៀបរាប់​ថា ឱ​ពុក​ម្តាយ​របស់​គេ​ពុំ​មាន​មុខ​របរ​ពិត​ប្រាកដ​ទេ ​ហើយ​​​ត្រូវ​ចិញ្ចឹម​សមាជិក​គ្រួសារ​សរុប​ចំនួន ១០​នាក់។ វាសនា​ បន្ត​ដោយ​សម្តី​មួយៗ​ថា គេ​កំពុង​ទន្ទឹង​រង់​ចាំ​ជំនួយ​ដែល​អ្នក​សប្បុរស​មួយ​ចំនួន​សន្យា​ថា​ផ្តល់​ អោយ​គ្រួសារ​គេ ជាពិសេស​គឺ​ការ​សិក្សា ដែល​គេ​រំពឹង​ថា អាច​នឹង​រំដោះ​ជីវិត​គ្រួសារ​គេ​អោយ​ចេញ​ផុត​ពី​ការលំបាក​ដូច​ពេល​ បច្ចុប្បន្ន។

គ្រួសារ ម៉ុន វាសនា ៦២០
ម្ដាយ​និង​កុមារា ម៉ុន វាសនា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ២០១៤។ RFA/Hum Chamroeun

សមាជិក​ក្នុង​ក្រុម​គ្រួសារ​នេះ​រស់​នៅ​​ក្រោម​ជម្រក​​​រខេករខាក ទំហំ​ទទឹង​ប្រមាណ ៤​ម៉ែត្រ​ និង​បណ្ដោយ ៥​ម៉ែត្រ​ ដែល​សសរ​ផ្ទះ​ទ្រេតទ្រោត​​រកកល់​នឹង​ដួល ហើយ​​​ជញ្ជាំង​ធ្លុះធ្លាយ​មើល​ឃើញ​ពី​ម្ខាង​ទៅ​ម្ខាង​ផង ស្ថិត​នៅ​ភូមិ​កំពង់ពពិល ឃុំ​កំពង់ពពិល​ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង។ ឱពុក​​ម្តាយ​ វាសនា​ ពុំ​មាន​ការងារ​ជាប់​លាប់​ដែល​អាច​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ឡើយ គឺ​ជួន​ធ្វើ​នេសាទ​ត្រី​ជួន​ជា​កម្មករ​សំណង់​តាម​ផ្ទះ​អ្នក​ភូមិ ​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ជាង​មួយ​ម៉ឺន​រៀល​សម្រាប់​ដោះ​ទាល់​មួយ​គ្រាៗ។

ជីវភាព​គ្រួសារ​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​កើត​ចំពោះ​គ្រួសារ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​​ជំរុញ​ឲ្យ​ក្មេង​ប្រុស វាសនា បញ្ចប់​ការ​សិក្សា​ត្រឹម​តែ​ថ្នាក់​ទី​៣ ក្នុង​វ័យ​ប្រមាណ ១១​ឆ្នាំ​ ស្លៀក​ខោ​ខ្មៅ​រហែក​ជើង​​ដោយ​អន្លើរ និង​ពាក់​អាវយឺត​ខ្មៅ​ចាស់​ស្លេក​ពណ៌​អស់​ទៅ​ហើយ។

ទឹក​មុខ​ស្រពោន​​​​ កុមារ​ ម៉ុន​ វាសនា​ និយាយ​រៀប​រាប់​អំពី​មូល​ហេតុ​​បោះបង់​ការ​សិក្សា​ចោល​ទាំង​ក្មេង​ខ្ចី​ថា កាល​​នៅ​រៀន​តាំង​ពី​តូច​​ក្រូច​ឆ្មារ​រហូត​មក​ដល់​ថ្នាក់​៣ រស់​នៅ​ដោយ​ការ​លំបាក​វេទនា​បំផុត​ ធ្លាប់​មាន​ប្រវត្តិ​ដើរ​ទៅ​ជ្រកកោណ​​ក្រោម​ស្ពាន​ដាច់​បាយ​ជា​ច្រើន​ថ្ងៃ។ បើ​ទោះ​យ៉ាង​នេះ​​វាសនា​​នៅ​តែ​មាន​បំណង​ចង់​ទៅ​រៀន​បន្ត​នៅ​រាជធានី​ ភ្នំពេញ​ ប្រសិនបើ​មាន​​អ្នក​ចិត្ត​បុណ្យ​ជួយ​ទំនុក​បម្រុង៖ «សំណួរ៖ មូលហេតុ​អី​បាន​អូន​ឯង​ឈប់​រៀន? ចម្លើយ៖ រៀន​អត់​ចេះ។ សំណួរ៖ ពេល​ឃើញ​គេ​ទៅ​រៀន​អី​យើង​ពេញ​ចិត្ត​នឹង​ឃើញ​​គេ​រៀន​អ៊ីចឹង​ទេ? ចម្លើយ៖ ពេញ​ចិត្ត​តើ! សំណួរ៖ ម៉េច​បាន​ឈប់​បើ​ឃើញ​គេ​រៀន​យើង​ពេញ​ចិត្ត​ដែរ? ចម្លើយ៖ បើ​រៀន​អត់​ចេះ​ផង។ សំណួរ៖ គេ​ឲ្យ​ទៅ​រៀន​បន្ត​ទៀត​អូន​ទៅ​ទេ? ចម្លើយ៖ ទៅ។»

