Paris Peace Accords 23 Oct. 1991

Wednesday, September 17, 2014

ក្រសួង ការងារ​ លក់​ពាក្យ​ ប្រឡងតេស្ដ ​ភាសា​កូរ៉េ​ បាន​ជាង​ ៤​សែន ​ដុល្លារ​ ក្នុង​១​ថ្ងៃ | Ministry of Labor sold over $500,000 worth of Korean language tests in one day

ក្រសួង ការងារ​ លក់​ពាក្យ​ ប្រឡងតេស្ដ ​ភាសា​កូរ៉េ​ បាន​ជាង​ ៤​សែន ​ដុល្លារ​ ក្នុង​១​ថ្ងៃ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ កញ្ញា ២០១៤

ទិញ​ពាក្យ​ប្រឡង​ទៅ​កូរ៉េ ៦២០
យុវជន ​ទៅ​ទិញ ​ពាក្យ​ប្រឡង ​តេស្ដ ​ទៅ​ធ្វើ​ការ​ ស្រប​ច្បាប់ ​នៅ​ប្រទេស ​កូរ៉េ នា​វិទ្យាស្ថាន​ ជាតិ ​ពហុ​បច្ចេកទេស​ កម្ពុជា កាល​ពី​ថ្ងៃ​ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤។  RFA/Vann Vichar

បច្ចុប្បន្ន​នេះ យុវជន ​កម្ពុជា ជាច្រើន​ម៉ឺន​នាក់ កំពុង​ចំណាក​ស្រុក​ ទៅ​ធ្វើ​ការងារ ​ស្រប​ច្បាប់ ​នៅ​ប្រទេស ​កូរ៉េ​ ខាង​ត្បូង។  ពលករ​ ដែល​អាច​ ទៅ​ធ្វើ​ការ ​នៅ​កូរ៉េ បាន លុះត្រា​តែ ​ពួក​គេ ​ប្រឡង​ជាប់​ តេស្ដ​ សមត្ថភាព​ ភាសា ​កូរ៉េ ជា​មុន​សិន។

នៅ​ភ្នំពេញ​ឆ្នាំ​នេះ ក្រសួង​ការងារ ចែក​ពាក្យ​ប្រឡង ​នៅ​បរិវេណ​ វិទ្យាស្ថាន​ ពហុ​បច្ចេកទេស​ កម្ពុជា ក្បែរ​ទំនប់​ កប់​ស្រូវ។  នៅ​ថ្ងៃ​ ចែក​ពាក្យ ​លើក​ដំបូង គឺ ​ថ្ងៃ​ទី​១៥ កញ្ញា មាន​យុវជន​ ប្រមាណ ​ជាង ២​ម៉ឺន​នាក់​ ទៅ​ហើយ ដែល​មកទទួល​ ពាក្យ​ប្រឡង​នេះ។

តើ​ ការ​ចែក​ពាក្យ និង​ដាក់​ពាក្យ ​ប្រឡង​តេស្ដ​ ភាសា​កូរ៉េ នោះ ប្រព្រឹត្ត​ទៅ ​ដូចម្តេច​ខ្លះ?

