Paris Peace Accords 23 Oct. 1991

Wednesday, September 17, 2014

លោក ឱម យ៉ិនទៀង មិន​ទាន់​កំណត់ ​ថ្ងៃ​ចូល​បំភ្លឺ​ នៅ​រដ្ឋសភា ​ពី​ការ​ប្រឆាំង​ អំពើ​ពុក​រលួយ | Om Yentieng has yet to agree to a date to attend Parliament to present the state of corruption

លោក ឱម យ៉ិនទៀង មិន​ទាន់​កំណត់ ​ថ្ងៃ​ចូល​បំភ្លឺ​ នៅ​រដ្ឋសភា ​ពី​ការ​ប្រឆាំង​ អំពើ​ពុក​រលួយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ កញ្ញា ២០១៤

ឱម យ៉ិនទៀង ៦១០
ប្រធាន ​អង្គភាព​ ប្រឆាំង​ អំពើ​ ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​ពិធី​ សម្ពោធ​ អង្គការ​ច្បាប់​ នៃ​កម្ពុជា នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ​២៣ មីនា ឆ្នាំ​២០១៤។  RFA/Van Vichar

ប្រធាន ​គណៈកម្មការ ​ទី​១០​ នៃ​រដ្ឋសភា ដាក់​លិខិត​ កោះ​ហៅ លោក ឱម យ៉ិនទៀង ប្រធាន​ អង្គភាព ​ប្រឆាំង ​អំពើ​ ពុក​រលួយ មក​សួរ​នាំ​ អំពី​ ការ​អនុវត្ត​ច្បាប់​ ប្រឆាំង​ អំពើ​ ពុក​រលួយ​ កន្លង​មក និង​ឲ្យ​បង្ហាញ​ ពី​របាយការណ៍​ ផែនការ ​សកម្មភាព​ របស់​ខ្លួន។

ការ​កោះ​ហៅ លោក ឱម យ៉ិនទៀង នៅ​ពេល​នេះ គឺ​ ធ្វើ​ឡើង​ ស្រប​ពេល ​ដែល​ប្រធាន ​អង្គការ​ តម្លាភាព​ កម្ពុជា ត្រៀម​សហការ​ ផ្តល់​បច្ចេកទេស និង​ឯកសារ ​អំពើ​ពុក​រលួយ ជូន​ដល់​ គណៈកម្មការ​នេះ ដើម្បី ​ឈាន​ទៅ​ដល់​ ការ​លុប​បំបាត់​ អំពើ​ ពុក​រលួយ​ នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​ នា​ថ្ងៃ​អនាគត។

ប្រធាន​ អង្គភាព ​ប្រឆាំង​ អំពើ ​ពុក​រលួយ លោក ឱម យ៉ិនទៀង មិន​ទាន់​ កំណត់​ថ្ងៃ និង​ពេលវេលា ដើម្បី ​ជួប​ប្រធាន ​គណៈកម្មការ ​អង្កេត, បោស​សម្អាត, និង​ប្រឆាំង​ អំពើ ​ពុក​រលួយ​ នៃ​រដ្ឋសភា ឬ​គណៈកម្មការ​ ទី​១០ ទៅ​តាម ​ការ​ស្នើសុំ ​របស់ ​ថ្នាក់​ដឹក​នាំ​ ស្ថាប័ន​នេះ ​នៅ​ឡើយ​ទេ។

ប្រធាន​ គណៈកម្មការ​ ទី​១០ ​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ ចង់​ដឹង​ ថា, តើ​ គណៈកម្មការ ​ប្រតិបត្តិ គឺ ​អង្គភាព​ ប្រឆាំង​ អំពើ ​ពុក​រលួយ ដែល​មាន លោក ឱម យ៉ិនទៀង ជា​ប្រធាន បាន​ធ្វើ​ការ​ ស៊ើប​អង្កេត​ ករណី ​ពុក​រលួយ​ ណា​ខ្លះ, ហើយ ​មាន​ពាក្យ​បណ្ដឹង​ ណា​ខ្លះ ​ដែល​ប្ដឹង​ មក​អង្គភាព​ ប្រឆាំង​ អំពើ​ ពុក​រលួយ, ហើយ​ អង្គភាព​នេះ​ គ្រោង​នឹង​បើក​ ការ​ស៊ើប​អង្កេត​ ករណី​ណា​ បន្ត​ទៀត។

លោក ហូរ វ៉ាន់ «វា​បាន​ចំណេញ​ត្រង់​ថា យើង​បាន​ព័ត៌មាន​អ្វី​ដែល​អនុវត្ត​ហើយ អ្វី​ខ្លះ​ដែល​យើង​សូម​ឲ្យ​គាត់​បំភ្លឺ ហើយ​អ្វី​ខ្លះ​ដែល​យើង​សំណូមពរ​ទៅ​គាត់ និង​ទី​២​ទៀត នូវ​បញ្ហា​ផែនការ​មួយ​ចំនួន ក៏​យើង​ចង់​ដឹង​ដែរ ដើម្បី​ថា​តើ​ផែនការ​របស់​គាត់ នឹង​អាច​មាន​ប្រសិទ្ធភាព​ដល់​កម្រិត​ណា ដើម្បី​យើង​មាន​ការ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ រាល់​អ្វី​ដែល​យើង​កត់​សម្គាល់​ថា អាច​នឹង​មាន​អំពើ​ពុក​រលួយ ឬ​អ្វី​ដែល​យើង​អាច​ថា​មាន​ភស្តុតាង​ច្បាស់​លាស់​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ហា​ហ្នឹង​ក៏​យើង​លើក​សំណូមពរ​ជូន​គាត់​ដែរ។»