​​​​​​​​​​​​វាសនា បន្ថែម​ថា សព្វ​ថ្ងៃ​មាន​សំលៀក​បំពាក់​ចាស់ៗ​​ចំនួន ២​​សម្រាប់ ទុក​​ផ្លាស់ប្ដូរ​គ្នា​ក្នុង​រយៈ​ពេល​​ប្រមាណ​មួយ​សប្ដាហ៍​ម្ដង​ ហើយ​ខោ​អាវ​សម្រាប់​ផ្លាស់ប្ដូរ​នោះ​​ ប្រសិន​បើ​ពេល​ខ្លះ​ទទឹក​ភ្លៀង​​សើម​​ គឺ​គ្មាន​អ្វី​សម្រាប់​បិទ​បាំង​រាង​កាយ​របស់​​ខ្លួន​ឡើយ។

​​អ្នក​ភូមិ​ផង​ក្បែរ​នោះ​​តែង​និយាយ​ដូចៗ​គ្នា​ថា ជីវភាព​គ្រួសារ​​របស់​ក្មេង​នេះ​ស្ថិត​ក្នុង​សភាព​វេទនា​ ខ្លាំង ពេល​ខ្លះ​គ្មាន​អង្ករ​ច្រក​ឆ្នាំង ទៅ​ខ្ចី​អ្នក​ស្រុក​​ដោះស្រាយ​មួយ​គ្រាៗ​ពេល​ខ្លះ​ពុំ​មាន​អង្ករ​ច្រកឆ្នាំង ​ឡើយ ពេល​ខ្លះ​មាន​តែ​បាយ​អត់​ម្ហូប ពេល​ខ្លះ​ទៀត​រក​បាន​ត្រី​ខមួយ​កំប៉ុង​ចម្អិន​ធ្វើ​ម្ហូប​​សម្រាប់​គ្នា ១០​នាក់​ក៏​មាន​។

ម្ដាយ​របស់​កុមារ គឺ​អ្នកស្រី ឈន សុខ ថ្លែង​ក្នុង​ទឹក​ពោន​ហើយ​ស្រក់​ទឹក​ភ្នែក​ម្ដងម្កាល​ថា របរ​បេះ​ស្លឹក​បាស អ្នកស្រី ដើរ​បេះ​តាម​របង​ចម្ការ​របស់​អ្នក​ភូមិ​យក​ទៅ​លក់​បាន​មួយ​ថ្លៃ​ប្រមាណ ៥​ពាន់​រៀល​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ប្ដី៖ «ខ្ញុំ​ដើរ​បេះ​ត្រួយ​អំពិល​ស្លឹក​បាស​អ៊ីចឹង ជួន​កាល​គេ​ស្រែក​ពី​មុខ​ពី​ក្រោយ អ៊ីចឹង​ខ្ញុំ​ចេះ​តែ​ធ្វើ​មុខ​ក្រាស​ទៅ ព្រោះ​ខ្ញុំ​យក​មក​ចិញ្ចឹម​កូន​ខ្ញុំ​តូចៗ​ទាំង​អស់​គ្នា។ បេះ​ស្លឹក​បាស ក្លែង​ព្រៃ​ជ្រោះ​ណោះ​កន្លែង​ព្រៃ​ខ្មោច​ណោះ។ ខ្ញុំ​ហូប​មួយ​ថ្ងៃ​ខ្វះ​មួយ​ថ្ងៃ​ ជួន​កាល​ខ្ញុំ​ដើរ​ជំពាក់​គេ​ពី​មុខ​ពី​ក្រោយ កើត​មក​អត់​មាន​អី​ទាំង​អស់​ ម៉ែឪ​ខ្ញុំ​ក្រ​ណាស់។»