តាំង​ពី​ព្រឹក​ព្រលឹម​ម៉ោង​៥ នៅ​មុខ​កន្លែង​ចែក​ពាក្យ​ប្រឡង​ភាសា​កូរ៉េ មាន​យុវជន​ជាច្រើន​នាក់​ប្រជ្រៀត​គ្នា​ចាំ​ជា​ស្រេច។ អ្នក​ដែល​មក​មុន​រំពឹង​ថា​នឹង​បាន​ទទួល​ពាក្យ​មុន ហើយ​ដាក់​ពាក្យ​ក៏​បាន​មុន នឹង​អាច​ប្រឡង​នៅ​ជិត​ទៀត​ផង។ នៅ​ទីតាំង​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស លើ​ផ្លូវ​កប់​ស្រូវ ដែល​រាល់​ថ្ងៃ​ឃើញ​តែ​ឡាន​ធំៗ​ដឹក​ទំនិញ​វេរ​ចុះ​វេរ​ឡើង​តាម​គន្លង​ផ្លូវ​ ខូច​នោះ ក៏​ស្រាប់​តែ​មាន​មនុស្ស​អ៊ូអរ​រាប់​ពាន់​នាក់ ឈរ​កកកុញ​ទៅ​វិញ។ អ្នក​ដែល​ត្រូវ​ប៉ាន់ គឺ​អ្នក​លក់​ដូរ​របរ​កំប៉ិកកំប៉ុក មាន​បាយ ទឹក នំបុ័ង ពង​ទារ​ស្ងោរ ស្វាយ​ម្កាក់ អំពិល ជាដើម។ ឯ​អ្នក​ដែល​ត្រដរ​ខ្យល់​នោះ គឺ​យុវជន​ដែល​ចាំ​យក​ពាក្យ​ប្រឡង​ភាសា​កូរ៉េ ហ្នឹង​ឯង។ ម៉ោង ៧​ព្រឹក ជា​ម៉ោង​ធ្វើ​ការ​របស់​មន្ត្រី​ចុះ​ចែក​ពាក្យ​ប្រឡង។

មន្ត្រី​តម្រូវ​ឲ្យ​យុវជន​រាប់​ពាន់​នាក់​នោះ ឈរ​តម្រង់​ជួរ​ជា​ជួរៗ ក្នុង​១​ជួរ​មិន​តិច​ជាង ១៥០​នាក់​ឡើយ។ ដំបូង មនុស្ស​ឈរ​មាន ៧៩​ជួរ លុះ​ក្រោយ​មក ក៏​ចេះ​តែ​បង្កើន​ចំនួន​បន្តបន្ទាប់។ មន្ត្រី​ក្រសួង​ការងារ ប្រាប់​ទៅ​យុវជន​ទាំង​នោះ​ថា ក្រសួង​ការងារ ចែក​ពាក្យ​ឲ្យ​ពលករ​ហ្វ្រី (Free) ឬ​ឥត​គិត​ថ្លៃ តែ​អ្នក​ណា​ចង់​បាន​ពាក្យ ត្រូវ​បង់​លុយ ២៤​ដុល្លារ​សិន។

យុវជន​ម្នាក់ៗ​ប្រញាប់​រាប់​លុយ​ឲ្យ​តែ​គ្រប់ នឹង​អាល​ប្រគល់​ឲ្យ​មន្ត្រី​ក្រសួង​ការងារ ទិញ​ពាក្យ​ដាក់​ប្រឡង​ឲ្យ​បាន​ឆាប់។ ពាក្យ​នោះ​ជា​ក្រដាស​ពណ៌​លឿង រាង​រឹង​បន្តិច សរសេរ​ជា​ភាសា​ខ្មែរ​ផង អង់គ្លេស​ផង និង​កូរ៉េ​ផង។ យុវជន​ភាគ​ច្រើន​បាន​តែ​រអ៊ូ​នៅ​ខាង​ក្រៅ​ឆាក​ថា ហេតុ​អ្វី​ក៏​ពាក្យ​ហ្នឹង​ថ្លៃ​ម្ល៉េះ? តែ​ដៃ​នៅ​តែ​រាប់​លុយ​ឲ្យ​គេ។ អ្នក​ខ្លះ​ឲ្យ​ទៅ ១០​ម៉ឺន អ្នក​ទទួល​លុយ​អាប់​វិញ ១​ពាន់​ក៏​មាន អាប់ ប្រាំ​រយ​ក៏​មាន។ មន្ត្រី​ក្រសួង​ការងារ ទាំង​នោះ​ថ្នឹក​ណាស់​ខាង​ប្ដូរ​ប្រាក់ គឺ​ពួក​គាត់​ប្ដូរ​ប្រាក់​ឲ្យ​ពលករ​ក្នុង​អត្រា ១​ដុល្លារ ស្មើ ៤.១០០​រៀល​តែ​ម្តង។