ជុំវិញ​ការ​ដាក់​លិខិត​ស្នើ​សុំ​ជួប លោក ឱម យ៉ិនទៀង នេះ ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​មក​គណៈកម្មការ​ទី​១០​វិញ ដោយ​ប្រាប់​ថា ដាច់​ខែ​កញ្ញា នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​មាន​កិច្ច​ប្រជុំ​បូក​សរុប​ការងារ ហើយ​ក្រោយ​កិច្ច​ប្រជុំ​នោះ ខាង​អង្គភាព​នេះ​នឹង​ឆ្លើយ​តប​តាម​សំណើ​សុំ​របស់ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​នេះ។

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឆាយ សាវុធ មិន​ច្បាស់​ថា តើ​ការ​ចូល​ទៅ​បំភ្លឺ​រឿង​នេះ នឹង​ត្រូវ​ចាត់​ឲ្យ​មន្ត្រី​ណា​ទៅ ឬ​ក៏​ត្រូវ​ប្រធាន​អង្គភាព លោក ឱម យ៉ិនទៀង ត្រូវ​ទៅ​ឆ្លើយ​ផ្ទាល់។
យ៉ាង​ណា គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា ក៏​បាន​ស្នើសុំ​ជួប​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ហើយ លោក ព្រាប កុល បាន​ណាត់​ជួប​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ខាង​មុខ ដោយ​សហការ​ផ្តល់​ឯកសារ និង​អ្នក​បច្ចេកទេស​មាន​វិជ្ជាជីវៈ​ខ្ពស់ ដើម្បី​ស្រាវជ្រាវ​ពី​ឫសគល់ ឬ​ដើម​ហេតុ​នៃ​អំពើ​ពុក​រលួយ​នៅ​តាម​ស្ថាប័ន​រដ្ឋ​នានា​កន្លង​មក។

លោក ហូរ វ៉ាន់ មាន​ទិសដៅ​ថា​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា នៅ​ក្នុង​អាណត្តិ​ដែល​លោក​កាន់​ការ​ជា​ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​រយៈពេល​ពីរ​ឆ្នាំ​រក​ឃើញ​ថា ប្រព័ន្ធ​ការពារ​សុចរិត​ភាព​របស់​ប្រទេស​កម្ពុជា នៅ​ទន់​ខ្សោយ និង​ត្រូវ​កែលំអ​ច្រើន​ទៀត ទោះ​បី​មាន​សញ្ញា​រីក​ចម្រើន និង​ចំណុច​ខ្លាំង​មួយ​ចំនួន​ក្តី។

ស្ថាប័ន​ដដែល​នេះ ក៏​បាន​រក​ឃើញ​ថា នៅ​កម្ពុជា ទាំង​ស្ថាប័ន​រដ្ឋ ស្ថាប័ន​ឯកជន ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង ក៏​មាន​អំពើ​ពុក​រលួយ​ដូច​គ្នា គ្រាន់​តែ​មាន​ក្នុង​កម្រិត​តិច ឬ​ច្រើន​តែ​ប៉ុណ្ណោះ។

អង្គការ​តម្លាភាព​កម្ពុជា ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ពិគ្រោះ​យោបល់​ពី​ផ្នែក​ពាក់ព័ន្ធ​នានា មាន​ដូចជា ទាមទារ​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ធ្វើ​កំណែ​ទម្រង់​វិស័យ​សាធារណៈ ទើប​អាច​លើក​ស្ទួយ​ប្រព័ន្ធ​សុចរិត​ភាព​នៅ​កម្ពុជា ឬ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា បាន​ប្រសើរ​នា​ថ្ងៃ​អនាគត៕



1 comment:

  1. Anonymous8:45 PM

    គួរឲអស់សំណើចណាស់ យកបុគ្គលដែលជាមេពុករលួយជាងគេ មកធ្វើមេស្ថាប័នប្រឆាំងអំពើពុករលួយ
    មានខុសអីពីយកកណ្តុរដាក់ក្នុងពាងអ្ករទៅ ? ។ មានអ្នកណាពុករលួយជាងបុគ្គលនេះទៅ ? សីុដល់
    ឆ្អឹង សីុដល់គ្រឿងក្នុងទៅទៀត ​អ្នកធ្លាប់រងគ្រោះដោយសារបុគ្គលនេះ ទើបដឹងការពិត អ្នកនៅក្រៅ
    សៃវៀន ពើបានដឹងថា បុគ្គលនេះសីុសាហាវប៉ុណ្ណា ។ ពេលនេះ ម្ចាស់វាដែលធ្លាប់បានសីុពីវា ក៍ចាប់វា
    ដាក់ចូលក្នុងពាងអង្ករតែម្តង កុំឲវាពិបាកដើររកសីុឯណាឆ្ងាយ ។

    ReplyDelete