​​​​​​​​​​​​​​​​ស្ត្រី​វ័យ ៤៥​ឆ្នាំ​រូប​នេះ​បន្ត​ថា សព្វ​ថ្ងៃ​អ្នក​ស្រី​មិន​អាច​ទៅ​រក​ការ​ងារ​ធ្វើ​​ឆ្ងាយ​ពី​ផ្ទះ​បាន​នោះ​ទេ ពី​ព្រោះ​ថា កូន​ជា​បន្ទុក​ក្នុង​គ្រួសារ​ទាំង ៧​នាក់​​នៅ​តូច​​នៅ​ឡើយ។ ដោយ​កូន​បង​ជា​កូន​ស្រី​អាយុ​ប្រមាណ ១៥​ឆ្នាំ ហើយ​​កូនពៅ​តូច​ជាង​គេ​អាយុ ២​ឆ្នាំ​។ ពួកគេ​ទាំង​នោះ​​រស់​នៅ​ពឹង​ផ្អែក​លើ​ឪពុក​ម្ដាយ​ទាំង​ស្រុង។ ក្រៅ​ពី​នោះ​អ្នកស្រី​នៅ​មាន​ម្ដាយ​ចាស់​ជរា​វ័យ ៧០​ឆ្នាំ​ប្លាយ​ជា​បន្ទុក​ម្នាក់​ទៀត។ ម្ដាយ​របស់​អ្នកស្រី​មិន​អាច​ធ្វើ​ការងារ​បាន​នោះ​ទេ​​ គឺ​គ្រាន់​តែ​ជួយ​មើល​ក្មេង​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ។ អ្នកស្រី​បន្ត​​ថា សព្វថ្ងៃ​​​​ដី​ស្រែ​​សូម្បី​តែ​មួយ​​ម៉ែត្រ​ក្រឡា​សម្រាប់​ដាំ​ដុះ​ក៏​ គ្មាន​ដែរ។ ចំណែក​ឯ​មុខ​របរ​នេសាទ​ត្រី​​របស់​ប្ដី​​​​​វិញ​​នៅ​រដូវវស្សា​នេះ​​ដាក់​មង ​តាម​បឹងបួរ​រក​ប្រាក់​ចំណូល​បាន​​​​​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ រួម​​ប្រាក់​ចំណូល​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​​ប្រមាណ​ជាង ១​ម៉ឺន​រៀល​ប្រចាំ​ថ្ងៃ ហើយ​ប្រាក់​ទាំង​នោះ​ដោះ​ស្រាយ​បន្ទុក​គ្រួសារ​បាន​តែ​មួយ​ពេលៗ​ប៉ុណ្ណោះ។

អ្នកស្រី​និយាយ​ថា ប្រសិន​បើ​មាន​សមាជិក​ណា​មួយ​ធ្លាក់​ខ្លួន​ឈឺ​គឺ​រង់ចាំ​តែ​ថ្ងៃ​ស្លាប់​តែ​ មួយ​មុខ​គត់។សព្វ​ថ្ងៃ​កូន​របស់​អ្នកស្រី​កំពុង​សិក្សា​ចំនួន ២​នាក់ គឺ​កូន​ទី​៣ និង​កូន​ទី​៤ ក្រៅ​ពី​នោះ​បាន​ឈប់​រៀន​អស់​ទៅ​ហើយ។ បើ​ទោះ​ជា​យ៉ាង​ក្ដី​អ្នកស្រី​ថា ចង់​ឲ្យ​កូន​រៀន​ចេះ​ដឹង​​ជ្រៅជ្រះ​នឹង​គេ​ដែរ​ ប៉ុន្តែ​គ្មាន​លទ្ធភាព៖ «ខ្ញុំ​បង្ខំ​ឲ្យ​វា​រៀន​បន្ត​ទៅ​ទៀត​វា​អត់​រៀន? បង​ចង់​ឲ្យ​រៀន​បន្ត​ទៀត! ខ្ញុំ​ចង់​ឲ្យ​វា​រៀន​បន្ត​ទៅ​មុខ​ទៀត​ឲ្យ​វា​ចេះ​ដឹង​ឭ ឲ្យ​វា​ចេះ​ដឹង​ឭ​ដូច​គេ ឲ្យ​វា​រៀន​ធំ​វា​ហើយ​វា​មាន​ឡាន​មាន​អី​ជិះ ហើយ​វា​ជួយ​ម៉ែ​ឪ​ផង កុំ​ឲ្យ​ក្រ កុំ​ឲ្យ​ដូច​ឥឡូវ​ហ្នឹង។»

ដោយសារ​តែ​​ជីវភាព​ទីទ័ល​ក្រនេះ​ទើប​ជំរុញ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ក្នុង ​បន្ទុក​គ្រួសារ​ដែល​មាន​អាយុ ១៤​ឆ្នាំ​​​ទៅ​លួច​បេះ​ផ្លែ​ដូង​របស់​អ្នក​ភូមិ។