យុវជន​មក​ពី​ខេត្ត​ស្វាយរៀង លោក យ៉ាវ វ៉ាន រៀប​រាប់​ថា រូប​គេ និង​មិត្តភ័ក្ដិ​នៅ​ស្រុក​ជាមួយ​គ្នា​ប្រាំ​ប្រាំមួយ​នាក់ មក​ចាំ​ទទួល​ពាក្យ​ប្រឡង​ភាសា​កូរ៉េ នេះ​តាំង​ពី​ព្រឹក​ព្រលឹម។ ប៉ុន្តែ​រហូត​ដល់​ម៉ោង​ជាង ៣​រសៀល​នេះ ទើប​លោក​អាច​ចុះ​ឈ្មោះ​ប្រឡង​បាន។ តែ​មិត្តភក្ដិ ៣​នាក់​ទៀត មិន​ទាន់​ចុះ​ឈ្មោះ​រួច​នៅ​ឡើយ។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​ចង់​ទៅ​ប្រទេស​កូរ៉េ ដោយសារ​ការងារ​នៅ​ស្រុក​ខ្មែរ​បាន​កម្រៃ​ចាយ​មិន​គ្រប់ និង​ចង់​ស្គាល់​ភាព​ជឿន​លឿន​រីក​ចម្រើន​នៅ​បរទេស។ លោក​បន្ថែម​ថា លោក​ត្រូវ​ចំណាយ​ថ្លៃ​ចាយ​វាយ​ជាង​កន្លះ​ខែ ដើម្បី​បាន​ប្រាក់ ២៤​ដុល្លារ ទិញ​ពាក្យ​ប្រឡង​នេះ៖ «២៤​ដុល្លារ បើ​និយាយ​ទៅ​ថ្លៃ​ណា បើ​គិត​ទៅ​រក​កន្លះ​ខែ​ឯណោះ បើ​អ្នក​ស្រែ​វិញ ត្រដរ​ខ្យល់​ហើយ។»

យុវតី​ត្រៀម​ប្រឡង​តេស្ដ​ភាសា​កូរ៉េ ម្នាក់​ទៀត​មាន​កម្ពស់​ប្រហែល ១​ម៉ែត្រ​៦០ រាង​ស្គម មុខ​ស្ងួត សាច់​ឈាម​នេះ​បើ​គេ​ទាយ​មិន​ខុស​ទេ នាង​ជា​កម្មការិនី​រោងចក្រ។ កញ្ញា ម៉ៅ ម៉ារ៉ី និយាយ​មួយៗ​ប្រាប់​ថា នាង​អស់​សង្ឃឹម​នឹង​ការ​ធ្វើ​ការងារ​នៅ​ក្នុង​ស្រុក ព្រោះ​នាង​ធ្វើ​ការ​ក្នុង​រោងចក្រ ៧​ឆ្នាំ​មក​ហើយ មិន​ឃើញ​ធូរ​ស្បើយ​ក្នុង​ជីវភាព​សោះ។ មួយ​ខែៗ​នៅ​តែ​រក​លុយ​ចាយ​មិន​គ្រប់ រក​អាហារ​ឆ្ងាញ់​ញ៉ាំ​មិន​បាន ហើយ​ត្រូវ​ទុក​ប្រាក់​ខ្លះ​មើល​ជំងឺ​ទៀត។ ម៉ារ៉ី បញ្ជាក់​ថា នាង​មក​ប្រឡង​ភាសា​កូរ៉េ ព្រោះ​តែ​ចង់​គេចវេស​ពី​ជីវភាព​លំបាក​ជា​កម្មករ​រោងចក្រ​នៅ​ស្រុក​ខ្មែរ៖ «ធ្វើ​ការ​រោងចក្រ​យូរៗ​ទៅ លុយ​មើល​ខ្លួន​មិន​ចង់​បាន។»

ម៉ារ៉ី បន្ថែម​ថា នាង​មិន​បាន​ដឹង​ថា​អ្វី​ជា​តេស្ដ​ភាសា​កូរ៉េ នោះ​ទេ តែ​ការ​មក​ទិញ​ពាក្យ​នេះ​ជា​ការ​ប្រថុយ​មួយ​ក្ដារ​ប៉ុណ្ណោះ ក្រែង​លោ​ជាប់។

នៅ​ឆ្នាំ​២០១៥ ខាង​មុខ ក្រសួង​មុខ​របរ និង​ការងារ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​សម្រេច​ផ្តល់​ឱកាស​ការងារ​ដល់​ពលករ​ខ្មែរ​ចំនួន ៤​ពាន់​នាក់។ ក្នុង​នោះ​ការងារ​ផ្នែក​កសិកម្ម​មាន ២.៥០០​នាក់ ការងារ​ផ្នែក​សំណង់ ៥០០​នាក់ និង​ការងារ​ផ្នែក​ឧស្សាហកម្ម ១​ពាន់​នាក់។ វេបសាយ (website) ក្រសួង​ការងារ និង​មុខ​របរ​របស់​ប្រទេស​កូរ៉េ បញ្ជាក់​ថា ពលករ​ដែល​មាន​បំណង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ទាំងអស់ ​ត្រូវ​តែ​ឆ្លង​កាត់​វគ្គ​បណ្តុះបណ្តាល​ភាសា​កូរ៉េ ជា​មុន​សិន។ បើ​សិន​ជា​ពលករ​នោះ​ប្រឡង​តេស្ដ​ជាប់ ក៏​មិន​បាន​ន័យ​ថា ពួក​គេ​នឹង​អាច​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ បាន​ដែរ ព្រោះ​បេក្ខជន​ទាំង​នោះ នឹង​ត្រូវ​ជ្រើស​រើស​ដោយ​ថៅកែ​របស់​គេ​ផ្ទាល់ តាម​រយៈ​ការ​សម្ភាស​តាម​បណ្ដាញ​អ៊ីនធឺណិត ដែល​ក្រសួង​ការងារ ជា​អ្នក​រៀបចំ​ជូន។ ភាគី​កូរ៉េ មិន​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​បើក​ឲ្យ​មនុស្ស​ប៉ុន្មាន​នាក់ ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ ឡើយ ហើយ​អ្នក​ប្រឡង ត្រូវ​បង់​លុយ ឬ​អត់​នោះ ក៏​មិន​បាន​បង្ហាញ​ឲ្យ​ច្បាស់​ដែរ។

ទោះ​ជា​បែប​ណា​ក៏ដោយ គ្រាន់​តែ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា មួយ​ប៉ុណ្ណោះ កន្លែង​លក់​ពាក្យ​នៅ​ភ្នំពេញ​តែ​មួយ​ទីតាំង​គត់ មាន​យុវជន​ប្រមាណ​ជាង ២​ម៉ឺន​នាក់ បាន​ទិញ​ពាក្យ​ប្រឡង​ធ្វើ​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ នេះ។ ប្រាក់​ដែល​ភាគី​ក្រសួង​ការងារ និង​ភាគី​កូរ៉េ ប្រមូល​បាន​ពី​យុវជន​ខ្មែរ​នេះ មិន​ក្រោម ៤​សែន​ដុល្លារ​ឡើយ។ គណៈកម្មការ​រៀបចំ​លក់​ពាក្យ បាន​ជួល​ទាហាន​ទ័ព​ពិសេស​មួក​ក្រហម ជួយ​ចាត់​ចែង​ការពារ​សន្តិសុខ​ទៀត។ ទាហាន​ទាំង​នេះ​ស្លៀក​ឯកសណ្ឋាន​បារ៉ា សៀត​កាំបិត​សាំងគីម​នៅ​ចង្កេះ ដើរ​ចុះ​ដើរ​ឡើង​ស្រែក​បញ្ជា​យុវជន​ទិញ​ពាក្យ​ឲ្យ​មាន​របៀប​រៀបរយ។ អ្នក​ដាក់​ពាក្យ​រួច ត្រូវ​គេ​ដេញ​ចេញ​ពី​បរិវេណ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស ដើម្បី​ធានា​សុវត្ថិភាព។ មន្ត្រី​លក់​ពាក្យ​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ទំនង​ជា​អាច​លក់​អស់​ពី ៨​ម៉ឺន​ទៅ ១០​ម៉ឺន​ច្បាប់ ឬ​អាច​ប្រមូល​ប្រាក់​បាន​ជាង ២​លាន​ដុល្លារ។