កុមារ ម៉ុន វាសនា ថ្លែង​ថា ផ្លែ​ដូង​​ទុំ​ដែល​បេះ​នោះ​ចំនួន ៤​ផ្លែ​ ដោយ​គោល​បំណង​បេះ​ដើម្បី​​លក់​យក​ប្រាក់​ទិញ​នំ​ចំណី។ តែ​នឹក​ស្មាន​មិន​ដល់​ពេល​បេះ​ផ្លែ​ដូង​ទម្លាក់​ដល់​ដី ម្ចាស់​មក​ទាន់​ហើយ​ចាប់​ធ្វើ​ទារុណកម្ម​ក្នុង​ចម្ការ​ដូង៖ «ខ្ញុំ​ ទម្លាក់​ដូង​មក​បាន​គេ​ឮ គេ​ឮ​គេ​ឃើញ​ គេ​នៅ​កាប់​ចេក​ខាង​មុខ គេ​ឲ្យ​ខ្ញុំ​ចុះ រួច​ហើយ​ខ្ញុំ​ថា​ ពេល​ខ្ញុំ​ចុះ​កុំ​វ៉ៃ​ខ្ញុំ ហើយ​គេ​ថា គេ​អត់​វ៉ៃ​ទេ ដល់​ហើយ​គេ​កាន់​ព្រនង់​មួយ ខ្ញុំ​ឲ្យ​បោះ​ចោលៗ បាន​គេ​បោះ បោះ​ហើយ ខ្ញុំ​មក​ដល់​ក្រោម គេ​ដឹក​ដៃ​ខ្ញុំ​យក​ទៅ​កន្លែង​ដើម​ចេក ចង​ស្លាប​សេក​ទៅ​ក្រោយ។ ដល់​ហើយ​នាំ​ខ្ញុំ​មក​កន្លែង​ពាង​ទឹក ជ្រមុជ​ទឹក​ ចាប់​បោច​សក់ ជ្រមុជ​មក​ឡើង​យូរ​អ៊ីចឹង​ ឡើង​លិច​ក្បាល​បាត់​អស់​ហើយ​ហ្នឹង។ ដល់​ហើយ​ងើប​មក គេ​ចាប់​ក្របួច​សក់​ឡើង ហើយ​ថត ពេល​ថត​នៅ​ខាង​មុខ​ច្បាស់ សក់​ខ្ញុំ​វែង បាំង​អា​ខាង​ណេះ​អស់​រលីង។»

ជាង​មួយ​សប្ដាហ៍​មក​ហើយ​ដែល​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ​បាន​បង្ហាញ​អំពី​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​លួច​បេះ​ផ្លែ​ដូង​៤​ផ្លែ​ នោះ។

ក្រោម​មក​នៅ​ថ្ងៃ​​​ទី​២៩ សីហា​ កន្លង​ទៅ​ យុវជន ២​នាក់​ ដែល​ធ្វើ​ទារុណកម្ម​ក្មេង​នោះ​​ ត្រូវ​សមត្ថកិច្ច​​​​​​​​​​​​ចាប់​បញ្ជូន​ដាក់​ពន្ធនាគារ​ខេត្ត​ព្រៃវែង​ ដើម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។

មន្ត្រី​សម្របសម្រួល​ផ្នែក​ស៊ើបអង្កេត​ អង្គការ​លីកាដូ (Licadho) លោក​ អំ សំអាត​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង ២​នាក់ បើ​តុលាការ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ទារុណកម្ម​លើ​ក្មេង​ប្រុស​មែន​អាច​ទទួល​ទោស​ពី​៧ ទៅ ១៥​ឆ្នាំ​ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ ​​ក្មេង​ប្រុស ម៉ុន វាសនា បន្ទាប់​មាន​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​និង​បណ្ដាញ​សង្គម​​ជា​ច្រើន​មក ​ មាន​សប្បុរសជន​​​ជា​ច្រើន​​បាន​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់​ រហូត​មក​ទល់​នេះ​ប្រាក់​ជំនួយ​សរុប​ប្រមាណ​ ១​ពាន់​ដុល្លារ​អាមេរិក។ ចំណែក​ឯ​ក្មេង​ប្រុស វាសនា នៅ​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា សាលា​អន្តរជាតិ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ នាំ​ទៅ​ជួស​ឈាម​ ដើម្បី​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ថ្ងៃ​ទី​១ តុលា​ ខាង​មុខ។ វាសនា​ មាន​ក្ដី​រំពឹង​ថា នឹង​ខិតខំ​រៀន​សូត្រ​រហូត​ដល់​ចប់​បរិញ្ញា​ប័ត្រ ហើយ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រុង​ភ្នំពេញ ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ដូច ​ពេល​បច្ចុប្បន្ន៕


No comments:

Post a Comment