ដាក់​ពាក្យ​ប្រឡង​ទៅ​កូរ៉េ ៦២០
យុវជន​រង់ចាំ​ដាក់​ពាក្យ ​ប្រឡង​តេស្ដ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​កូរ៉េ ក្នុង​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Vann Vichar

ទាក់ទង​នឹង​ការ​លក់​ពាក្យ​ប្រឡង​នេះ ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គម​កិច្ច អតីត​យុទ្ធជន​យុវ​នីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បាន​ចេញ​លិខិត​មួយ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ពន្យល់​ពី​បញ្ហា​នេះ និង​ស្នើ​ឲ្យ​ក្រសួង ចែក​ជូន​ពាក្យ​ប្រឡង​នេះ​ឲ្យ​ពលករ​ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​ចុះ​ផ្សាយ​គំរូ​ពាក្យ​នេះ​តាម​រយៈ​គេហទំព័រ​របស់​ក្រសួង​ការងារ ទៀត​ផង។

អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​កំពុង​មាន​ជីវភាព​ខ្វះខាត ដូច​នេះ​ទំហំ​ទឹក​ប្រាក់​ត្រូវ​បង់ ២៤​ដុល្លារ​នេះ ពិត​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ពួក​គាត់។ អ្នកស្រី​បញ្ជាក់​ថា ក្រសួង​ការងារ ត្រូវ​ចាត់​វិធានការ​នេះ​ឲ្យ​បាន​ឆាប់៖ «នៅ ​ក្នុង​ស្ថាប័ន​ជាតិ​មួយៗ​គេ​មាន​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​រដ្ឋបាល និង​សេវា​សាធារណៈ សម្រាប់​ការងារ​ផ្សេងៗ​ហ្នឹង យក​លុយ​ហ្នឹង​ទៅ​ណា​ចឹង ក្រសួង​ត្រូវ​ដើរ​តួនាទី​ជា​អ្នក​រក​លុយ​ទៀត​ហើយ។ គាត់​ទៅ​រក​លុយ​ណា​បាន​រឿង​ហ្នឹង យើង​កាន់​តែ​ទម្លាក់​កំហុស​មក​លើ​អ្នក​ដែល​មិន​បាន​ទៅ​ហ្នឹង​ទៀត​ហើយ។»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រាក់ ២៤​ដុល្លារ​នោះ ក្រសួង​ការងារ មិន​មែន​ជា​អ្នក​ទទួល​យក​នោះ​ទេ តែ​ភាគី​កូរ៉េ ជា​អ្នក​យក។ លោក​បន្ត​ថា ការ​បង់​ប្រាក់​ដើម្បី​បាន​ធ្វើ​តេស្ដ​ប្រឡង​នេះ ដូចជា​អ្នក​ប្រឡង​តេស្ដ​ភាសា​អង់គ្លេស ដូច្នោះ​ដែរ ហើយ​ក្រសួង​ការងារ​កូរ៉េ ជា​អ្នក​យក​ប្រាក់​នេះ​ពី​បេក្ខជន​ដែល​មាន​បំណង​ធ្វើ​តេស្ត​ភាសា​កូរ៉េ។

ចំណែក​ឯ​មន្ត្រី​អ្នក​លក់​ពាក្យ​ប្រឡង​តេស្ដ​វិញ​ប្រាប់​ថា ប្រាក់ ២៤​ដុល្លារ​នេះ ក្រសួង​នឹង​យក​ទៅ​ចាត់​ចែង​ថ្លៃ​សំបុត្រ​យន្តហោះ​ដែល​ដឹក​ពាក្យ​មក​ពី​កូរ៉េ ចំណាយ​ជួល​ទីតាំង​ចែក​ពាក្យ ចំណាយ​ជួល​គណៈ​មេ​ប្រយោគ​កែ​វិញ្ញាសា​ប្រឡង និង​ចំណាយ​ផ្សេងៗ​ទៀត។

យ៉ាង​ណា​មិញ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល លើក​ឡើង​ថា ទោះ​បី​ជា​ប្រាក់​នោះ ក្រសួង​ការងារ ជា​អ្នក​យក ឬ​ភាគី​កូរ៉េ ជា​អ្នក​ទទួល​ក៏ដោយ តែ​ក្រសួង​ការងារ​កម្ពុជា មាន​នាទី​ពន្យល់​ប្រាប់​ពលករ​ឲ្យ​បាន​ច្បាស់​ពី​រឿង​នេះ ជៀសវាង​ការ​យល់​ច្រឡំ។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​បាន​បង់​ប្រាក់ មាន​សិទ្ធិ​ដឹង​ថា ប្រាក់​នោះ​គេ​យក​ទៅ​ធ្វើ​អ្វី? អ្នក​ណា​ជា​អ្នក​ទទួល?
ការ​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​តុលា។ ចំណែក​ឯ​ការ​លក់​ពាក្យ​វិញ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។ ក្រៅ​ពី​ទិញ​ពាក្យ​តម្លៃ ២៤​ដុល្លារ​នេះ បេក្ខជន​ទាំងអស់​ក៏​ត្រូវ​ចំណាយ​លើ​ថ្លៃ​ហូប​ចុក ថ្លៃ​ទិញ​វិញ្ញាសា​កូរ៉េ ថ្លៃ​ចូល​រៀន​ភាសា​កូរ៉េ តាម​សាលា​បណ្តុះបណ្តាល​នានា ដែល​កើត​ឡើង​ពេញ​ប្រទេស​កម្ពុជា។ អ្នក​បើក​សាលា​បង្រៀន​ភាសា​កូរ៉េ ប្រាប់​ថា ពួក​គេ​រត់​ការ​បើក​សាលា​បាន ដោយ​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ ហើយ​ចំណាយ​សុំ​ច្បាប់​បើក​សាលា​បង្រៀន​ភាសា​កូរ៉េ នោះ​ក៏​អស់​មិន​តិច​ដែរ។

យុវជន​ម្នាក់​ដែល​ធ្លាប់​ជួយ​លក់​ពាក្យ​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ ឲ្យ​ក្រសួង​ការងារ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កាល​ពី​ឆ្នាំ​មុន ពាក្យ​ប្រឡង​ក៏​តម្លៃ ២៤​ដុល្លារ​ដែរ​នៅ​ថ្ងៃ​ដំបូង តែ​ដល់​ថ្ងៃ​ចុង​ក្រោយ បេក្ខជន​មាន​ប្រាក់ ១០​ដុល្លារ ក៏​អាច​ទិញ​បាន​ដែរ។ យុវជន​ម្នាក់​នោះ​បន្ថែម​ថា តម្លៃ​លក់​ពាក្យ​ប្រឡង អាច​ប្រែប្រួល​បាន​តាម​កាលៈទេសៈ និង​តាម​មេ​ពី​ក្រសួង​ការងារ៕



No comments:

Post a Comment